ពលរដ្ឋនិងសង្គមស៊ីវិលរិះគន់អាជ្ញាធររបបលោក ហ៊ុន សែន អនុវត្តច្បាប់ធូររលុងបណ្តែតបណ្តោយឱ្យក្រុមឧក្រិដ្ឋជនជនជាតិចិននៅតែបន្តធ្វើសកម្មភាពយកទឹកដីខ្មែរធ្វើជាកន្លែងអាជីវកម្មចាប់ជម្រិតពលរដ្ឋ និងបង្ខាំងជនបរទេសឱ្យធ្វើការឆបោកតាមប្រព័ន្ធអ៊ីធឺណេត (Internet) ដែលធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋម្ចាស់ស្រុកធ្ងន់ធ្ងរ។ ពួកគេយល់ថា មូលហេតុដែលក្រុមជនជាតិចិនធ្វើសកម្មយ៉ាងអនាធិបតេយ្យកន្លងមកនេះ ដោយសារតែអាជ្ញាធរប្រព្រឹត្តអំពើពុករលួយនិងអនុវត្តច្បាប់មានស្តង់ដារពីរលើក្រុមឧក្រិដ្ឋជន។
ពលរដ្ឋនិងសង្គមស៊ីវិលព្រួយបារម្ភពីចំណាត់ការរបស់អាជ្ញាធររបបក្រុងភ្នំពេញដែលអនុវត្តច្បាប់ធូររលុងលើជនជាតិចិនដែលបានបង្កអសន្តិសុខសង្គម យកទឹកខ្មែរធ្វើជាកន្លែងឆបោកជម្រិតទារប្រាក់តាមប្រព័ន្ធអ៊ីធឺណែត (Internet) និងបាញ់បោះនៅតាមទីសាធារណៈដោយសេរីនៅកម្ពុជា។ ពលរដ្ឋនិងសង្គមស៊ីវិល រិះគន់ថា អាជ្ញាធរមិនចាត់វិធានការឱ្យបានម៉ឺងម៉ាត់លើជនជាតិចិន ទើបធ្វើឱ្យក្រុមឧក្រិដ្ឋជនហ៊ានធ្វើសកម្មភាពកាន់តែអាក្រក់ ដោយយកទឹកដីខ្មែរជាទីកន្លែងបើកអាជីវកម្មខុសច្បាប់តាមទំនើងចិត្ត។
ពលរដ្ឋម្នាក់រស់នៅក្រុងប៉ោយប៉ែតលោកស្រី ស សុជាតិ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៨ ខែមករាថា លំហូរជនជាតិចិននៅក្រុងប៉ោយប៉ែតកាន់តែច្រើន ករណីជម្រិតទារប្រាក់ ការប្លន់ដោយប្រដាប់អាវុធបង្កចលាចលប៉ះពាល់ដល់សង្គមខ្មែរឥតស្រាកស្រាន្ត។ លោកស្រីបញ្ជាក់ថា ករណីចាប់ជម្រិតឆបោកនៅកើតមានឡើងជាបន្តបន្ទាប់ ដោយសារតែអាជ្ញាធរអនុវត្តច្បាប់ធូររលុងដែលធ្វើឱ្យពលរដ្ឋម្ចាស់ស្រុកភ័យខ្លាចនិងព្រួយបារម្ភពីសុវត្ថិភាព។
ស្ត្រីវ័យ ៤៩ ឆ្នាំ បន្ថែមទៀតថា មូលហេតុដែលជនជាតិចិនយកក្រុងប៉ោយប៉ែតបង្កើតអាជីវកម្មឆបោកជម្រិតតាមប្រព័ន្ធអ៊ីនធឺណែតកាន់តែច្រើន ព្រោះពួកគេងាយស្រួលក្នុងការអូសទាញពលរដ្ឋខ្មែរ និងជនជាតិថៃចូលមកតាមច្រកព្រំដែនដើម្បីបង្ខាំងខ្លួនពួកគេក្នុងសណ្ឋាគារ ឬតំបន់ដែលក្រុមឧក្រិដ្ឋជនចិនរៀបចំជាកន្លែងឆបោកជម្រិតទារប្រាក់ក្នុងក្រុងប៉ោយប៉ែត។ លោកស្រីបន្តថា