បក្ស​ប្រឆាំង​អះអាង​ពី​អំពើ​ពុករលួយ​ក្នុង​ការ​ដោះដូរ​អាគារ​រដ្ឋ​នៅ​បាត់ដំបង

0:00 / 0:00

ក្នុង​អាណត្តិ​នៃ​ការ​​គ្រប់គ្រង​របស់​អតីត​អភិបាល​ខេត្ត​បាត់ដំបង លោក ប្រាជ្ញ ច័ន្ទ រង​ការ​ចោទ​ថា បាន​ប្រព្រឹត្តិ​អំពើ​ពុករលួយ​យក​លុយ​ជាង ៣០០​លាន​ដុល្លារ​អាមេរិក បាន​ពី​ការ​ដោះដូរ​អាគារ និង​មន្ទីរ​នានា​របស់​រដ្ឋ​ប្រើប្រាស់​ជា​ឯកជន និង​បក្ស​ពួក​សែស្រឡាយ។

មន្ត្រី​គណបក្ស​សង្គ្រោះ​​ជាតិ ក្នុង​តំបន់​រក​ឃើញ​ថា លុយ​តិចតួច​ប៉ុណ្ណោះ​ដែល​​បាន​​ពី​ការ​លក់​ទ្រព្យ​សម្បត្តិ​រដ្ឋ​នេះ​យក​ទៅ​ប្រើប្រាស់​ចំ​ទិស​ដៅ។ ប៉ុន្តែ​មន្ត្រី​របស់​រដ្ឋាភិបាល​ទទួល​បន្ទុក​រឿង​នេះ ចាត់​ទុក​ការ​ចោទ​​ណា​មួយ​ជុំវិញ​បញ្ហា​នេះ ថា​ជា​ការ​​ពុំ​សម​ហេតុ​ផល​​ ហើយ​ថា​ការ​ដែល​គណបក្ស​ប្រឆាំង​កកូរកកាយ​អំពី​​រឿង​ការ​​ដោះដូរ​អាគារ​នៅ​​ពេល​នេះ ​គឺ​ជា​បំណង​តែ​មួយ​ដើម្បី​កេង​ចំណេញ​នយោបាយ។

អាគារ​និង​ដី​មន្ទីរ​របស់​រដ្ឋ​ជាង ២០​ទីតាំង​ក្នុង​ខេត្ត​បាត់ដំបង ត្រូវ​បាន​អតីត​អភិបាល​ខេត្ត និង​ជា​មន្ត្រី​ជាន់​ខ្ពស់​​បក្ស​ប្រជាជន​កម្ពុជា​ផង សម្រេច​ដោះដូរ​ ហើយ​ការ​ដោះដូរ​កាល​ណោះ ធ្វើ​ឡើង​ក្រោម​ផ្លាក​អភិវឌ្ឍន៍ តែ​ចំណូល​ដែល​បាន​ពី​ការ​លក់​ដូរ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ទាំង​នេះ មិន​ត្រូវ​បាន​រក​ឃើញ​ថា ចូល​ក្នុង​ថវិកា​ជាតិ​ច្រើន​នោះ​ឡើយ។

ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​បាត់ដំបង លោក ឌឹម សារឿន ឲ្យ​ដឹង​ថា អស់​ពេល​រយៈ ២​អាណត្តិ​ទៅ​ហើយ ក្រោម​ការ​គ្រប់គ្រង​របស់​លោក ប្រាជ្ញ ចាន់ ដែល​កាល​ណោះ ជា​​អតីត​អភិបាល​ខេត្ត ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​ក្នុង​ខេត្ត​ស្ថិត​នៅ​ភាគ​ពាយព្យ​ប្រទេស​មួយ​នេះ ត្រូវ​លក់ដូរ​ស្ទើរ​គ្មាន​សេសសល់​ឡើយ។ លើស​ពី​នេះ លុយ​ដែល​បាន​ពី​ការ​​ដោះដូរ​ទៀត​សោត មិន​បាន​ធ្លាក់​ទៅ​ក្នុង​ថវិកា​ជាតិ​ទៀត​ផង៖ «ខ្ញុំ​ប្រាកដ​ថា ទី​មួយ​ធ្លាក់​ទៅ​លើ​បុគ្គល​ផ្ទាល់​ខ្លួន ទី​ពីរ នៅ​ក្នុង​បក្ស​ប្រជាជន​របស់​គាត់​ហ្នឹង​ឯង ព្រោះ​អ្នក​កាន់​អំណាច​គឺ​បក្ស​របស់​គាត់។ បក្ស​របស់​គាត់ៗ​ជា​អ្នក​គ្រប់គ្រង​អចលនទ្រព្យ។អ៊ីចឹង​គាត់​អ្នក​លក់​អំពើ​ពុក​រលួយ​ធ្លាក់​ទៅ​លើ​បក្ស​គាត់ និង​គ្នា​របស់​គាត់​តែ​ប៉ុន្មាន​គ្រាប់​ហ្នឹង​ឯង»

