ពលរដ្ឋខ្មែរមួយគ្រួសាររស់នៅក្រុងប៉ោយប៉ែត ដែលរងការវាយដំពីក្រុមប្រដាប់អាវុធជនជាតិចិនកាលពីដើមខែមីនា រិះគន់អាជ្ញាធរថា អសមត្ថភាពក្នុងការតាមចាប់ជនល្មើសទាំងនោះយកមកដាក់ទោសតាមច្បាប់។ សាច់ញាតិជនរងគ្រោះ ខកចិត្តចំពោះអាជ្ញាធរដែលបណ្ដោយឱ្យជនជាតិចិនដែលប្រព្រឹត្តអំពើព្រៃផ្សៃទាំងនោះ មានសិទ្ធិបើកបររថយន្តដោយសេរីក្នុងក្រុងប៉ោយប៉ែត ដោយគ្មានអើពើចាប់ខ្លួនពួកគេឡើយ។ មន្រ្តីសង្គមស៊ីវិលផ្នែកសិទ្ធមនុស្សយល់ថា រឿងនេះទំនងជាអាជ្ញាធរជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយដោយទទួលសំណូកពីជនជាតិចិន។
ក្រុមគ្រួសារជនរងគ្រោះដែលជនជាតិចិនបានលើកគ្នាព្រួតវាយដំដល់ក្នុងផ្ទះកាលពីខែមីនាអស់សង្ឃឹមនឹងអាជ្ញាធរដែលមិនបានអើពើតាមចាប់ជនល្មើសទាំងនោះយកមកដាក់ទោសតាមច្បាប់ឡើយ។ ពួកគាត់សង្ស័យថាអាជ្ញាធរអាចទទួលលុយសំណូកពីក្រុមប្រដាប់អាវុធជនជាតិចិនទាំងនោះដើម្បីជាផ្នូរនឹងការដោះលែងឱ្យពួកគេមានសេរីភាព។
ម្ដាយស្រ្តីរងគ្រោះគឺលោកស្រី រ៉ា នី ប្រាប់វិទ្យុអាសេរីនៅថ្ងៃទី១៥ ខែឧសភាថា គ្រួសារលោកស្រីឈឺចាប់បំផុតនៅពេលដែលឃើញជនជាតិចិនប្រដាប់អាវុធទាំងនោះរស់នៅយ៉ាងមានសេរីដោយគ្មានអាជ្ញាធរណាហ៊ានអនុវត្តច្បាប់លើពួកគេ។ មិនតែប៉ុណ្ណោះ លោកស្រីថា ក្រុមជនល្មើសទាំងនោះក៏បានចាត់តាំងតំណាងជាស្រ្តីខ្មែរម្នាក់ទៅព្រមានដល់គ្រួសារលោកស្រីដើម្បីឱ្យដកពាក្យបណ្ដឹងពីអាជ្ញាធរនិងព្រមទទួលយកប្រាក់សំណងថ្លៃខូចខាតសម្ភារៈនិងថ្លៃព្យាបាលជំងឺកូនលោកស្រី។
លោកស្រី រ៉ានី អះអាងថា គ្រួសារលោកស្រីមិនត្រូវការប្រាក់ជំងឺចិត្តពីក្រុមជនល្មើសទាំងនោះឡើយគឺលោកស្រីចង់ឃើញអាជ្ញាធរអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពដោយចាប់ក្រុមជនល្មើសទាំងនោះមកដាក់ទោសឱ្យបានធ្ងន់ធ្ងរតាមច្បាប់៖ « ចង់គេ ( ជនជាតិចិន ) សងយើងប៉ុន្មានម៉ឺនដុល្លា ក៏មិនស្មើគេមកវាយកូនខ្ញុំទេ។ កូនស្រីខ្ញុំនិយាយអីតែ១ម៉ឺនដុល្លា ១០០ម៉ឺនដុល្លា ក៏អត់ចង់ដែរ វាឈឺចាប់ខ្មាសគេណាស់រាល់ថ្ងៃហ្នឹង។ កូនខ្ញុំឱ្យតែឃើញតំណាងហ្នឹងមក កូនខ្ញុំឆេះឆួល។ ខ្ញុំចង់ឱ្យសមត្ថកិច្ច ធ្វើចិនតាមច្បាប់។ គេ ( អាជ្ញាធរ ) ខឹងក៏ខឹងទៅ នេះបើគេ ( អាជ្ញាធរ ) តាមចាប់មែនចាប់បានតាំងពីដំបូង គេមិនទុកដល់ថ្ងៃនេះទេ »។
លោកស្រី រ៉ានី ឱ្យដឹងទៀតថាមកដល់ពេលនេះកូនស្រីលោកស្រីឈ្មោះ ធីតា នៅតែបន្តតាមដានសុខភាពពីក្រុមគ្រូពេទ្យនិងត្រូវលេបថ្នាំជាប្រចាំ។ ចំណែកឯកូនប្រសារវិញមានអាការៈខុសប្រក្រតីដោយសារតែរងការវាយដំពីក្រុមជនដៃដល់ប៉ះទង្គិចខួរក្បាលធ្ងន់ធ្ងរ។