ក្នុងការបញ្ចុះបញ្ចូលឱ្យពលរដ្ឋខ្មែរ និងជនជាតិថៃឱ្យបម្រើការងារបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណែត ដោយក្រុមឧក្រិដ្ឋជនជាតិចិនអូសទាញដោយប្រាប់ថា អាចរកចំណូលរាប់ពាន់ដុល្លាក្នុងមួយខែ ប៉ុន្តែពួកគេមិនមានសេរីភាពឡើយ គឺស្ថិតក្រោមគំនាបរបស់ក្រុមឧក្រិដ្ឋជនឱ្យធ្វើការក្នុងបនល្បែងកាស៊ីណូតាមអនឡាញខុសច្បាប់ ដោយបង្ខាំងខ្លួនពួកគេឱ្យនៅមួយកន្លែងប្រៀបបីដូចជាអ្នកជាប់ទោស៖ « ក្រៅពីករណីបាញ់បោះ ជនជាតិចិនមិនសូវគោរពសិទ្ធិមនុស្សដែលជាម្ចាស់ប្រទេសទេនៅពេលដែលពួកគេមកនៅប្រទេសរបស់យើង។ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋរស់នៅទាំងគ្មានភាពកក់ក្ដៅ រឿងពាក់ព័ន្ធទាំងអស់ប្រសិនបើជាច្បាប់មានភាពធូររលុងពុករលួយដល់ឆ្អឹងពលរដ្ឋម្ចាស់ប្រទេសទាំងមូលជួបហានិភ័យកាន់តែច្រើន។ ពលរដ្ឋរស់សព្វថ្ងៃសន្តិភាពតែផ្លូវកាយតែក្នុងចិត្តរស់នៅបែបភ័យព្រួយលំបាក »។
ដោយឡែកពលរដ្ឋម្នាក់ទៀតរស់នៅខេត្តកោះកុង យល់ថា រដ្ឋាភិបាលមិនទាន់អនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងនៅឡើយ ទើបធ្វើឱ្យក្រុមជនជាតិចិនមិនខ្លាចសមត្ថកិច្ចកម្ពុជា និងបានបង្កអសន្តិសុខអនាធិបតេយ្យប៉ះពាល់ដល់ប្រទេសជាតិទាំងមូល។ លោកស្រីកត់សម្គាល់ឃើញថា កម្ពុជាស្ទើក្លាយជាទីលានសម្រាប់ក្រុមឧក្រិដ្ឋជនដែលហ៊ានធ្វើសកម្មភាពខុសច្បាប់គ្រប់បែបយ៉ាង រាប់ទាំងការបង្កើតរោងចក្រផលិតគ្រឿងញៀន ចាប់ជម្រិត កាន់កាប់អាវុធពេញៗដៃ ផឹកស៊ីបាញ់បោះ បើកបុកបំផ្លាញទ្រព្យសម្បត្តិតាមសាធារណៈ ធ្វើឱ្យពលរដ្ឋដែលជាម្ចាស់ស្រុករស់នៅទាំងភាពភ័យខ្លាច៖ «កម្ពុជាគួរតែមើលប្រទេសគេដែលមានលទ្ធិប្រជាធិបតេយ្យ ប្រទេសគេដែលគោរពច្បាប់ ប្រទេសយើងក៍មានច្បាប់ដែរ។ ហេតុអីបានជាអនាធិតេយ្យច្រើនម្ល៉េះ ? ខ្ញុំយល់ឃើញថា ច្បាប់ស្រុកយើងនៅមិនទាន់អនុវត្តបានតឹងរ៉ឹងនៅឡើយទេ។ មួយវិញទៀត កាលណាលំហូរជនជាតិចិនរស់នៅយ៉ាងអនាធិបតេយ្យបែបនេះមិនគួរឱ្យពួកគាត់រស់នៅទៀតទេ ព្រោះស្រុកខ្មែរមិនទាន់មានដីគ្រប់គ្រាន់សម្រាប់ពលរដ្ឋខ្មែរផងហ្នឹង »។
