សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​គិតគូរ​រឿង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​សម្រាប់​ចាស់​ជរា​អាយុ​ពី​ ៦០​ឆ្នាំ​ឡើង

ដោយ តារា រាជសែន
2023.10.05
សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​គិតគូរ​រឿង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​សម្រាប់​ចាស់​ជរា​អាយុ​ពី​ ៦០​ឆ្នាំ​ឡើង ស្ត្រី​វ័យ​ចំណាស់​រស់​នៅ​ឃុំ​សឿ ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២១ កញ្ញា ឆ្នាំ​២០១៥។
RFA File

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចេញ​គោលនយោបាយ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ សម្រាប់​មនុស្ស​មាន​អាយុ​ពី ៦០​ឆ្នាំ​ឡើង។ សង្គម​ស៊ីវិល​យល់​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ចាប់​ពី​អាយុ​ ៦០​ឆ្នាំ​ឡើង​ទៅ ដែល​ពុំ​ធ្លាប់​បំពេញការងារ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ ឬ​ក្នុង​វិស័យ​ឯកជន ពួកគាត់​គ្មាន​ឱកាស​ទទួល​បាន​ប្រាក់​សោធន​និវត្តន៍​នោះ​ទេ នៅ​ពេល​មាន​វ័យ​ចំណាស់។

ពលរដ្ឋ​ខ្មែរ​ភាគច្រើន ប្រកបមុខរបរ​ធ្វើស្រែ​ចំការ ឬ​រស់នៅ​ពឹងផ្អែក​ទៅលើ​វិស័យ​កសិកម្ម​។ ដូច្នេះ​នៅពេល​ពួកគាត់​ចូល​វ័យ​កាន់តែ​ចាស់​និវត្តន៍ ពួកគាត់​ពុំ​មាន​ប្រាក់ឧបត្ថម្ភ​ជា​ផ្លូវការ និង​ជាប្រចាំ ពី​រដ្ឋាភិបាល ដូច​ពលរដ្ឋ​ដែល​ធ្វើ​ការងារ​ក្នុង​ក្របខណ្ឌ​រដ្ឋ ឬ​ការងារ​ក្រុមហ៊ុន​ឯកជន ដែល​អាច​ទទួល​បាន​ប្រាក់​សោធន​និវត្តន៍​ក្រោយពេល​ចូលនិវត្តន៍​នោះ​ទេ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត យល់ឃើញ​ថា រដ្ឋាភិបាល​គួរតែ​ពិចារណា​ដាក់​ចេញ​គោល​នយោបាយ​សម្រាប់​កិច្ចការ​មួយ​នេះ​។ លោក​ថា កន្លង​មក​គណបក្ស​ប្រឆាំង​ក៏​ធ្លាប់​ប្រកាស​ពី​គោលនយោបាយ​នេះ​ដែរ ក្នុងអំឡុងពេល​ឃោសនា​បោះឆ្នោត ចាប់ពី​ឆ្នាំ​២០១៣ ដោយ​ថា នឹង​ផ្តល់​ឱ្យ​មនុស្ស​ចាស់​នូវ​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ចំនួន ៤​ម៉ឺន​រៀល​ក្នុង​មួយ​ខែ នៅ​ពេល​បក្ស​ប្រឆាំង​ជាប់​ឆ្នោត។

លោក អំ សំអាត៖ «យើង​ឃើញ​ហើយ នៅ​ប្រទេស​ជឿនលឿន គឺ​អាការ​បង់ពន្ធ​របស់​ព​ល​រដ្ឋ អ៊ីចឹង​ហើយ​ទៅ​ចាស់ជរា​ទៅ ទទួល​បាន​សោធន​និវត្តន៍​ត្រឡប់មកវិញ​សម្រាប់​ពួកគេ​ណា អាហ្នឹង​គឺ​ធ្វើ​ឲ្យ​ពួកគេ​អត់ៗ ​ខ្លាច​អី​នឹង​បង់​ពន្ធ​ទេ ព្រោះថា​អនាគត​ទៅ ដល់ពេល​ចាស់ជរា គេ​ទទួល​បាន ចូលនិវត្តន៍​ទទួល​បាន​ប្រាក់​សោធន​និវត្តន៍​មកវិញ ប៉ុន្តែ​ដោយឡែក​កម្ពុជា​យើងៗ​អត់​ទាន់​ឃើញ​មាន​គោលការណ៍​នេះ​ទេ»

