សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​មាន​យន្តការ​ជាក់លាក់​ជួយ​ដល់​សិស្ស​ក្រីក្រ​ជាប់​បាក់​ឌុប

0:00 / 0:00

សង្គម​ស៊ីវិល​ស្នើ​ដល់​រដ្ឋាភិបាល​បង្កើត​យន្តការ​ជាក់លាក់​មួយ​ក្នុង​ការ​ជួយ​ដល់​សិស្ស​ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ មកពី​បណ្ដា​ខេត្ត ឬ​តំបន់​ដាច់ស្រយាល​តាមរយៈ​ការ​ផ្ដល់​នូវ​អាហារូបករណ៍ ទីកន្លែង​ស្នាក់នៅ ឬ​ផ្ដល់​ប្រាក់កម្ចី​ដែល​អាច​ឱ្យ​សិស្ស​ទាំង​នោះ​មាន​លទ្ធភាព​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ។

ការ​លើកឡើង​របស់​សង្គម​ស៊ីវិល ក្រោយ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ប្រកាស​លទ្ធផល​ដែល​បេក្ខជន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​មាន​ចំនួន​ជិត​មួយ​សែន​នាក់ (៩៨.៤៦០) ក្នុងចំណោម​បេក្ខជន​ចុះឈ្មោះ​ប្រឡង​ជាង ១​សែន​៣​ម៉ឺន​នាក់ ហើយ​ក្នុង​នោះ​សិស្ស​ទទួល​បាន​និទ្ទេស A មាន​ចំនួន​ជិត​២​ពាន់​នាក់ (១.៦៧៣)។

សិស្ស​ប្រឡង​ថ្នាក់​ទី​១២ មកពី​ខេត្តកំពង់ស្ពឺ​ដែល​មិនទាន់​ដឹង​លទ្ធផល​ថា​ជាប់ ឬ​ធ្លាក់​នៅឡើយ​នោះ គឺ លោក សុខ រតនៈ ថា លោក​មិន​ទន្ទឹង​រង់ចាំ​មើល​លទ្ធផល​ខ្លាំង​នោះ​ទេ ដោយសារតែ​លោក​នឹង​មិន​មានលទ្ធភាព​ទៅ​បន្ត​ការសិក្សា​នៅ​ភ្នំពេញ​ផ្នែក​អគ្គិសនី​ដែល​លោក​ស្រឡាញ់​តាំងពី​តូច​ឡើយ​។ ទោះជា​យ៉ាងណា លោក សុខ រតនៈ លើកឡើង​ថា ក្នុង​រយៈ​មួយឆ្នាំ​នេះ​លោក​នឹង​ធ្វើការ​ដើម្បី​អាច​សន្សំ​លុយ​មួយចំនួន​សម្រាប់​ទៅ​រៀន​នៅ​ភ្នំពេញ​នៅ​ឆ្នាំក្រោយ។

លោក សុខ រតនៈ លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​មាន​ថវិកា​សម្រាប់​ឱ្យ​សិស្ស​ខ្ចី​គឺជា​រឿង​ល្អ ហើយ​លោក និង​មិត្ត​ភ័ក្ដិ​លោក​ផ្សេងទៀត​នឹង​មាន​លទ្ធភាព​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​បាន។

លោក សុខ រតនៈ៖ «ធ្វើការ​សិន​ចាំ​រៀន​ត​ក្រោយ ហើយ​ណាមួយ​ថ្លៃ​បង់​សាលា ផ្ទះ​ជួល រក​ការងារ​ធ្វើ​។ ប្រហែល​មួយឆ្នាំ​ទៀត​រៀន​ត បើ​ផ្ដល់​ប្រាក់កម្ចី»។

ជុំវិញ​រឿង​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង មាន​ប្រសាសន៍​ថា ក្រោយ​តែ​រៀបចំ​ឱ្យ​មាន​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្រសួង​អប់រំ​ត្រូវ​សហការ​ជាមួយ​វិស័យ​ឯកជន​ដទៃទៀត ក្នុង​គោលដៅ​ជួយ​សិស្ស​តាម​បណ្ដា​ខេត្ត​ឡើង​មក​រៀន​នៅ​ទីក្រុង។

​លោក យង់ គិមអេង កត់សម្គាល់​ថា សិស្ស​ដែល​មកពី​ខេត្ត​ពុំ​មាន​ចំណេះដឹង​ទូលំទូលាយ និង​ពិបាក​សម្រប​ខ្លួន​ក្នុង​ការ​រស់នៅ​ក្នុង​ទីក្រុង ជាពិសេស​មិន​មាន​លទ្ធភាព​ក្នុង​ការ​ស្វែងរក​ទីកន្លែង​សម្រាប់​ស្នាក់នៅ។ លោក យង់ គឹមអេង បន្ត​ថា រដ្ឋាភិបាល​គួរតែ​ផ្ដល់​អាហារូបករណ៍​ឱ្យ​បាន​ច្រើន និង​បង្កើត​កម្មវិធី​ប្រាក់កម្ចី​សម្រាប់​និស្សិត​បន្ត​ការសិក្សា​នៅ​ទីក្រុង។