របាយការណ៍​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​ឲ្យ​ដឹង​ថា មាន​អាគារ និង​ដី​របស់​មន្ទីរ​ចំនួន ២១​កន្លែង​ហើយ ​បាន​លក់​ឲ្យ​ឯកជន​ក្រោម​ផ្លាក​ដោះដូរ ដោយ​ចាត់​ទុក​ថា ជា​អាគារ​ចាស់​ទ្រុឌទ្រោម និង​ម្យ៉ាង​ទីតាំង​ចង្អៀត​ផង។ ចំណែក​លុយ​ដែល​បាន​ពី​រូបមន្ត​ដោះដូរ​អាគារ​និង​ដី​រដ្ឋ​នេះ ប្រមាណ​ជាង ៣០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ត្រូវ​បាន​គណបក្ស​ប្រឆាំង​រក​ឃើញ​ថា បាន​ធ្លាក់​ដោយ​អំពើ​ពុក​រលួយ ហើយ​មាន​តិចតួច​ប៉ុណ្ណោះ​ចូល​ទៅ​ក្នុង​ថវិកា​ជាតិ​កាល​ណោះ។

របាយការណ៍​ឲ្យ​ដឹង​ទៀត​ថា ចំនួន​លុយ​ទាំង​នេះ បើ​គេ​យក​ទៅ​អភិវឌ្ឍន៍​ផ្លូវ​ថ្នល់​ដែល​មាន​ទទឹង ៦​ម៉ែត្រ ហើយ​ក្រាល​កៅស៊ូ​ទៀត​នោះ អាច​បាន​ជាង ៣​ពាន់​គីឡូម៉ែត្រ (៣.៣៤២)។ ក្នុង​របាយការណ៍​បញ្ជាក់​ទៀត​ថា មួយ​គីឡូម៉ែត្រ​ស្មើ ១០​ម៉ឺន​ដុល្លារ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ លុយ​ដែល​បាន​ពី​ការ​ដោះដូរ​នេះ រដ្ឋាភិបាល​ធ្វើ​ផ្លូវ​ថ្នល់​បាន​ត្រឹម ១០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ដែល​ស្មើ​នឹង ០.៣​ភាគរយ នៃ​ថវិកា​សរុប បាន​ពី​ការ​លក់​អាគារ និង​ដី​របស់​រដ្ឋ​នៅ​ពេល​នោះ។

ភ្ជាប់​នឹង​បញ្ហា​នេះ​ដែរ ភាព​ចម្រូងចម្រាស​ថ្មី​​មួយ​បាន​លេច​​រូបរាង​ឡើង ពាក់ព័ន្ធ​ជាមួយ​អង្គការ​ចៃកា (JICA) ក្នុង​ពេល​ដែល​សកម្មភាព​នៃ​ការ​ដោះដូរ​នៅ​ចន្លោះ​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០០៧។ កាល​ណោះ​អង្គការ​ចៃកា បាន​ប្ដឹង​លោក ប្រាជ្ញ ច័ន្ទ ម្ដង​ដែរ ខណៈ​ដែល​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ទិញ​លក់​ពី​រដ្ឋ កម្ទេច​អាគារ​ចាស់ៗ និង​អាគារ​របស់​អង្គការ​ចៃកា ចោល។ កាល​​ណោះ អង្គការ​ចៃកា ចោទ​ថា បាន​ធ្វើ​ឲ្យ​ខូចខាត និង​ប៉ះពាល់​ជា​ខ្លាំង​ដល់​អាគារ​របស់​ស្ថាប័ន​ខ្លួន​ដែល​ស្ថិត​ក្នុង​បរិវេណ​មន្ទីរ​កសិកម្ម​នៅ​គ្រា​នោះ មុន​នឹង​បណ្ដឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ត្រឹម​ក្រសួង​កសិកម្ម ដោយ​មិន​អាច​ធ្វើ​អ្វី​បាន។

