អ្នក​ដែល​មាន​សមាជិក​បាត់​ខ្លួន​ស្នើ​ឱ្យ​អាជ្ញាធរ​រក​ជនរងគ្រោះ​ករណី​ឆេះ​កាស៊ីណូ​នៅ​ប៉ោយប៉ែត

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល និង​គ្រួសារ​ជនរងគ្រោះ​ជំរុញ​ឱ្យ​អាជ្ញាធរ​បន្ត​ការស្រាវជ្រាវ និង​ស្វែងរក​អ្នក​ដែល​បាត់​ខ្លួន ក្នុងករណី​ឆេះ​អាគារ​កាស៊ីណូ ហ្គ្រេន ដាយមិន ស៊ីធី (Grand Diamond City) នៅ​ក្រុង​ប៉ោយប៉ែត​។ មន្ត្រី​អាជ្ញាធរ​ថា ការ​បិទ​បញ្ចប់​ការ​ស្រាវជ្រាវ​និង​រុករក​ក្នុង​ករណី​នេះ ដើម្បី​ស៊ើប​អង្កេត និង​វាយតម្លៃ​ពី​ការខូចខាត។

មន្ត្រី​សង្គម​ស៊ីវិល និង​គ្រួសារ​អ្នក​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​ឆេះ​អគារ​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត ទទូច​ឱ្យ​អាជ្ញាធរ​បន្ត​ការស្រាវជ្រាវ និង​រុករក​សមាជិកគ្រួសារ​របស់​ពួកគេ​ដែល​បាត់​ខ្លួន​ក្នុង​អំឡុង​ពេល​ធ្វើ​ការ​នៅ​ថ្ងៃ​កើត​ហេតុ។

សមាជិកគ្រួសារ​ដែល​មាន​សាច់ញាតិ​បាត់​ខ្លួន​លោក ហៀង ប៊ុននឿន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២ មករា ថា លោក​បាត់​ប្អូនថ្លៃ​ម្នាក់​គឺ​លោកស្រី អឿ ធី វ័យ​៤០​ឆ្នាំ បម្រើការ​ផ្នែក​អនាម័យ​នៅក្នុង​កាស៊ីណូ ហ្គ្រេន ដាយមិន ស៊ីធី។ លោក​ថា លោក​បាន​ទាក់ទង​ទៅ​អាជ្ញាធរ​ដើម្បី​ស្វែងរក​ប្អូនស្រី​តាំងតែ​ពី​ថ្ងៃ​កើតហេតុ​មក​ម្ល៉េះ ហើយ​មកដល់ពេលនេះ​នៅ​មិន​ទាន់​មាន​ដំណឹង​ណាមួយ​ពី​ប្អូនស្រី​នោះ​ឡើយ​។ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​បន្ត​ការស្វែងរក និង​ផ្ដល់​ព័ត៌មាន​ពិតប្រាកដ​ដល់​សាច់ញាតិ​ជនរងគ្រោះ ត្បិត​បុគ្គលិក​សញ្ជាតិ​ខ្មែរ​ដែល​បម្រើ​ការ​នៅ​ទីនោះ​មាន​ចំនួន​ច្រើន​នាក់ មិន​សម​ថា គ្មាន​អ្នក​គ្រោះថ្នាក់​នោះ​ឡើយ។

លោក ហៀង ប៊ុននឿន៖«ព្រោះ​ក្នុង​អគារ​មួយៗ​ខ្មែរ​ធ្វើការ​រាប់​រយ​នាក់ ប្រសិន​ថា គ្មាន​ខ្មែរ​ស្លាប់​មួយ មិនដឹង​យ៉ាងណា​?មិនដឹង​និយាយ​ថា​ម៉េច?រក​សព្វ​អស់ហើយ នៅ​វត្ត​ត្រាច​ខ្ញុំ​ទៅ​អង្គុយ​ចាំ ៤៨​ម៉ោង។ រក​អស់​ហើយ វត្ត​បាឡិល័យ ដើរ​រក​អស់ហើយ អត់​មាន​ឃើញ​ទេ​។ ឱ្យ​តែ​ឮ​វត្ត​ណា​គឺ​យើង​ទៅ​វត្ត​ហ្នឹង ចេះតែ​ទៅៗ​ក្រែង​បាន​ជួប»។

