ពលរដ្ឋ​ចាញ់​បោក​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី គ្មាន​ជំនឿ​ថា ក្រុម​មេធាវី​រដ្ឋាភិបាល​អាច​ជួយ​ដោះស្រាយបញ្ហា​របស់​ពួកគាត់​បាន

ដោយ សុ ជីវី
2024.05.20
ពលរដ្ឋ​ចាញ់​បោក​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី គ្មាន​ជំនឿ​ថា ក្រុម​មេធាវី​រដ្ឋាភិបាល​អាច​ជួយ​ដោះស្រាយបញ្ហា​របស់​ពួកគាត់​បាន (រូបឯកសារ) ពលរដ្ឋ​ដែល​អះអាង​ថា បាន​ដាក់​ទុន​រក​ស៊ី​​ជា​មួយ​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី​ (Brilliant City) របស់​​អ្នក​ស្រី ឡេង ចាន់ណា តវ៉ា និង​ទាមទារប្រាក់​​របស់​ពួក​គាត់​​​ពី​​ក្រុមហ៊ុន​វិញ កាល​ពី​ថ្ងៃ​ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។
រូបពីពលរដ្ឋ

ពលរដ្ឋ​ដែល​អះអាង​ថា ចាញ់​បោក​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) របស់​អ្នកស្រី ឡេង ចាន់ណា គ្មាន​ជំនឿ​លើ​ក្រុម​មេធាវី​រដ្ឋាភិបាល​ថា អាច​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួកគាត់​បាន​ឡើយ។ ពួកគាត់​ថា រយៈពេល​ជិត១ឆ្នាំ​មក​នេះ​ពួកគាត់​ស្វែង​រក​កិច្ច​អន្តរាគមន៍​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ប៉ុន្តែ​អាជ្ញាធរ​បាន​គេចវេះ និង​ពន្យារពេល​មិន​ព្រម​រក​ដំណោះស្រាយ​ឆាប់​រហ័ស​ជូន​ពលរដ្ឋ​នោះ​ទេ។

ពលរដ្ឋ​រងគ្រោះ​ពី​ការ​ឆបោក​របស់​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) រិះគន់​រដ្ឋាភិបាល​ថា អសមត្ថភាព​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ប្រឈម​នឹង​បញ្ហា​បំណុល​វ័ណ្ឌ​ក។

ពលរដ្ឋ​រស់នៅ​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប លោកស្រី យំ សំអាង ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២០ ខែឧសភា ថា​លោកស្រី​មិន​ទាន់​ដាក់​ពាក្យ​ស្នើ​សុំ​មេធាវី​រដ្ឋាភិបាល​ដើម្បី​ការពារ​ក្ដី​នៅ​ឡើយ​ទេ ពីព្រោះ​លោកស្រី​មិន​ទុក​ចិត្ត​លើ​ក្រុម​មេធាវី​ទាំង​នោះ។ លោកស្រី​ងឿង​ឆ្ងល់​ថា ទ្រព្យ​សម្បត្តិ​ដែល​តុលាការ​រឹបអូស​បាន​ពី អ្នកស្រី ឡេង ចាន់ណា នោះ​តុលាការ​យក​ទៅ​ណា​ហេតុ​អ្វី​មិន​ព្រម​លក់​ឡៃឡុង​យក​លុយ​សង​ពលរដ្ឋ

លោកស្រី យំ សំអាង៖ «អ៊ំ​សុំ​ឱ្យ​កូន​ជួយ ឱ្យ ហ៊ុន ម៉ាណែត និង​សម្ដេចម៉ែ សម្ដេច​ពុក​ទាំង​អស់​ឱ្យ​គាត់​ជួយៗ ពន្លឿន​មែនទែន កម្ម​ហ្នឹង​ធនាគារ​ណាស់។ គេ​មិន​បន្ធូរបន្ថយ​ទេ។ ធនាគារ​ហត្ថា​នេះ​ខ្លាំង គេ​រឹប​មែនទែន។ គេ​មិន​បន្ធូរបន្ថយ​ឱ្យ​ទេ។ ធនាគារ​ខ្លះ គេ​បន្ធូរបន្ថយ តែ​ធនាគារ​ហត្ថា​នេះ​មិន​បន្ធូរ​បន្ថយ​ឱ្យ​ទាល់តែ​សោះ តែ​រឹត​យកៗ គិត​តែ​ដៀល​ខឹង»

ការ​លើក​ឡើង​របស់​ពលរដ្ឋ​រូប​នេះ​គឺ​បន្ទាប់​ពី​ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុម​មេធាវី​រដ្ឋាភិបាល លោក គី តិច អះអាង​ថា ក្នុង​រយៈពេល​៣ថ្ងៃ លោក​ទទួល​បាន​ការ​ស្នើ​សុំ​មេធាវី​ការពារ​ក្ដី​ពី​ពលរដ្ឋ​គ្រោះ​ដោយសារ​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ប្រមាណ ១.៥០០នាក់។ ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​ដាក់​ឱ្យ​មាន​មេធាវី​ការពារ​ក្ដី​ជូន​ពលរដ្ឋ​នេះ គឺ​ក្រោយ​ពេល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពី​ថ្ងៃ​ទី១៤ ខែ​ឧសភា បាន​បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​រៀបចំ​មេធាវី ដែល​មានលោក គី តិច ជា​ប្រធាន​ក្រុម​មេធាវី ដើម្បី​ការពារ​ក្ដី ជូន​ពលរដ្ឋ​រងគ្រោះ​ជាមួយ​អ្នកស្រី ឡេង ចាន់ណា។