ទន្ទឹម​នឹង​សកម្មភាព​ទិញ​លក់​ដែល​គេ​កម្រ​ឃើញ​មាន​ប្រកាស​ដេញ​ថ្លៃ​ជា​សាធារណៈ ក្រៅ​ពី​សាច់​ញាតិ​របស់​លោក​នោះ។ ចំណែក​អំពើ​ពុក​រលួយ​ថ្មី​មួយ​បាន​កើត​ឡើង ភ្លាម​ដែរ​ដំណាល​គ្នា​នោះ។រូបភាព​នៃ​អំពើ​ពុករលួយ​ថ្មី​ទៀត​នេះ នៅ​ត្រង់​ថា ដី​ជា​ច្រើន​កន្លែង​ដែល​រដ្ឋ​ត្រូវ​ផ្លាស់ប្ដូរ​ទៅ​ដើម្បី​សាងសង់​​នោះ គឺ​ភាគ​ច្រើន​ជា​កម្មសិទ្ធិ​សាច់ញាតិ​របស់​អតីត​អភិបាល​ខេត្ត​តែម្ដង ដែល​បាន​រៀបចំ​ទុក​ជា​មុន។ ទីតាំង​ទាំង​នេះ ត្រូវ​បាន​រៀបចំ​ទិញ​មុន​ក្នុង​តម្លៃ​មួយ​ថោក ហើយ​នៅ​ពេល​រដ្ឋ​ត្រូវ​ការ​វិញ​បាន​លក់​ក្នុង​តម្លៃ​មួយ​ខ្ពស់។

ឆ្លើយ​តប​បញ្ហា​នេះ អតីត​អភិបាល​ខេត្ត​បាត់ដំបង និង​បច្ចុប្បន្ន​ជា​អភិបាល​ខេត្ត​ត្បូងឃ្មុំ លោក ប្រាជ្ញ ច័ន្ទ ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​រក​ឃើញ​ថា លោក​មាន​ជាប់​ព័ន្ធ​នឹង​អំពើ​ពុករលួយ​នេះ។លោក​ចាត់​ទុក​ថា ជា​ទម្លាប់​គណបក្ស​ប្រឆាំង​តែង​រក​ហេតុ​ផល​ដែល​មិន​អាច​ទទួល​យក​បាន ដូច​នេះ​ជា​ហូរហែ​មក​ហើយ។ ជាង​នេះ​ទៀត​នោះ ការ​ដែល​លោក​សម្រេច​ចិត្ត ដោះដូរ​អាគារ​កាល​ណោះ គឺ​ដោយ​ហេតុ​ថា វា​ចាំបាច់​ណាស់​ដែល​រដ្ឋាភិបាល​ត្រូវ​តែ​ពង្រីក​ក្រុង ដើម្បី​ឲ្យ​មាន​ភាព​ទូលាយ។

លោក​ហៅ​ការ​រិះគន់​របស់​គណបក្ស​ប្រឆាំង​នៅ​ពេល​​នេះ​ថា គឺ​ជា​ការ​មើល​ឃើញ​តែ​ហេតុផល​មួយ​ជ្រុង​ប៉ុណ្ណោះ៖ «គាត់​ចេះ​តែ​ថា ធម្មតា​យើង​ធ្វើ​តាម​នីតិវិធី​នៃ​ច្បាប់​ដែល​បាន​កំណត់ ត្រូវ​ធ្វើ​ប៉ុណ្ណា​នោះ ហើយ​យើង​ធ្វើ​ដើម្បី​កន្លែង​ធ្វើ​ការ​ឲ្យ​បាន​សមរម្យ»

