សង្គម​ស៊ីវិល​ចង់​ឃើញ​តុលាការ​ផ្ដន្ទាទោស​ជនជាតិ​ចិន​ចំនួន​១០​នាក់​ករណី​ថត​វីដេអូ​អាសអាភាស

0:00 / 0:00

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នកច្បាប់​គាំទ្រ​ចំណាត់ការ​របស់​តុលាការក្រុង​ភ្នំពេញ​ដែល​សំរេច​ឃុំខ្លួន​ជនជាតិ​ចិន​ចំនួន ១០​នាក់​ក្នុង​រឿង​លួច​ថត និង​ផលិត​វីដេអូ​អាស​អាស​ពាក់ព័ន្ធ​ជាមួយ​ស្ត្រី​ខ្មែរ​មួយចំនួន​នោះ។ ក៏ប៉ុន្តែ​អ្វី​ដែល​ក្រុម​សង្គម​ស៊ីវិល​ព្រួយបារម្ភ គឺ​ខ្លាច​ក្រែងតែ​តុលាការ​ដោះលែង ឬក៏​បន្ធូរ​បន្ថយទោស​ជនជាតិ​ចិន​ទាំងនោះ បន្ទាប់ពី​តុលាការ​ចេញ​សាលក្រម​កាត់ទោស​រួច​ហើយ។

សង្គម​ស៊ីវិល​ថា នឹង​តាម​ឃ្លាំមើល​ចំណាត់ការ​ផ្លូវច្បាប់​របស់​តុលាការក្រុង​ភ្នំពេញ​ទៅលើ​ជនជាតិ​ចិន​ចំនួន​១០​នាក់ ដែល​ពាក់ព័ន្ធ​និង​ករណី​ថតរូប​ស្ត្រី​ខ្មែរ​និង​ផលិត​ជា​វីដេអូ អាសអាភាស។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក​នឹង​តាម​ឃ្លាំមើល​ចំណាត់ការ​ផ្លូវច្បាប់​របស់​តុលាការក្រុង​ភ្នំពេញ​ទៅលើ​ជនជាតិ​ចិន​ទាំង​១០​នាក់​នោះ ខ្លាចក្រែង​បន្ទាប់ពី​មាន​ការ​ដាក់​ទោស​រួច​ហើយ ប៉ុន្តែ​ការ​អនុវត្ត​ទោស​ធ្វើ​ពុំ​បាន​ត្រឹមត្រូវ​តាម​ច្បាប់។

លោក នី សុខា៖ «ពាក់ព័ន្ធ​ទៅ​នឹង​ការ​ថតរូប​អាសអាភាស​អី​ផ្សេងៗ​ហ្នឹង​គឺ​វា​ពាក់ព័ន្ធ​ទៅដល់​អំពើ​ពេស្យាចារ ឬ​អនាចារ ពីព្រោះ​អានេះ​វា​ប្រើប្រាស់​រូបភាព​មួយចំនួន​ទាក់ទង​ផ្លូវភេទ​ដល់​ស្ត្រី​អីចឹង​វា​អាច​ជា​បទល្មើស​ឧក្រិដ្ឋ។ នៅ​ពេល​ណា​ដែល​សាលក្រម​តុលាការ​សំរេច​ហើយ​គឺ​ស្នើ​ឱ្យ​មានការ​អនុវត្តន៍​ទោស​ឱ្យ​បាន​ត្រឹមត្រូវ មានន័យថា​ត្រូវ​គោរព​ច្បាប់ បើទោះបីជា​ចង់​លើកលែងទោស​អី​ក៏​សូម​អនុវត្តន៍​ឱ្យ​ស្រប​ទៅ​តាម​គោលការណ៍​របស់​ច្បាប់​យើង»។

កាលពី​ថ្ងៃទី​៣១ ​ខែតុលា​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក លិ សុខា បាន​ចេញ​ដីកា​ឱ្យ​ឃុំខ្លួន​ជនជាតិ​ចិន​ចំនួន​១០​នាក់​នៅ​ពន្ធនាគារ​ព្រៃស​ជា​បណ្ដោះអាសន្ន។ ជនជាតិ​ចិន​ទាំង​១០​នាក់​នោះ​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​មាន​ស្ថាន​ទម្ងន់ទោស​នៃ​សញ្ចារកម្ម ការ​ដឹកនាំ​ពេស្យាចារ រូប​ភាព​និង​សម្ភារ​អាសអាភាស​តាម​មាត្រា​២៧ មាត្រា​២៩ និង​មាត្រា​៣០​នៃ​ច្បាប់​ស្តីពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ។

ប្រធាន​មជ្ឈមណ្ឌល​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ចង់​ឃើញ​តុលាការ​ក្រុង​ភ្នំពេញ​ចាត់ការ​ផ្លូវច្បាប់ ទៅលើ​ជនជាតិ​ចិន​ទាំង​១០​នាក់​នោះ ដោយ​គ្មាន​ការលើកលែង​ឬ​បន្ធូរ​បន្ថយទោស។

