ប្រជាពលរដ្ឋមួយចំនួនរិះគន់អាជ្ញាធររបបក្រុងភ្នំពេញថា មិនចាត់វិធានការទៅលើប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ដែលបានប្រមូលផ្ដុំគ្នាសេពគ្រឿងស្រវឹង និងលេងប៉ាតម្សៅល្មើសនឹងបម្រាមរបស់រដ្ឋាភិបាល ក្នុងពេលជំងឺកូវីដ១៩ ផ្ទុះឡើងខ្លាំងនៅកម្ពុជា។ មន្ត្រីសង្គមស៊ីវិល ចាត់ទុករឿងនេះថា ជាការអនុវត្តច្បាប់ស្តង់ដារ២ និងស្នើឱ្យរដ្ឋាភិបាលចាត់វិធានការលើរឿងនេះជាបន្ទាន់។
ក្រុមប្រជាពលរដ្ឋខកចិត្តចំពោះសកម្មភាពរបស់ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យដែលបានល្មើសនឹងបម្រាមរបស់រដ្ឋាភិបាលនេះ ថា ជាការអនុវត្តផ្គើននឹងវិធានការរបស់រដ្ឋាភិបាល។
ប្រជាពលរដ្ឋនៅរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោកស្រី ស សុខជាតិ ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី២០មេសាថា អាជ្ញាធរពាក់ព័ន្ធគួរតែចាប់ប្រធានមន្ទីរសុខាភិបាលខេត្តនេះផ្ដន្ទាទោសតាមច្បាប់ ដើម្បីកុំឱ្យមន្ត្រីខិលខូចដទៃទៀតយកគំរូតាម។លោកស្រីចាត់ទុកទង្វើរបស់ប្រធានមន្ទីររូបនេះថា ជាការប្រមាថដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រោះបានប្រមូលផ្ដុំគ្នាស៊ីផឹកក្នុងពេលជំងឺកូវីដកំពុងតែផ្ទុះឡើងខ្លាំងនៅរាជធានីភ្នំពេញ៖ «ក្នុងនាមខ្ញុំពលរដ្ឋខកបំណងដោយសារគាត់មើលឃើញតែពលរដ្ឋ តែដល់ពេលមន្ត្រីរាជការគាត់មើលមិនឃើញខ្ញុំអត់ទទួលយកបានទេ។ ពីព្រោះសម័យកូវីដរាលដាលខ្លាំងនេះគឺ ម្នាក់ៗ គឺគោរពបម្រាមរបស់រដ្ឋាភិបាលណាស់។អីចឹងការលាបម្សៅលេងអីចឹងអត់ចូលចិត្តហើយអត់គាំទ្រតែម្ដង អាជ្ញាធរត្រូវចាត់វិធានការតាមច្បាប់ » ។
ដូចគ្នានេះដែរ ពលរដ្ឋនៅស្រុកអូរជ្រៅ លោក សៅ ពលក្ខណ៍ ថ្លែងថា អាជ្ញាធរគួរតែផ្ដន្ទាទោសប្រធានមន្ទីរសុខាភិបាលខេត្តនេះឱ្យបានធ្ងន់ជាងពលរដ្ឋទូទៅ ពីព្រោះលោកស្ថិតក្នុងក្រុមថ្នាក់ដឹកនៅក្នុងខេត្តមួយទាំងមូល ដែលចេះដឹងច្បាប់ទម្លាប់ជាងប្រជាពលរដ្ឋ ប៉ុន្តែបែរជាបំពានច្បាប់ទៅវិញ៖ «គឺជារូបភាពដែលអាក្រក់មើលមែនទែនហើយមិនអាចទទួលយកបានទេ ដែលការអនុវត្តច្បាប់បែបបក្សពួកនិយម។ បើសិនជាព័ត៌មាននេះបានឮទៅដល់លោកហ៊ុន សែន គឺត្រូវតែចាត់វិធានការឱ្យបានតឹងរ៉ឹងហើយឱ្យបានលឿនបំផុត ព្រោះព័ត៌មានហ្នឹងវាធ្វើឱ្យប្រជាពលរដ្ឋមានការស្រងាកចិត្តដែលការអនុវត្តវាមិនបានគ្រប់ជ្រុងជ្រោយ » ។
ប្រតិកម្មរបស់ក្រុមប្រជាពលរដ្ឋនេះធ្វើឡើងក្រោយពេលប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យលោក ឡេ ច័ន្ទ សង្វាត បានជួបផ្ដុំគ្នាសេពគ្រឿងស្រវឹង និងលេងប៉ាតម្សៅនៅក្នុងមន្ទីរសុខាភិបាលខេត្តនេះ កាលពីថ្ងៃទី១៤ មេសាកន្លងទៅ។ ក្នុងរូបថតបានបង្ហាញថា លោក ឡេ ច័ន្ទសង្វាត និងមន្ត្រីសុខាភិបាលជាង ១០នាក់ មានស្រា ម្ហូបអាហារ ដាក់គរពេញតុនាំគ្នាផឹកស៊ីយ៉ាងសប្បាយ ហើយរហូតមកទល់ពេលនេះអាជ្ញាធរមិនទាន់ចាត់វិធានការលើប្រធានមន្ទីរសុខាភិបាលខេត្តនេះនៅឡើយទេ។
កាលពីដើមខែមេសារដ្ឋាភិបាលចេញបម្រាមមិនឱ្យប្រជាពលរដ្ឋប្រមូលផ្ដុំគ្នាសេពគ្រឿងស្រវឹង និងលេងប៉ាតម្សៅនោះទេ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។
