សាលារាជធានីភ្នំពេញ គ្រោងនឹងបិទចរាចរលើស្ពានជ្រោយចង្វារ ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុន មួយរយៈ បន្ទាប់ពីស្ពាននេះបានចាស់ទ្រុឌទ្រោម និងត្រូវការជួសជុល។
ករណីនេះ មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលរិះគន់ថា អាជ្ញាធរមិនគួរបណ្ដែតបណ្ដោយរហូតដល់ស្ពានទ្រុឌទ្រោម ទើបគិតគូរជួសជុលឡើយ គួរតែមានការថែរក្សាជាប្រចាំ។
ក្រុមបច្ចេកទេសនៃក្រសួងសាធារណការ ដោយសហការជាមួយក្រុមបច្ចេកទេសជប៉ុន គ្រោងនឹងចុះពិនិត្យស្ថានភាពស្ពានជ្រោយចង្វារ រយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកុម្ភៈ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍នៅរសៀលថ្ងៃទី៣១ ខែមករា ថា ក្រុមបច្ចេកទេសរបស់ជប៉ុន នឹងចុះត្រួតពិនិត្យ និងសិក្សាលម្អិតពីស្ថានភាពខូចខាតរបស់ស្ពាននេះ ហើយក្នុងរយៈពេល ៤ថ្ងៃនោះ នឹងបិទចរាចរលើគន្លងមួយរបស់ស្ពាន ដែលនឹងបង្កការលំបាកដល់ការធ្វើដំណើរខ្លះដែរ។ ប៉ុន្តែមន្ត្រីសមត្ថកិច្ច នឹងជួយសម្រួលបញ្ចៀសការកកស្ទះ។ បើទោះជាយ៉ាងណា ចរាចរលើស្ពាននេះនឹងបិទទាំងស្រុងនៅពេលណាមួយដោយខានមិនបាន ដើម្បីជួសជុលស្ពាន។
លោក ឡុង ឌីម៉ង់ ទទួលស្គាល់ថា ស្ពាននេះមានស្នាមប្រេះ ដោយសារតែភាពចាស់ទ្រុឌទ្រោម៖ «ស្ពានមានលក្ខណៈទ្រុឌទ្រោម យើងបានជម្រាបជូនសាធារណជនយូរហើយមាន វាត្រូវការជួសជុល ព្រោះស្ពានហ្នឹងវាចាស់ហើយ។ ស្ពានថ្មីដែលធ្វើហើយហ្នឹងបានដាក់ឲ្យប្រើប្រាស់បណ្ដើរៗរាល់ថ្ងៃហ្នឹង»។
សាលារាជធានីភ្នំពេញ នឹងជូនដំណឹងជាថ្មីទៀតពីពេលវេលាបិទចរាចរឆ្លងកាត់ស្ពាននេះ។ កន្លងមក សាលារាជធានី ធ្លាប់បានជូនដំណឹងពីភាពទ្រុឌទ្រោមនៃស្ពាននេះ និងហាមប្រាមមិនឲ្យរថយន្តធុនធ្ងន់ឆ្លងកាត់ស្ពាននេះឡើយ។
ចំពោះប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មើលឃើញថា ជាទូទៅសំណង់ស្ពានផ្លូវថ្នល់ និងសំណង់សាធារណៈមួយចំនួនទៀត អាជ្ញាធរពុំយកចិត្តទុកដាក់ចំពោះការថែទាំជាប្រចាំឡើយ ដោយភាគច្រើនបណ្ដែតបណ្ដោយឲ្យខូចខាត ឬទាល់តែមានការបញ្ជាពីថ្នាក់លើ ឬការរិះគន់ខ្លាំងក្លាពីពលរដ្ឋ ទើបយកចិត្តទុកដាក់ដោះស្រាយ។ លោកមើលឃើញថា បញ្ហានេះកើតឡើងដោយសារការងារខ្វះគម្រោងផែនការ និងអំពើពុករលួយ៖ «ម្យ៉ាងវិញទៀតមានរបាយការណ៍កុហក ដែលនិយាយតែពីរឿងល្អ គឺគួរតែធ្វើម៉េចឲ្យពួកគាត់មានស្មារតីទទួលខុសត្រូវ មានថវិកាឲ្យគាត់ធ្វើការបានគ្រប់គ្រាន់ និងកុំឲ្យមានអំពើពុករលួយ»។
ស្ពានជ្រោយចង្វារ ត្រូវគេស្គាល់ថាជាស្ពានដំបូងគេតែមួយគត់ឆ្លងកាត់ទន្លេសាប កសាងលើកដំបូងនៅក្នុងឆ្នាំ១៩៦៦ ប៉ុន្តែបានដាច់នៅឆ្នាំ១៩៧២ ក្នុងសម័យសេនាប្រមុខ លន់ ណុល កាន់អំណាច។ ដោយទទួលជំនួយពីប្រទេសជប៉ុន ស្ពានជ្រោយចង្វារ ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុន ត្រូវបានគេតភ្ជាប់ឡើងវិញកាលពីឆ្នាំ១៩៩៤។ កាលពីខែសីហា ឆ្នាំ២០១៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យភាគីជប៉ុន ផ្ដល់ជំនួយជួសជុលស្ពាននេះឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។