លោក យង់ គិមអេង៖ «ខ្ញុំ​យល់ថា រឿង​ដែល​តុលាការ​សំរេច​ឃុំខ្លួន​ជនជាតិ​ចិន​គឺជា​រឿង​ល្អ ប៉ុន្តែ​សំខាន់​បំផុត​ការ​ដាក់​ទោស​ទណ្ឌ គឺ​កុំឱ្យ​មានការ​បន្ធូរបន្ថយ​ទោស ត្រូវ​ផ្ដន្ទាទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​ទៅ​តាម​ទង្វើ​ដែល​ពួកគេ​បាន​ប្រព្រឹត្ត។ បើសិនជា​សាលក្រម​ដាក់ទោស​គាត់​រយៈពេល​២០​ឆ្នាំ​គឺ​ត្រូវ​ឱ្យ​គាត់​នៅក្នុង​គុក​២០​ឆ្នាំ​ហ្នឹង​ទៅ កុំឱ្យ​មានការ​បន្ធូរបន្ថយ​ទោស​ឬក៏​លើកលែងទោស»។

សមត្ថកិច្ច​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៤ តុលា បាន​ចុះ​បង្ក្រាប​ករណី​លួច​ផលិត​វីដេអូ​អាសអាភាស ក្នុង​អគារ​ខុន​ដូ​មួយ​កន្លែង​ឈ្មោះ វ៉ាវ ណាវ (Wow Now) ស្ថិត​នៅ​ក្នុង​ខណ្ឌ​បឹងកេងកង រាជធានី​ភ្នំពេញ ដោយ​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន និង​ខ្មែរ​ចំនួន​៤៥​នាក់​។ ប៉ុន្តែ​ក្រោយមក​សមត្ថកិច្ច​បាន​ដោះលែង​មនុស្ស​ចំនួន​៣៥​នាក់​វិញ ដោយ​អះអាង​ថា ពួកគេ​មិន​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការប្រព្រឹត្ត​បទល្មើស​នោះ​ទេ រីឯ​ជនជាតិ​ចំនួន​១០​នាក់ ក្នុង​ចំណោម​នោះ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ។

អ្នកជំនាញ​ផ្នែក​ច្បាប់ និង​ជា​មេធាវី លោក សុក សំអឿន ឱ្យ​ដឹង​ថា យោង​តាម​ការ​ចោទប្រកាន់​ពី​បទ​ស្ថាន​ទម្ងន់ទោស​នៃ​សញ្ចារកម្ម​ការ​ដឹកនាំ​ពេស្យាចារ រូបភាព​និង​សម្ភារ​អាសអាភាស តាម​មាត្រា​២៧​មាត្រា​២៩និង​មាត្រា​៣០ នៃ​ច្បាប់​ស្ដីពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​នោះ​ជនល្មើស​អាច​ជាប់​ពន្ធនាគារ​ពី ១៥​ឆ្នាំ​ឡើង​ទៅ ក៏ប៉ុន្តែ​ស្ថាន​ទម្ងន់​ទោស​អាច​ស្រាល ឬ​ធ្ងន់ គឺ​វា​អាស្រ័យ​លើ​ការប្រព្រឹត្ត​បទល្មើស​របស់​ពួកគេ​រៀងៗ​ខ្លួន។

លោក សុក សំអឿន លើក​ឡើង​ថា កម្ពុជា​មានច្បាប់​សម្រាប់​អនុវត្ត និង​ដាក់​ទោសទណ្ឌ​ទៅលើ​ជនល្មើស​ស្រេច​ទៅ​ហើយ ក៏ប៉ុន្តែ​អ្វី​ដែល​លោក​ព្រួយបារម្ភ​គឺ​នៅ​ត្រង់​ថា តើ​ការ​អនុវត្ត​ច្បាប់ អាច​ធ្វើ​បាន​ត្រឹមត្រូវ ឬក៏​យ៉ាងណា?

លោក សុក សំអឿន៖ «ខ្ញុំ​យល់ថា​ច្បាប់​យើង​មាន​ស្រេច​ទៅ​ហើយ មិនមែន​សំខាន់​ទៅលើ​ការ​ដាក់ទោស​ធ្ងន់​ឬក៏​មិន​ធ្ងន់​នោះ​ទេ សំខាន់​នៅ​លើ​ថា តើ​ការ​អនុវត្ត​ច្បាប់​នោះ​រឹងមាំ​ដែរ​ឬក៏​អត់​?បើ​ចង់ឱ្យ​រឹងមាំ​គឺ​ពេល​ចិន​ចូល​មក​ត្រូវ​ឱ្យ​ប៉ូលិស​តាមដាន​បន្ថែម ក៏ប៉ុន្តែ​កន្លង​មក​យើង​ឃើញ​ចិនៗ​ឱ្យ​តែ​ចូល​មក​ស្រុក​ខ្មែរ អាង​អ្នកធំ អាង​អី ដល់​អីចឹង​វា​មាន​បញ្ហា​សម្រាប់​អ្នក​អនុវត្តន៍​ច្បាប់​ដែរ»។

