ពលរដ្ឋ​រិះគន់​អាជ្ញាធរ ដែល​​មិន​ចាត់​វិធានការ​លើ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​ល្មើស​បម្រាម​ទប់​ស្កាត់​កូវីដ១៩

ដោយ ហេង រស្មី
2021-04-20
Share
ពលរដ្ឋ​រិះគន់​អាជ្ញាធរ ដែល​​មិន​ចាត់​វិធានការ​លើ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​ល្មើស​បម្រាម​ទប់​ស្កាត់​កូវីដ១៩ ការ​ជួបជុំ​គ្នា​សេព​គ្រឿង​ស្រវឹង​ និង​លេង​ប៉ាត​ម្សៅ​ នៅ​ក្នុង​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី១៤ ខែមេសា​ ឆ្នាំ២០២១។
រូប៖ គេផ្ដល់ឱ្យ

ប្រជាពលរដ្ឋ​មួយ​ចំនួន​រិះគន់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ថា មិន​ចាត់​វិធានការ​ទៅ​លើ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​ ដែល​បាន​ប្រមូលផ្ដុំ​គ្នា​សេព​គ្រឿង​ស្រវឹង​ និង​លេង​ប៉ាត​ម្សៅ​ល្មើស​នឹង​បម្រាម​របស់​រដ្ឋាភិបាល​ ក្នុង​ពេល​ជំងឺ​កូវីដ១៩ ផ្ទុះ​ឡើង​ខ្លាំង​នៅ​កម្ពុជា។ មន្ត្រី​សង្គម​ស៊ីវិល​ ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ២ និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​លើ​រឿង​នេះ​ជា​បន្ទាន់។

ក្រុម​ប្រជាពលរដ្ឋ​ខកចិត្ត​ចំពោះ​សកម្មភាព​​របស់​​​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​ដែល​បាន​ល្មើស​នឹង​បម្រាម​របស់​រដ្ឋាភិបាល​នេះ​ ថា ​​​ជា​ការអនុវត្ត​ផ្គើន​នឹង​​វិធានការ​របស់​រដ្ឋាភិបាល​។

ប្រជាពលរដ្ឋ​នៅ​រស់​នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ លោក​ស្រី​ ស សុខ​ជាតិ ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​២០​មេសា​ថា ​​អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​​​ចាប់​​​ប្រធាន​មន្ទីរ​សុខាភិបាល​​ខេត្ត​​​នេះ​​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​​កុំ​ឱ្យ​​មន្ត្រី​ខិលខូច​​ដទៃ​ទៀត​យក​គំរូ​តាម​​។​លោក​ស្រី​​ចាត់​ទុក​​​​​ទង្វើ​របស់​ប្រធាន​មន្ទីរ​រូប​នេះ​ថា ជា​ការ​​ប្រមាថ​ដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ ​ព្រោះ​បាន​ប្រមូល​ផ្ដុំ​គ្នា​​ស៊ីផឹក​ក្នុង​ពេល​ជំងឺ​កូវីដ​កំពុង​តែ​ផ្ទុះ​ឡើង​ខ្លាំង​នៅ​​រាជធានី​ភ្នំពេញ៖ «ក្នុង​នាម​ខ្ញុំ​ពលរដ្ឋ​ខក​បំណង​ដោយសារ​គាត់​មើល​ឃើញ​តែ​ពលរដ្ឋ​ តែ​ដល់​ពេល​មន្ត្រី​​រាជការ​គាត់​មើល​មិន​ឃើញ​​ខ្ញុំ​អត់​ទទួល​យក​បាន​ទេ​។ ពីព្រោះ​​សម័យ​កូវីដ​រាលដាល​ខ្លាំង​នេះ​គឺ ម្នាក់ៗ គឺ​គោរព​​បម្រាម​របស់​រដ្ឋាភិបាល​ណាស់​។​អីចឹង​ការ​លាប​ម្សៅ​លេង​​អីចឹង​អត់​ចូល​ចិត្ត​ហើយ​អត់​គាំទ្រ​តែ​ម្ដង​ អាជ្ញាធរ​ត្រូវ​ចាត់​វិធានការ​តាម​ច្បាប់»

