សង្គម​ស៊ីវិល​ថា ភូមិឃុំ​នឹង​គ្មាន​សុវត្ថិភាព​ទេ បើ​គ្រឿង​ញៀន​បន្ត​ហូរ​ចូល​កាន់​តែ​ច្រើន

ដោយ សន ចាន់រដ្ឋា
2023.01.04
សង្គម​ស៊ីវិល​ថា ភូមិឃុំ​នឹង​គ្មាន​សុវត្ថិភាព​ទេ បើ​គ្រឿង​ញៀន​បន្ត​ហូរ​ចូល​កាន់​តែ​ច្រើន (រូបឯកសារតំណាង) គ្រឿងញៀន ដែល​អាជ្ញាធរខេត្តកណ្ដាល និង​រាជធានី​ភ្នំពេញ​រឹបអូសបាន កាល​ពី​ថ្ងៃ​ទី២៨ ដល់​ថ្ងៃ​ទី៣០ ខែសភា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុកនគរបាលជាតិ

មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​គ្រឿង​ញៀន គ្មាន​ប្រសិទ្ធភាព​ឡើយ ដោយសារ​តែ​សន្ទុះ​នៃ​រំហូរ​គ្រឿងញៀន​បាន​បន្ត​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ប្រតិកម្ម​នេះ​ធ្វើ​ឡើង​ក្រោយ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន​អះអាង​ថា ក្នុង​ឆ្នាំ២០២២ កន្លងទៅ​សមត្ថកិច្ច​បាន​រឹបអូស​គ្រឿងញៀន​បាន​ជិត ១៥តោន ដែល​តួលេខ​នេះ​បាន​កើន​ឡើង​ទ្វេដង​បើ​ធៀប​នឹង​ឆ្នាំ២០២១។

មន្ត្រី​សង្គម​ស៊ីវិល លើកឡើង​ថា មូលហេតុ​ចម្បង​ដែល​បណ្ដាល​ឱ្យ​កើត​មាន​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​តាំង​ពី​ទីក្រុង​រហូតដល់​ទី​ជនបទ គឺ​ការ​អនុវត្ត​ច្បាប់​ទន់ខ្សោយ និង​ធូររលុង កង្វះ​សមត្ថភាព​របស់​មន្ត្រី​អាជ្ញាធរ និង​មាន​អំពើ​ពុក​រលួយ​ចាក់​ឫសគល់​ក្នុង​ស្ថាប័ន​រដ្ឋ។

អ្នកឃ្លាំមើល​ថា កត្តា​ទាំង​នេះ​ហើយ ដែល​ប្រៀប​បី​ដូចជា​បើក​សញ្ញា​ភ្លើង​ខៀវ​មួយ​សម្រាប់​ក្រុម​ឧក្រិដ្ឋជន​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​កម្ពុជា និង​បើក​រោងចក្រ​ផលិត​គ្រឿងញៀន​នៅ​កម្ពុជា​តាម​ទំនើងចិត្ត។

ប្រធាន​អង្គការសម្ព័ន្ធគណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៣ ខែមករា​ថា យន្តការ​របស់​អាជ្ញាធរ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ហាក់​ដើរ​ថយ​ក្រោយ និង​មាន​ចន្លោះ​ប្រហោង​ច្រើន ដ្បិត​ក្រុម​ឧក្រិដ្ឋជន​ពួក​គេ​មាន​វិធីសាស្ត្រ​កាន់​តែ​ទំនើបៗ ជាពិសេស ការ​លួច​បន្លំ​នាំ​សារធាតុគីមី​ជី​កសិកម្ម​យក​ផលិត​ជា​គ្រឿងញៀន​នៅ​កម្ពុជា​ជា​ឧទាហរណ៍​ស្រាប់។ លោក​ព្រួយ​បារម្ភ​ថា បើ​គ្រឿងញៀន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​គ្មាន​ការ​ថមថយ​បែបនេះ បញ្ហា​អសន្តិសុខ​សង្គម អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ការបាត់បង់​ធនធានមនុស្ស​នៅ​កម្ពុជា​នឹង​បន្ត​កើត​មាន​ច្រើន។

លោក សន ជ័យ៖ «សរុប​សេចក្ដី​មក​ការណ៍​បង្ក្រាប​ទៅ​លើ​ការ​ប្រើប្រាស់​គ្រឿងញៀន​នេះ​ទាល់​តែ​អាជ្ញាធរ​សិក្សា​ឱ្យ​ស៊ីជម្រៅ ឱ្យ​ស្គាល់​នូវ​ប្រព័ន្ធ​ប្រើប្រាស់​ដោយ​ពួក​ក្រុម​ឧក្រិដ្ឋជន ចែកចាយ​ជួញដូរ​គ្រឿងញៀន។ នៅ​ពេល​មានការ​ផលិត​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស ខ្ញុំ​យល់​ថា វា​ការ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ»

ក្ដី​បារម្ភ​របស់​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ធ្វើ​ឡើង​ក្រោយ​ពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន​បង្ហាញ​របាយការណ៍​ថា ក្នុង​ឆ្នាំ២០២២ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ទូទាំង​ប្រទេស​បាន​ជិត ៦ពាន់ ៣រយ​ករណី (.២៩០) ឃាត់ខ្លួន​មនុស្ស​ជិត ១ម៉ឺន ៥ពាន់​នាក់ (១៤.៧៨៤) និង​រឹបអូស​បាន​គ្រឿងញៀន​ជាច្រើន​ប្រភេទ​ជិត ១៥តោន។ តួលេខ​គ្រឿងញៀន​នេះ​បាន​កើន​ឡើង​ទ្វេដង​បើ​ធៀប​នឹង​ឆ្នាំ២០២១ សមត្ថកិច្ច​រឹបអូស​គ្រឿងញៀន​ជាង ៤តោន។

អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក មាស វីរិទ្ធ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា មូលហេតុ ដែល​គ្រឿងញៀន​នៅ​កម្ពុជា​បាន​កើន​ឡើង​បែបនេះ ដោយសារ​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​បាន​កើន​ឡើង​នូវ​ឧក្រិដ្ឋជន​ក្នុង​ការ​បើក​រោងចក្រ​ផលិត​គ្រឿង​ញៀន​នៅ​តំបន់ត្រីកោណមាស។

លោក មាស វីរិទ្ធ៖«គ្រឿងញៀន​ហ្នឹង​រដ្ឋាភិបាល​បាន​ដាក់​ចេញ​ផែនការ យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​តាំង​ពី​ឆ្នាំ២០១៧ មក​ដល់​បច្ចុប្បន្ន​នេះ។ ជា​បន្តបន្ទាប់​យើង​បាន​ចាប់​យក​បាន​សារធាតុ​ញៀន​ជា​ច្រើន​ក្នុង​មួយ​ឆ្នាំៗ។ ការ​ចាប់​យក​ដោយសារ​តែ​កំណើន​នៃ​ការ​ផលិត​គ្រឿង​ញៀន​បរទេស​វា​កើន​ដែរ។ ជាពិសេស នៅ​តំបន់​ត្រីកោណ និង​បញ្ហា​ផ្សេងៗ ទៀត​ដែល​ធ្វើ​ឱ្យ​ក្រុមឧក្រិដ្ឋជន​បង្កើន​សកម្មភាព​លួចលាក់​ផលិត​គ្រឿង​ញៀន​សំយោគ នៅ​តំបន់ត្រីកោណមាស ហើយ​ដឹក​ចេញ​ឆ្លង​តាម​បណ្ដា​ប្រទេស​ជិត​ខាង»

កម្ពុជា​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ ហាក់​កំពុង​រង​ការ​ញាំញី​យ៉ាង​ខ្លាំង​ដោយសារ​គ្រឿងញៀន​បន្តហូរ​ច្រើន​សន្ធឹក ជាពិសេស គេ​មើល​ឃើញ​ថា តាម​រយៈ​ក្រុម​ឧក្រិដ្ឋជន​ចិន​មួយ​ចំនួន ដែល​ល្មើសច្បាប់​កម្ពុជា បើក​រោងចក្រ​ផលិត​គ្រឿង​ញៀន និង​ដឹក​គ្រឿងញៀន​ឆ្លងដែន​ចូល​កម្ពុជា។ អាជ្ញាធរ បាន​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​ជា​បន្តបន្ទាប់​ដោយ​រឹបអូស​គ្រឿងញៀន​ម្ដងៗ រាប់​រយ​តោន ហើយ​ថែម​ទាំង​រក​ឃើញ​ទីតាំង​ក្រុម​ឧក្រិដ្ឋជន​បើក​រោង​សិប្បកម្ម​គ្រឿងញៀន​ថែម​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ខ្លះ ក្រុម​ឧក្រិដ្ឋជន​បាន​ដក​កាំភ្លើង​បាញ់​ត​ដៃ​ជាមួយ​សមត្ថកិច្ច​ថែម​ទៀត​ផង។ ថ្មីៗ នេះ ក៏​មាន​មន្ត្រី​នគរបាល​ម្នាក់​បាន​ស្លាប់​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​គ្រឿង​ញៀន​នៅ​រាជធានី​ភ្នំពេញ​ដែរ ដោយសារ​ឧក្រិដ្ឋជន​បាន​ដក​កាំភ្លើង​បាញ់​ត​ដៃ​ជាមួយ​កម្លាំង​ជំនាញ។ អាជ្ញាធរ​ជាតិ​ឱ្យ​ដឹង​ថា មក​ទល់​នឹង​ពេល​នេះ​សមត្ថកិច្ច​មិន​ទាន់​ចាប់​បាន​ខ្មាន់​កាំភ្លើង​នោះ​នៅ​ឡើយ។

របាយការណ៍​មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ឆ្នាំ២០១៩ ដល់​ឆ្នាំ២០២១ សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ល្មើស​ជាប់​ពាក់ព័ន្ធ​បញ្ហា​គ្រឿងញៀន​ជាង ៨ម៉ឺន​នាក់ និង​រឹបអូស​បាន​គ្រឿង​ញៀន​ជាង ១១តោន។ ដោយឡែក កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ២០២២ អាជ្ញាធរ​អះអាង​ថា បាន​ដុត​បំផ្លាញ​សារធាតុ​ញៀន​ជាង ៦តោន ក្នុង​ចំណោម​គ្រឿងញៀន សារធាតុ​គីមី​ផ្សំ និង​សារធាតុគីមី​ពាក់ព័ន្ធ​ផ្សេងៗ ដែល​សមត្ថកិច្ច​រឹបអូស​បាន​ជិត ១០០តោន​ក្នុង​ឆ្នាំ២០២០ និង​ឆ្នាំ២០២១៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។