សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលើកឡើងថា លោកគ្រូអ្នកគ្រូដែលមានតួនាទីជាអ្នកអប់រំ បណ្ដុះបណ្ដាលចំណេះដឹងទៅដល់ធនធានជំនាន់ក្រោយនោះ បច្ចុប្បន្នកំពុងរងការរឹតត្បិតសិទ្ធិសេរីភាព ហើយរដ្ឋាភិបាលមិនបានផ្ដល់កិច្ចគាំពារជូនពួកគាត់នោះទេ។ ក្នុងឱកាសទិវាគ្រូបង្រៀនពិភពលោក នៅថ្ងៃទី៥ តុលា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ សង្គមស៊ីវិល ព្រមទាំងក្រុមយុវជន ទទូចដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យមានការលើកកម្ពស់សិទ្ធិសេរីភាព និងក្របខណ្ឌការងារជាគ្រូបង្រៀនឱ្យមានភាពប្រសើរជាងពេលបច្ចុប្បន្ន។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅថ្ងៃទី៥ តុលា បានប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនៅទីលានប្រជាធិបតេយ្យ ក្នុងគោលបំណងសម្ដែងមតិទៅកាន់រដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យគិតគូរផ្ដល់ការយកចិត្តទុកដាក់ ផ្តល់កិច្ចគាំពារលើគ្រូបង្រៀនឡើងវិញ។ ពិធីនេះ មានការចូលរួមពីក្រុមអង្គការសង្គមស៊ីវិល គ្រូបង្រៀន កូដករបុគ្គលិកណាហ្គាវើលដ៍ (Naga World) សហជីព ក្រុមយុវជនខ្មែរថាវរះ យុវជនសកម្មជន និងសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ព្រមទាំងសិស្សានុសិស្សសរុបប្រមាណ ១រយនាក់។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី លើកឡើងថា រដ្ឋាភិបាលមិនបានបំពេញតួនាទីឱ្យបានត្រឹមត្រូវក្នុងការកម្ពស់សិទ្ធិសេរីភាព និងការផ្ដល់តម្លៃក្របខណ្ឌការងារជាគ្រូបង្រៀនឱ្យមានភាពល្អប្រសើរនៅឡើយទេ។ លើសពីនេះ គ្រូបង្រៀន និងកម្មករមួយចំនួនមកចូលរួមទិវាគ្រូបង្រៀនពិភពលោកនេះ ក៏ត្រូវបានអាជ្ញាធរ សួរនាំ និងរឹតត្បិតពួកគាត់ទៀតផង។ អ្នកស្រី បន្ថែមថា ការប្រារព្ធទិវានេះឡើង គឺក្នុងគោលបំណងរម្លឹកគុណដល់គ្រូបង្រៀនដែលចូលរួមតស៊ូមតិ និងទាមទារដល់រដ្ឋាភិបាលឱ្យបើកលំហសេរីភាពបញ្ចេញមតិរបស់គ្រូបង្រៀន ព្រមទាំងដំឡើងប្រាក់បៀវត្សសម្រាប់គ្រូបង្រៀន៖ « ថ្ងៃនេះត្រូវមានវត្តមាននៅទីនេះ [ ទីលានប្រជាធិបតេយ្យ ] ច្រើនកុះករ ប៉ុន្តែ នៅតាមសាលានីមួយៗមានការតាមដាន កត់ឈ្មោះអ្នកដែលចូលរួមកម្មវិធីថ្ងៃនេះដែរ។ នេះគឺការសោកស្ដាយរបស់ខ្ញុំ។ ប្រជាពលរដ្ឋ យើងសព្វថ្ងៃកំពុងតែពិបាកចេញព័ត៌មាន បញ្ចេញយោបល់ តាមបណ្ដាញសង្គមក្ដី ការរឹតត្បិតសេរីភាព ការរឹតត្បិតការសម្ដែងមតិ កាន់តែខ្លាំងឡើង នេះហើយដែលលោកគ្រូអ្នកគ្រូ យើងមួយចំនួនភ័យខ្លាច »។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានរៀបចំ ថ្ងៃចំទិវាគ្រូបង្រៀនពិភពលោកក្នុងឆ្នាំនេះក្រោមប្រធានបទស្ដីពី «កម្រិតស្ថានភាពនៃគ្រូបង្រៀន» ដែលស្ថិតនៅក្នុងស្ថានភាពកូវីដ១៩ និងសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ធ្វើឱ្យទំនិញគ្រប់មុខលើទីផ្សារមានតម្លៃខ្ពស់ដែលជាហេតុនាំឱ្យគ្រូបង្រៀនប្រឈមបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ។ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្នើដល់រដ្ឋាភិបាលឱ្យមានការគិតគូរ និងលើកទឹកចិត្តគ្រូបង្រៀនតាមរយៈការដំឡើងប្រាក់ខែជូនគ្រូបង្រៀនស្មើនឹង ១ភាគ៤ នៃប្រាក់ខែសមាជិកសភា។ ក្រៅពីនេះ ក៏អំពាវនាវឱ្យរដ្ឋាភិបាលដោះលែងគ្រូបង្រៀនចំនួន ៥នាក់កំពុងជាប់ឃុំ និងទាមទារឱ្យគ្រូបង្រៀនចំនួន ១០នាក់អាចចូលបំពេញតួនាទីបង្រៀនសិស្សឡើងវិញក្រោយពីក្រសួងបានដកពួកគាត់ចេញក្របខណ្ឌគ្រូបង្រៀនដោយសារតែអនុវត្តសិទ្ធិជាមូលដ្ឋាន រឿងនិយាយរិះគន់មន្ត្រីរដ្ឋាភិបាល។ បន្ថែមពីនេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ព្រមទាំងអង្គការសង្គមស៊ីវិល និងក្រុមយុវជន ជំរុញឱ្យរដ្ឋាភិបាលពន្លឿននីតិវិធីរកដំណោះស្រាយជូនបុគ្គលិកកម្មករណាហ្គាវើលដ៍ ព្រមទាំងដោះលែងអ្នកទោសនយោបាយទាំងអស់រួមទាំង កញ្ញា សេង ធារី ឱ្យមានសេរីភាពឡើងវិញ ដើម្បីបញ្ចៀសទណ្ឌកម្មបន្ថែមពីសហគមន៍អន្តរជាតិ។
ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅគេហទំព័រហ្វេកប៊ុក (Facebook) ថាចាប់តាំងពីឆ្នាំ១៩៩៧ មក កម្ពុជារៀបចំទិវាគ្រូបង្រៀនជារៀងរាល់ឆ្នាំគឺនៅថ្ងៃទី៥ ខែតុលា ដើម្បីបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរម្លឹកគុណដ៏ថ្លៃថ្លារបស់សិស្សានុសិស្សចំពោះគ្រូបង្រៀននៅទូទាំងប្រទេស។ លោក ហ៊ុន សែន ថាគ្រូបង្រៀនត្រូវបានចាត់ទុកជាមាតាបិតាទីពីរ ដែលបានផ្តល់ការអប់រំទាំងចំណេះវិជ្ជា និងអត្តចរិតដល់កុលបុត្រ កុលធីតាដែលជាទំពាំងស្នងឫស្សី។
ទោះបីជាយ៉ាងណា ការលើកឡើងរបស់ លោក ហ៊ុន សែន បែបនេះត្រូវបានអ្នកឃ្លាំមើលបញ្ហាសង្គមចាត់ទុកជាការសម្ដែងឱ្យល្អតែមើលតែប៉ុណ្ណោះ។ ជាពិសេស បើលោក ហ៊ុន សែន ពិតជា មានឆន្ទៈផ្ដល់កិច្ចគាំពារដល់ការងារគ្រូបង្រៀនពិតមែននោះ មិនមែនគ្រូបង្រៀនត្រូវបានអាជ្ញាធរលោកចាប់ដាក់គុក ហើយគ្រូបង្រៀនមួយចំនួនទៀតឆ្លៀតពេលទៅរកការងារក្រៅម៉ោងដូចជារត់ម៉ូតូឌុបយកប្រាក់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារនោះទេ។
ប្រធានសហភាពសហជីពកម្ពុជា និងជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរីថា សូម្បីតែក្នុងពេលដែលគ្រោងរៀបចំហែក្បួន ដើម្បីយកញត្តិទៅដាក់នៅក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យគិតគូរពីស្ថានភាពគ្រូបង្រៀននេះ ក៏ត្រូវអាជ្ញាធររាប់រយនាក់ដាក់កម្លាំងឡោមព័ទ្ធមិនឱ្យហែក្បួនដែរ។ លោកចាត់ទុកទង្វើបែបនេះថា ជារូបភាពអាក្រក់មួយដែលបានរំលោភបំពាន និងរឹតត្បិតសិទ្ធិជាមូលដ្ឋានពលរដ្ឋ៖ « ទាំងនាយករដ្ឋមន្ត្រី ទាំងមន្ត្រីជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ ត្រូវតែទទួលការអប់រំគ្រូបង្រៀន ហើយប្រទេសដែលរីកចម្រើនទៅបានអាស្រ័យទៅលើធនធានមនុស្ស។ ធនធានមនុស្សកើតមកពីគ្រូបង្រៀន ហើយបើប្រទេសមានធនធានមនុស្សប្រកបដោយគុណភាពប្រទេសហ្នឹងរីកចម្រើនលឿន។ ប៉ុន្តែ បើប្រទេសមួយមិនយកចិត្តទុកដាក់ គ្រូបង្រៀនទុកឱ្យក្ស័យថវិកាដូចដូច្នេះ មិនអាចជួយរុញច្រានឱ្យសេដ្ឋកិច្ច សង្គមរីកចម្រើនបានទេ »។
លោក រ៉ុង ឈុន បន្ថែមថា គ្រូបង្រៀនដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងដល់សមត្ថភាពធនធានរបស់សង្គម ដើម្បីធ្វើឱ្យប្រទេសជាតិកាន់តែមានភាពរឹងមាំ។ លោកថា បើគ្រូបង្រៀននៅតែគ្មានការជួយទំនុកបម្រុងពីរដ្ឋាភិបាលដូចសព្វថ្ងៃនេះ នោះប្រជាជាតិកម្ពុជាទាំងមូលក៏ប្រឈមបាត់បង់ធនធានមនុស្សជំនាន់ក្រោយសម្រាប់អភិវឌ្ឍប្រទេសជាតិកាន់តែច្រើនដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។