ផ្ទុយ​ពី​នេះ​សម្រាប់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​មក​ពី​ខាង​គណបក្ស​សង្គ្រោះ​​ជាតិ​វិញ លោក ឌឹម សារឿន និយាយ​ថា លោក ប្រាជ្ញ ច័ន្ទ ពិត​ជា​មិន​ពេញ​ចិត្ត​សោះ​ឡើយ នៅ​ពេល​​សមាជិក​មក​ពី​ខាង​គណបក្ស​ប្រឆាំង​ជជីក​ដេញដោល​ពី​រឿង​ថវិកា​ដែល​បាន​ពី​ការ​លក់​អាគារ និង​ដី​របស់​រដ្ឋ​កាល​ណោះ។ លោក​បន្ត​ថា ការ​លក់​ដី​និង​អាគារ​របស់​រដ្ឋ​កាល​ណោះ​អតីត​អភិបាល​ខេត្ត​បាត់ដំបង មុន​នឹង​ត្រូវ​ផ្ទេរ​តំណែង​ជា​អភិបាល​ខេត្ត​ត្បូងឃ្មុំ​វិញ នៅ​ពេល​នេះ បាន​ហៅ​ការ​រំលឹក​ឡើង​វិញ អំពី​រឿង​រ៉ាវ​ទាំង​នេះ​ថា មិន​ខុស​អ្វី​ពី​ជា​ការ​គាស់​ខ្មោច​ពី​មឈូស​ឡើយ ហើយ​លោក​ជំទាស់​ដាច់​ខាត​ការ​​បក​ស្រាយ​ណា​​មួយ​ជុំវិញ​ហេតុផល​នៅ​ពេល​នោះ។ លើស​ពី​នេះ​ទៅ​ទៀត​នោះ គណបក្ស​ប្រឆាំង​ពុំ​មែន​ចោទ​ប្រកាន់​ដោយ​ពុំ​មាន​ហេតុផល ដើម្បី​ចំណេញ​​នយោបាយ​ណា​មួយ​នោះ​ឡើយ។

លោក ឌឹម សារឿន៖ «គណបក្ស សម រង្ស៊ី កន្លង​មក​ឥត​ដែល​បាន​ដឹង​​ទេ សម័យ​ឯកឧត្ដម ប្រាជ្ញ ចាន់ គាត់​លក់​នោះ ហើយ​មិន​ដឹង​គេ​យក​លុយ​ទៅ​ណា ហើយ​អ្នក​ណា​ឲ្យ​លក់ ឬ ឃុបឃិត​គ្នា​យ៉ាង​ម៉េច យើង​ឥត​ដឹង​ទាល់​តែ​សោះ។ ខ្ញុំ​បាន​ប្រជុំ​ក្រុមប្រឹក្សា​ក្នុង​អាណត្តិ​ទី​មួយ​ដែរ សួរ​ទៅ​អភិបាល​ខេត្ត លោក​បាន​សួរ​បញ្ច្រាស​យើង​ខ្ញុំ​ថា ខ្មោច​ស្លាប់​ទៅ​ហើយ មិន​អាច​រើស​កកាយ​ខ្មោច ជីក​ខ្មោច​សែង​ខ្មោច​មក​វិញ​បាន​ទេ។ យើង​និយាយ​ហ្នឹង​ជ្រុល​ពេក​ហើយ មិន​គួរ​និយាយ ។ គេ​របៀប​គំរាម​កំហែង​ខ្ញុំ​ផង កាល​សម័យ​នោះ»

ប្រតិកម្ម​នឹង​ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​ប្រធាន​រដ្ឋបាល​សាលា​ខេត្ត​បាត់ដំបង លោក សឿម ប៊ុនរិទ្ធ ថ្លែង​ការពារ​ថា រដ្ឋាភិបាល​ពុំ​ដែល​មាន​ចេតនា​ដូច​អ្វី​ដែល​​គណបក្ស​ប្រឆាំង​លើក​ឡើង​នោះ​ម្ដង​ណា​ទេ។ ការ​កកូរកកាយ​អំពី​​រឿង​ការ​​ដោះដូរ​អាគារ​នៅ​​ពេល​នេះ វា​គឺ​ជា​បំណង​តែ​មួយ​ប៉ុណ្ណោះ​របស់​គណបក្ស​ប្រឆាំង គឺ​ដើម្បី​ហេតុផល​ចំណេញ​នយោបាយ៖ «វា​មិន​មាន​ទេ។ អា​ហ្នឹង​ជា​ការ​ពាក្យ​ចចាមអារ៉ាម ឬ​ក៏​ការ​ប្រឌិត​មួល​បង្កាច់»