ថ្វី​ដ្បិត​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បង្កើត​ក្រុម​មេធាវី ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ឱ្យ​ប្រជាពលរដ្ឋ​បែប​នេះ​ក្ដី ក៏​កន្លង​ទៅ​ក្រុម​ពលរដ្ឋ​តែង​ចេញ​តវ៉ា និង​ដាក់​ញត្តិ​ទៅ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ជាពិសេស តុលាការ​ខេត្ត​សៀមរាប ប៉ុន្តែ​គិត​មកទល់​ពេល​នេះ​នៅ​តែ​គ្មាន​ដំណោះស្រាយ​សមរម្យ​សម្រាប់​ពួកគាត់។

ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត តុលាការ​ខេត្ត​សៀម​រាប កាលពី​ថ្ងៃ​ទី១ ខែឧសភា បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​លោកស្រី រ៉េត សុធីដា ដែល​តុលាការ​អះអាង​ថា លោកស្រី រ៉េត សុធីដា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ករណី​ឆបោក​លុយ​ពលរដ្ឋ។ ប៉ុន្តែ​ពលរដ្ឋ​អះអាង​ថា លោកស្រី រ៉េត សុធីដា គឺជា​អ្នក​ជួយ​ពលរដ្ឋ​ទាមទារ​ឱ្យ អ្នកស្រី ឡេង ចាន់ណា សង​ប្រាក់​ពលរដ្ឋ​មិន​បាន​ឆបោក​លុយ​ពលរដ្ឋ​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុម​មេធាវី​រដ្ឋាភិបាល លោក គី តិច ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២០ ខែឧសភា។

ទាក់ទង​បញ្ហា​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍​ថា  លោក​សាទរ​ចំពោះ​ការ​បង្កើត​ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​ពលរដ្ឋ​រង​គ្រោះ ប៉ុន្តែ​លោក​ថា បញ្ហា​នេះ​អាច​ដោះស្រាយ​បាន​ឆាប់រហ័ស​ប្រសិនបើ​រដ្ឋាភិបាល​ចេញ​មុខ​ដោះស្រាយ​ពិតប្រាកដ។

លោក នី សុខា៖ «រឿង​ពលរដ្ឋ​រឿង​បញ្ហា​ទាំងអស់​នេះ​គឺ​ថា​ពលរដ្ឋ ចង់​ឃើញ​ការ​អនុវត្ត​ជាក់ស្ដែង​ដើម្បី​បាន​ជា​ប្រយោជន៍​ទៅ​ដល់​ពួកគាត់​មិនមែន​ចង់​ឃើញ ត្រឹមតែ​មាន​មេធាវី​ការពារ​ទេ។ រឿង​ដែល​សំខាន់​រឿង​ដែល​រដ្ឋាភិបាល ជាពិសេស​ប្រព័ន្ធ​តុលាការ​គួរតែ​ជំរុញ​ធ្វើ​ម៉េច​ឱ្យ ដោះ​ស្រាយ​រឿង​ហ្នឹង​ឱ្យ​បាន​ជា​ឃើញ​ថា​ជា​ផលប្រយោជន៍»

ពលរដ្ឋ​លើក​ឡើង​ថា ពួក​គាត់​សង្ឃឹម​តិចតួច​ថា នឹង​ទទួល​បាន​ប្រាក់​សំណង​ពី​អ្នកស្រី ឡេង ចាន់ណា ពីព្រោះ​កន្លងទៅ អភិបាល​រង​ខេត្ត​សៀមរាប លោក អ៊ឹង គឹមលាង និង​នាយក​រដ្ឋបាល​ខេត្ត​សៀមរាប លោក លី វណ្ណៈ បាន​ជួប​ដោះ​ស្រាយ​ជាមួយ​ពលរដ្ឋ និង​ភាគី​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ប៉ុន្តែ​មិន​ទទួល​បាន​ដំណោះស្រាយ។ ពួក​គាត់​ឱ្យ​ស្នើ​លោក ហ៊ុន ម៉ាណែត ចេញ​វិធាន​ការ​ម៉ឺងម៉ាត់ ដើម្បី​ជំរុញ​ទៅ​តុលាការ​ពន្លឿន​នីតិវិធី ពីព្រោះ​ការ​អូស​បន្លាយ​ពេល​យូរ​ធ្វើ​ឱ្យ​ពួកគាត់​ប្រឈម​នឹង​ការ​រឹបអូស​ផ្ទះ និង​ដីស្រែ​ចម្ការ​ពី​ធនាគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។