ប្រជាពលរដ្ឋជំរុញឱ្យអាជ្ញាធរបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងស្រាវជ្រាវរកមន្ត្រីឃុបឃិតជាមួយម្ចាស់អាជីវកម្មយកមកដាក់ទោស។ មន្ត្រីសង្គមស៊ីវិលថា រដ្ឋាភិបាលគួរបង្ក្រាប និងអនុវត្តច្បាប់តឹងរ៉ឹងលើមេខ្លោងបង្កើតល្បែងស៊ីសង ព្រមទាំងបញ្ឈប់ការផ្សព្វផ្សាយគ្រប់រូបភាពដែលជំរុញឱ្យពលរដ្ឋទៅលេងល្បែងទាំងនោះ។
ប្រជាពលរដ្ឋនៅតាមមូលដ្ឋានលើកឡើងថា ការបង្ក្រាបល្បែងស៊ីសង និងល្បែងអនឡាញខុសច្បាប់នៅតាមមូលដ្ឋានកន្លងមក មិនសូវមានប្រសិទ្ធ និងអនុវត្តបានយូរអង្វែងឡើយ ក្នុងនោះម្ចាស់ទីតាំងបនល្បែងមួយចំនួន នៅតែបន្តសាជីវកម្មរបស់ខ្លួនធម្មតា។
ពលរដ្ឋនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កញ្ញា ស៊ុន ស្រីនិច ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៦ ខែកុម្ភៈ ថា បនល្បែងស៊ីសង ឆ្នោតកន្ទុយលេខ និងឡូតូអនឡាញមួយចំនួននៅតាមសង្កាត់នានា ក្នុងក្រុងបាត់ដំបង នៅតែបើកដំណើរការធម្មតា ដោយកន្លែងខ្លះ ម្ចាស់អាជីវកម្មបានប្ដូរទីតាំង ចូលក្នុងផ្ទះ ខ្លះបិទទ្វារពីខាងក្រៅ ចំណែកឯឆ្នោតកន្ទុយលេខវិញ ម្ចាស់អាជីវកម្ម ឬមេឆ្នោតបានបង្កើតក្រុមក្នុងបណ្ដាញសង្គម ដើម្បីដំណើរការភ្នាល់ ឬលក់លេខឆ្នោតជាធម្មតា។
កញ្ញា ស៊ុន ស្រីនិច៖ «នៅពេលដែលគាត់(អាជ្ញាធរ)ចុះបង្ក្រាបអ៊ីចឹង គឺគាត់(ម្ចាស់អាជីវកម្ម)ដូចដឹងមុនអ៊ីចឹង គាត់រៀបចំធ្វើធម្មតា ប៉ុន្តែនៅពេលគេចុះបង្ក្រាបអត់មានឃើញអ្វីអ៊ីចឹង ហើយនៅពេលដែលគេទៅអស់ បានគេរៀបចំជាថ្មីឡើងវិញ។ កន្លែងបង្ក្រាបហ្នឹង គឺកន្លែងដដែលៗ ដូចជាល្បែងឡូតូ ឬល្បែងបៀ។ គឺគាត់ដូចដឹងមុន ព្រោះគាត់មានខ្សែរយៈ»។
ការលើកឡើងនេះ បន្ទាប់ពីនៅក្នុងកិច្ចប្រជុំគណៈកម្មការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃខេត្តជាប់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី១៥ កុម្ភៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានដាក់បញ្ជាឱ្យអាជ្ញាធរ នៅតាមរាជធានី-ខេត្ត បង្ក្រាបឱ្យអស់នូវទីតាំងបញ្ចាំខុសច្បាប់ និងទីតាំងល្បែងផ្សងសំណាង ឬឡូតូខុសច្បាប់ ដែលមាននៅគ្រប់ភូមិ ឃុំ សង្កាត់។ លោក ស សុខា ទទួលស្គាល់ថា វិធានការបង្ក្រាបល្បែងស៊ីសងដែលបានធ្វើកន្លងមក នៅមិនទាន់មានប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយនៅឡើយ។
ទោះជាបែបនេះក្ដី ការដាក់បទបញ្ជាឱ្យបិទល្បែងស៊ីសងខុសច្បាប់នេះ ធ្វើឡើងតាំងពីនៅពេលដែល លោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី និងលោក ស ខេង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រហូតដល់ជំនាន់កូន ដែលមាននាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ជាអ្នកបន្តវេនក្ដី ប៉ុន្តែវិធានការនេះ អនុវត្តបានតែមួយឆាវដូចភ្លើងចំបើង ហើយក៏ស្ងាត់ទៅវិញ។
ជាក់ស្ដែង នៅមួយថ្ងៃមុនការប្រកាសរបស់ លោក ស សុខា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានបញ្ជាឱ្យគណៈអភិបាលរាជធានី-ខេត្ត ទាំងអស់ចាត់វិធានការបង្ក្រាបល្បែងផ្សងសំណាងខុសច្បាប់ និងផ្អាកការផ្ដល់អាជ្ញាប័ណ្ណនៃអាជីវកម្មបនល្បែង អនឡាញ គ្រប់ប្រភេទ នៅទូទាំងប្រទេសផងដែរ។
