សិស្សបញ្ចប់មធ្យមសិក្សាទុតិយភូមិ បង្ហាញការព្រួយបារម្ភថា ពួកគេអាចនឹងពុំមានវាសនាជាប់បាក់ឌុប ក្នុងការប្រឡងឆ្នាំនេះទេ ព្រោះតែពួកគេពុំមានលុយបង់លើសេវាកម្មប្រឡង ខណៈប្រធានមណ្ឌលប្រឡងគំរាមស្រង់ឈ្មោះសិស្ស ដែលខកខានមិនបានបង់លុយឲ្យគ្រប់ចំនួនតាមការកំណត់នោះ។
ថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ សិស្សដែលទើបបញ្ចប់ការប្រឡងមកពីស្រុកអង្គរជ័យ ខេត្តកំពត សម្រាប់ឆ្នាំសិក្សាថ្នាក់ទី១២ នាឆ្នាំ២០១៣ នេះ ឲ្យដឹងនៅរសៀលថ្ងៃទី៧ សីហា ថា ប្រធានមណ្ឌលប្រឡងប្រចាំនៅវិទ្យាល័យ ជា ស៊ីម អង្គរជ័យ ស្ថិតក្នុងស្រុកអង្គរជ័យ ខេត្តកំពត បានបញ្ជាឲ្យគ្រូអនុរក្សតាមបន្ទប់ប្រឡងត្រូវទារលុយពីសិស្សគ្រប់បន្ទប់ប្រឡង ចាប់ពី ១០.០០០រៀល រហូតដល់ ៤០.០០០រៀល។ ដោយឡែក ប្រធានមណ្ឌលក៏ព្រមានដែរថា បើបង់លុយមិនគ្រប់ចំនួនទេ ពួកគេអាចប្រឈមនឹងការប្រឡងធ្លាក់។
ស្រដៀងគ្នានេះដែរ យុវសិស្សម្នាក់ផ្សេងទៀតនិយាយថា ទាក់ទងនឹងការប្រឡងនេះ គេហាក់មានសង្ឃឹមតិចតួចប៉ុណ្ណោះ ព្រោះថាឈ្មោះរបស់គេ និងអ្នកប្រឡងដទៃទៀតដែលមកពីតាមជនបទ ពុំមានលទ្ធភាពបង់ថ្លៃប្រឡងត្រូវគេស្រង់ឈ្មោះបញ្ជូនទៅលើរួចហើយ។
ចំណែកពលរដ្ឋដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះនៅស្រុកបាទី ខេត្តតាកែវ វិញ និយាយថា គ្រូអនុរក្សនៅតាមបន្ទប់ប្រឡងបានដើរតួនាទីជាឆ្មាំសម្រាប់ចាប់សំណេររបស់សិស្ស ជាថ្នូរនឹងការគំរាមយកលុយ។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការអត្ថាធិប្បាយបានភ្លាមៗទេពីប្រធានមណ្ឌលប្រឡង និងគ្រូអនុរក្សមួយចំនួនប្រចាំមណ្ឌលប្រឡង វិទ្យាល័យ ជា ស៊ីម ស្រុកអង្គរជ័យ ខេត្តកំពត និងខេត្តតាកែវ ដោយទូរស័ព្ទចូល ហើយពួកគាត់អះអាងថាជាប់រវល់។
ក៏ប៉ុន្តែ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចាត់ទុកថា ការបន្តឲ្យមានអំពើពុករលួយជាប្រព័ន្ធនៅក្នុងវិស័យអប់រំនេះ នឹងនាំឲ្យគុណភាពនៃការសិក្សានៅកម្ពុជា រឹតបន្តធ្លាក់ចុះ។ បន្ថែមលើនេះ ចរន្តថមថយនៃគុណភាពវិស័យអប់រំនេះ វានឹងប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់វិស័យសំខាន់ៗរបស់ជាតិផ្សេងទៀត។ ជាមួយគ្នានេះ នឹងជំរុញឲ្យប្រទេសពុំមានការអភិវឌ្ឍឆាប់រហ័សនោះឡើយ។
លោកបន្តថា ទន្ទឹមនឹងនេះ វិញ្ញាសាប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ ត្រូវបានបែកធ្លាយស្ទើរទូទាំងប្រទេសនៅតាមមណ្ឌលប្រឡងនានា ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។