លោក យង់ គិមអេង៖ «គំនិត​នៃ​ការ​ផ្ដល់​ប្រាក់​កម្ចី​ដល់​និស្សិត​រៀន​នៅ​ថ្នាក់​មហាវិទ្យាល័យ​នេះ ខ្ញុំ​ថា​គឺជា​រឿង​មួយ​ប្រសើរ ហើយ​ក្រសួង​គួរតែ​ពុះពារ​ធ្វើ​ឱ្យ​បាន ដើម្បី​ឱ្យ​មាន​សមភាព​តិច​រវាង​គ្នា​អ្នក​អត់ និង​អ្នក​ដែល​គេ​មាន​លទ្ធភាព។ ឧបមា​អ្នក​អត់​គាត់​ខ្វះ​លទ្ធភាព​តែ​រដ្ឋ​ឱ្យ​លុយ​ខ្ចី​គាត់​អាច​ទៅ​រៀន​នៅ​មហាវិទ្យាល័យ​ដែល​គ្នា​ពេញចិត្ត»។

ចំណែក ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ហេង គឹមហុង កត់សម្គាល់​ឃើញ​ថា វិសមភាព​នៅតែ​មាន​សម្រាប់​សិស្ស​ដែល​មកពី​បណ្ដា​ខេត្ត ឬ​តំបន់​ដាច់ស្រយាល​ក្នុង​ការ​ទទួល​បាន​ឱកាស និង​លទ្ធភាព​ដើម្បី​បន្ត​សិក្សា​នៅ​សាកលវិទ្យាល័យ​។ លោក ហេង គឹមហុង លើកឡើង​ថា រដ្ឋាភិបាល​ត្រូវតែ​បន្ត​យកចិត្តទុកដាក់ និង​ជួយ​ជ្រោមជ្រែង​សិស្ស​ក្រីក្រ​ឱ្យ​មាន​លទ្ធភាព​បន្ត​ការសិក្សា​តាមរយៈ​យន្តការ​ផ្សេងៗ ក្នុង​នោះ​ក៏​មាន​ប្រាក់កម្ចី​ក្នុង​រយៈពេល​វែង​រហូត​ដល់​សិស្ស​ទាំងនោះ​មានការ​ងារ និង​អាច​សង​ត្រឡប់​មក​រដ្ឋាភិបាល​វិញ។

លោក ហេង គឹមហុង៖ «ចំនួន​អាហារូបករណ៍​ក៏​គួរ​ពិចារណា​បន្ថែម​ទៀត​ទៅ​ដល់​សិស្ស​និស្សិត​ដែល​គាត់​ជាប់​បាក់​ឌុប​ហើយ​មកពី​តំបន់​សហគមន៍​ដាច់ស្រយាល ហើយ​បើ​មានការ​ចូលរួម​ពី​ដៃគូ​អភិវឌ្ឍន៍​ក៏​កាន់តែ​ល្អ​ប្រសើរ។ រដ្ឋ​ក៏​គួរ​ជជែក​ជា​ភាគី​គូរ​ពាក់ព័ន្ធ​ជាពិសេស​ម្ចាស់​ផ្ទះ​ជួល​កុំឱ្យ​ឡើងថ្លៃៗ ហួសហេតុ​ពេក»។

វិទ្យុ​អាស៊ីសេរី​នៅ​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា អ្នកស្រី ឃួន វិច្ឆិកា និង លោក កាន់ ពុទ្ធី បាន​ទេ​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា។

កាលពី​ឆ្នាំ​២០១៦ ក្រសួង​អប់រំ​ធ្លាប់​អះអាង​ថា ខ្លួន​គ្រោង​បង្កើត​កម្មវិធី​សំខាន់​មួយ​គឺ​ការ​ផ្តល់​ប្រាក់កម្ចី​សម្រាប់​និស្សិត​ដែល​ជួបប្រទះ​ការ​ខ្វះខាត ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​អាច​បន្ត​ការសិក្សា​ទៅមុខ​បាន ហើយ​បើ​គម្រោង​នេះ​អាច​អនុវត្ត​បាន​មែន ចំនួន​និស្សិត​ថ្នាក់​ឧត្ដមសិក្សា​នៅ​កម្ពុជា នឹង​មាន​ការ​កើនឡើង ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ក្រសួង​អប់រំ​នៅតែ​មិនអាច​អនុវត្ត​កម្មវិធី​នេះ​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។