ដូច​គ្នា​នេះ​ដែរ ពលរដ្ឋ​នៅ​ស្រុក​អូរជ្រៅ ​លោក សៅ ពលក្ខណ៍ ថ្លែង​ថា ​អាជ្ញាធរ​គួរតែ​ផ្ដន្ទាទោស​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​នេះ​ឱ្យ​បាន​ធ្ងន់ជាង​ពលរដ្ឋ​ទូទៅ​ ពីព្រោះ​លោក​ស្ថិត​ក្នុង​ក្រុម​ថ្នាក់​ដឹក​នៅ​ក្នុង​ខេត្ត​មួយ​ទាំង​មូល ដែល​ចេះ​ដឹង​ច្បាប់​ទម្លាប់​ជាង​ប្រជាពលរដ្ឋ ប៉ុន្តែ​បែរ​ជា​បំពាន​ច្បាប់​ទៅ​វិញ៖ «គឺ​ជា​រូប​ភាព​ដែល​អាក្រក់​មើល​មែន​ទែន​ហើយ​មិន​អាច​ទទួល​យក​បាន​ទេ​ ដែល​ការ​អនុវត្ត​ច្បាប់​បែប​បក្ស​ពួក​និយម។ បើ​សិន​ជា​ព័ត៌មាន​នេះ​បាន​ឮ​ទៅ​ដល់​លោក​ហ៊ុន សែន គឺ​ត្រូវ​តែ​ចាត់​វិធានការ​ឱ្យ​បាន​តឹងរ៉ឹង​ហើយ​ឱ្យ​បាន​លឿន​បំផុត​ ព្រោះ​ព័ត៌មាន​ហ្នឹង​វា​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ស្រងាក​ចិត្ត​ដែល​ការ​អនុវត្ត​វា​មិន​បាន​គ្រប់​ជ្រុង​ជ្រោយ»

ប្រតិកម្ម​របស់​ក្រុម​ប្រជាពលរដ្ឋ​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​លោក ឡេ ច័ន្ទ សង្វាត បាន​ជួប​ផ្ដុំ​គ្នា​សេព​គ្រឿង​ស្រវឹង​ និង​លេង​ប៉ាត​ម្សៅ​នៅ​ក្នុង​មន្ទីរ​សុខាភិបាល​ខេត្ត​នេះ កាល​ពី​ថ្ងៃ​ទី១៤ មេសា​កន្លង​ទៅ។ ក្នុង​រូប​ថត​បាន​បង្ហាញ​ថា លោក ឡេ ច័ន្ទ​សង្វាត និង​មន្ត្រី​សុខាភិបាល​ជាង ១០នាក់ មាន​ស្រា ម្ហូប​អាហារ ដាក់​គរ​ពេញ​តុ​នាំគ្នា​ផឹក​ស៊ី​យ៉ាង​សប្បាយ ហើយ​រហូត​មក​ទល់​ពេល​នេះ​អាជ្ញាធរ​មិន​ទាន់​ចាត់​វិធាន​ការ​លើ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​នេះ​នៅ​ឡើយ​ទេ។

កាល​ពី​ដើម​ខែ​មេសា​រដ្ឋាភិបាល​ចេញ​បម្រាម​មិន​ឱ្យ​ប្រជាពលរដ្ឋ​ប្រមូល​ផ្ដុំ​គ្នា​សេព​គ្រឿង​ស្រវឹង និង​លេង​ប៉ាត​ម្សៅ​នោះ​ទេ ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។

ទាក់​ទង​នឹង​បញ្ហា​នេះ​ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក សិទ្ធ ឡោះ ប្រាប់​អាស៊ី​សេរី​ថា ​លោក​មិន​ទាន់​ទទួល​ព័ត៌មាន​ជុំ​វិញ​ការ​ប្រមូល​ផ្ដុំ​គ្នា​ផឹក​ស៊ី​និង​លេង​ប៉ាត​ម្សៅ​របស់​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​នេះ​នៅ​ឡើយ​ទេ៖ «បាទ! ទេ​មិន​មែន​ចាត់​វិធានការ​ទេ ចាំ​មើល​សិន​ជា​វា​មាន​មែន​​យើង​ស្រាវជ្រាវ​បញ្ជាក់​តើ​វា​មាន​អង្គហេតុ​យ៉ាង​ម៉េច ពិត​ឬ​មិន​ពិត​អីចឹង។ វា​គ្រាន់​ជា​ព័ត៌មាន​គ្រាន់​ជា​ប្រភព​ក្នុង​ការ​ដែល​យើង​ស្រាវជ្រាវ​ឡើង​វិញ​អីចឹង​ទេ»