ប្រតិកម្មនេះ ធ្វើឡើងក្រោយពីពួកគេសង្កេតឃើញថាកំណើនជនជាតិចិនដែលបង្កអសន្តិសុខសង្គម ដោយការចាប់ជម្រិតឆបោកតាមប្រព័ន្ធអ៊ីធឺណែត និងបង្ខាំងជនជាតិថៃឱ្យធ្វើការងារក្នុងបន់ល្បែងកាស៊ីណូខុសច្បាប់នៅតែកើនឡើងច្រើននៅកម្ពុជា។ ជំនួយការអគ្គស្នងការនគរបាលជាតិថៃ លោក សុរាឆេត ហាក់ផន (Surachate Hakparn) បានប្រាប់កាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃទី៦ ខែមករាថា ពលករថៃចំនួន ៥០២ នាក់ ត្រូវបានចាញ់បោក និងបង្ខំឱ្យធ្វើការខុសច្បាប់ នៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តពោធិ៍សាត់ កោះកុង ខេត្តព្រះសីហនុ និងក្រុងប៉ោយប៉ែត ត្រូវបានជួយសង្រ្គោះដោយមានការអន្តរាគមន៍ពីសមត្ថកិច្ចកម្ពុជា បានយល់ព្រមដោះលែងពលករថៃទាំងនោះ នៅខាងក្រៅភោជនីយដ្ឋាន និងសណ្ឋាគារដែលពួកគេបង្ខាំងឱ្យធ្វើការខុសច្បាប់។ មន្ត្រីប៉ូលិសរូបនេះបន្តថា នៅមានពលករថៃជាង១ពាន់នាក់ផ្សេងទៀត ក៍កំពុងត្រូវការជួយសង្គ្រោះបន្ទាន់ដើម្បីបញ្ជូនត្រឡប់ទៅប្រទេសថៃវិញ។
ពលរដ្ឋនៅក្រុងប៉ោយប៉ែតឱ្យដឹងទៀតថា ប្រសិនបើអាជ្ញាធរនៅតែអនុវត្តច្បាប់គ្មានប្រសិទ្ធភាពលើក្រុមឧក្រិដ្ឋជនចិន និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ទេនោះ ក្រុមជនជាតិចិននៅតែបន្តប្រព្រឹត្តបទល្មើស យកទឹកដីកម្ពុជាធ្វើជាឧបករណ៍ពង្រីកតំបន់បើកបន់ល្បែងកាស៊ីណូជាបន្តបន្ទាប់ទៀត។ ពួកគេ ក៍ព្រួយបារម្ភពីបញ្ហាសុវត្ថិភាពក្នុងនាមជាពលរដ្ឋម្ចាស់ប្រទេស ដោយសារតែក្រុមឧក្រិដ្ឋជនជាតិចិនចេញប្លន់ដោយប្រដាប់អាវុធចាប់ជម្រិតជារឿយៗ និងស្នើឱ្យអាជ្ញាធរចាត់វិធានការលុបបំបាត់សកម្មភាពទាំងនេះជាបន្ទាន់។
វិទ្យុអាស៊ីសេរីបានទាក់ទងសុំការបកស្រាយជុំវិញបញ្ហានេះពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃលោក គៀត ច័ន្ទថារិទ្ធិ នៅថ្ងៃទី១៨ ខែមករា ប៉ុន្តែទូរស័ព្ទហៅចូលតែលោកចុកផ្ដាច់។ ចំណែកឯអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន ក៍មិនអាចទាក់បានដែរដោយទូរស័ព្ទហៅចូលជាច្រើនដងគ្មានតែគ្មានអ្នកទទួល។
