ពលរដ្ឋ​ស្នើ​ដល់​អាជ្ញាធរ​ឲ្យ​ស្វែងរក​ប្រភព​នៃ​កាំភ្លើង ដែល​ឧកញ៉ា​ម្នាក់​យក​ទៅ​បាញ់​ជន​រងគ្រោះ

0:00 / 0:00

ពលរដ្ឋស្នើ​ដល់​អាជ្ញាធរ​ឲ្យ​ស្វែងរក​ប្រភព នៃ​កាំភ្លើង ដែល​ខ្មាន់​កាំភ្លើង​មាន​ងារ​ជា​ឧកញ៉ា លោក ស្រី ស៊ីណា យក​ទៅ​បាញ់​មនុស្ស​បណ្ដាល​ឲ្យ​ស្លាប់ ២នាក់ និង ២នាក់​ផ្សេង​ទៀត​រង​របួស កាល​ពី​ថ្ងៃ​ទី ១៧ មិថុនា នៅ​ក្នុង​បុរីប៉េងហួត​បឹងស្នោ ស្ថិត​នៅ​ក្នុង​ខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញ។

ក្រោយ​ពី​ហេតុការណ៍​ផ្ទុះ​អាវុធ​នេះ កើត​ឡើង​ពលរដ្ឋ​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​ផ្ទុះ​ការ​ប្រតិកម្ម​ពេញ​បណ្ដាញ​សង្គម។ ក្រៅពី​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ដល់​គូដណ្ដឹង​បាត់បង់ជីវិត​មួយ​គូរ​នោះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) មួយ​ចំនួន​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ស្វែងរក​យុត្តិធម៌​ដល់​ជន​រងគ្រោះ ។

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្នាក់ ឈ្មោះថា ម៉ៅ មុនីរ័ត្ន សរសេរ​សារ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី១៨ មិថុនា​ថា នៅ​ពេល​លោក​ឃើញ​ឧកញ៉ា ស្រី ស៊ីណា ជា​ឃាតក ធ្វើឲ្យ​លោក​នឹក​ដល់​មរណភាព​របស់​ឧកញ៉ា អ៊ឹង ម៉េងជឺ ស្រប​ពេល​ឃាតក ដែល​ជា​អ្នក​សម្លាប់​លោក​នៅ​មាន​សេរីភាព​នៅ​ឡើយ ហើយ​មាន​ការងារ និង​តួនាទី​ធំដុំ​ទៀត។

ចំណែកអ្នកសិក្សាផ្នែក​ច្បាប់​លោក វ៉ន ចាន់ឡូត ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៨ ខែមិថុនា​ថា មន្ត្រី​យោធា មន្ត្រី​នគរបាល និង​មន្ត្រី​ដែល​មាន​បេសកកម្ម​ទើប​មាន​សិទ្ធិ​ក្នុង​ការ​គ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ ហើយ​អាវុធ​ទាំង​នោះ សុទ្ធតែ​ត្រូវ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ឬ​ក្រសួង​ការពារ​ជាតិ។ លោក ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ស្រាវជ្រាវ​រក​ប្រភព​នៃ​កាំភ្លើង និង​អនុវត្ត​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ ឲ្យ​បាន​តឹងរ៉ឹង។

ឆ្លើយតប​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា កន្លង​ទៅ​ក្រសួង​មហាផ្ទៃ​បាន​អនុវត្ត​ការ​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ នៅ​តាម​គោលដៅ​ជា​រឿយៗ។ លោក​បន្ថែម ករណី​ផ្ទុះ​អាវុធ​ថ្មី​នេះ អាជ្ញាធរ​កំពុង​បន្ត​ស្រាវជ្រាវ​រក​ប្រភព នៃ​កាំភ្លើង។

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ម្នាក់​ទៀត ឈ្មោះ រតនា ឈីម (Ratana Chhim) បាន​លើក​ឡើង​ថា សូម​យុត្តិធម៌​មាន​ដល់​ជន​រងគ្រោះ។ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​រូប​នោះ​បន្ថែម​ថា ជន​ដៃដល់​ត្រូវ​ទទួល​ទោស ចំពោះ​មុខ​ច្បាប់ ដោយ​កុំ​សំអាង​លើ​មាន​លុយ ជា​ថ្នូរ​នឹង​ការ​ជាប់​គុក​ចំនួន​តិចខែ ។

