បញ្ហាកម្មករជិះរថយន្តប្រជ្រៀតគ្នាដូចម្រាមដៃ និងកម្មករស្នាក់នៅបន្ទប់ជួលផ្តុំគ្នាច្រើន ដែលជាហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩ នៅ តែគ្មានដំណោះស្រាយ បើទោះបីជាគណៈកម្មការប្រឹក្សាការងារ បានកែសម្រួលលក្ខខណ្ឌការងារនៅតាមរោងចក្រខ្លះក៏ដោយ។
មន្ត្រីសង្គមស៊ីវិលបារម្ភថា ការមិនយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ នឹងធ្វើឱ្យកម្មករនៅតែបន្តប្រឈមគ្រោះថ្នាក់ខ្ពស់ និងវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេសនឹងមិនទទួលជោគជ័យនោះឡើយ។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី៦ ខែឧសភា មានរោងចក្រចំនួន ៣៨០ ដែលមានកម្មករឆ្លងជំងឺកូវីដ-១៩។ ចំនួននេះ មិនរាប់បញ្ចូលរោងចក្រប្រមាណ ៧០ រោងចក្រទៀត នៅខេត្តកណ្ដាល តាកែវ និងក្រុងព្រះសីហនុ ដែលមានកម្មករឆ្លងជំងឺនេះដែរ។ អ្នកនាំពាក្យក្រសួងការងារ ថាត្រឹមចុងខែ មេសា មានកម្មករជិត ១,៧០០ នាក់ឆ្លងជំងឺនេះ។
ការឆ្លងរាលដាលខ្លាំងដល់កម្មកររាប់រយរោងចក្រនេះ កើតមានឡើងក្រោយរដ្ឋាភិបាល និងភាគីថៅកែរោងចក្រ រងការរិះគន់ថា មិនបានរិះរករកមធ្យោបាយសមស្រប និងទាន់ពេលវេលា ក្នុងការកាត់បន្ថយការជិះរថយន្តប្រជ្រៀតគ្នាទៅធ្វើការ និងមិនបានជួយសម្រួលលក្ខខណ្ឌរស់នៅផ្តុំគ្នាតាមផ្ទះជួល និងការប្រមូលផ្តុំគ្នានៅតាមរោងចក្រ ក្នុងស្ថានភាពដែលជំងឺកូវីដ-១៩ កំពុងវាយលុកខ្លាំងនៅពេញផ្ទៃប្រទេស។
សូម្បីតែការឆ្លងជំងឺនេះ កើតឡើងមួយថ្ងៃរាប់រយករណី ក៏រដ្ឋាភិបាលនៅតែបណ្ដែតបណ្ដោយឱ្យកម្មកររោងចក្របន្តប្រឈមហានិភ័យនេះ តាមយថាកម្ម។ មន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិការងារ និងមន្ត្រីសហជីពឯករាជ្យ ធ្លាប់បានអំពាវនាវជាច្រើនលើកច្រើនគ្រា ឱ្យរដ្ឋាភិបាល និងភាគីពាក់ព័ន្ធជួយដោះស្រាយរឿងនេះ ប៉ុន្តែ ជាលទ្ធផលគ្មានដំណោះស្រាយអ្វីទាំងអស់។
បន្ទាប់ពីឃើញមានការឆ្លងកាន់តែខ្លាំងឡើង ទើបមន្ត្រីនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន និងតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាអ្នកស្រី លី អៃឡែន (Li Ailan) ទទួលស្គាល់ថា បទពិសោធន៍នៃការចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ២០ កុម្ភៈ បង្ហាញមេរៀនគួរឱ្យឈឺចាប់មួយ គឺករណីឆ្លងនេះ មានកើតច្រើនក្នុងចំណោមកម្មកររោងចក្រនេះ។ អ្នកស្រី ឱ វណ្ឌឌីន ថ្លែងតាមបណ្ដាញផ្សព្វផ្សាយក្នុងស្រុក កាលពីថ្ងៃទី៤ ខែឧសភា ថាកន្លែងប្រមូលផ្តុំដូចជាផ្សារ និងរោងចក្រនេះ ដែលមានករណីឆ្លងច្រើនខ្លាំង៖ «ភាគច្រើនលើសលុប គឺឆ្លងនៅទីតាំងដែលមានការប្រមូល ផ្តុំមនុស្សច្រើន ហើយដែលមនុស្សធ្វើទំនាក់ទំនងគ្នាទៅវិញទៅមក ដោយមិនបានអនុវត្តត្រឹមត្រូវនៅគម្លាតសុវត្ថិភាពបុគ្គល។ ឥឡូវនេះបញ្ហាច្រើនបងប្អូនកម្មកររបស់យើង មានការចម្លងបន្តគ្នា ហើយដែលភាគច្រើនបងប្អូនលោករស់នៅជុំគ្នា បើមានការឆ្លង ផ្ទុះឡើងការឆ្លងនេះនៅក្នុងចង្កោម»។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសុខាភិបាលរូបនេះ បានត្រឹមតែអំពាវនាវឱ្យពលរដ្ឋអនុវត្តគោលការបីកុំ និងបីការពារ ស្របពេលដែលតំណាងអង្គការសុខភាពពិភពលោកនៅកម្ពុជា ស្នើឱ្យកែសម្រួលលក្ខខណ្ឌតាមរោងចក្រ ដោយលៃលកយ៉ាងណារក្សាសុវត្ថិភាពកម្មករឱ្យបាន។
ឥឡូវសេចក្តីអំពាវនាវទាំងនេះ បានត្រឹមតែអំពាវនាវ ព្រោះការពិតជាក់ស្តែង គណៈកម្មការប្រឹក្សាការងារ ដែលសមាជិកភាគច្រើនលើសលុបជាសហជីព ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល និងថៅកែរោងចក្រ និងមិនសូវមានតំណាងពីសហជីពឯករាជ្យនោះ បានសម្រេចវិ ធានការរដ្ឋបាល ១៤ ចំណុច កាលពីថ្ងៃទី៤ ខែ ឧសភា ដើម្បីកែសម្រួលលក្ខខណ្ឌការងារនៅតាមរោងចក្រ ក្នុងស្ថានភាពដែលមានកម្មករកើតជំងឺកូវីដ-១៩ នៅក្នុងរោងចក្រ។ ក្នុងនោះមានចំណុចមួយ ដែលនិយាយអំពីការបែងចែកកម្មករពាក់កណ្តាល ឱ្យធ្វើការឆ្លាស់វេនគ្នា រៀងរាល់ពីរសប្តាហ៍ម្ដង និងផ្តល់ម៉ាស់យ៉ាងតិចមួយឱ្យកម្មករ ក្នុងម៉ោងធ្វើការបែងចែកវេនសម្រាប់បរិភោគអាហារថ្ងៃត្រង់ និងរៀបចំរនាំង ប្រសិនបើអាចធ្វើទៅបាន ដើម្បីរក្សាគម្លាតពេលអង្គុយហូបបាយជុំគ្នា ជាដើម។
ប៉ុន្តែក្នុងចំណោម ១៤ចំណុចនេះ គ្មានចំណុចណាមួយ និយាយអំពីវិធានការជួយសម្រាលបន្ទុកកម្មករ ដែលជិះរថយន្តប្រជ្រៀតគ្នាដូចស្និតចេក និងការស្នាក់នៅបន្ទប់ជួលផ្តុំគ្នានោះឡើយ។
មន្ត្រីអង្គការសង្គមស៊ីវិល ភ្ញាក់ផ្អើលដែលបទពិសោធន៍ឈឺចាប់នៃការឆ្លងជំងឺកូវីដ-១៩ ដោយសារតែស្ថានភាពប្រជ្រៀតគ្នាជិះរថយន្ត និងរស់នៅផ្តុំគ្នានេះ បែរជាគណៈកម្មការប្រឹក្សាការងារមិនយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយដដែល។ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថា បញ្ហាជិះរថយន្តប្រជ្រៀតគ្នា និងការរស់នៅផ្តុំគ្នារបស់កម្មករនេះ គួរតែជាចំណុចស្នូលនៃការពិចារណា និងយកចិត្តទុកដាក់ដោយស្វ័យប្រវត្តិ មិនគួរមើលរំលងដូច្នេះនោះទេ៖ «ដោយស្វ័យប្រវត្តិសំដៅលើទាំងស្ដង់ដារនៃការធ្វើដំណើរ ការរស់នៅរបស់កម្មករ កន្លែងខ្លះកម្មករជួលផ្ទះស្នាក់នៅជុំគ្នា ដេកចង្អៀតណែន។ កន្លែងបន្ទប់ជួលខ្លះមានបន្ទប់ទឹករួមតែម្តង ដូច្នេះគេចពីឆ្វេងទៅជាប់នៅស្ដាំ។ ជារឿងមួយពិបាកដោះស្រាយមែនទែន ទាល់តែគោលការណ៍រក្សាគម្លាតនេះមាននៅគ្រប់ទីកន្លែង នៅក្នុងជីវិតប្រចាំថ្ងៃផង នៅកន្លែងធ្វើការផង»។