ស្រដៀង​គ្នា​នេះ​ដែរ អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត យល់ឃើញ​ថា មនុស្ស​ចាស់ បាន​ចូលរួម​ចំណែក​ក្នុង​ការ​កសាង​សង្គមជាតិ​តាំងពី​ដើមទី​រហូត​មក មិន​ថា​គាត់​មាន​អាជីព ឬ​ការងារ​អ្វី​នោះ​ទេ ពួកគាត់​បាន​ចូលរួម​ផ្តល់​ចំណេះដឹង និង​បទពិសោធន៍​ជីវិត នូវ​អ្វី​ដែល​ពួកគាត់​អាច​ធ្វើ​ទៅ​បាន សម្រាប់​សង្គម​គ្រួសារ និង​សង្គមជាតិ ដូច្នេះ​រដ្ឋាភិបាល​មិន​គួរ​ទុក​ពួកគាត់​ឲ្យ​នៅ​ឯ​កោ​នោះ​ទេ។ រដ្ឋាភិបាល​ត្រូវ​ផ្តល់​តម្លៃ​ដល់​ពួកគាត់ និង​ជួយ​ផ្គត់​ផ្គង់ ដូចជា​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ដើម្បី​សម្រាល​ទុក្ខ​លំបាក​ការរស់នៅ​ប្រចាំថ្ងៃ និង​ជាពិសេស​សម្រាប់​ទិញ​ថ្នាំពេទ្យ​ជាដើម នៅពេល​ពួកគាត់​លែង​ធ្វើ​ការ​កើត។

លោក វ៉ន ចាន់ឡូត៖ «ការ​លើក​គោលនយោបាយ លើ​កម្ពស់​ទៅដល់​មនុស្ស​ចាស់​នៅ​កម្ពុជា ដូចជា​មិន​ទាន់​មាន​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​ជាក់លាក់​ទេ តាម​ពិត​ទៅ​បើ​និយាយ​ពី​ការឧបត្ថម្ភ​ទៅដល់​មនុស្ស វា គឺជា​ឧបត្ថម្ភ​ទៅ​ហ្នឹង​សាច់ប្រាក់​ហើយ វា​អ៊ីចឹង​ណាស់​បាទ ហើយ​រដ្ឋាភិបាល​ត្រូវតែ​បង្ហាញ​តួលេខ​ហ្នឹង ថា ក្នុង​មួយ​ខែ​ត្រូវ​ឧបត្ថម្ភ​ប៉ុន្មាន ដើម្បី​ឲ្យ​ស្រប​ទៅ​ហ្នឹង​ស្ថានភាព​នៃ​ការរស់នៅ​របស់​ពួកគាត់»

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី ពុំ​អាច​សុំ​ការ​ឆ្លើយ​បំភ្លឺ​ពី​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច លោក ជា សុមេធី និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ទេ នៅ​ថ្ងៃទី​៥ តុលា។

ថ្មីៗ​នេះ ក្រោយពី​មាន​មតិ​លើកឡើង​ថា រដ្ឋាភិបាល​មិនសូវ​គិតគូរ​ពី​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ក្រីក្រ ជួប​ទុក្ខ​លំបាក ខណៈ​ពលរដ្ឋ​កំពុង​ប្រឈម​បញ្ហា​ប្រាក់ចំណូល គ្មាន​ការងារ​ធ្វើ ទំនិញ​នៅ​លើ​ទីផ្សារ​ឡើងថ្លៃ​សព្វសារពើ និង​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក​ផង​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បញ្ចេញ​របាយការណ៍​របស់​រដ្ឋាភិបាល បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០២០ មក​ដល់​ឆ្នាំ​២០២៣ នេះ រដ្ឋាភិបាល​បាន​បញ្ចេញ​កញ្ចប់​ថវិកា​សម្រាប់​ឧបត្ថម្ភ​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ ស្ត្រី​មាន​ផ្ទៃពោះ កុមារ​ក្រោម​អាយុ​២​ឆ្នាំ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ដោយសារ​សម្ពាធ​អតិផរណា សរុប​ជិត ១​ពាន់ ២០០​លាន​ដុល្លារ។ ក៏ប៉ុន្តែ​គេ​ពុំ​ទាន់​ឃើញ​រដ្ឋាភិបាល​មាន​គោលការណ៍​ជួយ​ឧបត្ថម្ភ​ជា​សាច់ប្រាក់​ដល់​ពលរដ្ឋ​ដែល​មាន​វ័យ​ចំណាស់​ចាប់ពី​អាយុ ៦០​ឆ្នាំ ឡើង​ទៅ ឬ​ដាក់​ជា​គោល​នយោបាយ ឧបត្ថម្ភ​ប្រាក់​ប្រចាំខែ​ដល់​មនុស្ស​ចាស់​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។