សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បើក​វគ្គ​បណ្ដុះបណ្ដាល​ថ្នាក់ដឹកនាំ​សហជីព​មូលដ្ឋាន​នៅ​ខេត្តព្រៃវែង

សម្ព័ន្ធ​សហជីព​ចលនា​កម្មករ នៅ​ថ្ងៃទី​២ មេសា បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពីថ្នាក់ដឹកនាំ​សហជីព​មូលដ្ឋាន ដែល​មាន​តំណាង​សហជីព​រោងចក្រ​ប្រមាណ ៤០​នាក់​មកពី​៣​រោងចក្រ ក្នុង​ខេត្ត​ព្រៃវែង​ចូលរួម។

វគ្គ​បណ្ដុះបណ្ដាល​នេះ ផ្ដោត​សំខាន់​ទៅលើ​ប្រធានបទ​ចំនួន​៣​គឺ នីតិវិធី​ចងក្រង នីតិវិធី​ដោះស្រាយ​វិវាទ និង​នីតិវិធី​ចរចា។

ប្រធាន​សម្ព័ន្ធ​សហជីព​កម្មករ​លោក ប៉ាវ ស៊ីណា មានប្រសាសន៍​ថា ការ​ចុះ​ទៅ​បណ្ដុះបណ្ដាល​មន្ត្រី​សហជីព​ថ្នាក់​មូលដ្ឋាន​នេះ​គឺ​ជា​កាតព្វកិច្ច​ដែល​ត្រូវតែ​ធ្វើ ដើម្បី​ពង្រឹង​សមត្ថភាព​សហជីព​ថ្នាក់​មូលដ្ឋាន ក្នុង​ការ​ដើរ​តួនាទី​ជា​តំណាង​ដល់​សមាជិក​របស់​ខ្លួន សម្រាប់​ដោះស្រាយ​វិវាទ​ការងារ​នៅក្នុង​រោងចក្រ។

លោក ប៉ាវ ស៊ីណា៖ «បងប្អូន​កម្មករ​នៅ​ពេល​ដែល​គាត់ ចូល​ជា​សមាជិក​សហជីព គាត់​មានគុណ​ប្រយោជន៍​ច្រើនណាស់ ទី​១​ការពារ​សិទ្ធិ​របស់​ពួកគាត់ ទី​២ លើក​កម្ពស់​លក្ខខណ្ឌ​ការងារ ទី​៣​នៅ​ពេល​ដែល​ពួកគាត់​មាន​វិវាទ​ផ្សេងៗ ជាមួយនឹង​អ្នកគ្រប់គ្រង​របស់​គាត់ គឺ​សហជីព​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅក្នុង​ការ​ជួយ​ដោះស្រាយ​ជួយ​ការពារ ទៅ​នឹង​វិវាទ​ការងារ​ដែល​កើតមាន​របស់​បងប្អូន​កម្មករ​ជាមួយ​អ្នកគ្រប់គ្រង​របស់​ខ្លួន»។

សម្ព័ន្ធ​សហជីព​ចលនា​កម្មករ អំពាវនាវ​ដល់​កម្មក​រទាំង​អស់ ក្នុង​ប្រទេស​កម្ពុជា ចូលរួម​ចងក្រង​គ្នា​ជាមួយ​សហជីព​ឯករាជ្យ​ដែល​មាន​នៅក្នុង​រោងចក្រ ឬ​សហគ្រាស ដើម្បី​ជួយ​ដោះស្រាយ និង​ជួយ​ការពារ​ផលប្រយោជន៍​កម្មករ​ទាំង​អស់​គ្នា នៅ​ពេល​ណា​ដែល​មាន​វិវាទ​រវាង​កម្មករ និង​ភាគី​ក្រុមហ៊ុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។