មន្ត្រី​បក្ស​ភ្លើងទៀន​ម្នាក់​ប្តឹង​ក្រសួង​អប់រំ​រឿង​លុប​ឈ្មោះ​ចេញ​ពី​ក្របខណ្ឌ​គ្រូ​ដោយ​អយុត្តិធម៌

មន្ត្រី​គណបក្ស​ភ្លើងទៀន​នៅ​ខេត្ត​បន្ទាយមានជ័យ​ម្នាក់​ប្តឹង​ក្រសួង អប់រំ យុវជន និង​កីឡា ទៅ​តុលាការ​ក្នុង​សំណុំ​រឿង​លុប​ឈ្មោះ​គាត់​ចេញ​ពី​ក្របខណ្ឌ​គ្រូបង្រៀន​ដោយ​អយុត្តិធម៌។ មន្ត្រី​សង្គមស៊ីវិល​យល់​ថា ការ​ដកហូត​ក្របខណ្ឌ​របស់​មន្រ្តី​រាជការ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​នោះ​ថា ជា​ការរើសអើង​ផ្នែក​នយោបាយ និង​រំលោភ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ដែល​ក្រសួង​អប់រំ​គួរ​តែ​ពិចារណា​ឡើង​វិញ។

គ្រូបង្រៀន​នៅ​វិទ្យាល័យ​សិរីសោភ័ណ​លោក ស៊ិន វត្ថា បាន​ប្តឹង​ក្រសួង​អប់រំ យុវជន​និង​កីឡា​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ដើម្បី​ទាមទារ​យុត្តិធម៌ និង​ក្របខណ្ឌ​មក​វិញ ពីព្រោះ​ការសម្រេច​របស់​ក្រសួង​អប់រំ​កន្លងទៅ​លោភ​អំណាច និង​ច្បាប់។

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​គណបក្ស​ភ្លើងទៀន​នៅ​ខេត្ត​បន្ទាយមានជ័យ​លោក ស៊ិន វត្ថា ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃ​ទី១៦ ខែកក្កដា ថា មូលហេតុ​ដែល​លោក​ប្តឹង​ទៅ​តុលាការ​ដោយសារ​តែ​លោក​មិន​សុខចិត្ត ចំពោះ​ការសម្រេច​របស់​ក្រសួង​អប់រំ​បាន​លុប​ឈ្មោះ​របស់​លោក​ចេញ​ពី​ក្របខណ្ឌ​គ្រូ​បង្រៀន ដោយ​មិន​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​នីតិវិធី​រដ្ឋបាល។ លោក ស៊ិន វត្ថា ស្នើសុំ​ឱ្យ​តុលាការ​ចាត់ការ​រឿង​នេះ​ដោយ​យុត្តិធម៌ ហើយ​ផ្តល់​ក្របខណ្ឌ​ដើម​ឱ្យ​លោក​មក​វិញ។

លោក ស៊ិន វត្ថា៖ «គេ​ឆ្ងល់​ហេតុ​អ្វី​កើត​អ៊ីចឹង​ចំពោះ​ខ្ញុំ​ដែល​អ្នក​លុប​ឈ្មោះ​ខ្ញុំ​មាន​ខួរក្បាល​មាន​វិចារណញ្ញាណ​ដែរ​ឬទេ ខ្ញុំ​អត់​មាន​កំហុស​អ្វី​នៅ​សាលា​ផង​ហ្នឹង ហើយ​មក​កាត់​ក្របខណ្ឌ​ចោល​មួយ​គឺ​មិន​ធម្មតា​ទេ ក្របខណ្ឌ​របស់​ខ្ញុំ​នេះ​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​ដោយ​ខ្ញុំ​ប្រឡង​ជាប់​ត្រឹម​ត្រូវ ហើយ​វិជ្ជាជីវៈ​គ្រូ​របស់​ខ្ញុំ​មិន​ដែល​មាន​បញ្ហា​អ្វី​ទេ អ៊ីចឹង​ខ្ញុំ​បញ្ជាក់​ថា​បើ​រក​កំហុស​ខ្ញុំ​មិន​ឃើញ​ទេ គឺ​ខ្ញុំ​សូម​ច្រាល​ចោល ហើយ​បើ​រើសអើង​ផ្នែក​នយោបាយ​សូម​យក​ច្បាប់​ណា​បញ្ជាក់​ឱ្យ​ច្បាស់​មក»។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​លោក ហង់ ជួនណារ៉ុន កាល​ពីថ្ងៃទី៨ ខែ​មិថុនា បាន​ប្រកាស​លុប​ឈ្មោះ​មន្ត្រី​គណបក្ស​ភ្លើងទៀន លោក ស៊ិន វត្ថា ដែល​បម្រើ​ការងារ​ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ ក្រោម​ហេតុផល​ថា គ្រូ​បង្រៀន​រូប​នេះ មាន​កំហុស​ឆ្គង​វិជ្ជាជីវៈ​ជា​មន្រ្តី​រាជការ។ ប៉ុន្តែ​លិខិត​របស់​លោក ហង់ ជួនណារ៉ុន មិន​បាន​បញ្ជាក់​ហេតុផល​ជាក់លាក់​ជុំវិញ​កំហុស​ឆ្គង​វិជ្ជាជីវៈ​ដែល​ឈាន​ដល់​ការ​លុប​ឈ្មោះ​លោក ស៊ិន វត្ថា ចេញ​ពី​ក្របខណ្ឌ​នេះ​ទេ។

