ក្រុមអាជីវករ និងប្រជាពលរដ្ឋដែលរកទិញត្រីសម្រាប់ធ្វើប្រហុក ឬផ្អកនៅខេត្តកំពង់ឆ្នាំង ត្អូញត្អែរពីបញ្ហាត្រីមិនសូវសម្បូរ និងតម្លៃថ្លៃជាងកាលពីឆ្នាំទៅ។ ពួកគេបារម្ភថា ត្រីនៅបឹងទន្លេសាប ឬព្រែកនានា កាន់តែខ្សត់ទៅនៅរដូវនេសាទឆ្នាំក្រោយៗទៀត បើបញ្ហាបំពុលទឹក បម្រែបម្រួលអាកាសធាតុ និងបទល្មើសនេសាទប្រើឧបករណ៍ទំនើបនៅតែបន្តកើតមានច្រើន។
អ្នករកទិញត្រីតាមកំពង់ផែ នៃខេត្តកំពង់ឆ្នាំង ឲ្យដឹងថា ត្រីសម្រាប់ធ្វើប្រហុក ឬផ្អកចាប់ផ្ដើមត្រូវតាំងពីថ្ងៃ ១កើត ខែមិគសិរ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ប៉ុន្តែត្រីត្រូវក្នុងមួយថ្ងៃៗ មិនសូវច្រើន និងសម្បូរត្រីល្អិត។
គិតត្រឹមថ្ងៃទី២១ ខែធ្នូ ត្រីប្រហុកប្រភេទត្រីចម្រុះមានតម្លៃចន្លោះពី ៦៥០រៀល ទៅ ១.៨០០រៀលក្នុង ១គីឡូក្រាម និងប្រភេទត្រីរៀលធ្វើរួចមានតម្លៃចន្លោះពី ២.៥០០រៀល ទៅ ៥.០០០រៀល ក្នុងមួយគីឡូក្រាម។ បញ្ហាត្រីមិនសម្បូរ និងតម្លៃថ្លៃនេះ បានធ្វើឲ្យប្រជាពលរដ្ឋមកពីស្រុកនានា នៃខេត្តកំពង់ឆ្នាំង ឬពីតាមខេត្តផ្សេងៗ ត្អូញត្អែររឿងទិញត្រីមិនសូវបានច្រើន។
អាជីវករទទួលទិញត្រីផ្ទាល់ពីអ្នកនេសាទមកលក់នៅកំពង់ផែកំពង់ប្រាសាទ ស្រុកកំពង់ត្រឡាច គឺលោកស្រី គឹម ស្រៀង មានប្រសាសន៍ថា លោកស្រី និងអាជីវករ ៦នាក់ផ្សេងទៀត នាំគ្នាទិញត្រីប្រភេទចម្រុះសម្រាប់លក់បន្តឲ្យពលរដ្ឋក្នុងម្នាក់ៗប្រមាណ ៣តោនក្នុងមួយថ្ងៃ។
លោកស្រីថា ឆ្នាំនេះអ្នកនេសាទរកត្រីមិនសូវបានទើបលក់ឲ្យគាត់ថ្លៃ ហើយដើម្បីចំណេញតិចតួចគាត់ត្រូវលក់ឲ្យប្រជាពលរដ្ឋថ្លៃតាមនោះដែរ៖ «ខុសពីឆ្នាំមុន! ឆ្នាំមុនមួយគីឡូក្រាមតម្លៃតែ ៨០០រៀល ទៅ ១.០០០រៀលទេ ឆ្នាំនេះដល់ ១.៥០០ ទៅ ១.៦០០រៀល (ត្រីប្រភេទល្អិតចម្រុះ)។ មានការព្រួយបារម្ភក្រែងតិចទៀតទៅអត់សូវមានត្រីអ៊ីចឹងទៅណា! (ជិន ជេដ្ឋា៖ តើបងជាឈ្មួញកណ្ដាលអីចឹងមានការលំបាកអីទេ?) ចាស! មានការលំបាកដែរ ដល់ខាងអ្នកនេសាទគេរកមិនសូវបានហើយយើងលក់ក៏លំបាកដែរ»។