ជនរង​គ្រោះ ដែល​ទទួល​រង​ការ​បាញ់​ប្រហារ​រហូត​បាត់បង់​ជីវិត​មាន ឈ្មោះ ឡុង លីសុង អាយុ ២៧ឆ្នាំ និង ឃីន កញ្ចនា អាយុ ២៦ឆ្នាំ ដែល​ជា​គូ​ដណ្ដឹង​នឹង​គ្នា។ តាម​ការ​សារភាព​របស់​ជន​ដៃដល់​ឈ្មោះ ស្រី ស៊ីណា និង​សាក្សី​នៅ​កន្លែង​កើត​ហេតុ ឱ្យ​ដឹង​ថា មូលហេតុ​នៃ​ការ​បាញ់​ប្រហារ​នេះ កើត​ឡើង​ដោយសារ​ទំនាស់​រវាង​អ្នក​រស់នៅ​ជិត​ខាង និង​ការ​ប្រើប្រាស់​ស្នួ​ហាល​ខោអាវ​ឆ្លង​ចូល​ព្រំ​ដី​គ្នា។

ខ្មាន់​កាំភ្លើង​លោក ស្រី ស៊ីណា ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន នៅ​ស្រុកអង្គស្នួល ខេត្តកណ្ដាល កាល​ពី​ថ្ងៃ​ទី១៧ មិថុនា និង​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី។

សមាគម​ឧកញ៉ា​កម្ពុជា នៅ​ថ្ងៃ​ទី១៨ ខែមិថុនា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន បញ្ជាក់​ថា ជន​ល្មើស​ជា​ខ្មាន់​កាំភ្លើង លោក ស្រី ស៊ីណា មាន​គោរមងារ​ជា​ឧកញ៉ា​ពិត​មែន ប៉ុន្តែ​មិន​មាន​ជា​សមាជិក​សមាគម​ឧកញ៉ា​កម្ពុជា​នោះ​ទេ។ សមាគម​ឧកញ៉ា​កម្ពុជា នឹង​ស្នើសុំ​បញ្ចប់​គោរមងារ​ឧកញ៉ា ពី​ខ្មាន់​កាំភ្លើង​រូប​នេះ នៅ​ពេល​ខាង​មុខ។

ទោះ​ជា​យ៉ាង​ណា​ក្ដី នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ស្នើ​ដល់​អាជ្ញាធរ​ឲ្យ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់ នូវ​ប្រភព នៃ​កាំភ្លើង​របស់​ជន​ល្មើស ដែល​ជា​ឧកញ៉ា​រូប​នោះ។

ច្បាប់ស្ដីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ចែងថា ត្រូវ​ហាមឃាត់ ការប្រើប្រាស់ ការ​ទិញ និង​ការ​ឲ្យ​ខ្ចី​ជា​ដើម ចំពោះ​ជន​ស៊ីវិល​នៅ​កម្ពុជា។ ការ​ប្រើប្រាស់​អាវុធ ត្រូវ​បាន​អនុញ្ញាត​សម្រាប់ តែ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការពារ​ជាតិ​ប៉ុណ្ណោះ ហើយ​ក្រសួង​ទាំង​ពីរ​ជា​អ្នក​គ្រប់គ្រង​ការ​ត្រួត​ពិនិត្យ និង​ការ​ចុះ​បញ្ជី​អាវុធ គ្រឿងផ្ទុះ និង​រំសេវ ដើម្បី​ធានា​ការពារ​សន្តិសុខ និង​សុវត្ថិភាព​សាធារណៈ។ ជន​ណា ដែល​យក​អាវុធ គ្រឿងផ្ទុះ និង​រំសេវ ដាក់​តាម​ខ្លួន កាន់កាប់ ប្រើប្រាស់ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦ខែ ដល់ ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ហាសិប​ម៉ឺន​រៀល (៥០០.០០០) ដល់​ពីរ​លាន​រៀល (២ ០០០ ០០០) ដោយ​ពុំ​ទាន់​គិត​ពី​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។