ទោះជាយ៉ាង​ណា​ក្ដី លោក ស៊ិន វត្ថា អះអាង​ថា លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នេះ​ឡើយ។ លោក​បកស្រាយ​ថា ចាប់តាំង​ពី​លោក​ទទួល​បាន​ក្របខណ្ឌ​ជា​គ្រូបង្រៀន​មក គឺ​លោក​បាន​បំពេញ​ការងារ ដោយ​បង្រៀន​គ្រប់​ពេលវេលា មាន​សីលធម៌ និង​មិន​ដែល​មាន​បញ្ហា​ក្នុង​រឿង​ព្រហ្មទណ្ឌ ឬ​រដ្ឋប្បវេណី​នៅ​សាលា​នោះ​ទេ។ ក្នុង​ពាក្យ​បណ្តឹង​ផ្ញើ​ជូន​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី១៤ ខែ​កក្កដា បញ្ជាក់​ថា ទោះបី​លោក​ជា​សមាជិក​គណបក្ស​ភ្លើងទៀន​នៅ​ខេត្ត​បន្ទាយមានជ័យ​ក៏​ដោយ ក៏​លោក​មិន​ដែល​យក​ម៉ោង ឬ​កេង​ម៉ោង​បង្រៀន​ទៅ​បម្រើ​ឱ្យ​គណបក្ស​ណាមួយ​ឡើយ ពោល​គឺ​លោក​ធ្វើ​សកម្មភាព​នយោបាយ​តែ​ថ្ងៃ​ឈប់​សម្រាក​ដែល​ស្រប​ទៅ​នឹង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​តែ​ប៉ុណ្ណោះ។

លោក ស៊ិន វត្ថា ចាត់ទុក​ការ​លុប​ឈ្មោះ​ចេញ​ក្របខណ្ឌ​នេះ​រំលោភ​នីតិវិធី​ព្រហ្មទណ្ឌ​រដ្ឋបាល​នៅ​តាម​ស្ថាប័ន​ឯកជន ឬ​ស្ថាប័ន​រដ្ឋ​ដែល​ត្រូវ​ធ្វើ​តាម​នីតិវិធី​ដោយ​ផ្តល់​សិទ្ធិ​និង​ពេលវេលា​ឱ្យ​ភាគី​ដឹង​មូលហេតុ និង​បាន​តតាំង រួម​ទាំង​ការពារ​ខ្លួន​ជា​មុន​ ផ្ទុយទៅវិញ​ការសម្រេច​របស់​ក្រសួង​អប់រំ​កន្លងមក​នេះ​លោក​មិន​ដែល​បាន​ថ្នាក់លើ​កោះ​ហៅ​ទៅ​ប្រជុំ ឬ​ព្រមាន​ម្តង​ណា​ឡើយ ហើយ​ក្រសួង​មិន​ដែល​ប្រគល់​ប្រកាស​ទាក់ទង​នឹង​ការ​លុប​ឈ្មោះ​លោក​ជា​ផ្លូវការ​ម្តង​ណា​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរអប់រំ​ខេត្ត​បន្ទាយមានជ័យ​លោក ឈូ ប៉ុនរឿង និង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ​នៅ​ថ្ងៃ​ទី១៦ ខែ​កក្កដា។

យ៉ាងហោចណាស់​មន្ត្រី​គណបក្ស​ភ្លើងទៀន​ចំនួន៥នាក់ ត្រូវ​បាន​រដ្ឋាភិបាល​ឯកបក្ស​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ។ ក្រៅពី​នេះ លោក រ៉ុង ឈុន និង​អតីត​សកម្មជន​បក្ស​សង្គ្រោះជាតិ​ជាង​១០នាក់​ក៏​ត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន សែន លុប​ឈ្មោះ​បុគ្គលិក​អប់រំ និង​គ្រូបង្រៀន​ចេញ​ពី​ក្របខណ្ឌ​រដ្ឋ​ដែរ កាល​ពី​ឆ្នាំ២០១៨។ ផ្ទុយ​ទៅវិញ​រដ្ឋាភិបាល​ឯកបក្ស​បាន​ផ្តល់​ក្របខណ្ឌ​រដ្ឋ​ឱ្យ​សមាជិក​បក្ស​ប្រឆាំង​រូប​ណា​ដែល​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​វិញ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​អ្នកស្រី អ៊ុក ឆាយ៉ាវី មើលឃើញ​ថា​បច្ចុប្បន្ន​គ្រូបង្រៀន​នៅ​តាម​ខេត្ត​មួយចំនួន​កំពុង​រង​ការ​គំរាម​កំហែង​រឹតត្បិត​សិទ្ធិ​សេរីភាព​គួរ​ឱ្យ​ព្រួយ​បារម្ភ។ អ្នកស្រី​បន្ត​ថា រដ្ឋាភិបាល​តែងតែ​យក​លេស​ចោទប្រកាន់​រឿង​កំហុស​ឆ្គង​វិជ្ជាជីវៈ​ដើម្បី​លុប​ក្របខណ្ឌ​ចំពោះ​មន្រ្តី​រាជការ​ស៊ីវិល​រូប​ណា​ដែល​មាន​និន្នាការ​មិន​ស្រប​នឹង​រដ្ឋាភិបាល ឬ​រក្សា​ជំហរ​មិន​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច​ជា​ដើម។ អ្នកស្រី​ចាត់ទុក​ទង្វើ​បែប​នេះ​ថា​ជា​សកម្មភាព​រើសអើង​នយោបាយ និង​រំលោភ​សិទ្ធិ​របស់​មន្ត្រី​រាជការ។