ប៉ុន្តែស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលបន្ទុកជនអន្តោប្រវេសន្តលោក អេង លីហួ ប្រាប់វិទ្យុអាស៊ីសេរីថា ជនជាតិថៃភាគច្រើនពុំត្រូវបានជនជាតិចិនបង្ខាំងខ្លួន ដើម្បីបង្ខំឱ្យធ្វើការឆបោកតាមប្រព័ន្ធអនឡាញ (Online) ឡើយ ព្រោះលោកថា កាស៊ីណូក្នុងក្រុងប៉ោយប៉ែតមានច្បាប់អនុញ្ញាត។ លោកអះអាងថា ជនជាតិថៃដែលត្រូវបានបង្ខាំងខ្លួននោះ ពួកគេលួចឆ្លងចូលមកធ្វើការនៅកម្ពុជាដោយគ្មានច្បាប់អនុញ្ញាត ទើបអាជ្ញាធរកម្ពុជាសហការជាមួយអាជ្ញាធរថៃចាប់បញ្ជូនពួកគេត្រឡប់ទៅប្រទេសខ្លួនវិញជាបន្តបន្ទាប់៖ «បើសិនដឹងថា មានការចាប់ជម្រិតកន្លែងណាមួយ ខ្ញុំចុះបង្ក្រាបទាន់ពេល។ ពាក់ព័ន្ធជនជាតិថៃចូលមកធ្វើការខុសច្បាប់មិនមែនបង្ខាំងទេ បានន័យថា ពួកគាត់លួចឆ្លងដែនខុសច្បាប់ធ្វើការនៅកម្ពុជាដាច់ខាតកម្លាំងសមត្ថកិច្ចចាប់បញ្ជូនទៅវិញ។ ខ្ញុំគិតថា មិនមានការបង្ខិតបង្ខំអីទេ ព្រោះកាស៊ីណូគេមានច្បាប់របស់គេ»។
ជុំវិញការលើកឡើងរបស់មេប៉ូលិសផ្កាយមួយរូបនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc)ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា ច្រានចោលចំពោះការលើកឡើងនេះ ដោយលោកចាត់ទុកថា អាជ្ញាធរកំពុងគេចវេសក្នុងការគ្រប់គ្រងជនអន្តោប្រវេសន្តឱ្យមានប្រសិទ្ធភាព។ លោកមើលឃើញថា ការបណ្តោយឱ្យមានបទល្មើសនិងមានក្រុមឧក្រិដ្ឋជនចាប់ជម្រិតកន្លងមកនេះ ដោយសារតែអាជ្ញាធរអនុវត្តច្បាប់ធូររលុង និងគ្មានការស៊ើបអង្កេតស្វែងរកមេខ្លោងពាក់ព័ន្ធ ។ បន្ថែមពីនេះលោកថា មានមន្ត្រីមួយចំនួនបានឃុបឃិតជាមួយជនជាតិចិនជាប្រព័ន្ធទើបធ្វើឱ្យពួកគេប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់៖ «ធម្មតាចំណុចដែលសំខាន់ អាជ្ញាធរមិនសូវនិយាយទេ តែសំខាន់យើងបានដឹងថា មានសារព័ត៌មានចុះផ្សាយ។ បើជនជាតិថៃចូលធ្វើការខុសច្បាប់ក៍ត្រូវគ្រប់គ្រងដោយខាងអន្តោប្រវេសន្តត្រូវតែពិនិត្យសមភាពទាំងអស់ហ្នឹង ព្រោះស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួនដើម្បីធ្វើយ៉ាងណាឱ្យពលរដ្ឋមានសុវត្ថិភាព »។
