ស៊ីម៉ាក់បញ្ចប់វគ្គហ្វឹកហ្វឺនរាវរកមីនក្នុងបាតសមុទ្រនិងទន្លេ
2013.02.28

បុគ្គលិកចំនួន ១៣នាក់ក្នុងចំណោមអ្នកហ្វឹកហ្វឺនសរុបជាង ៤០នាក់នោះ បានទទួលសញ្ញាបត្រពីលោក វីល្លៀម ថត នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនរយៈពេល ៤សប្ដាហ៍កន្លងមក។ វគ្គហ្វឹកហ្វឺននេះ បានគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈក្រសួងការពារជាតិសហរដ្ឋអាមេរិក។
មន្ត្រីជាន់ខ្ពស់របស់មជ្ឈមណ្ឌលបោសសំអាតគ្រាប់មីនកម្ពុជា ស៊ីម៉ាក់ បានមានប្រសាសន៍នៅថ្ងៃទី២៨ ខែកុម្ភៈ ថា ក្រុមជំនាញមុជទឹករាវរកគ្រាប់មីននៅបាតសមុទ្រ បាតទន្លេ និងបាតស្ទឹង ជាដើមនោះ នឹងត្រូវបានប្រើប្រាស់នៅថ្ងៃអនាគត នៅគ្រាដែលការសិក្សាស្រាវជ្រាវកន្លងមកថា គ្រាប់មិនទាន់ផ្ទុះ និងគ្រាប់បែកដែលគេបោះបង់ចោលកន្លងមក បានកប់នៅបាតទន្លេ និងបាតសមុទ្រនៅពេលគម្រោងសាងសង់ស្ពានត្រូវគេប្រទះឃើញ។
គ្រាប់ទាំងនោះ បានរារាំងដល់ដំណើរការសាងសង់ស្ពាន និងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ឬប្រឡាយទឹកជាដើម។
បុគ្គលិកចំនួន ១៣នាក់ របស់ស៊ីម៉ាក់ ដែលបានទទួលការហ្វឹកហ្វឺនជំនាញខាងមុជទឹករាវរកគ្រាប់មិនទាន់ផ្ទុះនោះ គឺមានសមត្ថភាពមុជទឹកជម្រៅជាង ២០ម៉ែត្រ និងហែលទឹកចម្ងាយ ២.០០០ម៉ែត្រ នៅក្នុងសមុទ្រ និងទន្លេ ដោយមិនឈប់សម្រាក។
អគ្គនាយកនៃមជ្ឈមណ្ឌលបោសសំអាតគ្រាប់មីនកម្ពុជា ស៊ីម៉ាក់ លោក ហេង រតនា និងជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា អ្នកជំនាញខាងមុជទឹករាវរកគ្រាប់មិនទាន់ផ្ទុះនោះ គឺមានសារៈសំខាន់ណាស់សម្រាប់ការបោសសំអាតគ្រាប់មិនទាន់ផ្ទុះ។ វគ្គហ្វឹកហ្វឺនលើកដំបូងនេះ បានកើតមានឡើងក្រោយពីមានកិច្ចចរចារយៈពេលយូរកន្លងមក ជាមួយភាគីសហរដ្ឋអាមេរិក។
លោក ហេង រតនា៖ «បន្តបន្ទាប់ទៀត គាត់នឹងរៀនអំពីការប្រើប្រាស់ឧបករណ៍រាវមីននៅក្រោមទឹកជាដើម គេហៅ blind search មួយចំនួនទៀត ពីព្រោះនៅក្រោមទឹកកន្លែងខ្លះ រកអ្វីអត់ឃើញទេ គឺងងឹតឈឹងតែម្តង។ អីចឹងមិនអាចប្រើឧបករណ៍អ្វីបានក្រៅពី blind search បានន័យថា រាវដោយបិទភ្នែក។ តើរបៀបធ្វើអីចឹង ត្រូវធ្វើរបៀបម៉េច? រកយ៉ាងម៉េច ឃើញគ្រាប់ហ្នឹង»។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅប្រទេសកម្ពុជា