មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​យុវជន​ជំរុញ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឱ្យ​ពន្លឿន​ចាត់​វិធានការ​លើ​ចៅក្រម ដែល​បង្ខំ​លោក ឌួង ងៀប ឱ្យ​សូកប៉ាន់

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​យុវជន ទាមទារ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ស្ថាប័ន​ពាក់ព័ន្ធ ពន្លឿន​ចាត់​វិធានការ​លើ​ចៅ​ក្រម​ពីរ​រូប ដែល​បង្ខំ​ឱ្យ​មេ​ប៉ូលិស​ផ្កាយ ៣ម្នាក់ គឺ​ឧកញ៉ា ឌួង ងៀប សូក​ប៉ាន់​អស់​លុយ​ពី​ខ្លួន។ ពួកគេ​បារម្ភ​ថា ការ​ពន្យារ​ពេល​មិន​ស៊ើប​អង្កេត​ចាត់​វិធានការ​លើ​ចៅ​ក្រម​ទាំង​នេះ ឆ្លុះ​បញ្ចាំង​ថា ការ​អនុវត្ត​ច្បាប់​លម្អៀង និង​មាន​ស្តង់ដារ​ច្រើន​បែប​ច្រើន​យ៉ាង ​ប៉ះពាល់​កាន់តែ​ធ្ងន់​ដល់​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា។

មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​យុវជន នៅ​មិន​ទាន់​ស្ងប់​អារម្មណ៍​នៅ​ឡើយ​ដរាប​ណា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល នៅតែ​ពន្យារ​ពេល​ស៊ើប​អង្កេត លើ​ចៅ​ក្រម​ពីរ​រូប ដែល​ទទួល​សំណូក ពី​ឧកញ៉ា ដួង ងៀប មក​ផ្ដន្ទាទោស​តាម​ច្បាប់។

អតីត​អ្នក​ជាប់ឃុំ​មនសិការ លោក មាន ព្រហ្មមុនី យល់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ គឺ​ជា​ភ្នាក់ងារ​ឯករាជ្យ​មួយ​ត្រូវ​អនុវត្ត​ច្បាប់ លើ​ចៅ​ក្រម និង​អ្នក​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​នេះ ដើម្បី​ធានា​ថា​ ពលរដ្ឋ​មាន​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់។ លោក​បន្ត​ថា ​សមត្ថកិច្ច​ចាប់​ខ្លួន​ឧកញ៉ា​រូប​នេះ ​ប៉ុន្តែ​មិន​អនុវត្ត​ច្បាប់​លើ​ចៅ​ក្រម​ពីរ​រូប ដែល​ទទួល​សំណូក ឆ្លុះ​បញ្ចាំង​ថា ​ការ​អនុវត្ត​ច្បាប់​ គ្មាន​តម្លាភាព​ និង​រើសអើង។ លោក​បញ្ជាក់​ថា ប្រសិន​បើ​ការ​ទទួល​សំណូក​ក្នុង​ស្ថាប័ន​តុលាការ​មិន​ត្រូវ​បាន​ចាត់​វិធានការ​ទេ វប្បធម៌​អាក្រក់​នេះ​នឹង​ក្លាយ​ជា​ទម្លាប់​ដដែលៗ និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​មួយ​កម្រិត​ទៀត៖ «វា​ប៉ះពាល់​ដល់​សង្គម​មាន​ន័យ​ថា ​មាន​ឋានៈ ​មាន​ខ្នង និង​មាន​តួនាទី ​បុណ្យ​ស័ក្ដិ​ធំ ​តែង​តែ​រួច​ខ្លួន​រហូត។ ចំពោះ​អ្នក​ដែល​មាន​ឋានៈ​តូច​ទាប​ជាង ខ្សែ​តូច​ជាង។ អា​ហ្នឹង​ត្រូវ​បាន​អនុវត្ត​ច្បាប់​ ផ្ដន្ទាទោស។ អ្នក​ខ្លះ​មិន​ខុស​ផង ហើយ​តែង​ទទួល​រងគ្រោះ ​អយុត្តិធម៌​សង្គម​ ដោយសារ​ការ​អនុវត្ត​ច្បាប់​មិន​ត្រឹមត្រូវ​មិន​ស្មើ​ភាព​គ្នា គ្មាន​តម្លាភាព»

