លោក ឱម យ៉ិនទៀង រំលឹក​ឲ្យ​បុគ្គលិក​រដ្ឋ​កុំ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង នៅ​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ បាន​ក្រើន​រំលឹក​ដល់​មន្ត្រី​រាជការ និង​បុគ្គលិក​បម្រើ​ការងារ​នៅ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ជិត ៣០០​នាក់ ឲ្យ​រក្សា​ភាព​ស្អាតស្អំ និង​មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ក្នុង​ការ​ផ្តល់​សេវា​ផ្សេងៗ និង​កិច្ច​ការងារ​ប្រចាំ​ថ្ងៃ​នោះ​ឡើយ។
ដោយ សុខ សេរី
2013.02.27
Share on WhatsApp
Share on WhatsApp
ឱម យ៉ិនទៀង ៣០៥ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង (ឆ្វេង) ក្រើន​រំលឹក​ដល់​មន្ត្រី​រាជការ និង​បុគ្គលិក​បម្រើ​ការងារ​នៅ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ឲ្យ​រក្សា​ភាព​ស្អាតស្អំ និង​មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ កាល​ពី​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
RFA/Sok Serey

ការ​ក្រើន​រំលឹក​នេះ គឺ​នៅ​គ្រា​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​បើក​កិច្ច​ប្រជុំ​មួយ​ស្ដីពី​ការ​ផ្សព្វផ្សាយ​ច្បាប់​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ក្រើន​រំលឹក​ដល់​មន្ត្រី​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​ជា​បន្ត​បន្ទាប់ កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ក្នុង​នោះ​មាន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ស្ថាប័ន​រដ្ឋ​ជាច្រើន​ផ្សេង​ទៀត។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង លោក​បាន​លើក​ឡើង​នូវ​ស្នាដៃ​នៃ​ការ​បង្ក្រាប​ជន​សង្ស័យ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​មួយ​ចំនួន ក្នុង​យុទ្ធនាការ​បោស​សម្អាត​អំពើ​ពុក​រលួយ​កន្លង​មក ដូច​ជា​ព្រះរាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ លោក តុប ច័ន្ទសិរីវុឌ្ឍន៍ និង​ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន លោក​ឧត្តមសេនីយ៍ឯក ម៉ឹក ដារ៉ា ជាដើម។

កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ បុគ្គលិក​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ជាច្រើន​នាក់ បាន​ធ្វើ​បាតុកម្ម​ទាម​ទារ​ឲ្យ​ដក​តំណែង​អគ្គនាយក​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ឡៅ សារឿន ក្រោម​បទ​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។

លោក ឱម យ៉ិនទៀង និង​ជា​ទេសរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ទៅ​កាន់​បុគ្គលិក​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ចំនួន​ជិត ៣០០​នាក់​ថា អ្នក​តវ៉ា​ទាំង​នោះ​គប្បី​ស្វែង​រក​ដំណោះស្រាយ​ផ្សេងៗ ប្រសើរ​ជាង​ធ្វើ​បាតុកម្ម​ប្រឆាំង​អំពើ​ពុក​រលួយ​លើ​សំណុំ​រឿង​នេះ៖ «យើង​មាន​សិទ្ធិ​ជួប​គ្នា និយាយ​គ្នា ប្ដឹង​មក ប្ដឹង​អី​បាន​អត់​មាន​នរណា​មក​ធ្វើ​អី​ទេ មក​ជា​សម្ងាត់​ក៏​បាន មក​ជា​ចំហ​ក៏​បាន។ តែ​យើង​ខ្ញុំ​អនុវត្ត​ច្បាប់​ការពារ​ប្រភព ការពារ​អ្នក​ប្ដឹង​តាម​ផ្លូវ​ច្បាប់ អត់​ឲ្យ​អ្នក​ណា​ធ្វើ​បាប​ទេ។ បើ​មាន​គេ​ទៅ​ធ្វើ​បាប យើង​ខ្ញុំ​ដាក់​អង្គរក្ស ដាក់​នគរបាល​យាម​ផ្ទះ​ឲ្យ​ទៀត ព្រោះ​បាតុកម្ម​វា​អាច​ខូចខាត​ផល​ប្រយោជន៍​បង​ប្អូន បើ​ណា​មាន​ច្រក​ដោះស្រាយ​ល្អ​ជាង​បាតុកម្ម​ហើយ គួរ​តែ​បាតុកម្ម​បង​ប្អូន​ខាង​បង់​ការងារ»

