ក្នុងរយៈពេលជាង១ឆ្នាំកន្លងទៅនេះ រដ្ឋាភិបាលបានបង្កើតព្រឹត្តិការណ៍ធំៗជាច្រើនរួមមាន ស្នាមញញឹមកម្ពុជា ព្រឹត្តិការណ៍រំលឹកគុណអង្គរ និងព្រឹត្តិការណ៍សាទរកម្ពុជា ជាដើម ដើម្បីលើកតម្កើងវិស័យទេសចរណ៍បន្ថែមទៀត ក្រោយពីធ្លាក់ចុះភ្ញៀវទេសចរបរទេស។
ក៏ប៉ុន្តែមន្ត្រីសង្គមស៊ីវិលនិងពលរដ្ឋវាយតម្លៃថា ការរៀបចំរបស់រដ្ឋាភិបាលបែបនេះនៅមិនទាន់ចំចំណុចស្នូលនៅឡើយទេ ប្រសិនបើវិបត្តិនយោបាយ និងការរំលោភសិទ្ធិមនុស្ស រួមទាំងឧក្រិដ្ឋកម្មផ្សេងៗនៅតែកើតមាន ធ្វើឱ្យអ្នកទេសចរបរទេសខ្លាចញញើតមកលេងកម្ពុជា។
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋសង្កេតឃើញថា បើទោះបីជារដ្ឋាភិបាលបានព្យាយាមរៀបចំព្រឹត្តិការណ៍ធំៗជាច្រើនបំណងស្តារវិស័យទេសចរណ៍ឱ្យងើបឡើងវិញយ៉ាងណាក្តី ក៏ប៉ុន្តែទង្វើនេះនឹងមិនទទួលបានជោគជ័យនោះឡើយ ដរាបណារដ្ឋាភិបាលនៅតែមានះ មិនបន្ទន់ឥរិយាបថ ស្ដារប្រជាធិបតេយ្យ បញ្ឈប់ការរំលោភសិទ្ធិមនុស្ស ពង្រឹងយុត្តិធម៌សង្គម និងលុបបំបាត់អំពើឧក្រិដ្ឋកម្មក្នុងសង្គមនោះទេ។
នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ ពន្យល់ថា លំហសិទ្ធិសេរីភាពពលរដ្ឋជាចំណុចស្នូលយ៉ាងសំខាន់ និងជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចសង្គម នយោបាយ ដែលអាចស្រូបទាញភ្ញៀវទេសចរអឺរ៉ុបបានច្រើនមកទស្សនាកម្ពុជា។
ហេតុនេះលោកថា រដ្ឋាភិបាលគួរតែផ្តល់ឱកាសឱ្យពលរដ្ឋគ្រប់ៗគ្នា មានសេរីភាពពេញលេញក្នុងការបញ្ចេញមតិរិះគន់ ក្នុងន័យស្ថាបនាវិស័យទេសចរណ៍ និងវិស័យផ្សេងទៀត ដែលជាផ្នែកមួយរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។
លោក សន ជ័យ៖«កាលណាប្រទេសមួយដែលជាប្រទេសឱ្យពលរដ្ឋចូលរួមសកម្ម ក្នុងរឿងសកម្មភាពនយោបាយ និងសេដ្ឋកិច្ចសង្គមជាធាតុចូលរួមក្នុងន័យស្ថាបនាគឺមានប្រយោជន៍ច្រើនក្នុងការជំរុញអ្នកនយោបាយ ជាជាងឱ្យពួកគាត់លើកមតិមកថាជាក្រុមប្រឆាំង រិះគន់តិចថាមានបរទេសមកពីក្រោយ អាទាំងអស់ហ្នឹងសុទ្ធសឹងតែជាសេរីភាពមូលដ្ឋានប៉ះពាល់ដល់ប្រជាពលរដ្ឋ»។
មន្ត្រីសង្គមស៊ីវិលរូបនេះ លើកទឹកចិត្តឱ្យរដ្ឋាភិបាលពង្រឹងសមត្ថភាពបន្ថែមទៀត បង្ក្រាបបទល្មើសឧក្រិដ្ឋបទឧក្រិដ្ឋ ចាប់ជំរិត អំពើជួញដូរមនុស្ស ការឆបោកលើបណ្ដាញអ៊ីនធឺណិត និងបញ្ហាចោរកម្ម ជាដើម ជះឥទ្ធិពលមិនល្អដល់វិស័យទេសចរណ៍។
ចំណែកអ្នកផ្តល់សេវាកម្មទេសចរនៅខេត្តសៀមរាប លោកស្រី ជិន ស៊ីនួន សង្កេតឃើញថា បច្ចុប្បន្នពលរដ្ឋមួយចំនួន មិនហ៊ានបញ្ចេញមតិ រិះគន់អាជ្ញាធរក្នុងន័យស្ថាបនានោះទេ ព្រោះខ្លាចអាជ្ញាធរចោទប្រកាន់ថា ជាក្រុមបក្សប្រឆាំង និងចាប់ដាក់គុក។
លោកស្រីបន្ថែមថា បើទោះបីជាអាជ្ញាធរបង្កើតព្រឹត្តិការណ៍ធំៗជាច្រើនក្តី ក៏ពលរដ្ឋនៅតែជួបការលំបាកច្រើន ក្នុងការស្វែងរកប្រាក់ចំណូលចិញ្ចឹមជីវិត ដោយសារពុំសូវមានភ្ញៀវទេសចរ៖
លោកស្រី ជិន ស៊ីនូន៖«ការលក់ដូរគឺអត់ដាច់ទេស្ងាត់ណាស់ អត់មានភ្ញៀវផង!ខ្ញុំចង់ឱ្យអាជ្ញាធរជួយទាក់ទាញភ្ញៀវមកខ្មែរឱ្យច្រើន ព្រោះសេដ្ឋកិច្ចឥឡូវអត់សូវដើរសោះ»។