កាល​ពី​ថ្ងៃ​ទី១៣ នគរបាល​បាន​ចាប់​ខ្លួន​លោក​ឧកញ៉ា ឌួង ងៀប ដែល​មាន​តំណែង​ជា​ឧត្ដមសេនីយ៍​នៃ​ក្រសួង​មហាផ្ទៃ​ពាក់​ផ្កាយ ៣ផង ដោយ​ចោទ​ប្រកាន់ ពី «បទ​ឆ​បោក» និង «បទ​មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍​អាច​ជួញ​ដូរ​បាន​ករណី​ចេញ​សែក​ស្អុយ» ឲ្យ​ទៅ​ជន​ជាតិ​តៃវ៉ាន់​២នាក់ ក្នុង​ការ​រក​ស៊ី​បណ្ដាក់​ទុន​ជាមួយ​គ្នា។

សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ និង​ជា​អតីត​អ្នក​ជាប់​ឃុំ​មនសិការ គឺ​លោកស្រី ឈឿន ដារ៉ាវី ថ្លែង​ថា លោក​ស្រី​គ្មាន​សង្ឃឹម​ថា នឹង​មាន​យុត្តិធម៌​ក្នុង​សំណុំ​រឿង​នេះ​ទេ ព្រោះ​ការ​ទទួល​សំណូក ស្ទើរ​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ ​ក្នុង​ស្ថាប័ន​តុលាការ​។​ លោកស្រី​មើល​ឃើញ​ថា នៅ​គ្រា​ដែល​តុលាការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ​អ្នក​រង​គ្រោះ​ពុំ​មែន​តែ​ពលរដ្ឋ​ស្លូត​ត្រង់​ទេ សូម្បី​ជន​ខូច​ខិល​ក៏​រង​គ្រោះ​ដែរ៖ «តុលាការ​ជា​ទីពឹង​ហើយ ​តែ​បើ​តុលាការ​ពុក​រលួយ ​យើង​ទៅ​រំពឹង​អី​ទៀត។ វា​លក្ខណៈ​ពាល​ស៊ី​ពាល​ហើយ បើ​ខ្ញុំ​ខ្លួន​ឯង​ឆ្លង​កាត់ ភាព​អយុត្តិធម៌ វា​អត់​មាន​អី​ខុស​ផង។ យើង​មើល​ធ្វើការ​របស់​តុលាការ ចង់​មិន​ចង់ ​យើង​ខុស​ដដែល ហើយ​ពេល​ជាប់​ឃុំ កាន់​តែ​ឃើញ​ប្រព័ន្ធ​ពុក​រលួយ​ហួស​នឹង​ថ្លែង ឆ្អែត ព្រោះ​អ្នក​ខូច​ក៏​រង​ភាព​អយុត្តិធម៌​ បែប​អ្នក​ខូច​ដែរ»

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ លោក ឱម យិនទៀង និង​អ្នក​នាំ​ពាក្យ​សាលាដំបូង រាជ​ធានី​ភ្នំពេញ លោក អ៊ីន រិន្ទ បាន​នៅ​ឡើយ​ទេ​ នៅ​ថ្ងៃ​ទី ​១៦ ​កុម្ភៈ ​ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង ​តែ​គ្មាន​អ្នក​លើក។

រីឯ​អនុ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​លោក ឃាង សេង បដិសេធ​មិន​បំភ្លឺ​រឿង​នេះ​ទេ ដោយ​លោក​រុញ​ឱ្យ​សួរ​អ្នក​នាំ​ពាក្យ​វិញ។

​ការ​ចាប់​ខ្លួន​ឧកញ៉ា​រូបនេះ ​ធ្វើ​ឡើង ​ក្រោយ​ពី ​លោក ​ឌួង ងៀប ឈរ​នៅ​មុខ​ក្លោង​ទ្វារ​ពន្ធនាគារ​ព្រៃ​ស ​​រួច​បង្ហោះ​វីដេអូ​ តាមបណ្តាញសង្គម​ហ្វេសប៊ុក ​(facebook​​​​​​)​​ ដោយ​បញ្ជាក់​ថា លោក​ត្រៀម​​ដើរ​​ចូល​ពន្ធនាគារ ក្រោយ​ពេល​ចៅក្រម​នៃ​​​​សាលា​រាជធានី​ភ្នំពេញ​​​​ចំនួន​២​នាក់ ស្រាក់​ដៃ​​គ្នា​គាប​សង្កត់​យក​លុយ​​​​​ពី​លោក​អស់​ពី​ខ្លួន​​​ ​​ពាក់ព័ន្ធ​នឹង​បទ​ចោទប្រកាន់​ឆបោក​​លុយ​ក្នុង​សំណុំ​រឿង​​កិច្ច​ព្រមព្រៀម​​ពាណិជ្ជកម្ម​ ក្នុង​ទំហំ​ទឹក​ប្រាក់​​ ៦ លាន​ដុល្លារ​​ ជាមួយ​ជនជាតិ​​តៃវ៉ាន់​។ លោក ឌួង ងៀប​ ​​អះអាង​ថា ចៅ​ក្រម​​​​បាន​ធ្វើ​ឲ្យ​សំណុំរឿង​របស់​លោក​ប្រែ​ពី​ស​ទៅ​​ជា​ខ្មៅ។

