មន្ត្រីសិទ្ធិមនុស្ស ដែលឃ្លាំមើលការតវ៉ារបស់បុគ្គលិកកម្មករ ណាហ្គាវើលដ៍ នៅថ្ងៃទី២៦ ខែមករា ទទូចឱ្យតុលាការដោះលែងតំណាងសហជីព ដែលកំពង់ជាប់ឃុំ ដើម្បីដោះស្រាយបញ្ចប់វិវាទទៅតាមអនុសាសន៍របស់ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សហៅកាត់ថា CHRACលោក រស់ សុដ្ឋា ថ្លែងនៅចំពោះមុខក្រុមកូដករថា ដើម្បីដោះស្រាយបញ្ចប់វិវាទនេះ តុលាការចាំបាច់ត្រូវដោះលែងតំណាងសហជីពទៅតាមការទាមទាររបស់កូដករ ដើម្បីឱ្យពួកគេបានវិលចូលតុចរចាជាមួយភាគីក្រុមហ៊ុន។ លោកថា ការដោះលែងតំណាងសហជីពទាំង ៨នាក់បង្ហាញថា អាជ្ញាធរ និងភាគីពាក់ព័ន្ធឆ្លើយតបនឹងការអំពាវនាវរបស់លោក ស ខេង៖ «តាមរយៈសារព័ត៌មាន យើងបានឃើញ សម្ដេច ស ខេង លោកបានចេញមុខអន្តរាគមន៍ឱ្យភាគីទំនាស់ងាកមករកការចរចាគ្នា។ ខ្ញុំគិតថា ល្អណាស់ ជាការត្រឹមត្រូវ។ ខ្ញុំគាំទ្រ យើងខ្ញុំគាំទ្រនូវគំនិតផ្ដួចផ្ដើមរបស់សម្ដេច។ ប៉ុន្តែ អ្វីដែលយើងត្រូវដោះស្រាយ យើងឃើញថា ការដោះស្រាយងាយស្រួលទេ វាអត់ជាលំបាកទេ ប៉ុន្តែបញ្ហា ដែលធ្វើឱ្យវាកាន់តែធំគឺ បានចាប់តំណាង មេដឹកនាំរបស់ពួកគាត់ទៅតុលាការ ហើយត្រូវជាប់ពន្ធនាគារទៅទៀត។ រឿងនេះ វាធ្វើឱ្យបញ្ហាហ្នឹងវាកាន់តែធ្ងន់ កាន់តែពិបាកដោះ។ ឥឡូវរដ្ឋាភិបាលពិបាកដោះស្រាយហើយ»។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ មករា បានអំពាវនាវឱ្យភាគទាំងអស់ដោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៏ដោយសន្តិវិធី។ លោកស្នើឱ្យក្រសួងការងារ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់រក្សាភាពអត់ធ្មត់ និងសម្របសម្រួលករណីនេះឱ្យបានឆាប់។
ក្រុមកូដករដែលជាបុគ្គលិក កម្មករ នៅក្រុមហ៊ុនបនល្បែង ណាហ្គាវើលដ៍ ប្រមាណ ១ពាន់នាក់ បន្តធ្វើកូដកម្មអហិង្សាចូលដល់ថ្ងៃទី៤០ ហើយ។ ពួកគេនាំគ្នាអង្គុយស្មិងស្មាធិ៍ សមាធិ ដោយបន្តស្នើសុំឱ្យមានការដោះលែងតំណាងសហជីព ៨នាក់ឱ្យមានសេរីភាព ដើម្បីបានចូលទៅចរចាជំនួសមុខឱ្យក្រុមកម្មករឡើងវិញ។
នៅថ្ងៃដដែលនេះមន្ត្រីក្រសួងការងារបន្តចាក់ខ្សែអាត់សំឡេងអំពីខ្លឹមសារលិខិតរបស់ក្រសួង អញ្ជើញកូដករ ឬតំណាងកម្មករឱ្យចូលទៅចរចាលក្ខខណ្ឌមួយចំនួន ដែលមិនទាន់ឯកភាពគ្នា។
បើទោះជាយ៉ាងនេះក្ដី ក្រុមកម្មករលើកឡើងថា ពួកគេទុកភារកិច្ចចរចាទៅឱ្យតំណាងសហជីពទាំង៨នាក់ ហើយការចាប់ខ្លួនអ្នកទាំងនោះបង្ហាញថា អាជ្ញាធរផ្អៀងទៅភាគីក្រុមហ៊ុន ដែលមានលុយ មិនបានយកចិត្តទុកដាក់ចំពោះកម្មករដែលទាមទារ ដើម្បីយុត្តិធម៌ និងឆ្នាំងបាយរបស់ពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។