ពលរដ្ឋចាញ់បោកក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា ចង់ឃើញរដ្ឋាភិបាលកំណត់ថ្ងៃផ្ដល់ដំណោះស្រាយជូនពួកគាត់
2024.08.12
ពលរដ្ឋចាញ់បោកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) របស់អតីតឧកញ៉ា ឡេង ចាន់ណា ស្នើរដ្ឋាភិបាលកំណត់ថ្ងៃផ្ដល់ដំណោះស្រាយឱ្យឆាប់រហ័ស ខណៈពួកគាត់កំពុងប្រឈមនឹងបញ្ហាជីវភាពកាន់តែខ្លាំង។ មន្ត្រីសង្គមស៊ីវិលថា ទាំងរដ្ឋាភិបាល និងតុលាការគួរពន្លឿនរកដំណោះស្រាយដល់ពលរដ្ឋរងគ្រោះ។
ការលើកឡើងរបស់ពលរដ្ឋ និងសង្គមស៊ីវិលនេះ ក្រោយពីសារព័ត៌មានក្នុងស្រុកបានចុះផ្សាយកាលពីពេលថ្មីៗ នេះថា ក្រុមមេធាវីរាជរដ្ឋាភិបាល ដែលដឹកនាំដោយ លោក គី តិច បានជួបជាមួយប្រជាពលរដ្ឋរងគ្រោះពីក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ជាលើកទី១០ ក្រោយពីលោក ហ៊ុន ម៉ាណែត បានផ្ដល់សិទ្ធិឱ្យលោករកដំណោះស្រាយជូនពលរដ្ឋ ចាប់តាំងពីពាក់កណ្ដាលខែឧសភាមក។
លោក គី តិច បានប្រាប់សារព័ត៌មានក្នុងស្រុកថា គិតត្រឹមថ្ងៃទី៩ ខែសីហា លោកបានជួបពលរដ្ឋរងគ្រោះដោយសារក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី មានចំនួន ៣ពាន់ (៣.៣៥៤) នាក់ ហើយលោកគ្រាងជួបពលរដ្ឋរងគ្រោះលើកទី១១ ប្រមាណ ៤រយនាក់ថែមទៀត នៅរសៀលថ្ងៃទី១៣ ខែសីហានេះ។
ពលរដ្ឋរងគ្រោះ លោក យ៉ា វិសាល ថា លោកទន្ទឹងរង់ចាំដំណោះស្រាយជាង ២ខែមកហើយ ក្រោយពីលោកបានជួបមេធាវីរបស់រដ្ឋាភិបាល។ លោកថា ចាប់តាំងពីលោកបានចាញ់បោកអស់លុយចំនួន ២ម៉ឺនដុល្លារមកនេះ បានធ្វើឱ្យប៉ះពាល់ដល់គ្រួសារខ្លាំង ហើយលោកសង្ឃឹមថា មេធាវីរដ្ឋាភិបាលនឹងកំណត់ថ្ងៃជាក់លាក់ក្នុងការផ្ដល់ដំណោះស្រាយឱ្យលោក និងពលរដ្ឋរងគ្រោះដទៃទៀត។
លោក យ៉ា វិសាល៖ «បារម្ភៗ ខ្លាចអត់បានសំណងទៅ កាន់តែពិបាក ព្រោះសព្វថ្ងៃនេះពិបាកមែនទែន ហើយប្រសិនបើអត់បានទៀត ខ្ញុំកាន់តែពិបាកតែម្ដង»។
វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយបញ្ហានេះពីប្រធានក្រុមមេធាវីរដ្ឋាភិបាល លោក គី តិច និងអ្នកនាំពាក្យអមសាលាដំបូងខេត្តសៀមរាប លោក យិន ស្រាង បានទេ នៅថ្ងៃទី១២ ខែសីហា។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា ក្រុមមេធាវីរាជរដ្ឋាភិបាលគួរតែពន្លឿននីតិវិធីតុលាការ ដើម្បីរកយុត្តិធម៌ជូនក្រុមពលរដ្ឋរងគ្រោះ ដែលកំពុងដង្ហោយហៅ។ លោកបន្តថា តុលាការ ដែលមានសិទ្ធិសម្រេច និងរកយុត្តិធម៌ដល់ពលរដ្ឋគួរតែយកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនផ្ដល់សំណងឱ្យពលរដ្ឋវិញ។
លោក នី សុខា៖ «តុលាការគួរតែរូតរះក្នុងពិនិត្យមើលទ្រព្យសម្បត្តិរបស់ភាគីក្រុមហ៊ុន ដើម្បីបង្កកធ្វើយ៉ាងណា ជៀសវាង ដើម្បីឱ្យប្រជាពលរដ្ឋខូចខាតប្រយោជន៍ធ្ងន់ធ្ងរ គឺមានការបង្កក និងត្រូវរកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ដើម្បីយកមកចាត់វិធានការតាមផ្លូវច្បាប់ ពីព្រោះតុលាការលោកមានអំណាចពិនិត្យស្រាវជ្រាវរកទ្រព្យសម្បត្តិទាំងអស់ហ្នឹង»។
អ្នកស្រី ឡេង ចាន់ណា គឺជាប្រធានក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ដែលបោះទុនរកស៊ីលក់បុរី នៅខេត្ត សៀមរាប ចាប់តាំងពីឆ្នាំ២០២២ មក និងជាបុគ្គល ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ កន្លងមកក្រោយការតវ៉ារបស់ពលរដ្ឋ អ្នកស្រី ឡេង ចាន់ណា បានលើកឡើងក្នុងវីដេអូបែកធ្លាយថា អ្នកស្រីមិនញញើតនឹងបុគ្គលណាទេ ព្រោះក្រុមហ៊ុនរបស់អ្នកស្រី ជាដៃគូរបស់រដ្ឋាភិបាល និងត្រូវបានជួយជ្រោមជ្រែងដោយរដ្ឋាភិបាល រីឯសមាគមរបស់អ្នកស្រី បង្កើតឡើងដោយលោក ហ៊ុន ម៉ាណែត និងគំរាមថតរូបប្រជាពលរដ្ឋរងគ្រោះ ដែលហ៊ានតវ៉ាទៀតផង។
អាជ្ញាធរខេត្តសៀមរាប បានចាប់ខ្លួន អ្នកស្រី ឡេង ចាន់ណា និងបក្ខពួករបស់លោកស្រីមួយចំនួន ហើយសាលាដំបូងខេត្តសៀមរាបធ្លាប់ប្រកាសថា បានរឹបអូសទ្រព្យសម្បត្តិរបស់ អ្នកស្រី ឡេង ចាន់ណា ជាបណ្ដោះអាសន្នក្នុងគោលដៅសងម្ចាស់បំណុល ប៉ុន្តែ តុលាការខេត្តសៀមរាប នៅតែរក្សាភាពស្ងប់ស្ងាត់រហូតមកដល់ពេលបច្ចុប្បន្ន។ ពលរដ្ឋរងគ្រោះខកចិត្ត ចំពោះភាពយឺតយ៉ាវរបស់ចំណាត់ការតុលាការ និងរដ្ឋាភិបាល ខណៈដែលពួកគេមិនមានលទ្ធភាពសងប្រាក់ទៅធនាគារវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។