រីឯ​អ្នក​នាំ​ពាក្យ​ពន្ធនាគារ ​លោក ​នុត សវនា ប្រាប់​វិទ្យុ​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា មក​ទល់​ពេល​នេះ​ ឧកញ៉ា​រូបនេះ ​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ផ្អែក​តាម​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​របស់​តុលាការ៖ «តុលាការ​ចេះ​ដីកា​ហើយ សមត្ថកិច្ច​បញ្ជូន​គាត់​ទៅ​ហើយ ​មាន​ទៅ​យើង​ យក​គាត់​ទៅ​ណា ?

ក្នុង​វីដេអូ​ដដែល​នោះ លោក ឌួង ងៀប មិន​បាន​បង្ហាញ​ថា លោក​ត្រូវ​​ប្រគល់​លុយ​ចំនួន​ប៉ុន្មាន និង​ត្រូវ​ប្រើ​​វិធី​ណា ដើម្បី​ប្រគល់​លុយ​ឲ្យ​ចៅក្រម​ណា​ខ្លះ​នោះ​ទេ។ ប៉ុន្តែ​លោក​អះអាង​ថា ក្រោយ​រង​ការ​ជំរិត​ទារ​ប្រាក់​នេះ លោក​ក៏​ធ្លាប់​ទៅ​សុំ​ជំនួយ​អន្តរាគមន៍ ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​កំពូលៗ​ជាច្រើន​ទៀត ប៉ុន្តែ​ពុំ​បានផលឡើយ។

​ជុំវិញ​រឿង​នេះ ​មន្ត្រី​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​លោក ​ស៊ឹង សែនករុណា​ មើល​ឃើញ​ថា ​តុលាការ​គួរ​តែ​ចាត់​វិធានការ​ លើ​ឧកញ៉ា​រូបនេះ ​តាំង​ពី​ដំបូង​ឡើយ ​មិន​គួរ​បណ្តោយ​ឱ្យ​ បែក​ធ្លាយ​វីដេអូ ​ផ្ទុះ​រឿង​អាស្រូវ​របស់​ចៅក្រម​ ទើប​មាន​ចំណាត់​ការ​ច្បាប់​នោះ​ទេ។

លោក​បញ្ជាក់​ថា មក​ទល់​ពេល​នេះ លោក​មិន​ទាន់​ឃើញ​ស្ថាប័ន​ជំនាញ​ស៊ើប​អង្កេត និង​ស្រាវជ្រាវ​ ទាក់​ទិន​ករណី​ចៅ​ក្រម​ពីរ​រូប បាន​ទទួល​សំណូក​ពី​ឧកញ៉ា​រូប​នេះ​នៅ​ឡើយ​ទេ៖ «អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​គួរតែ​មាន​ចំណាត់​ការ​ស៊ើប​អង្កេត ​ឱ្យ​មាន​ភាព​ច្បាស់លាស់ និង​តម្លា​ភាព ដើម្បី​បញ្ជាក់​ប្រាប់​សាធារណជន ដែល​គេ​តាម​ដាន​រឿង​ហ្នឹង កុំ​ឱ្យ​មាន​មន្ទិល សង្ស័យ​ថា ស្ថាប័ន​តុលាការ​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ វា​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ ដល់​ចៅ​ក្រម​ផ្សេង​ទៀត ​ដែល​គេ​បាន​ប្រព្រឹត្ត​ត្រឹម​ត្រូវ​តាម​ច្បាប់»

ក្រោយ​ពី​មេ​ប៉ូលិស​ផ្កាយ​បី លោក ឌួង ងៀប បាន​លាតត្រដាង​អំពើពុករលួយ​នៅ​ស្ថាប័ន​តុលាការ​ក្រុង​ភ្នំពេញ​នោះ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បដិសេធ​ការ​ចោទ​ប្រកាន់ របស់​មេ​ប៉ូលិស​រូប​នេះ។ តុលាការ​ក្រុង​ភ្នំពេញ​បក​ស្រាយ ​ក្នុង​លិខិត កាល​ពី​សប្ដាហ៍​មុន (១០ កុម្ភៈ) ថា តុលាការ​នឹង​បន្ត​អនុវត្ត​តាម​នីតិវិធី មិន​អនុញ្ញាត​ឱ្យ​ជន​ត្រូវ​ចោទ លោក ឌួង ងៀប ប្រើប្រាស់​ប្រព័ន្ធ​បណ្ដាញ​សង្គម​ដើម្បី​គេចវេះ​ពី​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។