ចំណែកពលរដ្ឋម្នាក់មកពីស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង គឺលោក អ៊ុច ពឿន ឲ្យដឹងថា រូបលោក និងអ្នកភូមិជាច្រើននាក់ទៀតបានបរគោយន្តដឹកចានឆ្នាំងត្រៀមដាំបាយហូប រង់ចាំទិញត្រីធ្វើប្រហុកនៅកំពង់ផែកំពង់ប្រាសាទ រយៈពេលពីរ ឬបីថ្ងៃ។ មុនមកធ្វើប្រហុកលោកឮគេនិយាយ និងមើលទូរទស្សន៍ថា ត្រីត្រូវច្រើន ប៉ុន្តែមកដល់កំពង់ផែជាក់ស្ដែង គឺត្រីមិនសូវសម្បូរ និងមានតម្លៃថ្លៃ៖ «ខ្ញុំមកពីភូមិរពាក់ ឃុំអភិវឌ្ឍន៍! មួយគោយន្តហ្នឹងមានគ្នាប្រាំមួយ ឬប្រាំពីរនាក់ទេ តែមកច្រើនគោយន្តដែរ។ ទើបមកដល់ថ្ងៃនេះ មើលឃើញថា ត្រីឆ្នាំនេះខ្សត់ជាងរាល់ឆ្នាំ ត្រីល្អិតស្មេញ»។
ងាកមកកំពង់ផែផ្សារក្រោម ក្រុងកំពង់ឆ្នាំង វិញ។ មានប្រជាពលរដ្ឋជាច្រើនធ្វើដំណើរតាមឡានរ៉ឺម៉ក និងម៉ូតូកាន់ជាល និងការុងទុកសម្រាប់ច្រកត្រីប្រហុក ប៉ុន្តែពួកគេខ្លះខកចិត្តពេលមកដល់កំពង់ផែដឹងថា ត្រីថ្លៃ ហើយមិនសូវល្អទៀត។ អាជីវករ និងប្រជាពលរដ្ឋបង្ខំចិត្តទិញត្រីក្នុងតម្លៃថ្លៃ ដើម្បីធ្វើប្រហុកទុកហូបប្រចាំឆ្នាំ ឬលក់ដូរនៅឆ្នាំក្រោយ ព្រោះខ្លាចត្រីលែងត្រូវនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ។
កំពុងអង្គុយច្របល់អំបិលជាមួយត្រីប្រហុកទើបទិញបាននៅមាត់ទន្លេផ្សារក្រោម គឺលោកស្រី រស់ ចន្ថា ឲ្យដឹងថា ជាច្រើនថ្ងៃហើយដែលរូបគាត់ និងអ្នកភូមិមកពីស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រង់ចាំទិញត្រីធ្វើប្រហុក និងផ្អកទុកលក់។ លោកស្រីធ្លាប់ចំណាយដើមទុន ៣ពាន់ដុល្លារទិញត្រីបានប្រមាណ ៥តោន ប៉ុន្តែឆ្នាំនេះទិញបានជាង ២តោនប៉ុណ្ណោះ ហើយលោកស្រីចេញទៅផ្ទះវិញពីរ ឬបីថ្ងៃទៀត៖ «ត្រីថ្លៃឡើង ៦ពាន់ហើយមិនដឹងលក់យ៉ាងម៉េចទេ! ចេះតែលក់តាមហ្នឹងទៅធ្វើម៉េចវាអត់ហើយ។ ឥឡូវទិញអស់ ២.៥០០ដុល្លារហើយ បានតែត្រីប្រហុក ៩បេ ហើយត្រីប្រឡាក់បានតែពីរបេទេ»។
តំណាងបណ្ដាញអ្នកនេសាទបឹងទន្លេសាប និងអង្គការក្រៅរដ្ឋាភិបាលធ្វើការលើវិស័យជលផលអះអាងស្រដៀងគ្នាថា ទិន្នផលត្រីនៅរដូវនេសាទឆ្នាំ២០១៥-២០១៦ មានការថយចុះច្រើន ដោយសារកត្តាកម្រិតទឹកទន្លេទាប បម្រែបម្រួលអាកាសធាតុ និងបញ្ហាបទល្មើសពុំមានការថយចុះជាដើម។