កាស៊ីណូ ហ្គ្រេន ដាយមិន ស៊ីធី មាន​បុគ្គលិក​បម្រើការ​ប្រចាំ​វេន​ក្នុង​ថ្ងៃ​កើត​ហេតុ​ប្រមាណ​៤០០​នាក់​។ បន្ទាប់ពី​រុករក​សាកសព អ្នករបួស​អស់​រយៈពេល​២​ថ្ងៃ កម្លាំង​សមត្ថកិច្ច​កម្ពុជា បានសម្រេច​បិទ​បញ្ចប់​ប្រតិបត្តិ​ការរុករក ជនរងគ្រោះ ទាំងស្រុង កាល​ពី​ល្ងាច​ថ្ងៃទី​៣០ ខែធ្នូ ដោយមាន​អ្នក​ស្លាប់​សរុប​២៦​នាក់ និង​រង​របួស​ធ្ងន់​ស្រាល​៥៧​នាក់​។ អាជ្ញាធរ​កម្ពុជា​អះអាង​ថា ក្រុម​រុករក បាន​រក​ឃើញ​សាកសព​ជនរងគ្រោះ​ក្នុង​អគារ​អស់​ហើយ ចំណែក​អ្នករបួស និង​អ្នក​ស្លាប់ មិន​មាន​ជនជាតិ​ខ្មែរ​ឡើយ​។ អាជ្ញាធរ​បញ្ជាក់​ថា មាន​សាកសព​ចំនួន​៦​នាក់​ទៀត ដែល​មិន​អាច​កំណត់​អត្តសញ្ញាណ កំពុង​រក្សាទុក ដើម្បី​ធ្វើ​កោសល្យវិច័យ និង​វិភាគ​ទៅលើ ឌី.អិន.អេ​(DNA)។

ទោះជា​យ៉ាងនេះ​ក្ដី មាន​ពលរដ្ឋ​ខ្មែរ​៣​នាក់ និង​ថៃ​ចំនួន​៩​នាក់ កំពុង​ស្វែងរក​សមាជិកគ្រួសារ​ដែល​បាត់​ខ្លួន ក្នុង​គ្រោះថ្នាក់​អគ្គីភ័យ​នៅ​កាស៊ីណូ​នេះ។

ម្ដាយ​ជនរងគ្រោះ​កញ្ញា យ៉ាផា ខូថានុន (Yapha Khuthanon) គឺ​លោកស្រី រតនា ខូថានុន (Rathana Khothanon) រស់នៅ​ខេត្ត​ស្រះកែវ (Sa Kaeo )​ប្រទេស​ថៃ (Thailand) ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី២ មករា ថា ការ​បិទ​បញ្ចប់ បេសកកម្ម​រុករក​របស់​អាជ្ញាធរ​កម្ពុជា​ទាំង​តក់​ក្រហល់​បែប​នេះ លោកស្រី​មើលឃើញ​ថា ខាង​ភាគី​កម្ពុជា ហាក់​គ្មាន​ការ​ទទួលខុសត្រូវ និង​ស្វែងរក​ជនរងគ្រោះ​ឱ្យ​អស់ពី​លទ្ធភាព​ឡើយ​។ លោកស្រី​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា សហការ​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​ស្វែងរក​ជនរងគ្រោះ​ដែល​បាត់​ខ្លួន​ថែមទៀត។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​សាលាខេត្ត​បន្ទាយមានជ័យ លោក សេក សុខុម ច្រាន​ចោល​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ថា មាន​អ្នក​ស្លាប់ និង​របួស​ច្រើន​នាក់​នៅក្នុង​ហេតុការណ៍​នោះ​។ លោក​អះអាង​ថា ក្រុម​រុករក​បាន​រកឃើញ​សាកសព​ជនរងគ្រោះ​អស់ហើយ​។ លោក​ថា បច្ចុប្បន្ន​អាជ្ញាធរ​បាន​បិទ ការ​ចរាចរ​ក្នុង​បរិវេណ​អាគារ​កាស៊ីណូ ហ្គ្រេន ដាយមិន ស៊ីធី និង​បន្ត​ស្រាយ​ជ្រាវ ដើម្បី​វាយតម្លៃ​ពី​ការខូចខាត។

លោក សេក សុខុម៖«អគារ​ទាំងអស់​ហ្នឹង បើ​កន្លែង​ណា​ដែល​មនុស្ស​ចូល​ទៅ​អត់​ចុះ ក្រុម​សង្គ្រោះ​ចូល​ទៅ​មិន​បាន គឺ​យើង​ប្រើ​រហូតដល់​សុនខ​ចូល​ទៅ​ហិត​(​ស្វែងរក​)​។ អ៊ីចឹង​បាន​ន័យ​ថា យើង​រក​អស់ហើយ យើង​បិទ​បញ្ចប់​ការរុករក​គឺ​ឃើញ​(​សាកសព​)តែ​២៦​នាក់​ហ្នឹង​ទេ ហើយ​ក្នុង​នោះ​សាកសព​៦​នាក់​ដែល​យើង​កំណត់​អត្តសញ្ញាណ​មិន​បាន ដោយសារ​ឆេះ​អស់​ច្រើន អ៊ីចឹង​គេ​ខ្ចប់​ជា​ធាតុ»។

ក្នុង​គ្រោះ​អគ្គិភ័យ​ដ៏​អាក្រក់​នេះ​អាជ្ញាធរ​បាន​ប្រើប្រាស់​កម្លាំង​សង្គ្រោះ សរុប​ចំនួន​ជាង​១​ពាន់​នាក់ (១ .០០៩​នាក់​) ក្រុម​មូលនិធិ​សង្គ្រោះ​និង​សមត្ថកិច្ច​ថៃ​ជាង ២០០​នាក់​(២២១​នាក់)។

