ប្រជាពលរដ្ឋសម្ដែងក្ដីព្រួយបារម្ភចំពោះសមាជិកគ្រួសាររបស់ពួកគាត់ និងធនធានយុវជនជំនាន់ក្រោយគ្រោះថ្នាក់អាចនឹងបាត់បង់សតិស្មារតី ដោយសារតែការផុងខ្លួនប្រើប្រាស់គ្រឿងញៀន។ ក្ដីកង្វល់របស់ប្រជាពលរដ្ឋ បែបនេះ កើតឡើង បន្ទាប់ពីជនជាតិចិនបន្តនាំសារធាតុគីមីមកកែច្នៃជាគ្រឿងញៀនរាប់រយតោន និងបើករោងចក្រផលិតចែកចាយក្នុងស្រុកយ៉ាងអនាធិបតេយ្យ។ មន្ត្រីសង្គមស៊ីវិលថា បើអាជ្ញាធរនៅតែគ្មានវិធានការ ទប់ស្កាត់ឧក្រិដ្ឋកម្ម គ្រឿងញៀននេះឱ្យមានប្រសិទ្ធភាពទេនោះ ករណីបទល្មើសឧក្រិដ្ឋ និងផលវិបត្តិក្នុងសង្គមនឹងបន្តកើតមានឡើងកាន់តែច្រើន។
ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលព្រួយបារម្ភថា បញ្ហាលំហូរគ្រឿងញៀនបន្តហូរចូលកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់តាមរយៈជនជាតិចិនជាបន្តបន្ទាប់មកនេះ បានធ្វើឱ្យសង្គមកម្ពុជាកាន់តែមានភាពវឹកវរក្នុងសង្គម។ ពួកគាត់ស្នើដល់រដ្ឋាភិបាលឱ្យមានចំណាត់ការឱ្យបានម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពចំពោះវត្តមានជនជាតិចិនដែលចេះតែយកកម្ពុជាធ្វើជាកន្លែងរោងចក្រសម្រាប់ផលិតគ្រឿងញៀន។
ពលរដ្ឋម្នាក់រស់នៅស្រុកស្អាង ខេត្តកណ្ដាល ថ្លែងសុំមិនបញ្ចេញឈ្មោះ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៤ កក្កដា ថា ភូមិមួយចំនួនស្ថិតក្នុងស្រុកស្អាង បានបង្កនូវអនាធិបតេយ្យ ដោយសារតែយុវជនដែលប្រើប្រាស់គ្រឿងញៀនមានចំនួនកាន់តែកើនឡើង។ ជាពិសេស លោកស្រីថា កូនៗ លោកស្រីតែងតែចេញពីសាលាមកដល់ផ្ទះយប់ព្រលប់ ដូច្នេះលោកស្រីព្រួយបារម្ភថា អាចមានយុវជនមួយចំនួនដែលប្រើប្រាស់គ្រឿងញៀនប្រព្រឹត្តអំពើមិនគប្បីលើកូនលោកស្រី៖ «ចេះតែព្រួយចេះតែបារម្ភណាស់ ឃើញចេះតែមានយុវជនឥឡូវវាចេះប្រើគ្រឿងញៀន គ្រឿងអីច្រើនអ៊ីចឹងចេះតែភ័យដែរហ្នឹង។ មិនដឹងយ៉ាងណាយ៉ាងណីទៅមុខទៀតយើងវាមិនដឹងដែរ ? ពិបាក ចេះតែបារម្ភមានកូនសុទ្ធតែប្រុសៗច្រើនដែរ។ មីងមិនទាន់មានកូនអ៊ីចឹងទេ។ ប៉ុន្តែអ្នកនៅជិតខាងអ៊ីចឹង