ជាមួយគ្នានេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP Center) លោក យង់ គិមអេង យល់ថា អាជ្ញាធរគួរមានវិធានការឱ្យបានតឹងរ៉ឹង និងតាមដានអាជីវកម្មបនល្បែងកាស៊ីណូមួយចំនួន ចៀសវាងមានលួចប្រព្រឹត្តបទល្មើសខុសច្បាប់ដូចជា ចាប់ជម្រិតឆបោកតាមប្រព័ន្ធអ៊ីធឺណែតជាដើម។ លោក ក៍ទាមទារឱ្យអាជ្ញាធរនិងក្រសួងពាក់ព័ន្ធតាមដានតែធ្វើយ៉ាងណាគ្រប់គ្រងជនជាតិចិនដែលប្រព្រឹត្តបទឧក្រិដ្ឋឱ្យមានប្រសិទ្ធភាព ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងមុខមាត់ប្រទេសជាតិមិនមានឈ្មោះកាន់តែអាក្រក់នៅលើឆាកអន្តរជាតិ៖ «ការបាញ់បោះ ឬភាពព្រៃផ្សៃដែលបង្កឡើងដោយជនជាតិចិនវាជះឥទ្ធិពលអាក្រក់ណាស់មិនមែនតែក្នុងស្រុកទេ ទាំងក្រៅស្រុកទៀតធ្វើឱ្យគេព្រួយបារម្ភខ្លាចរអា។ អាជ្ញាធរត្រូវតែគិតគូរពីវិធានការបន្ថែមទៀតធ្វើយ៉ាងម៉េចឱ្យវិធានការដែលចាត់ឡើងមានប្រសិទ្ធភាព »។
របាយការណ៍ពីមន្ត្រីស្ថានទូតថៃប្រចាំនៅក្រុងភ្នំពេញឱ្យដឹងថា ចាប់តាំងពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ មានជនជាតិថៃជិត ១០០ នាក់ហើយ ត្រូវបានមន្ត្រីស្ថានទូតថៃជួយសង្គ្រោះពួកគេឱ្យត្រឡប់ទៅប្រទេសថៃវិញ។ ជនជាតិថៃទាំងនោះត្រូវបានជនជាតិចិនបោក ឱ្យទៅធ្វើការនៅក្នុងបនល្បែងកាស៊ីណូអនឡាញ នៅខេត្តកំពត រាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តបន្ទាយមានជ័យ ដោយសន្យានឹងផ្ដល់ប្រាក់ឈ្នួលចន្លោះពី ៧រយ ទៅ ១ពាន់ដុល្លារ (១០០០) ក្នុងមួយខែ។ កាលពីថ្ងៃទី៦ ខែមករា ពលករថៃចំនួន៥០២នាក់ ត្រូវបានចាញ់បោក និងបង្ខំឱ្យធ្វើការខុសច្បាប់ នៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តពោធិ៍សាត់ កោះកុង ខេត្តព្រះសីហនុ និងក្រុងប៉ោយប៉ែត អាជ្ញាធរថៃបានសហការជាមួយអាជ្ញាធរកម្ពុជាត្រូវបានជួយសង្គ្រោះបញ្ជូនទៅប្រទេសថៃវិញ។
ដោយឡែកកាលពីឆ្នាំ២០២០ សមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនជនជាតិចិន ៥២៣នាក់ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋដែលពួកគេបានប្រព្រឹត្តនៅកម្ពុជា។ សមត្ថកិច្ចឱ្យដឹងថា ជនជាតិចិនដែលត្រូវបានចាប់ខ្លួនភាគច្រើនមានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឃាតកម្ម ចាប់ជំរិតទារប្រាក់ អំពើហិង្សា ឆបោក ចោរកម្ម រត់ពន្ធថ្នាំញៀន និងការប្រើប្រាស់អាវុធខុសច្បាប់ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។