កាលពីដើមខែមីនា ជនជាតិចិនមួយក្រុមមានគ្នាជាង១០នាក់ និងក្រុមកូនចៅជាង២០នាក់ ដែលស្លៀកសំលៀកបំពាក់សន្តិសុខ ដោយមានដំបងឆក់ ញញួរ និងបំពង់ដែក បានសម្រុក ចូលផ្ទះលោកស្រី រ៉ានី ព្រួតវាយកូនលោកស្រី ឈ្មោះ ធីតា និងកូនប្រសារ ទាំងកម្រោល។ លោកស្រីរ៉ានី ថាពេលជនល្មើសទាំងនោះធ្វើសកម្មភាពយ៉ាងព្រៃផ្សៃមកលើគ្រួសារលោកស្រីមិនមានពលរដ្ឋណាហ៊ានចូលជួយឡើយដោយសារក្រុមជនជាតិចិនទាំងនោះមានកាំភ្លើងនិងព្រួតវាយដំទាត់ធាក់កូនស្រីឈ្មោះ ធីតា និងកូនប្រសារបណ្ដាលឱ្យបាក់ថ្គាម និងរងបួសក្បាលធ្ងន់។
ទាក់ទងបញ្ហានេះអធិការងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌកម្រិតស្រាលនៅក្រុងប៉ោយប៉ែតលោក ព្រហ្ម ពិសិដ្ឋ ថ្លែងថា លោកមិនហ៊ាននិយាយពីបញ្ហានេះឡើយដោយលោកជំរុញឱ្យវិទ្យុអាស៊ីសេរីសួរទៅអាជ្ញាធរថ្នាក់ខេត្តវិញ។
ចំណែក អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យលោក រ៉ែម វីរៈ បដិសេធមិនធ្វើអត្ថាធិប្បាយដោយលោកឆ្លើយថា សមត្ថកិច្ចកំពុងបន្តនីតិវិធី៖ « សុំមិនបំភ្លឺ ករណីកម្លាំងនគរបាលកំពុងបន្តនីតិវិធី »។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC)ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា សង្កេតឃើញថា អាជ្ញាធរមិនមានឆន្ទៈក្នុងការអនុវត្តច្បាប់លើក្រុមជនល្មើសទាំងនោះទេដោយលោកសង្ស័យថា អាជ្ញាធរអាចមានជាប់ពាក់ព័ន្ធនឹងការទទួលលុយសំណូកពីក្រុមជនល្មើសទាំងនោះ។ លោក អំពាវនាវដល់ក្រសួងពាក់ព័ន្ធឱ្យស៊ើបអង្កេតឱ្យបានច្បាស់លាស់លើមន្រ្តីដែលប្រព្រឹត្តអំពើពុករលួយនិងត្រូវតាមចាប់ជនល្មើសទាំងនោះឱ្យខាងតែបានដើម្បីបញ្ចៀសរាល់ការរិះគន់និងផ្តល់យុត្តិធម៌ដល់គ្រួសារជនរងគ្រោះ៖ « យើងនៅតែរក្សានូវគោលជំហរ ថាមន្រ្តីទាំងអស់ហ្នឹង មិនទាន់បានអនុវត្តច្បាប់ឱ្យបានពេញលេញ ដើម្បីតាមចាប់ជនដែលប្រព្រឹត្តបទល្មើសយកដាក់ទោសតាមច្បាប់ទេ។ ដោយសារតែជនដែលប្រព្រឹត្តហ្នឹង ឃើញថតសែលហ្វី (selfie) ជាមួយអ្នកធំ ជាមួយអ្នកនេះ ជាមួយអ្នកនោះ។ ឱ្យតែមានខ្សែអ្នកធំ ជនបរទេសដែលប្រព្រឹត្តនៅស្រុកខ្មែរ ចេះតែរួចខ្លួន អ៊ីចឹងច្បាប់យកទៅអនុវត្តដើម្បីស្ថិរភាព ឱ្យមានរបៀបរាប់រយក្នុងសង្គមនោះ វាក្លាយជាច្បាប់ ត្រឹមការវាស់វែងទៅលើការសូកប៉ាន់លុយ។ យកលុយធ្វើការសម្របសម្រួលឬយ៉ាងម៉េច ?»។
មន្រ្តីសង្គមស៊ីវិលរូបនេះព្រួយបារម្ភថាបើអាជ្ញាធរមិនឈរលើភាពអព្យាក្រឹត្យនិងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពទេនោះក្រុមឧក្រិដ្ឋជនទាំងនោះនឹងវាយធ្វើបាបដល់ពលរដ្ឋម្ចាស់ស្រុកតាមអំពើចិត្តបន្តទៀត ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។