មន្ត្រីសង្គមស៊ីវិល និងសិស្សនិស្សិតមួយចំនួនលើកឡើងថា ការផ្លាស់ប្ដូរថ្ងៃឈប់សម្រាករបស់សិស្សានុសិស្សដើម្បីឱ្យចូលរួមគាំទ្រក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម (Sea Games) និងអាស៊ានប៉ារ៉ាហ្គេម (Asean Para Games) អាចប៉ះពាល់ដល់ការសិក្សារបស់ពួកគេ។ ជាមួយគ្នានេះ មន្ត្រីសង្គមស៊ីវិលស្នើឱ្យអ្នកនយោបាយកុំឆ្លៀតយកឱកាសនេះដើម្បីកេងចំណេញផ្នែកនយោបាយពីព្រឹត្តិការណ៍កីឡាមួយនេះ។
សិស្សនិស្សិតមួយចំនួនព្រួយបារម្ភពីការរៀនសូត្ររបស់ពួកគេ ខណៈការអប់រំនៅក្រោយពេលមានជំងឺឆ្លងជំងឺកូវីដ១៩ នៅមិនទាន់វិលមកសភាពដើមវិញនៅឡើយ។ ក្តីបារម្ភនេះ កើតឡើងបន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា ប្រកាសអនុញ្ញាតឱ្យសិស្សឈប់សម្រាក ឬវិស្សមកាលធំ ក្នុងអំឡុងពេលនៃការប្រកួតកីឡាស៊ហ្គេម និងអាស៊ានប៉ារ៉ាហ្គេម រយៈពេលជិតមួយខែ។
និស្សិតឆ្នាំទី៤ នៅសកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ លោក រឿង សារ៉ាយ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៤ មីនា ថា លោកត្រេកអរចំពោះការអនុញ្ញាតឱ្យឈប់សម្រាក ដែលផ្ដល់ឱកាសឱ្យសិស្សានុសិស្សបានចូលរួមក្នុងព្រឹត្តិការណ៍កីឡាមួយនេះ។ តែយ៉ាងណា ក្នុងនាមជានិស្សិតដែលជិតបញ្ចប់ការសិក្សា និងត្រូវមានការប្រឡងនៅចុងខែមេសាផងនោះ លោកបារម្ភថា សាលារបស់លោកនឹងផ្លាស់ប្ដូរការប្រឡងដោយផ្ទាល់ ទៅប្រឡងតាមរយៈប្រព័ន្ធអនឡាញដែលវាជាការលំបាកមួយសម្រាប់សិស្ស។ «»
កាលពីថ្ងៃទី២៣ មីនា ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការអនុញ្ញាតឱ្យសិស្សានុសិស្សគ្រប់កម្រិត ទាំងរដ្ឋ និងឯកជន ឈប់សម្រាករយៈពេលជិតមួយខែ គឺចាប់ពីថ្ងៃទី២០ មេសា ដល់ថ្ងៃទី១៨ ឧសភា ដើម្បីចូលរួមថែរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព និងចូលរួមគាំទ្រព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ តែក្រោយមានប្រតិកម្មពីអាណាព្យាបាល និងសិស្សមួយចំនួនថា ការឈប់សម្រាកនេះនឹងប៉ះពាល់ដល់ការបង់ថ្លៃសាលា ការសិក្សា និងការប្រឡងនានា ក្រសួងក៏បានកែប្រែលិខិតក្នុងថ្ងៃដដែល ដោយអនុញ្ញាតឱ្យមានការរៀបចំបង្រៀន និងប្រឡង តាមរយៈប្រព័ន្ធអនឡាញ ឬដោយផ្ទាល់ តាមតម្រូវការជាក់ស្ដែង។
ជាទូទៅថ្ងៃឈប់សម្រាក ឬវិស្សមកាលធំ របស់សិស្សានុសិស្ស ចាប់ផ្តើមនៅខែកក្កដា ហើយការផ្លាស់ប្ដូរពេលវេលាឈប់សម្រាកដើម្បីតម្រូវឱ្យចំថ្ងៃ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមបែបនេះ អាចនឹងប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្ស ដែលទើបចូលរៀនបានតែជាង ៣ខែប៉ុណ្ណោះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោក រស់ សុវាចា ដើម្បីសុំការបកស្រាយជុំវិញក្ដីកង្វល់នេះបានទេ នៅថ្ងៃទី២៤ មីនា។
ទាក់ទិនរឿងនេះ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី យល់ឃើញថាមានផលប៉ះពាល់ខ្លះៗដល់ការសិក្សា និងការប្រឡងរបស់សិស្ស ដែលតម្រូវឱ្យមានការផ្លាស់ប្ដូរកាលបរិច្ឆេទប្រឡង និងកម្មវិធីសិក្សាមួយចំនួន។ តែយ៉ាងណា អ្នកស្រីថា ក្រសួងអប់រំ និងរដ្ឋាភិបាលមិនត្រូវធ្វើសកម្មភាពអូសទាញដោយបង្ខំឱ្យបុគ្គលិកអប់រំ ឬសិស្សានុសិស្ស ចូលរួមព្រឹត្តិការណ៍ដោយគ្មានការស្ម័គ្រចិត្តពីពួកគេ ដើម្បីផលប្រយោជន៍មុខមាត់និងប្រជាប្រិយភាពរបស់ខ្លួននោះឡើយ។ «»
ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ឧសភា។ ព្រឹត្តិការណ៍កីឡានេះ ធ្វើឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រៀងរាល់ពីរឆ្នាំម្តង ដើម្បីជួយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹង និងការឯកភាពគ្នាក្នុងសហគមន៍អាស៊ីអាគ្នេយ៍ និងដើម្បីទាក់ទាញការចាប់អារម្មណ៍ពីមនុស្សរាប់លាននាក់នៅក្នុងតំបន់។
ទោះជាយ៉ាងណា អ្នកឃ្លាំមើល យល់ថា រដ្ឋាភិបាលកម្ពុជា ហាក់មានចេតនាកេងចំណេញនយោបាយ ជាជាងមានចេតនាលើកកម្ពស់វិស័យកីឡា ដោយការប្រើប្រាស់វេទិកាកីឡាស៊ីហ្គេម ដើម្បីបង្ហាញសមិទ្ធផលនានា ក្រោមការដឹកនាំរបស់លោក ដល់ភ្ញៀវអន្តរជាតិ ដែលមកចូលរួមបានឃើញ។ ជាមួយគ្នានេះ គណបក្សកាន់អំណាច បានដាក់កាលបរិច្ឆេទប្រកួតកីឡានៅជិតពេលឃោសនាបោះឆ្នោតនៅខែកក្កដា គឺមានចេតនាដើម្បីទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។