ពលរដ្ឋ​ខេត្ត​កណ្ដាល​ថា អាជ្ញាធរ​សម្រេច​ឲ្យ​ក្រុមហ៊ុន ភឺន ផល្លា បញ្ឈប់​ការ​ឈូស​ឆាយ​និង​ហ៊ុមព័ទ្ធ​យក​ដី​បឹង​ឡូ​លេខ​៦

ប្រជាពលរដ្ឋ​នៅ​ខេត្ត​កណ្ដាល អះអាង​ថា អាជ្ញាធរ​សម្រេច​ឲ្យ​ក្រុមហ៊ុន ឈ្មោះ ភឺន ផល្លា ដែល​បាន​ឈូស​ឆាយ​និង​ហ៊ុមព័ទ្ធ​យក​ដី​បឹង​ឡូ​លេខ​៦ បញ្ឈប់​សកម្មភាព​ឈូសឆាយ​ទាំងនោះ ដោយសារ​ក្រុមហ៊ុន​មួយ​នេះ​មិន​មាន​ច្បាប់​អនុញ្ញាត​នោះ​ទេ។ ប៉ុន្តែ​ពលរដ្ឋ​ចង់​ឲ្យ​អាជ្ញាធរ​មាន​វិធានការ​ច្បាប់ ឬ​ដាក់​ពិន័យ​ទៅលើ​ក្រុមហ៊ុន​មួយ​នេះ​ឲ្យ​បាន​តឹងរ៉ឹង​។ អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ថា នឹង​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​តាមច្បាប់។

ក្រោយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រែក​ទម្លាប់ ស្រុក​លើកដែក ខេត្ត​កណ្ដាល ផ្ទុះ​ការ​តវ៉ា និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​រយៈពេល​ជាង​១០​ថ្ងៃ​កន្លងមក អាជ្ញាធរ​សម្រេច​ឲ្យ​ក្រុមហ៊ុន ភឺន ផល្លា បញ្ឈប់​ការ​ឈូសឆាយ និង​ហ៊ុមព័ទ្ធ​យក​ដី​បឹង​ឡូ​លេខ​៦ តទៅទៀត ដោយ​អាជ្ញាធរ​សំអាង​ថា ក្រុមហ៊ុន​មួយ​នេះ មិន​មាន​ភាព​ស្រប​ច្បាប់​នោះ​ទេ។ ទោះជា​យ៉ាងណា​ពលរដ្ឋ​ចង់​ឃើញ​អាជ្ញាធរ​ចាត់វិធានការ​ទៅលើ​ក្រុមហ៊ុន ភឺន ផល្លា និង​ឈប់​តាម​ធ្វើទុក្ខបុកម្នេញ​ទៅលើ​ពលរដ្ឋ​ដែល​ធ្លាប់​ចេញ​តវ៉ា​កន្លងមក។ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រែក​ទម្លាប់ លោក សាន ង៉ូ​វ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១១ ខែ​មិថុនា​ថា អាជ្ញាធរ​សម្រេច​ឲ្យ​ក្រុមហ៊ុន ភឺន ផល្លា ដក​គ្រឿងចក្រ​ចេញ​ពី​បរិវេណ​ដី​បឹង​ឡូ​លេខ​៦ និង​មិន​ឲ្យ​ឈូស​ឆាយ​ហ៊ុមព័ទ្ធ​យក​ដី​បឹង​ធម្មជាតិ​មួយ​នេះ​ទៀត​នោះ​ទេ​។ ទោះជា​បែប​នេះ​ក្ដី លោក​ថា ប៉ូលិស​ប៉ុស្តិ៍​នគរបាល​ព្រែក​ទម្លាប់ បាន​បន្ត​កោះហៅ​ពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​ចេញមុខ​តវ៉ា​បណ្ដេញ​ក្រុមហ៊ុន​ទៅ​សាកសួរ ប៉ុន្តែ​លោក​មិនទាន់​ដឹង​ថា ប៉ូលិស សួរនាំ​រឿង​អ្វី​នោះ​ទេ​។ លោក​បន្ថែម​ថា ពួក​លោក​មិន​បាន​ធ្វើ​អ្វី​ខុសច្បាប់​នោះ​ទេ ក្រៅពី​ទៅ​តវ៉ា​ឲ្យ​ក្រុមហ៊ុន ភឺន ផល្លា ដក​គ្រឿងចក្រ​ចេញ​និង​ទុក​ដី​បឹង​ឡូ​លេខ​៦ ឲ្យ​ពលរដ្ឋ​អាស្រ័យ​ផល។

