មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់/CMAC) អំពាវនាវឲ្យប្រជាពលរដ្ឋបញ្ឈប់ការយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលសេសសល់ពីសម័យសង្គ្រាមទៅប្រើប្រាស់ ឬកែច្នៃធ្វើជាឧបករណ៍ផ្សេងៗ ដែលនាំឲ្យគ្រោះថ្នាក់ដល់ជីវិត។
អគ្គនាយក ស៊ីម៉ាក់ លោក ហេង រតនា ប្រាប់កាសែតភ្នំពេញប៉ុស្ត៍ កាលពីថ្ងៃទី២៩ មិថុនាថា ការយកគ្រាប់សំណល់ពីសង្គ្រាមមកកែច្នៃធ្វើជាឧបករណ៍ប្រើប្រាស់ផ្សេងៗ នេះ ក្រៅពីគ្រោះថ្នាក់ដល់អាយុជីវិត ករណីនេះជាអំពើល្មើសច្បាប់ទៀតផង។
ការថ្លែងបែបនេះ ក្រោយពីបុរសម្នាក់ឈ្មោះ អ៊ី សារិន អាយុ ៥១ឆ្នាំ រស់នៅភូមិត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល បានរើសយកក្បាលគ្រាប់មិនទាន់ផ្ទុះគំនរអេតចាយមួយនៅក្បែររោងសិប្បកម្មជាលក្ខណៈគ្រួសាររបស់គាត់នោះ ទៅកែច្នៃធ្វើជាគ្រឿងបន្លាស់គ្រឿងយន្តកសិកម្មបណ្ដាលឲ្យផ្ទុះស្លាប់នៅនឹងកន្លែង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០។
ក្រោយការផ្ទុះគ្រាប់នោះភា្លមៗ សមត្ថកិច្ចខេត្តកណ្ដាលបានទៅពិនិត្យមើលទីតាំងគំនរអេតចាយនោះ ហើយអះអាងថា បានរកឃើញក្បាលគ្រាប់កាំភ្លើងធំប្រភេទ ១០៥មិល្លីម៉ែត្រចំនួន ២គ្រាប់ថែមទៀតនៅសេសសល់ក្នុងគំនរអេតចាយនោះ ដើម្បីទុកប្រគល់ឲ្យមន្ត្រីជំនាញនាំយកទៅកម្ទេចចោល។
រាយការណ៍សមត្ថកិច្ចខេត្តបាត់ដំបងឲ្យដឹងថា នៅស្រុក រុក្ខគិរីថ្មីៗ នេះ ក៏មានករណីបើកត្រាក់ទ័រភ្ជួរដីស្រែកិនលើគ្រាប់មីនតោន ១គ្រាប់ បណ្ដាលឲ្យផ្ទុះដាច់ជើងបុរសម្នាក់ ហើយត្រាក់ទ័រត្រូវខូចខាតទាំងស្រុង។ អាជ្ញាធរបានជួយជនរងគ្រោះដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តបាត់ដំបង។
របាយការណ៍ ១០ខែ ឆ្នាំ២០១៩ របស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ឬស៊ីអឹមអេអេ (CMAA) បង្ហាញថា ចំនួនអ្នកស្លាប់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះមានចំនួន ៧១លើក កើនឡើង ៤២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨។ របាយការណ៍ដដែលបន្តថា មានមនុស្សស្លាប់ដោយសារគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ១១នាក់ និង ៦០នាក់ផ្សេងទៀតបានរងរបួស ឬដាច់អវយវៈ។
គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានសម្លាប់មនុស្សចំនួនជិត ២ម៉ឺននាក់ (១៩.៧៧៩) នាក់ និងបណ្ដាលឱ្យអ្នក រងរបួសចំនួនជាង ៤ម៉ឺននាក់ (៤៥.០៧០) គិតចាប់តាំងពីឆ្នាំ១៩៧៩ ដល់ខែតុលាឆ្នាំ២០១៩។
ទោះយ៉ាងក្តី រដ្ឋាភិបាលធ្លាប់បានប្ដេជ្ញាថា នឹងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលគ្មានមីននៅឆ្នាំ២០២៥ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។