មន្ត្រីសង្គមស៊ីវិលគាំទ្រការផ្អាកពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ សម្រាប់ឆ្នាំ ២០២១នេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩។ ក៏ប៉ុន្តែទោះជាមិនបានប្រារព្ធពិធីបុណ្យអុំទូកនៅឆ្នាំនេះក្តី ក៏រដ្ឋាភិបាលសម្រេចឲ្យមន្ត្រីរាជការសាធារណៈនិងកម្មករ-កម្មការីនី ឈប់សម្រាក រយៈពេល ៣ ថ្ងៃដដែល។
នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍន៍និងសន្តិភាពលោក យង់ គឹមអេង មានប្រសាសន៍ថាទន្ទឹមនឹងការផ្អាកនេះអាជ្ញាធរនិងក្រសួងពាក់ព័ន្ធត្រូវតែពង្រឹងវិធានការបន្ថែមដូចជាពាក់ម៉ាសនិងគម្លាតសង្គមជាដើម។ បន្ថែមពីនេះលោកសំណូមពរសុំឲ្យប្រជាពលរដ្ឋជាពិសេសយុវជនផ្អាកការជួបជុំគ្នាច្រើនស៊ីផឹកផងដែរ៖ «ខ្ញុំថា បុណ្យអុំទូកនេះការសម្រេចផ្អាកក៏ល្អដែរដើម្បីកាត់បន្ថយការចម្លងនិងធ្វើឲ្យមានប្រក្រតីភាពនៃដំណើរការការងារនិងចលនាសេដ្ឋកិច្ចក្នុងប្រទេសឡើងវិញជាការប្រសើរដែរ។ប៉ុន្តែយើងត្រូវមានវិធានការបន្ថែមផ្សេងៗទៀតដើម្បីទប់ស្កាត់ដូចជាពាក់ម៉ាស់រក្សាគម្លាតសង្គមជាប្រចាំកុំភ្លេចខ្លួនព្រោះអាចឆ្លងរាលដាលខ្លាំង»។
ការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិលរូបនេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង កាលពីថ្ងៃទី១១ ខែតុលា មានប្រសាសន៍ថា រដ្ឋាភិបាលសម្រេចផ្អាកការប្រារព្ធពិធីបុណ្យអុំទូក ដោយសារបញ្ហារាតត្បាតនៃជំងឺកូវីដ-១៩។ ក៏ប៉ុន្តែទោះជាមិនបានប្រារព្ធពិធីបុណ្យអុំទូកនៅឆ្នាំនេះក្តី ក៏រដ្ឋាភិបាលសម្រេចឲ្យមន្ត្រីរាជការសាធារណៈនិងកម្មករ-កម្មការីនី ឈប់សម្រាក រយៈពេល ៣ ថ្ងៃ ដដែល ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ខាងមុខ។ កាលពីឆ្នាំ២០២០ រដ្ឋាភិបាលក៏បានផ្អាកពិធីបុណ្យអុំទូកនេះដែរ ដោយសារបារម្ភពីការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ-១៩។
ពិធីបុណ្យអុំទូក បណ្តែត ប្រទីប អកអំបុក និងសំពះព្រះខែ ធ្លាប់ត្រូវបានផ្អាកការប្រារព្ធរយៈពេល ៣ ឆ្នាំជាប់ៗគ្នា គឺ ២០១១ ២០១២ និងឆ្នាំ២០១៣ បន្ទាប់ពីមានព្រឹត្តិការណ៍រត់ជាន់គ្នាលើស្ពាន នៅកោះពេជ្រ ដែលបណ្តាលឱ្យមានមនុស្សជាច្រើនរយនាក់បានស្លាប់ និងរបួស កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០។ ការផ្អាកបន្តបន្ទាប់ទៀត គឺដោយសារគ្រោះទឹកជំនន់ និងក្រោយមកគឺការយាងសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋព្រះបាទសម្តេចព្រះនរោត្តម សីហនុ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។ នៅឆ្នាំ ២០១៥ ពិធីបុណ្យនេះក៏ត្រូវបានផ្អាកម្តងទៀតដែរ ដោយសារទឹកទន្លេរាក់ពេក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។