លោក សាន ង៉ូវ៖ «ខ្ញុំ​ទៅ​តវ៉ា​នេះ​គឺជា​ចំណុច​រួច​ដែល​កន្លែង​ប្រជាពលរដ្ឋ​គាត់​ទៅ​រក​ស៊ី អ៊ីចឹង​សូម​ជួយ​គាំទ្រ និង​រក​យុត្តិធម៌​ឲ្យ​ពួក​ខ្ញុំ​ផង ពីព្រោះ​ខ្ញុំ​តវ៉ា​នេះ​ដើម្បី​បឹង​រួម​ហើយ​ផលប្រយោជន៍​រួម​ទាំងអស់គ្នា ទៅ​តវ៉ា​ដល់​១០០​គ្រួសារ​ជាង​ដល់ពេល​កោះហៅ កោះហៅ​តែ​ពួក​ខ្ញុំ​៣​ទៅ ៤​នាក់»។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រែក​ទម្លាប់ សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ទោះបី​អាជ្ញាធរ​ប្រកាសប្រាប់​ពលរដ្ឋ​បែបនេះ​ក្ដី ក៏​លោក​នៅតែ​ព្រួយបារម្ភ​ខ្លាច​អាជ្ញាធរ​ឃុបឃិត​គ្នា​ស្ងាត់ៗ​ជាមួយ​ក្រុមហ៊ុន យក​ដី​បឹង​ឡូ​លេខ​៦ តាម​របៀប​ផ្សេង ពីព្រោះ​កាល​ដែល​ប្រកាស​នោះ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពិតប្រាកដ​មិនបាន​ចូលរួម​ស្ដាប់ និង​បញ្ចេញមតិ​នោះ​ទេ។ លើស​ពី​នេះ លោក​ថា ដី​បឹង​ធម្មជាតិ​ដែល​ពលរដ្ឋ​អាស្រ័យ​ផល​ចំនួន ៣​កន្លែង​នៅ​តំបន់ ត្រូវ​បាន​រដ្ឋាភិបាល​លក់​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន ថែមទាំង​ហាមឃាត់​ពលរដ្ឋ​មិន​ឲ្យ​ចូល​ទៅ​អាស្រ័យ​ផល​នៅ​តំបន់​នោះ​ទៀត​ទេ។

ពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ៖ «កន្លែង​ទាំងអស់​នេះ​សម្រាប់​រាស្ត្រ​សម្រាប់​ប្រជាជន​រក​ចិញ្ចឹមជីវិត មិនមែន​តិច​ទេ​តាំងពី​ពលរដ្ឋ​ខេត្តព្រៃវែង កំពង់​ភ្នំ ច្រើនណាស់​មក​រក​ត្រី​នៅ​ទីនេះ​ពីព្រោះ​បឹង​នេះ​វា​ធំ»។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មេឃុំ​ព្រែក​ទម្លាប់ លោក នី សារី បាន​ទេ នៅ​ថ្ងៃទី​១១ ខែមិថុនា ដោយសារ​ទូរស័ព្ទ​ចូល​ច្រើនដង​តែ​គ្មាន​អ្នក​ទទួល​។ ទោះជា​យ៉ាងណា អភិបាលខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ឲ្យ​ដឹង​យ៉ាង​ខ្លី​ថា លោក​បាន​ឲ្យ​អាជ្ញាធរ​ថ្នាក់​ស្រុក​ចុះ​ត្រួតពិនិត្យ និង​អនុវត្ត​ទៅ​តាម​ច្បាប់​រួច​ហើយ។

លោក គង់ សោភ័ណ្ឌ៖ «ចាំ​មើល​ឲ្យ​អាជ្ញាធរ​ថ្នាក់​ស្រុក​ចុះ​ត្រួតពិនិត្យ និង​អនុវត្ត​ទៅតាម​ច្បាប់​និយាយ​មួយ​មាត់​យ៉ាង​ខ្លី សុំ​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​អនុវត្ត​ទៅ​តាម​ច្បាប់»។

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី សាទរ​ចំពោះ​វិធានការ​នេះ ប៉ុន្តែ​លោក​ថា អាជ្ញាធរ​ត្រូវតែ​អនុវត្ត​ច្បាប់​ឲ្យ​តឹងរ៉ឹង​ទៅលើ​ក្រុមហ៊ុន​ទាំងឡាយ​ណា​ដែល​លួច​ធ្វើ​សកម្មភាព​ឈូស​ឆាយ ដោយ​មិន​មាន​ច្បាប់​អនុញ្ញាត​។ លោក​បន្ថែម​ថា បើ​ទោះបី​ក្រុមហ៊ុន​ទាំងនោះ​មាន​លិខិតអនុញ្ញាត​ក៏ដោយ អាជ្ញាធរ​ត្រូវតែ​សិក្សា​ពី​ផល​ប៉ះពាល់​ឲ្យ​បាន​ច្បាស់លាស់​ជា​មុខ​សិន មុន​នឹង​ឲ្យ​ធ្វើការ​ឈូស​ឆាយ ឬ​ហ៊ុមព័ទ្ធ។

លោក យិន ម៉េងលី៖ «អ៊ីចឹង​អាជ្ញាធរ​ត្រូវតែ​អនុវត្ត​ឲ្យ​បាន​តឹងរ៉ឹង​ជាមួយ​ក្រុមហ៊ុន ទោះបីជា​ក្រុមហ៊ុន​ប្រភេទ​ណាក៏ដោយ ត្រូវ​ពិនិត្យ​មើល​វិធានការ​ច្បាប់ ហើយ​ត្រូវតែ​ចាត់វិធានការ​ច្បាប់​ប្រសិនបើ​ក្រុមហ៊ុន​មាន​ការ​រំលោភ​ទៅ​លើ​ច្បាប់»។

កាលពី​ថ្ងៃទី​៣០ ខែ​ឧសភា ដល់​ថ្ងៃ​ទី១ ខែ​មិថុនា ប្រជាពលរដ្ឋ​ចំនួន​៣​ភូមិ គឺ​ភូមិ​ស្ពានដែក ព្រែកបាក់ និង​ភូមិ​ព្រែក​តូច បាន​ប្រមូលគ្នា​តវ៉ា​បណ្ដេញ​ក្រុមហ៊ុន​ឈ្មោះ​ភឺន ផល្លា មិន​ឲ្យ​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ និង​ហ៊ុមព័ទ្ធ​ដី​បឹង​ឡូ​លេខ​៦ ដែល​ពួកគេ​កំពុង​អាស្រ័យ​ផល​សម្រាប់​ចិញ្ចឹមជីវិត​។ បឹង​ឡូ​លេខ​៦ មាន​ទំហំ​ទទឹង​៥​គីឡូម៉ែត្រ និង​បណ្ដោយ​៨​គីឡូម៉ែត្រ ហើយ​បឹង​មួយ​នេះ​ត្រូវ​រដ្ឋាភិបាល​ចាស់​កាត់​ឆ្វៀល​ឲ្យ​ពលរដ្ឋ​អាស្រ័យ​ផល ចាប់តាំងពី​ឆ្នាំ​២០១២​មក និង​មាន​ប្រជាពលរដ្ឋ​ចំនួន​២​ឃុំ ក្នុង​នោះ​មាន ឃុំ​ព្រែក​ទម្លាប់ និង​ឃុំ​កំពង់​ភ្នំ កំពុង​អាស្រ័យ​ផល​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។