ចំណែក​អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា លោក​សូម​លើកទឹកចិត្ត​ដល់​តុលាការ​កម្ពុជា​ក្នុង​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​ជនបរទេស ដែល​បាន​ប្រព្រឹត្ត​ខុសច្បាប់​នៅ​កម្ពុជា​ក៏ប៉ុន្តែ​លោក​ចង់​ឃើញ​ការ​អនុវត្ត​ច្បាប់​នោះ ធ្វើឡើង​ឱ្យ​មាន​ប្រសិទ្ធភាព និង​ត្រឹមត្រូវ។

បណ្ឌិត ឡៅ ម៉ុងហៃ៖ «ជា​ការ​ល្អ​ហើយ​ដែល​តុលាការ​សំរេច​ដាក់​ទណ្ឌកម្ម​អីចឹង យើង​អនុវត្តន៍​ច្បាប់​របស់​ប្រទេស​យើង ទៅលើ​ជនជាតិ​បរទេស​ណាក៏ដោយ​ឱ្យ​តែ​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​លើ​ទឹកដី​ខ្មែរ។ ប៉ុន្តែ​សុំ​កុំ​ឱ្យ​តែ​បន្ធូរ​បន្ថយទោស​តែ​ប៉ុណ្ណឹង ពីព្រោះ​ពាក់ព័ន្ធ​និង​ស្ត្រីភេទ​គឺជា​ទោស​ធ្ងន់»។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ បាន​ទេ នៅ​ថ្ងៃទី៨ វិច្ឆិកា។

ករណី​សមត្ថកិច្ច​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​ឃាត់ខ្លួន​មនុស្ស​ចំនួន ៤៥​នាក់ កាលពី​ថ្ងៃទី​២៤ ខែ​តុលា គឺ​បន្ទាប់ពី​ស្ត្រី​ខ្មែរ​ពីរ​នាក់ ដែល​អះអាង​ថា ជា​ជនរងគ្រោះ​ក្នុង​សកម្មភាព​ថត​រឿង​អាសអាភាស​បាន​ដាក់​ពាក្យ​បណ្ដឹង ក្រោយពី​ពួកគេ​បានឃើញ​វីដេអូ​រឿង​អាសអាភាស​របស់​ខ្លួន ដែល​ថត​ជាមួយ​ជនបរទេស​ទាំងនោះ​ត្រូវ​បែកធ្លាយ​នៅ​លើ​បណ្ដាញ​សង្គម​(Facebook)​និង​ប្រព័ន្ធ​តេឡេក្រាម​(Telegram)​ព្រមទាំង​មាន​ការ​ចែកចាយ​តៗ​គ្នា​ជាច្រើន​ផង។

ស្រប​ពេល ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន លំហូរ​នៃ​ជនបរទេស​ជាពិសេស​ជនជាតិ​ចិន​មក​កម្ពុជា ក៏​មាន​កាន់តែ​ច្រើនឡើង ក្នុង​នោះ​រួមមាន​ទាំង​អ្នក​វិនិយោគ និង​ជនជាតិ​ចិន​ដែល​បង្ក​បទល្មើស ដែល​នាំមក​នូវ​បញ្ហា​អសន្តិសុខ​ដល់​កម្ពុជា​ផង​ដែរ។ បទល្មើស​ដែល​ជន​ជាតិចិន​ប្រព្រឹត្ត​នៅ​កម្ពុជា​មាន​ដូចជា​ការ​ចាប់​ជំរិត​មនុស្ស​ទារប្រាក់​តាម​ប្រព័ន្ធ​អនឡាញ ការ​ឆបោក ការ​ប្លន់​ប្រដាប់​អាវុធ ការ​បាញ់​បោះ​តាម​ទី​សាធារណៈ ការ​ជួញដូរ​គ្រឿងញៀន ឃាតកម្ម អំពើ​ពេស្យាចារ អំពើ​ហិង្សា និង​ចុង​ក្រោយនេះ​ការ​ថត​វីដេអូ​អាសអាភាស​ជាដើម។

ទង្វើ​របស់​ជនជាតិ​ចិន​មួយចំនួន​នេះ កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​និង​តំលៃ​វប្បធម៌​របស់​កម្ពុជា ថែមទាំង​ជា​ឧបសគ្គ​រាំងស្ទះ​សម្រាប់​កម្ពុជា​ក្នុង​ការ​អូសទាញ​វិនិយោគិន​បរទេស​ល្អៗ និង​ភ្ញៀវ​ទេសចរណ៍ មិន​ចង់​ចូល​មក​វិនិយោគ​និង​ទស្សនា​ប្រទេស​កម្ពុជា ដោយសារតែ​ពួកគេ​ខ្លាច​រអា​នឹង​បញ្ហា​អសន្តិសុខ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។