ថ្ងៃមុនគេចាប់ទៅម្នាក់ពីរនាក់អ៊ីចឹង។ យើងមិនដឹងធ្វើម៉េចភ័យនោះភ័យខ្លាចហើយ មានទាំងឆក់កាបូប ឆក់ខ្សែក អ៊ីចឹង លើកមុនអត់ដែលមានទេឥឡូវចេះមានមួយៗដែរ ហើយក្មេងគ្នារៀនព្រលប់អីគ្នាមិនហ៊ានជាមួយពួកគ្រឿងញៀនព្រលប់ឡើងវាចេញហើយកាលថ្ងៃមុនចាប់ដល់ម៉ោង១យប់អីនោះ»។
ស្រដៀងគ្នានេះដែរ ពលរដ្ឋម្នាក់ទៀតរស់នៅខេត្តព្រៃវែង លោក ប៉ាវ វន់ ថ្លែងថា លោកឈឺចាប់នៅពេលដែលជនបរទេស ជាពិសេសជនជាតិចិនយកទឹកដីខ្មែរធ្វើជាកន្លែងប្រព្រឹត្តអាជីវកម្មបង្កើតរោងចក្រផលិតគ្រឿងញៀនតាមអំពើចិត្ត។ លោកយល់ថា បើលំហូរគ្រឿងញៀនចូលកម្ពុជាឥតថមថយដូចសព្វថ្ងៃនេះ នឹងកាន់តែបង្កផលវិបត្តិក្នុងសង្គមយ៉ាងធ្ងន់ធ្ងរ។ ក្រៅពីនេះ លោកក៏ព្រួយបារម្ភចំពោះកូនៗ និងសមាជិកគ្រួសាររបស់លោក ជាពិសេសយុវជនខ្មែរជំនាន់ក្រោយថា អាចមានជនខិលខូចបញ្ចុះបញ្ចូលឱ្យពួកគាត់ប្រើប្រាស់គ្រឿងញៀនទៅតាមរូបភាពបង្ខិតបង្ខំណាមួយ៖ «បើគេមករកស៊ីធម្មតាវាមិនសូវប៉ះពាល់។ ប៉ុន្តែនេះមកផលិតរបស់ [ គ្រឿងញៀន ] អ៊ីចឹងៗ វាប៉ះពាល់ខ្លាំង ព្រោះអីគេចាប់ទៅគេយកទៅណា ឃើញគេចាប់បានហើយ ឃើញគេផ្សាយឃើញគេអីដែរ គេចាប់បានប៉ុន្តែចាប់ហើយមិនដឹងយកទៅណាទៅណី ? ខ្ញុំជាប្រជាពលរដ្ឋមួយរូបសុំស្នើដល់រាជរដ្ឋាភិបាលហ្នឹងជួយរឹតបន្តឹងច្បាប់ហ្នឹងឱ្យខ្លាំង ព្រោះអីរបស់ហ្នឹងតែចូលមកហើយកូនខ្មែរយើងទំពាំងស្នងឫស្សីហ្នឹងពិបាកទប់ណាស់ ព្រោះគេបញ្ចុះបញ្ចូលហ្នឹងចេះតែទៅៗ តៗ គ្នាអ៊ីចឹង»។
ដោយឡែក ពលរដ្ឋដែលជាអ្នករត់តាក់ស៊ីនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យឯណោះវិញ លោក ម៉ន សុផល ប្រាប់វិទ្យុអាស៊ីសេរីថា លោកមិនសប្បាយចិត្តចំពោះជនជាតិចិនដែលចាត់ទុកទឹកដីខ្មែរសម្រាប់តែការប្រកបរបរអាជីវកម្មខុសច្បាប់របស់ពួកគេ។ លោកឱ្យដឹងទៀតថា ក្រុងប៉ោយប៉ែតក៏មានជនជាតិចិនច្រើនសន្ធឹកសន្ធាប់ ដែលជាញឹកញាប់ជនជាតិចិនទាំងនេះដកកាំភ្លើងបាញ់រះគ្នាជាសាធារណៈបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋម្ចាស់ស្រុកជាបន្តបន្ទាប់៖ «ជនបរទេសដែលមកផលិតគ្រឿងញៀននៅស្រុកខ្មែរអ៊ីចឹងវាមិនសមទេ។ វាមិនសមឱ្យមានទេ គ្មានទៅចង់បានទេអាគ្រឿងញៀនឡើងពេញទឹកពេញដីនៅស្រុកខ្មែរ។ អ្នកណាមិនបារម្ភ ហើយកូនយើង អនាគតកូនយើងទៅជាយ៉ាងណា ? បារម្ភខ្លាំងដែរហ្នឹងគ្រឿងញៀនហូរចូលខ្មែរច្រើនអ៊ីចឹងបារម្ភខ្លាំងមែនទែនហ្នឹងហ្អា៎»។
ចំណែក ពលរដ្ឋម្នាក់ទៀតរស់នៅរាជធានីភ្នំពេញ លោក ស៊ុម រស់ លើកឡើងថា ករណីជនជាតិចិនដែលអាចនាំសារធាតុគីមី និងហ៊ានបើករោងចក្រផលិតគ្រឿងញៀននៅកម្ពុជាជាបន្តបន្ទាប់បែបនេះ បើគ្មានអ្នកមានអំណាច និងមន្ត្រីអាជ្ញាធរឃុបឃិតគ្នាជាមួយក្រុមឧក្រិដ្ឋជន ក៏ជនជាតិចិនទាំងមិនអាចដំណើរសង្វាក់ផលិតកម្មរបស់ពួកគេបានដែរ។ លោករិះគន់ថា បើមន្ត្រីអាជ្ញាធរនៅតែប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ការទប់ស្កាត់បញ្ហាគ្រឿងញៀននៅកម្ពុជានេះ នឹងគ្មានប្រសិទ្ធភាពដែលអាចឱ្យប្រជាពលរដ្ឋមានជំនឿលើប្រព័ន្ធច្បាប់នៅកម្ពុជាបានឡើយ៖ «ជាឧទាហរណ៍ ខ្ញុំលើកជាឧទាហរណ៍ថា សព្វថ្ងៃគាត់ លើកនូវពាក់ស្លោកមួយ អរគុណសន្តិភាព។ ក៏ប៉ុន្តែអសន្តិសុខដូចជា បញ្ហាចោរកម្ម ឬក៏លួចឆក់នៅតាមដងផ្លូវជាពិសេសប្រជាជននៅក្រុងអសន្តិសុខ។ សន្តិសុខសម្រាប់ការរស់នៅវាអត់មាន។ ហ្នឹងវាពាក់ព័ន្ធជាមួយនឹងបញ្ហាគ្រឿងញៀននិងល្បែងនេះ។ ខ្ញុំឆ្ងល់មួយទៀត ហេតុអីបានជាការនាំចូល [ គ្រឿងញៀន ] ហ្នឹងហេតុអីក៏វាទូលំទូលាយល្អម្ល៉េះ ?»។
ក្ដីកង្វល់របស់ប្រជាពលរដ្ឋបែបនេះកើតឡើង ក្រោយពីពួកគាត់ឃើញសង្កេតឃើញថា ជនជាតិចិនមកវិនិយោគរកស៊ីនៅកម្ពុជាភាគច្រើនហាក់មិនបានខ្វាយខ្វល់ពីការគោរពអធិបតេយ្យ និងខ្លាចញញើតច្បាប់កម្ពុជានោះឡើយ។ ក្រៅពីនេះ ជនជាតិចិនទាំងនោះ បានប្រើប្រាស់ទឹកដីខ្មែរបើករោងចក្រផលិតគ្រឿងញៀនរាប់រយតោនជាបន្តបន្ទាប់ ដែលធ្វើឱ្យសង្គមកម្ពុជាទាំងមូលប្រឈមភាពវឹកវរ និងប៉ះពាល់ដល់ធនធានយុវជនយ៉ាងធ្ងន់ធ្ងរ។