លោក វីល្លៀម ថត បានមានប្រសាសន៍ថា បុរស និងស្ត្រីនៅទីនេះ បានធ្វើអ្វីៗសម្រាប់ប្រទេសជាតិ ដូចប្រសាសន៍របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចន អេហ្វ ឃិននេឌី (John F Kennedy) បានមានប្រសាសន៍ថា នៅពេលដែលប្រទេសជាតិមិនអាចជួយអ្នកបាន លោកអ្នកត្រូវជួយប្រទេសជាតិខ្លួនឯងវិញ៖ «បុរស និងស្ត្រីនៅទីនេះ បានធ្វើអ្វីៗសម្រាប់ប្រទេសជាតិ និងបានប្រឹងប្រែងដើម្បីឲ្យប្រទេសកម្ពុជា ប្រកបដោយសុវត្ថិភាព និងធ្វើឲ្យកម្ពុជា ក្លាយជាទីកន្លែងល្អ មានសុវត្ថិភាពសម្រាប់កូនចៅនៅជំនាន់ក្រោយៗទៀត»។
ជាមួយគ្នានេះ បុគ្គលិកស៊ីម៉ាក់ ម្នាក់ នៅក្នុងចំណោម ១៣នាក់ ដែលបានបញ្ចប់វគ្គហ្វឹកហ្វឺនមុជទឹករាវរកគ្រាប់មិនទាន់ផ្ទុះ លោក ដុស ផល្លារ អាយុ ៤០ឆ្នាំ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ថា ការហ្វឹកហ្វឺននេះបានឆ្លងកាត់វិញ្ញាសាលំបាកច្រើនណាស់៖ «ទីគឺគេឲ្យយើងរកជា ដាក់សម្ភារៈអ្វីនៅក្រោមទឹក គេអត់ប្រាប់យើងមុនទេ គេឲ្យយើងរក។ គេឲ្យយើងរកដំបូងហ្នឹង យើងអាចរកនៅក្នុងទឹកថ្លា ពីព្រោះនៅក្នុងទឹកសមុទ្រ យើងអាចមើលឃើញពីជម្រៅ ៣ម ៤ម ទៅ ៥ម។ ប៉ុន្តែ ដល់ក្រោយមក យើងចេះបច្ចេកទេសទាំងអស់ហ្នឹងហើយ គេឲ្យយើងពាក់វ៉ែនតាខ្មៅ គេប្រៀបធៀបដូចថាទឹកទន្លេមេគង្គ ឬទឹកទន្លេសាប វាងងឹតមើលអ្វីអត់ឃើញអីចឹង។ បិទវ៉ែនតាខ្មៅអត់ឲ្យយើងមើលអ្វីឃើញ។ ចុះទៅរកសម្ភារៈដែលគេដាក់នៅហ្នឹង មានគ្រាប់ មានសម្ភារៈអ្វីផ្សេងៗ»។
របាយការណ៍របស់ស៊ីម៉ាក់ បានឲ្យដឹងថា ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ ស៊ីម៉ាក់ បានបោសសំអាតគ្រាប់មីនចំនួន ២លាន ៣សែនគ្រាប់ នៅលើផ្ទៃដីសរុបចំនួនជាង ២ពាន់គីឡូម៉ែត្រក្រឡា។ ការសិក្សាថ្មីមួយបានឲ្យដឹងថា កម្ពុជា នៅមានគ្រាប់មីនមិនទាន់ផ្ទុះនៅលើផ្ទៃដីសរុបចំនួន ១.៧០០គីឡូម៉ែត្រក្រឡាទៀត។
ការសិក្សាស្រាវជ្រាវ បានឲ្យដឹងថា គ្រាប់បែកដែលសហរដ្ឋអាមេរិក បានទម្លាក់នៅកម្ពុជា កាលពីសម័យសង្គ្រាមទសវត្សរ៍ឆ្នាំ១៩៧០ កន្លងមក មានចំនួន ២០០កន្លែង។ ទូករបស់ទាហាន លន់ នល់ ដែលផ្ទុកគ្រាប់ ហើយត្រូវបានទាហានខ្មែរក្រហមបានបាញ់ពន្លិចនៅច្រើនពាន់កន្លែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។