មន្ត្រីអង្គការហ្វេកខ៍ (Fact) ប្រចាំតំបន់បឹងទន្លេសាបរកឃើញថា ប្រជានេសាទដែលធ្លាប់តែចាប់ត្រីបានចន្លោះពី ១៥ ទៅ ២០គីឡូក្រាមក្នុងមួយថ្ងៃ ប៉ុន្តែនៅឆ្នាំនេះចាប់បានចន្លោះពី៥ ទៅ ៨គីឡូក្រាមប៉ុណ្ណោះ បើប្រៀបធៀបរយៈពេលនៃថ្ងៃត្រីត្រូវដូចគ្នានោះ។
មន្ត្រីសម្របសម្រួលសហគមន៍ប្រចាំតំបន់បឹងទន្លេសាប នៃអង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផល អ្នកស្រី នូ សារឹម បានបង្ហាញរបាយការណ៍ដែលសម្ភាសអាជ្ញាធរ និងភាគីពាក់ព័ន្ធទាក់ទងនឹងការនេសាទត្រីបង្ហាញថា ទិន្នផលត្រីឆ្នាំនេះថយចុះ។
អ្នកស្រីថា ប្រជានេសាទកំពុងត្អូញត្អែរពីបញ្ហាខ្សត់ត្រី ខណៈការបំផ្លាញព្រៃលិចទឹក និងបទល្មើសគ្រប់ប្រភេទនៅតែបន្តកើតមាន៖ «ឧបករណ៍នេសាទខុសច្បាប់កាន់តែច្រើនទៅៗ វាអត់ឃើញថា ថយចុះត្រង់កន្លែងណាសោះ នៅតែមានពេញទឹកពេញដី។ ខ្ញុំមានរបាយការណ៍នៅក្នុងរដូវនេះ ដោយយកចម្លើយគាត់ឆ្លើយមកទៅប្រៀបធៀបនឹងឆ្នាំ២០១៤ ឃើញថា កាលឆ្នាំ២០១៤ គាត់រកបានច្រើនជាងឆ្នាំ២០១៥ នេះ»។
នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក សោម ភិរុណ មិនទាន់អាចសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ ដោយទូរស័ព្ទចូលហើយពុំមានអ្នកទទួល។ ប៉ុន្តែលោកធ្លាប់បញ្ជាក់នៅដើមរដូវនេសាទឆ្នាំនេះថា ត្រីមិនសូវធំធាត់ដោយសារកម្រិតទឹកទន្លេទាប ប៉ុន្តែចំពោះទិន្នផលត្រីថយចុះ ឬកើនឡើងកម្រិតណានោះលោកមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេ។
កាលពីឆ្នាំ២០១៤ អាជ្ញាធរបឹងទន្លេសាប និងជំនាញជលផលថា ធនធានត្រីសម្រាប់ធ្វើប្រហុក ឬផ្អកខ្សត់ជាងឆ្នាំ២០១៣។ តម្លៃត្រីប្រហុកកាលណោះមានចន្លោះពី ១.០០០រៀល ទៅ ១.៥០០រៀល ហើយត្រីប្រហុកប្រភេទត្រីរៀលធ្វើរួចមានចន្លោះពី ២.៤០០រៀល ទៅជាង ៣.០០០រៀលក្នុងមួយគីឡូក្រាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។