ការស្នាក់នៅជុំគ្នារបស់កម្មករ នៅតាមផ្ទះជួលនេះ គឺមិនមែនសុទ្ធតែកម្មកររោងចក្រតែមួយ ស្នាក់នៅបន្ទប់ជួលរួមគ្នានោះទេ។ មន្ត្រីសហជីពថា នៅតាមបន្ទប់ជួលខ្លះ មានកម្មករពីរោងចក្រផ្សេងៗគ្នា មកជួលបន្ទប់ស្នាក់នៅរួមគ្នា។ មិនតែប៉ុណ្ណោះ រថយន្តដែលដឹកកម្មករប្រជ្រៀតគ្នាមកធ្វើការរាល់ថ្ងៃ មានរថយន្តខ្លះ មិនមែនដឹកកម្មកររោងចក្រតែមួយទេ គឺដឹកកម្មករពីរោងចក្រផ្សេងចម្រុះគ្នា លើរថយន្តតែមួយនោះ។ ប្រការនេះ ធ្វើឱ្យការឆ្លងជំងឺពីកម្មករម្នាក់ទៅម្នាក់ទៀត កើតឡើងយ៉ាងងាយ និងពិបាកគ្រប់គ្រង។ ប្រធានសហភាពការងារកម្ពុជា ដែលជាសហជីពឯករាជ្យមួយលោក អាត់ ធន់ ថាលោកលើកឡើងអំពីបញ្ហានេះ នៅក្នុងកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារដែរ ប៉ុន្តែមិនមានដំណោះស្រាយអ្វី ក្រៅពីការអះអាងពីតំណាងក្រសួងការងារលោក ហេង សួរ ថាការកែសម្រួលលក្ខខណ្ឌការងារ ដែលបានដាក់ចេញកាលពីថ្ងៃទី ០៤ ខែ ឧសភានោះ ជាដំណោះស្រាយរួមទៅហើយ៖ «ក៏ប៉ុន្តែខាងឯកឧត្តម ហេង សួរ បានបញ្ជាក់ហើយថា តាមពិតយើងបានដោះស្រាយដោយស្វ័យប្រវត្តិ (automatic) ចំពោះការជិះឡានប្រជ្រៀតគ្នា ដោយសារតែ ចំនួនកម្មករដែលមកធ្វើការហ្នឹងមិនទាំងអស់គ្នាទៀតទេ។ មានន័យថាបើកម្មករហ្នឹងមកពីភូមិហ្នឹង ១ពាន់នាក់ ដូច្នេះវេនទីមួយហ្នឹង អាចត្រឹមបីបួនរយនាក់តែប៉ុណ្ណោះ។ វាអាចខុសគ្នា ៤០ - ៦០ ឬ ៥០ - ៥០។ ដូច្នេះអ្នកជិះឡានអត់ជុំគ្នាទៀតទេ»។
អាស៊ីសេរីមិនអាចសុំការបំភ្លឺបន្ថែមជុំវិញរឿងនេះពីអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ និងអគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក ខេន លូ បានទេ ដោយសារអ្នកទាំងពីរមិនលើកទូរស័ព្ទ។
ប៉ុន្តែ បើទោះបីជាវិធានការធ្វើការឆ្លាស់វេនគ្នានេះ ត្រូវអនុវត្តក៏ដោយ ក៏តំណាងសហជីពនៅតែព្រួយបារម្ភថា កម្មករនៅតែធ្វើដំណើរតាមរថយន្តប្រជ្រៀតគ្នាដដែល ព្រោះមិនឃើញមានយន្តការណាមួយ ដែលធានាថា កម្មករនៅភូមិជាមួយគ្នា ឬកម្មករស្នាក់នៅបន្ទប់ជួលជាមួយគ្នា ត្រូវចែកវេនគ្នាធ្វើការនោះឡើយ។ លោក អាត់ ធន់ ថាបញ្ហាប្រឈមនៅមានច្រើនតទៅទៀត ព្រោះរឿងនេះស្មុគស្មាញខ្លាំង៖ «បើសិនជាតៃកុងទៅប្រមូលឱ្យពេញ វានៅតែដដែលរឿងទីមួយ។ រឿងទីពីរបើក្នុងករណីមួយភូមិហ្នឹងត្រូវវេនតែមួយ ក៏វានៅតែដដែលដែរ។ ចំពោះការស្នាក់នៅផ្ទះជាមួយគ្នា ពិបាកដោះស្រាយបន្តិច ដោយសារកម្មករគាត់ជួលបន្ទប់រួមគ្នា ហៅនៅផ្ទះជួនកាលបងប្អូន គ្រួសារ និងនៅជាមួយគ្នាយូរហើយ មិនទាន់មានវិធានការដោះស្រាយបានទេ»។
ជាទូទៅ ភាគីដែលពាក់ព័ន្ធ ក្នុងការដោះស្រាយបញ្ហាសុវត្ថិភាពកម្មករនេះ មានបួនធំៗ។ ទីមួយភាគីរដ្ឋាភិបាល ទីពីរភាគីថៅកែរោងចក្រ ទីបីភាគីសហជីពតំណាងកម្មករ និងទីបួនភាគីក្រុមហ៊ុនអ្នកបញ្ជាទិញ។ ឥឡូវនេះ ទាំងភាគីរដ្ឋាភិបាល ថៅកែរោងចក្រ និងតំណាងសហជីពដែលភាគច្រើនគាំទ្រថៅកែរោងចក្រ និងរដ្ឋាភិបាល ហាក់ដូចជាយល់ស្របគ្នា ឱ្យកម្មករនៅបន្តប្រឈមនឹងគ្រោះថ្នាក់នេះ ព្រោះមិនមានវិធានការជាក់លាក់ ក្នុងការយកចិត្តទុកដាក់លើការជិះរថយន្តប្រជ្រៀតគ្នា និងការស្នាក់នៅបន្ទប់ជួលផ្តុំគ្នារបស់កម្មករ។
ភាគីសំខាន់ចុងក្រោយ គឺក្រុមហ៊ុនអ្នកបញ្ជាទិញ។ កន្លងមកក្រុមហ៊ុនទាំងនេះ ដែលភាគច្រើនមាននៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក តែងតែបង្ហាញជំហរទទួលខុសត្រូវរបស់ខ្លួន រាល់ពេលមានការរំលោភសិទ្ធិកម្មករ។ ក្នុងកាលៈទេសៈនេះ ក្រុមហ៊ុនទាំងនេះ ក៏មានកាតព្វកិច្ចក្នុងការធានាសុវត្ថិភាពកម្មករដែរ ពោលគឺពួកគាត់ត្រូវធានាថា រាល់ការបញ្ជាទិញរបស់ពួកគាត់ នឹងមិនធ្វើឱ្យកម្មករប្រឈមគ្រោះថ្នាក់នោះឡើយ។ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានសេចក្តីថ្លែងការណ៍ណាមួយពីសមាគមន៍អ្នកបញ្ជាទិញទាំងនេះ នៅឡើយ។
អាស៊ីសេរី បានព្យាយាមទាក់ទងទៅសម្ព័ន្ធក្រុមហ៊ុនអ្នកបញ្ជាទិញចំនួនបួនធំៗ នៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ប៉ុន្តែនៅមិនទាន់បានការឆ្លើយតបនៅឡើយ គិតត្រឹមម៉ោងផ្សាយនេះ។
ការទប់ស្កាត់ជំងឺកូវីដ-១៩ គឺជាបញ្ហារួម និងជាសាកល។ អង្គការសុខភាពពិភពលោក (WHO) មានពាក្យស្លោករបស់ខ្លួនមួយ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរាលជំងឺកូវីដ-១៩ ថាគ្មានរណាមានសុវត្ថិភាពនោះទេ ទាល់តែមនុស្សគ្រប់គ្នាមានសុវត្ថិភាព។ ដូចគ្នានេះដែរ មន្ត្រីសហជីព និងមន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិកម្មករ ថាគ្មាននរណាមានសុវត្ថិភាពនោះទេ បើកម្មករគ្មានសុវត្ថិភាព។ ពួកគាត់ថា ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងជំងឺកូវីដ-១៩ បាន គឺអាស្រ័យទៅលើឆន្ទៈ និងសមត្ថភាពរបស់ភាគីពាក់ព័ន្ធ ក្នុងការធានាសុវត្ថិភាពកម្មករនេះឯង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។