អាស៊ី​សេរី​មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ លោក ឡេ ច័ន្ទ សង្វាត ដើម្បី​សុំ​សេចក្ដី​អត្ថាធិប្បាយ​បន្ថែម​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២០ មេសា ដោយសារ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក​ ស៊ឹង សែន​ករុណា​ យល់​ថា សកម្មភាព​របស់​ក្រុម​មន្ត្រី​សុខាភិបាល​ជួប​ជុំ​គ្នា​នោះ​ជា​ការ​ល្មើស​នឹង​បម្រាម​របស់​រដ្ឋាភិបាល ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​តែ​ចាត់​វិធានការ ចំពោះ​បញ្ហា​នេះ​ជា​បន្ទាន់។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បញ្ជាក់​ទៀត​ថា រឿង​នេះ ប្រសិន​បើ​អាជ្ញាធរ​មិន​ចាប់​ជន​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស​តាមច្បាប់​នោះ​ទេ អាច​នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​យក​គំរូ​តាម ដែល​បណ្ដាល​ឱ្យ​ទៅ​ជា​អនាធិបតេយ្យ​នៅ​ក្នុង​សង្គម​ធ្វើ​ឱ្យ​ពិបាក​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ១៩៖ «វា​ជា​ការ​អនុវត្ត​ច្បាប់​មួយ​ដែល​មាន​ស្តង់ដារ​២ហ្នឹង​ហើយ ដែល​អាច​ថា នៅ​កន្លែង​នេះ​អនុវត្ត​ផ្សេង​អីចឹង​ទៅ​នៅ​កន្លែង​នោះ​អនុវត្ត​ផ្សិង​ទៅ ហើយ​អ្នក​ដែល​មាន​តួនាទី​ខ្ពស់​អី​អនុវត្ត​ផ្សិង​ទៅ​អ្នក​ទាប​អនុវត្ត​ផ្សេង​ទៅ។ អីចឹង​វា​អត់​ឆ្លុះ​បញ្ចាំង​ពី​ការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ភាព​ត្រឹមត្រូវ​ទេ គឺ​ការ​អនុវត្ត​ច្បាប់​ហ្នឹង​គឺ​ឱ្យ​តែ​មាន​ការ​ប្រព្រឹត្ត​ផ្ទុយ​អំពី​វិធានការ​អី​ទាំង​អស់​ហ្នឹង​គួរ​តែ​មាន​ការ​ចាត់​វិធានការ​ឱ្យ​ស្នើ​គ្នា​ទៅ​ ដើម្បី​​ជា​ការ​ឆ្លុះ​បញ្ចាំង​មួយ​ថា​ ការ​អនុវត្ត​ហ្នឹង​វា​អត់​មាន​រើស​មុខ​ទៅ​លើ​បុគ្គល​ណា​មួយ​ទេ»

កាល​ថ្ងៃ​ទី​១៧ ខែ​មេសា​ព្រះ​មហាក្សត្រ​បាន​ចេញ​ព្រះរាជ​ក្រឹត្យ​ត្រាស់​បង្គាប់​ដក​ហូត​ឋានន្តរសក្ដិ​ផ្កាយ២ និង​បណ្ដេញ​លោក អ៊ុង ចាន់ធួក ចេញ​ពី​ក្រប​ខណ្ឌ​មន្ត្រី​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ​ តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធ​នឹង​រឿង​ជួប​ជុំ​គ្នា​រៀបចំ​កម្មវិធី​ពិសា​អាហារ ច្រៀង​រាំ និង​លេង​ប៉ាត​ម្សៅ​នៅ​យប់​ថ្ងៃ​ទី១៦ មេសា។ តុលាការ ក៏​បាន​សម្រេច​ឃុំខ្លួន​លោក​និង​បក្ខពួក​ក្នុង​ពន្ធនាគារ​បណ្ដោះ​អាសន្ន​ទៀត​ផង។

ច្បាប់​ស្ដីពី​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ១៩ និង​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ មាន​ត្រា១០ ចែងថា អំពើ​ដោយ​ចេតនា​មិន​គោរព​ដល់​វិធាន​ការ​រដ្ឋបាល​ដែល​បាន​ដាក់​ចេញ​ស្រប​តាម​ច្បាប់​នេះ ត្រូវ​ទទួល​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី ១លាន​រៀល (.០០០.០០០) ទៅ ៥លាន​រៀល (.០០០.០០០)។ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦ខែ ទៅ ៣ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២លាន​រៀល​ទៅ ១០លាន​រៀល​ (១០.០០០.០០០) ប្រសិន​បើ​ចម្លង​ជំងឺ​កូវីដ​ទៅ​អ្នក​ដទៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល