គោអ្នកភូមិជាច្រើនក្បាល ងាប់ជាបន្តបន្ទាប់ក្នុងព្រៃ បានក្លាយជាក្តីកង្វល់មួយ ដែលពលរដ្ឋរស់នៅខេត្តកំពង់ស្ពឺជាច្រើនគ្រួសារកំពុងពិភាក្សាគ្នារកដំណោះស្រាយ។
មន្ត្រីសង្គមស៊ីវិល ស្នើឱ្យអាជ្ញាធរស៊ើបអង្កេត និងទប់ស្កាត់ករណីនេះ ចៀសវាងបណ្តែតបណ្តោយឱ្យរឿងនេះ កើតឡើងដដែលៗប៉ះពាល់ជីវភាពពលរដ្ឋ។
ពលរដ្ឋរស់នៅឃុំតាសាល និងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងស្វះស្វែងប្រជុំជជែកគ្នា ដើម្បីរកដំណោះស្រាយករណី គោរបស់ពួកគាត់ ងាប់ជាបន្តបន្ទាប់ក្នុងព្រៃអស់រាប់រយក្បាលនៅរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។
អ្នកភូមិថា ថ្មីៗនេះ គោរបស់ពួកគាត់ជិត ១០ក្បាលទៀត ងាប់ហើមស្អុយក្នុងព្រៃរបោះ ក្នុងឃុំតាសាល។
ពលរដ្ឋរស់នៅភូមិពោធិ៍មាស ឃុំពាំងជោរ លោក សុខ លី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២២ មីនាថា ស្ទើរជារៀងរាល់ឆ្នាំ អ្នកភូមិងាប់គោ ចន្លោះពី ៣០ក្បាល ដល់ ៩០ក្បាលដោយគោខ្លះស្ទុយរលួយងាប់ និងគោខ្លះទៀត ត្រូវគេលួចវះយកសាច់ លក់ក្នុងព្រៃក៏មាន។
លើសពីនេះ កាលពីឆ្នាំ២០២២ គ្រួសារលោក ងាប់គោ ៧ក្បាលទៀត នៅពេលលែងចូលព្រៃរបោះនៅរដូវប្រាំង ។ លោកបញ្ជាក់ថា អ្នកភូមិកំពុងពិភាក្សារកដំណោះស្រាយ ដោយគ្រោងជួបអាជ្ញាធរឃុំ ដើម្បីពីគ្រោះយោបល់រឿងនេះ។
លោក សុខ លី៖ «ចង់ឱ្យមានការទប់ស្កាត់បទល្មើស និងការបាត់បង់គោ នឹងការមានការឈឺងាប់ក្នុងព្រៃ។ គោងាប់ឃើញតែស្បែក និងក្បាល»។
កាលពីថ្ងៃទី១០ ខែមីនា ពលរដ្ឋមួយគ្រួសាររស់នៅភូមិថ្មី ឃុំតាសាល ងាប់គោអស់ ៧ក្បាលនៅជិតចម្ការដំឡូងមី របស់ក្រុមហ៊ុនឯកជនមួយដោយមិនដឹងមូលហេតុ។ អ្នកភូមិថា គោងាប់ទាំងអស់នោះ សាច់ស្អុយហើមពោះ មិនអាចវះយកសាច់ធ្វើម្ហូបបានទេ។
លោក សុខ លី បន្ថែមថា គោមួយក្បាលតម្លៃចន្លោះជាង ១លានរៀល ដល់ជាង ២លានរៀល ដែលអ្នកភូមិមានទម្លាប់ចិញ្ចឹមលែងតាមវាលស្រែ និងព្រៃរបោះជាប្រពៃណី។ លោកថា ករណីក្រុមចោរ លួចដាក់អន្ទាក់វះយកសាច់គោលក់ក្នុងព្រៃ ក៏កំពុងកើតមានច្រើនដែរ ព្រោះកន្លងទៅ ពួកលោកតែងតែប្រទះឃើញ សម្ភារៈមួយចំនួន និង សំណល់សាច់គោ ដែលពួកចោរបន្សល់ទុក។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង និងស្នងការនគរបាលខេត្តនេះ លោក សម សាមួន បាននៅឡើយទេ នៅថ្ងៃទី២២ មីនាដោយទូរស័ព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។
ក៏ប៉ុន្តែនាយប៉ុស្តិ៍នគរបាលឃុំតាសាល លោក ហោ ម៉េងឃាង មានប្រសាសន៍ថា មន្ត្រីជំនាញបានចុះពិនិត្យដោយយកសំណាកគោងាប់ទាំងនោះ ធ្វើកោសល្យវិច័យរួចហើយ ដោយរកឃើញថា ពុលថ្នាំដំឡូងមី ដែលគេហាលសំដិលថ្ងៃឱ្យស្ងួត។
លោកបញ្ជាក់ថា នៅពេលពលរដ្ឋប្រមូលផលដំឡូងមី ពួកគាត់តែងតែយកដំឡូងមីហាលថ្ងៃ បូកផ្សំការប្រើប្រាស់បាញ់ថ្នាំស្មៅផង ក៏បណ្តាលឱ្យពុលគោរបស់អ្នកភូមិ។
លោកថា ពលរដ្ឋមានទម្លាប់លែងគោចូលព្រៃនៅរដូវប្រាំង រហូតដល់រដូវវស្សា ធ្វើស្រែទើបស្វែងរកគោរបស់ខ្លួនមកវិញ។
លោក ហោ ម៉េងឃាង៖ «ដំឡូងធម្មតាគេដាំដំណាំគេដាក់ជីបាញ់ថ្នាំការពារ ខែនេះវាក្តៅការពារសត្វល្អិត ហើយគោរបស់ពលរដ្ឋគាត់លែង ដោយសារទំនៀមទម្លាប់គាត់លែងចោល អ្នកខ្លះគាត់លែងចោល ៥ ទៅ ៦ ខែក៏ទៅរកវិញ ខ្លះបាត់គោក៏ចោល។ សារនេះគោគាត់បាត់ អ្នកបេះដឹងរលៀង ក៏ឃើញ យកមកវិញ បើអត់មានអ្នកឃើញក៏ចោល»។
ជុំវិញរឿងនេះ មន្ត្រីនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ផ្តល់ទស្សនៈថា អាជ្ញាធរគួរតែយកចិត្តទុកដាក់ រកមធ្យោបាយដោះស្រាយរឿងនេះ ដោយមិនគួរបណ្តែតបណ្តោយឱ្យករណីនេះកើតឡើងជាបន្តបន្ទាប់ច្រើនឆ្នាំមកហើយ។
លោក ស៊ឹង សែនករុណា៖ «បើសិនជារបៀបនេះ ពលរដ្ឋលោកអស់សង្ឃឹមប្រព័ន្ធនៃការអនុវត្តច្បាប់ និងការទទួលខុសត្រូវរបស់អាជ្ញាធរពាក់ព័ន្ធណាស់ បើសិនជាមិនពង្រឹងឱ្យបានត្រឹមត្រូវទេ ការរស់នៅបញ្ហាជីវភាព និងទ្រព្យសម្បត្តិពួកគាត់ មិនពេញចិត្តនឹងអាជ្ញាធរ។ គួរតែមានការចាត់វិធានការឆាប់រហ័ស ចៀសវាងបណ្តែតបណ្តោយដដែលៗកើតឡើងទៀត»។
អ្នកភូមិបន្ថែមថា ពលរដ្ឋក្រីក្រមានទម្លាប់ចិញ្ចឹមគោ លែងតាមវាលស្រែចម្ការ និងព្រៃរបោះ តាំងពីបុរាណកាលមក ស្ទើរក្លាយជាទម្លាប់ទៅហើយ ក៏ប៉ុន្តែនៅរយៈពេលជាង ១០ ឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានវត្តមានក្រុមហ៊ុនឯកជនជាច្រើន វិនិយោគដីសម្បទានសេដ្ឋកិច្ចនៅតំបន់នោះ ករណីងាប់គោ តែងតែកើតមានជាញឹកញាប់ ធ្វើឱ្យអ្នកភូមិខាតបង់ទ្រព្យសម្បត្តិអស់ជាច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។