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក សូ ឃុន បាន​មាន​ប្រសាសន៍​ថា ការ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ពេល​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិបាល​កិច្ច​ល្អ និង​ការ​កែទម្រង់​ស៊ី​ជម្រៅ​នៅ​កម្ពុជា។

ប្រធាន​អង្គការ​សម្ព័ន្ធភាព​កម្ពុជា ដើម្បី​តម្លាភាព​ចំណូល​ធនធាន​នៅ​កម្ពុជា លោក ឆាយ សារ៉ាត់ បាន​មាន​ប្រសាសន៍​ថា ការ​អប់រំ​ឲ្យ​យល់​អំពី​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ គឺ​ជា​ការ​ល្អ​ប្រសើរ ប៉ុន្តែ​ការ​ដាក់​ទោស​ជន​សង្ស័យ គឺ​ធ្វើ​ឲ្យ​រាងចាល​ក៏​ល្អ​ប្រសើរ​ណាស់​ដែរ៖ «កាល​ពី​ខែ​មុន គាត់​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​នៅ​ក្នុង​ក្រសួង​ហិរញ្ញវត្ថុ ប៉ុន្តែ​កន្លែង​នេះ ការ​ស៊ើប​អង្កេត​នេះ មិន​ទាន់​បាន​ឃើញ​ផ្លែផ្កា​នៅ​ឡើយ។ ការ​ដែល​ស៊ើប​អង្កេត​ហើយ​មិន​ទាន់​ឃើញ​មាន​ដាក់​ទោស​ទណ្ឌ​មន្ត្រី​ណា​មួយ ក៏​មិន​មែន​ជា​ការ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​កើត​ដែរ ព្រោះ​ថា​មន្ត្រី​រាជការ​ទាំង​អស់ បើ​សិន​គ្មាន​ការ​ដាក់​ទោស​ទណ្ឌ​ទេ គាត់​នៅ​តែ​ហ៊ាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​អីចឹង ព្រោះ​គាត់​អត់​ខ្លាច»

ប្រទេស​កម្ពុជា មាន​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​លើក​ដំបូង ចាប់​តាំង​ពី​សភា​ជាតិ​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ កាល​ពី​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ​២០១០ កន្លង​មក។ ក្រោយ​មក អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​បាន​បង្កើត​ក្រោយ​ពី​ច្បាប់​នេះ​ចូល​ជា​ធរមាន។

ទាក់​ទង​នឹង​ស្ថានការណ៍​អំពើ​ពុក​រលួយ​នៅ​កម្ពុជា អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) បាន​ចេញ​ផ្សាយ​របាយការណ៍​ឆ្នាំ​២០១២ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ បាន​ឲ្យ​ដឹង​ថា អំពើ​ពុក​រលួយ​នៅ​កម្ពុជា ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ។

អង្គការ​នេះ​បាន​ដាក់​ឈ្មោះ​កម្ពុជា ក្នុង​លំដាប់​លេខ​១៥៧ នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៧៥ ប្រៀបធៀប​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ អង្គការ​តម្លាភាព​អន្តរជាតិ បាន​ដាក់​ឈ្មោះ​កម្ពុជា ក្នុង​លំដាប់​លេខ​១៦៤ នៅ​ក្នុង​ចំណោម​ប្រទេស​១៨៣។

កាល​ពី​ឆ្នាំ​២០០៤ កន្លង​ទៅ អង្គការ​យូអេសអេអាយឌី (USAID) របស់​សហរដ្ឋ​អាមេរិក បាន​ចេញ​ផ្សាយ​របាយការណ៍​សិក្សា​លំអិត​មួយ បាន​ឲ្យ​ដឹង​ថា កម្ពុជា បាត់​បង់​ថវិកា​ជាតិ​សរុប​រវាង ៣០០​លាន​ដុល្លារ​អាមេរិក ទៅ ៤០០​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំៗ ដោយ​សារ​អំពើ​ពុក​រលួយ អំពើ​ស៊ី​សំណូក និង​អំពើ​គេច​ពន្ធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។