អ្នកស្រី អ៊ុក ឆាយ៉ាវី យល់​ថា ករណី​បណ្តេញ​លោក ស៊ិន វត្ថា ចេញ​ពី​ក្របខណ្ឌ​នោះ​​បាន​អនុវត្ត​ផ្ទុយ​នឹង​ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល។ អ្នកស្រី​ថា​ទោះបី​ប្រព័ន្ធ​តុលាការ​នឹង​មិន​ផ្តល់​យុត្តិធម៌​ក៏​ដោយ ក៏​អ្នកស្រី​គាំទ្រ​ចំពោះ​លោក ស៊ិន វត្ថា ដែល​នៅតែ​ជំហរ​មុតមាំ​ក្នុង​ការ​បង្ហាញ​ភាព​ស្អាតស្អំ​ដើម្បី​ទាមទារ​ក្របខណ្ឌ​ត្រឡប់​មក​វិញ។

អ្នកស្រី អ៊ុក ឆាយ៉ាវី៖ «បើ​សិន​ជា​ទង្វើ​នៃ​ការ​លុប​ឈ្មោះ​ជា​ប្រព័ន្ធ​បែប​នេះ គឺ​ហាក់​បីដូច​ជា​ធ្វើ​ឱ្យ​វិស័យ​អប់រំ​ហ្នឹង​វា​កាន់​តែ​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ​ហើយ អ៊ីចឹង​ក្រសួង​អប់រំ​ត្រូវ​បោះបង់​ចោល​ទៅ​ការ​លាប​ពណ៌ ការ​បិទ​សិទ្ធិ​សេរីភាព​របស់​គេ​នេះ​គឺ​គ្មាន​អ្វី​ប្រសើរ​នោះ​ទេ ថ្ងៃនេះ​អ្នក​អាច​ធ្វើ​បាន​តែ​ថ្ងៃ​ក្រោយ​អ្នក​នឹង​មាន​វិប្បដិសារី»។

លោក ស៊ិន វត្ថា រៀនចប់​ថ្នាក់​បរិញ្ញាបត្រ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ។ លោក​បាន​ចូល​បម្រើ​ការងារ​ជា​គ្រូបង្រៀន​អស់​រយៈពេល១៦ឆ្នាំ គឺ​គិត​ចាប់​ពី​ឆ្នាំ២០០៧​រហូត​មក។ លោក​ជា​គ្រូបង្រៀន​មុខវិជ្ជា​សីលធម៌ និង​ពលរដ្ឋ​នៅ​វិទ្យាល័យ​សិរីសោភ័ណ ខេត្ត​បន្ទាយ​មានជ័យ។ ក្រៅ​ពី​ការងារ​មន្ត្រី​រាជការ លោក​បាន​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​នៅ​មុន​ពេល​តុលាការ​កំពូល​រំលាយ​គណបក្ស​នេះ​កាល​ពី​ឆ្នាំ២០១៧។ បច្ចុប្បន្ន​លោក ស៊ិន វត្ថា ឈរ​ឈ្មោះ​តំណាង​រាស្រ្ត​លេខរៀងទី៣​នៃ​គណបក្ស​ភ្លើងទៀន​នៅ​ក្នុង​បញ្ជី​បោះឆ្នោត។ ក៏ប៉ុន្តែ គណបក្ស​ភ្លើងទៀន មិន​ត្រូវ​បាន​ គ.ជ.ប អនុញ្ញាត​ឱ្យ​ចូលរួម​ការបោះឆ្នោត​ថ្ងៃទី២៣ ខែកក្កដា នេះ​ឡើយ។

មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​ក្រសួង​អប់រំ​ពិចារណា​ផ្តល់​ក្របខណ្ឌ​ដល់​ក្រុម​គ្រូបង្រៀន​នោះ​វិញ ដោយសារ​គាត់​ជា​ធនធាន​មនុស្ស​ដ៏​សំខាន់ និង​មាន​សក្ដានុពល​ក្នុង​ការរួម​ចំណែក​អភិវឌ្ឍ​វិស័យ​អប់រំ និង​ផ្តល់​ប្រយោជន៍​ដល់​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។