ទាក់ទង​រឿង​នេះ ភ្នាក់ងារ​ជួយសង្គ្រោះ​មូលនិធិ ប៉តឹកតឹង ប្រទេស​ថៃ (POH TECK TUNG FOUNDATION) លោក ចានីន សាអាត (Chanin Sa at) បដិសេធ​ការ​លើកឡើង​របស់​អាជ្ញាធរ​កម្ពុជា​។ លោក​បញ្ជាក់​ថា ក្រុម​ជួយសង្គ្រោះ​បាន​រុក​រកតែ​អគារ​សណ្ឋាគារ​ប៉ុណ្ណោះ​។ ចំណែក​អគារ​បនល្បែង​វិញ នៅ​មិន​ទាន់​រុករក​ឡើយ​ទេ ដោយសារ​អគារ​មាន​សភាព​ទ្រេត និង​ប្រេះ​ខ្លាំង។ លោក​ជឿជាក់​ថា អាច​នឹង​មាន​សាកសព​ជនរងគ្រោះ​ជាប់​ក្នុង​អគារ​ជាច្រើន​ទៀត ដែល​មិនទាន់​រក​ឃើញ។

បច្ចុប្បន្ន អគារ​កាស៊ីណូ​ដែល​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​នេះ នៅ​មិនទាន់​រុះរើ​ទេ។ ចំណែក​ខាងមុខ​ផ្លូវ​ចូល​កាស៊ីណូ មាន​ប៉ូលិស​យាមល្បាត​យ៉ាង​តឹងតែង និង​មិន​អនុញ្ញាត​ឱ្យ​ធ្វើ​ចរាច​រឆ្លង​កាត់​ឡើយ។

ចំណែក​បុគ្គលិក និង​សន្តិសុខ​ដែល​នៅក្នុង​ហេតុការណ៍​ឆេះ​អគារ​កាស៊ីណូ​នេះ មិន​ហ៊ាន​ផ្ដល់​ព័ត៌មាន​អំពី​ហេតុការណ៍​នេះ​ឡើយ ដោយសារ​ពួកគេ​ខ្លាច​បាត់បង់​ការងារ។

ទោះជា​យ៉ាងណា​ក៏ដោយ​ចុះ ក្រុម​គ្រួសារ​ជនរងគ្រោះ និង​សង្គម​ស៊ីវិល ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា បន្ត​រុករក​ជនរងគ្រោះ​ដែល​រក​មិនទាន់​ឃើញ​ឱ្យ​អស់​សិន មុន​នឹង​បិទផ្លូវ និង​វាយតម្លៃ​ពី​ការខូចខាត ដោយ​គិតគូរ​ពី​អារម្មណ៍​សមាជិកគ្រួសារ​ជនរងគ្រោះ​ឡើយ។ប្រធាន​អង្គការសិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា ការ​រុករក​ជនរងគ្រោះ​បន្ត​ទៀត​ពិតជា​មាន​សារសំខាន់​សម្រាប់​ជនរងគ្រោះ និង​សាច់ញាតិ​របស់​ពួកគេ​។

លោក នី សុខា៖«យើង​នៅតែ​ស្នើ​ឱ្យ​អាជ្ញាធរ​ហ្នឹង​ធ្វើ​យ៉ាងណា ធ្វើការ​ស៊ើបអង្កេត​ឱ្យ​បាន​ហ្មត់ចត់ ឱ្យ​បាន​ដិតដល់ ឱ្យ​មាន​របាយការណ៍​ច្បាស់លាស់ ឱ្យ​ប្រជាពលរដ្ឋ ពិសេស​ក្រុម​គ្រួសារ​អ្នក​ដែល​រងគ្រោះ​ទាំងអស់​ហ្នឹង គឺ​គេ​អាច​ទទួល​យក​បាន គេ​អាច​ស្ងប់ចិត្ត​។ បើ​មិន​អ៊ីចឹង​ទេ វា​នៅតែ​មាន​មតិ​សង្ស័យ​ច្រើន វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​របស់​អាជ្ញាធរ​ដែរ»។

ជនរងគ្រោះ និង​មហាជន ចាត់ទុក​ហេតុការណ៍​អគ្គីភ័យ​នេះ​ថា ជា​សោកនាដកម្ម​ដ៏​ធំ​មួយ ដែល​បណ្ដាល​មក​ពី​ការ​ធ្វេសប្រហែស​របស់​ក្រុមហ៊ុន និង​អសមត្ថភាព​ក្នុង​ការ​ជួយសង្គ្រោះ​ទាន់​ពេល​របស់​អាជ្ញាធរ។ ពួកគេ​ស្នើ​ឱ្យ​រដ្ឋាភិបាល​រក​អ្នកទទួលខុសត្រូវ​ផ្លូវច្បាប់​លើ​ហេតុការណ៍​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។