ប្រតិកម្មរបស់ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលនេះធ្វើឡើង ក្រោយពីអាជ្ញាធរបានរៀបចំកម្មវិធីថ្មីមួយទៀត គឺព្រឹត្តិការណ៍ «សាទរកម្ពុជា» ក្នុងថ្ងៃបុណ្យឆ្លងឆ្នាំសកល ធ្វើឡើងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបនៅថ្ងៃទី ៣១ ធ្នូ ២០២៤ ដល់ថ្ងៃទី១ មករា ឆ្នាំ ២០២៥ ។
អាជ្ញាធរចាត់ទុក ព្រឹត្តិការណ៍នេះបង្ហាញ «មោទនភាពនូវសមិទ្ធផលអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា រក្សាអត្តសញ្ញាណជាតិ និងប្រជាជន ព្រមទាំងអបអរដល់ការរួមរស់ ជាមហាគ្រួសារខ្មែរតែមួយ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យក្រសួងទេសចរណ៍លោក តុប សុភ័គ នៅថ្ងៃទី១ មករា។ រីឯអភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ ក៏មិនទាន់អាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ ដោយទូរស័ព្ទហៅចូលតែគ្មានអ្នកលើក។
តែយ៉ាងណា រដ្ឋបាលខេត្តសៀមរាប បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១ មករាថា នៅខេត្តសៀមរាបមានភ្ញៀវទេសចរជាតិមកទស្សនាក្នុងថ្ងៃឆ្លងឆ្នាំសកល កើនឡើងច្រើនជាងឆ្នាំមុន។
ទោះជាយ៉ាងណាអ្នកគ្រប់គ្រងប្រចាំការិយាល័យអង្គការលីកាដូ (LICADHO) នៅខេត្តបន្ទាយមានជ័យលោក អ៊ិន គង់ជិត បារម្ភថា រដ្ឋាភិបាលបានប្រឹងប្រែងរៀបចំកម្មវិធីល្អៗយ៉ាងណាក្តី ក៏មិនអាចដោះស្រាយបញ្ហានេះ ឱ្យមានប្រសិទ្ធភាពយូរអង្វែងនោះឡើយ ប្រសិនបើកម្ពុជានៅតែមានការរំលោភសិទ្ធិមនុស្ស អយុត្តិធម៌សង្គម ថយចុះប្រជាធិបតេយ្យ និងការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋបញ្ចេញមតិ។
លោក អ៊ិន គង់ជិត៖ «បើសិនបើអនុវត្តគោរពសិទ្ធិមនុស្សឱ្យខ្ជាប់ខ្ជួន ហើយលំហប្រជាធិបតេយ្យឱ្យប្រជាជនបញ្ចេញមតិឬក៏មានការរិះគន់ដោយស្ថាបនា ទាំងនេះប្រសិនបើគាត់បើកបេះដូងទទួលយកទើបធ្វើឱ្យអ្វីៗមានការអភិវឌ្ឍឡើងទាក់ទាញទេសចរជឿទុកចិត្តមកលេងបាន»។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា ដើម្បីស្តារវិស័យទេសចរឱ្យងើបឡើងវិញ រដ្ឋាភិបាលត្រូវផ្តល់តម្លៃលើការគោរពសិទ្ធិមនុស្ស ដោះស្រាយសន្តិសុខសង្គម និងការបង្រួបបង្រួមជាតិឡើងវិញ នោះទើបកម្ពុជាស្រូបទាញភ្ញៀវទេសចរបរទេសរយៈពេលវែង។
របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបឱ្យដឹងថា ក្នុងថ្ងៃចូលឆ្នាំសកល២០២៥ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើរកម្សាន្តក្នុងខេត្តសៀមរាបជាង ៣សែន ៣ ម៉ឺននាក់ ( ៣៣៣៦៦០នាក់) កើនឡើងប្រមាណ ៩.៧៣% ដោយក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិចំនួន ជាង ១ម៉ឺននាក់ (១០,២៦០) កើនឡើង ១៣.២០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។
មន្ត្រីសង្គមស៊ីវិលបន្ថែមថា ក្នុងពេលភ្ញៀវទេសចរថយចុះ មិនត្រឹមតែប៉ះពាល់ជីវភាពពលរដ្ឋប៉ុណ្ណោះទេ ក្រុមហ៊ុនបម្រើសេវាកម្មភ្ញៀវទេសចរជាច្រើនទៀត នឹងក្ស័យធន ហើយកន្លែងផ្តល់សេវាកម្មភ្ញៀវទេសចរជាច្រើន រួមមាន សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានជាដើម នឹងបិទទ្វារជាបន្តបន្ទាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។