ទាក់ទងនឹងបញ្ហានេះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធ ឡោះ ប្រាប់អាស៊ីសេរីថា លោកមិនទាន់ទទួលព័ត៌មានជុំវិញការប្រមូលផ្ដុំគ្នាផឹកស៊ីនិងលេងប៉ាតម្សៅរបស់ប្រធានមន្ទីរសុខាភិបាលខេត្តនេះនៅឡើយទេ៖ «បាទ ! ទេមិនមែនចាត់វិធានការទេ ចាំមើលសិនជាវាមានមែនយើងស្រាវជ្រាវបញ្ជាក់តើវាមានអង្គហេតុយ៉ាងម៉េច ពិតឬមិនពិតអីចឹង។ វាគ្រាន់ជាព័ត៌មានគ្រាន់ជាប្រភពក្នុងការដែលយើងស្រាវជ្រាវឡើងវិញអីចឹងទេ » ។
អាស៊ីសេរីមិនអាចទាក់ទងប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោក ឡេ ច័ន្ទ សង្វាត ដើម្បីសុំសេចក្ដីអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២០ មេសា ដោយសារទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ទោះជាយ៉ាងណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់ថា សកម្មភាពរបស់ក្រុមមន្ត្រីសុខាភិបាលជួបជុំគ្នានោះជាការល្មើសនឹងបម្រាមរបស់រដ្ឋាភិបាល ដែលអាជ្ញាធរពាក់ព័ន្ធគួរតែចាត់វិធានការ ចំពោះបញ្ហានេះជាបន្ទាន់។ មន្ត្រីសង្គមស៊ីវិលរូបនេះ បញ្ជាក់ទៀតថា រឿងនេះ ប្រសិនបើអាជ្ញាធរមិនចាប់ជនប្រព្រឹត្តមកផ្ដន្ទាទោសតាមច្បាប់នោះទេ អាចនឹងធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនយកគំរូតាម ដែលបណ្ដាលឱ្យទៅជាអនាធិបតេយ្យនៅក្នុងសង្គមធ្វើឱ្យពិបាកទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩៖ «វាជាការអនុវត្តច្បាប់មួយដែលមានស្តង់ដារ២ហ្នឹងហើយ ដែលអាចថា នៅកន្លែងនេះអនុវត្តផ្សេងអីចឹងទៅនៅកន្លែងនោះអនុវត្តផ្សិងទៅ ហើយអ្នកដែលមានតួនាទីខ្ពស់អីអនុវត្តផ្សិងទៅអ្នកទាបអនុវត្តផ្សេងទៅ។ អីចឹងវាអត់ឆ្លុះបញ្ចាំងពីការអនុវត្តច្បាប់ឱ្យមានភាពត្រឹមត្រូវទេ គឺការអនុវត្តច្បាប់ហ្នឹងគឺឱ្យតែមានការប្រព្រឹត្តផ្ទុយអំពីវិធានការអីទាំងអស់ហ្នឹងគួរតែមានការចាត់វិធានការឱ្យស្នើគ្នាទៅ ដើម្បីជាការឆ្លុះបញ្ចាំងមួយថា ការអនុវត្តហ្នឹងវាអត់មានរើសមុខទៅលើបុគ្គលណាមួយទេ » ។
កាលថ្ងៃទី១៧ ខែមេសាព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដកហូតឋានន្តរសក្ដិផ្កាយ២ និងបណ្ដេញលោក អ៊ុង ចាន់ធួក ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិនៃក្រសួងមហាផ្ទៃ តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងរឿងជួបជុំគ្នារៀបចំកម្មវិធីពិសាអាហារ ច្រៀងរាំ និងលេងប៉ាតម្សៅនៅយប់ថ្ងៃទី១៦ មេសា។ តុលាការ ក៏បានសម្រេចឃុំខ្លួនលោកនិងបក្ខពួកក្នុងពន្ធនាគារបណ្ដោះអាសន្នទៀតផង។
ច្បាប់ស្ដីពីការទប់ស្កាត់ជំងឺកូវីដ១៩ និងជំងឺឆ្លងដ៏កាចសាហាវ មានត្រា១០ ចែងថា អំពើដោយចេតនាមិនគោរពដល់វិធានការរដ្ឋបាលដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១លានរៀល (១.០០០.០០០) ទៅ ៥លានរៀល (៥.០០០.០០០)។ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀលទៅ ១០លានរៀល (១០.០០០.០០០) ប្រសិនបើចម្លងជំងឺកូវីដទៅអ្នកដទៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។