ពលរដ្ឋនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប លោក សារឿង វីរៈ សង្កេតឃើញថា ការបង្ក្រាបល្បែងស៊ីសងរបស់អាជ្ញាធរនៅតាមមូលដ្ឋានកន្លងមក ប្រៀបដូចជាល្បែងបិទពួន ឬឆ្មាចាប់កណ្ដុរដូច្នេះដែរ។ លោកបញ្ជាក់ថា ម្ចាស់សាជីវកម្មល្បែងខុសច្បាប់ទាំងនោះ តែងតែដឹងខ្លួនជាមុននៅពេលដែលអាជ្ញាធរចុះបង្ក្រាប ហើយក្រោយមក ពួកគេនឹងបើកសាជីវកម្មល្បែងស៊ីសងនេះម្ដងទៀត នៅពេលដែលរដ្ឋាភិបាលលែងចាប់អារម្មណ៍ លើការបង្ក្រាបល្បែងស៊ីសងនេះតទៅទៀត។
លោក សារឿង វីរៈ៖ «កន្លែងទាំងអស់ហ្នឹង បើកដូចអត់មានអ្វីត្រូវព្រួយបារម្ភទេ ព្រោះអ្នកគ្រប់គ្រងកន្លែងហ្នឹង មានសែស្រឡាយជាមួយនឹងមន្ត្រីរាជការ ជាពិសេសគឺកងកម្លាំងប្រដាប់អាវុធ»។
បន្ទាប់ពីការប្រកាសរបស់ថ្នាក់ដឹកនាំទាំងពីរលើកមក អាជ្ញាធរនៅតាមបណ្ដារាជធានី និងខេត្តមួយចំនួន បានចុះអនុវត្តតាមបទបញ្ជានេះភ្លាមៗ ចំណែកនៅតាមបណ្ដាខេត្តមួយចំនួនទៀត មិនទាន់ចុះអនុវត្តនៅឡើយ។
អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា ប្រាប់វិទ្យុអាស៊ីសេរី ថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចបង្កើតក្រុមការងារចុះត្រួតពិនិត្យស្រាវជ្រាវ ដើម្បីបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដោយក្នុងនោះ អាជ្ញាធរបានរកឃើញទីតាំងល្បែងខុសច្បាប់មួយចំនួន ខ្លះប្ដូរទីតាំង និងខ្លះទៀតមានអាជ្ញាប័ណ្ណហួសសុពលភាព។
លោក សំ វិច្ឆិកា៖ «អ៊ីចឹងករណី ដែលយើងចុះទៅបន្ថែមពីលើសកម្មភាពរបស់សមត្ថកិច្ចនៅតាមមូលដ្ឋានដើម្បីរកថា អ្វីជាការឃុបឃិត ខុសច្បាប់ យើងនឹងធ្វើការអនុវត្ត ហើយប្រសិនបើជា ដែលយើងស្រាវជ្រាវទៅឃើញថា វាពាក់ព័ន្ធនឹងសមត្ថកិច្ច ឬអាជ្ញាធរណា យើងនឹងធ្វើរបាយការណ៍ ដើម្បីមានវិធានការជាបន្តបន្ទាប់ និងអនុវត្តទៅតាមអ្វីដែលយើងរកឃើញថា ជាកំហុសនោះ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម លោក រស់ ភីរុណ ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៦ ខែកុម្ភៈ។
ក៏ប៉ុន្តែ លោក រស់ ភីរុណ ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរី ថា សាជីវកម្មល្បែងអនឡាញមួយចំនួន កំពុងជ្រកក្រោមអាជ្ញាប័ណ្ណក្លែងក្លាយ ក្រោមរូបភាពជាតំណាងចែកចាយ និងខ្លះទៀតកំពុងវិវត្តទៅរកភាពខុសច្បាប់ ដោយប្រែក្លាយពីល្បែងផ្សងសំណាង ទៅជាល្បែងភ្នាល់។
ទាក់ទិនរឿងនេះ ប្រធានអង្គការអប់រំយុវជនដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក បូ ពៅ យល់ឃើញថា ដើម្បីអនុវត្តការងារបង្ក្រាបល្បែងស៊ីសង ឱ្យមានប្រសិទ្ធភាព រដ្ឋាភិបាល គួរចាត់វិធានការទៅលើមេខ្លោងរកស៊ីបើកបនល្បែង និងចុះធ្វើអធិការកិច្ច ដើម្បីរកមន្ត្រីដែលជាប់ពាក់ព័ន្ធ នឹងអំពើពុករលួយជាមួយម្ចាស់ទីតាំងបនល្បែង យកទៅអនុវត្តទោសតាមច្បាប់។
លោក បូ ពៅ៖ «វាអត់មានល្បែងណាមួយនាំឱ្យរីកចម្រើនទេ យើងមើលទៅមើល។ មានពាក្យស្លោកថា ល្បែងតែងវិនាស។ អ៊ីចឹងកាលដែលអាជ្ញាធរនៅពីក្រោយ ខ្ញុំគិតថាដើម្បីចៀសវាងមានបញ្ហាហ្នឹង ស្ថាប័នខាងលើ ឬក៏ក្រសួងជំនាញ គួរធ្វើការស្រាវជ្រាវហើយចាត់វិធានការទៅ»។
ពលរដ្ឋ និងសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរបង្ក្រាបទីតាំងល្បែងខុសច្បាប់ ឱ្យដូចភ្លៀងរលឹម ដើម្បីបញ្ឈប់អាជីវកម្ម អបាយមុខមួយនេះ បន្តបំផ្លាញសង្គម និងញ៉ាំញ៉ើជីវភាពពលរដ្ឋ ដែលជួបប្រទះការលំបាកស្រាប់ទៅហើយនោះ ឱ្យកាន់តែវេទនាបន្តទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។