កាលពីថ្ងៃទី១៣ កក្កដា អាជ្ញាធរប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាបបាន ជនជាតិចិនចំនួន១១ នាក់ ព្រមទាំងរកឃើញ រោងចក្រផលិតគ្រឿងញៀន និងទីតាំងឃ្លាំងសម្រាប់ផ្ទុកសារធាតុគីមីផ្សំគ្រឿងញៀនរបស់ក្រុមឧក្រិដ្ឋជននៅទីតាំងផ្សេងៗគ្នា។ គ្រឿងញៀន ដែលសមត្ថកិច្ចរឹបអូសបានជាប្រភេទកេតាមីន (Ketamine) ជិត ២តោន សារធាតុគីមីផ្សំជាគ្រឿងញៀន ជិត៣រយតោន (២៧៦តោន) និងឧបករណ៍ សម្ភារ: គ្រឿងបន្លាស់សម្រាប់ កែច្នៃ ផលិត គ្រឿងញៀនមួយចំនួនធំ ដែលក្រុមឧក្រិដ្ឋជនទាំង១១នាក់នោះបានលួចបន្លំដឹកចូលឆ្លងកាត់សមុទ្រវៀតណាមចូលតាមច្រកកំពង់ផែក្រុងភ្នំពេញតាំងពីថ្ងៃទី៧ ខែមេសា។
ដោយឡែកថ្មីៗនេះ កម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបបានក្រុមឧក្រិដ្ឋជនគ្រឿងញៀនជនជាតិចិនចំនួន ៧នាក់បន្ថែមទៀត ដែលពួកគេបាននាំចូលសារធាតុគីមីផ្សំកែទៅជាគ្រឿងញៀនប្រមាណជាង ១៤តោន ព្រមទាំងរឹបអូសសម្ភារៈឧបករណ៍កែច្នៃ និងធុងសម្រាប់ផ្ទុកគ្រឿងញៀនមួយចំនួនធំ ដែលស្ថិតក្នុងរោងចក្រផលិតកែច្នៃគ្រឿងញៀនពួកក្រុមឧក្រិដ្ឋជនក្នុងខេត្តព្រះសីហនុ។
អគ្គស្នងការរងនគរបាលជាតិទទួលផែនប្រឆាំងគ្រឿងញៀន លោក ម៉ក់ ជីតូ ទទួលស្គាល់ថា បទល្មើសគ្រឿងញៀននៅកម្ពុជាមិនទាន់មានភាពថមថយនៅឡើយ ដោយសារតែក្រុមឧក្រិដ្ឋជនតែងតែចង់បានកម្ពុជាធ្វើកន្លែងផលិតគ្រឿងញៀន។ លោកបន្តថា ការទប់ស្កាប់បទល្មើសគ្រឿងញៀននេះត្រូវទាមទារឱ្យមានអង្គការអន្តរជាតិជាមិត្តមួយចំនួនចូលរួមសហការជាមួយអាជ្ញាធរកម្ពុជា ហើយប្រជាពលរដ្ឋមូលដ្ឋានក៏ត្រូវចូលរួមសហការផ្តល់ព័ត៌មានសម្ងាត់ជូនសមត្ថកិច្ច ដើម្បីចុះបង្ក្រាបកន្លែងក្រុមឧក្រិដ្ឋជនបានទាន់ពេល៖ «ចំពោះសមត្ថកិច្ចយើង យើងមានអីព្រួយបារម្ភ យើងបង្ក្រាបរហូតហ្នឹង។ គ្រាន់តែថាពាក់ព័ន្ធនឹងសមត្ថកិច្ចយើងរដ្ឋាភិបាលបានដាក់មានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលយើងទាំងអស់គ្នាចូលរួមដែលសមត្ថកិច្ចម្នាក់ធ្វើមិនបានទេ។ អ៊ីចឹងទាល់តែមានដំណឹងពាក់ព័ន្ធនៅក្នុងប្រទេសក្រៅប្រទេសជាមួយបណ្តាលប្រទេសជាមិត្ត»។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា អាជ្ញាធរត្រូវតែពង្រឹងមន្ត្រីតាមច្រកព្រំដែន និងចុះស្រាវជ្រាវចំពោះមេខ្លោងដែលពាក់ព័ន្ធក្នុងការអនុញ្ញាតឱ្យជនជាតិចិនអាចនាំចូលសារធាតុញៀនចូលកម្ពុជាជាបន្តបន្ទាប់។ លោកបន្តថា ការនាំចូលនៃសារធាតុញៀនរបស់ក្រុមឧក្រិដ្ឋជនមកកម្ពុជាឥតឈប់ឈរ គឺជាការព្រួយបារម្ភសម្រាប់មន្ត្រីអាជ្ញាធរដែលអនុវត្តច្បាប់ធូរ និងមានការប្រព្រឹត្តអំពើពុករលួយ៖ «បន្ទាប់ពីរឿងមួយ ដល់រឿងមួយមិនចេះអស់សោះ នេះក៏អាចបញ្ជាក់ពីការធូររលុង ក្នុងការអនុវត្តច្បាប់របស់ខាងមន្ត្រីពាក់ព័ន្ធ។ មន្ត្រីដែលមានតួនាទីទប់ស្កាត់អីទាំងអស់ហ្នឹងឯង ដែលជាអ្នកទទួលខុសត្រូវ ហើយបើសិនជាអំពីទាំងអស់ហ្នឹងកើតឡើងដដែលៗ បញ្ហាគួរតែមានការពិនិត្យមើលមន្ត្រីទាំងអស់នោះតើគាត់ធ្វើអី ? ហើយពិតជាធ្វើការងាររបស់ខ្លួនបានត្រឹមត្រូវឬទេ ? ហើយបើរកឃើញថា មន្ត្រីទាំងអស់ហ្នឹងពាក់ព័ន្ធទទួលបានផលប្រយោជន៍ ឬក៏លាភសក្ការៈណាមួយគួរតែមានវិធានការតាមផ្លូវច្បាប់»។
កាលពីថ្ងៃទី២៦ មិថុនា អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដុតបំផ្លាញសារធាតុញៀន និងសារធាតុគីមី សរុបជាង ៦តោន ក្នុងចំណោមវត្ថុតាងគ្រឿងញៀន សារធាតុគីមីផ្សំ និងសារធាតុគីមីពាក់ព័ន្ធផ្សេងៗ ដែលរឹបអូសបាន មានទម្ងន់សរុបជិត ១០០តោន។ អាជ្ញាធរឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២០ និង២០២១ ដែលមានការរីករាលដាលជំងឺកូវីដ-១៩ សមត្ថកិច្ចបង្ក្រាប និងរឹបអូសគ្រឿងញៀនបានជិត ១០តោន និងឃាត់ខ្លួនជនសង្ស័យបានជាង ៣ម៉ឺននាក់។ ក្នុងនោះសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួនជាង ១ម៉ឺនករណី (១០.៤៦១ករណី) ក្នុងឆ្នាំ២០២០ និងជាង៦ពាន់ករណី (៦.៣០៨ករណី) ទៀតក្នុងឆ្នាំ២០២១។
ទោះជាយ៉ាងណា ក្រុមអង្គការសង្គមស៊ីវិលនៅតែជំរុញដល់អាជ្ញាធរពាក់ព័ន្ធឱ្យពង្រឹងការអនុវត្តច្បាប់ និងស៊ើបអង្កេតដោយតម្លាភាពចាប់មេខ្លោងធំៗ ដាក់ពន្ធនាគារ ទើបអាចទប់ស្កាត់បញ្ហាគ្រឿងញៀនមានប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។