ចំណែក​អ្នក​​សម្របសម្រួល​របស់​អង្គការ​លីកាដូ ក្នុង​តំបន់​លោក ស៊ុន តឹក យល់​ឃើញ​ថា ប្រសិន​បើ​អំពើ​ពុករលួយ​នៅ​ក្នុង​ស្ថាប័ន​របស់​រដ្ឋ​នៅ​តែ​រីក​ធំធាត់ និង​បន្ត​ចាក់​ឫស​យ៉ាង​ជ្រៅ​ដូច​នេះ​នៅ​ក្នុង​សង្គម​នឹង​មិន​អាច​ជួយ​​អ្វី​បាន​ឡើយ​សម្រាប់​ប្រទេស​ជាតិ។ ផ្ទុយ​ទៅ​វិញ ភាព​ក្រីក្រ​កាន់​តែ​បន្ត​កើន​ឡើង​ចំណែក​យុត្តិធម៌​សង្គម​រឹត​បន្ត​ធ្លាក់​ចុះ​ថែម​ទៀត៖ «មាន​អំពើ​ពុក​រលួយ​យ៉ាង​នេះ ប្រទេស​ជាតិ​នឹង​វិនាស​ហិនហោច​​ទៅ​ថ្ងៃ​ក្រោយ ព្រោះ​ឥត​បាន​កសាង​អី។ បើ​សិន​ជា​ចូល​ហោប៉ៅ​មែន គឺ​ឥត​បាន​កសាង​ប្រទេស​ជាតិ​ទេ គឺ​បាន​ទៅ​លើ​ហោប៉ៅ​បុគ្គល​ម្នាក់ៗ ដែល​គាត់​លក់​នោះ ហើយ​តាម​ខ្ញុំ​ដឹង ប្រហែល​ជា​ចូល​ដែរ តែ​ចូល​តិចតួច។ បើ​តាម​ខ្ញុំ​ដឹង​ចូល​រដ្ឋ​តិចតួច»

ពុំ​មែន​ទើប​តែ​ខេត្ត​បាត់ដំបង មួយ​ទេ ដែល​រង​ការ​ស្ដីបន្ទោស​ដោយ​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល ​ថា​រដ្ឋាភិបាល​ពុំ​ដែល​បាន​សិក្សា​ពី​ហេតុផល​ប៉ះពាល់​ជា​មុន និង​រឹត​តែ​ពុំ​ដែល​ខ្វល់​ទៅ​ទៀត រឿង​បើក​ឲ្យ​មាន​ការ​ដេញថ្លៃ​ជា​សាធារណៈ ជុំវិញ​ការ​ដោះដូរ​អាគារ​និង​ដី​របស់​រដ្ឋ​នេះ។ចំណែក​លុយ​ដែល​បាន​ពី​ការ​ដោះដូរ​ក្រោម​ផ្លាក​អភិវឌ្ឍន៍ និង​ពង្រីក​ទី​ប្រជុំ​ជន​នេះ​ទៀត​ផង ត្រូវ​បិទបាំង។

មាន​រឿង​រ៉ាវ​ច្រើន​​ណាស់ ស្ថិត​នៅ​ពី​ក្រោយ​រឿង​នេះ ដោយ​អំពើ​ពុករលួយ​ក្នុង​ពេល​កន្លង​ទៅ ដែល​តួលេខ​ពិត​ប្រាកដ​មិន​ត្រូវ​បាន​ដាក់​បង្ហាញ​ជា​សាធារណៈ​ឡើយ។ ក្រៅ​ពី​នេះ​វិញ មាន​ទីតាំង​មួយ​ចំនួន​ទៀត​របស់​រដ្ឋ​ដែល​នៅ​សេសសល់ កំពុង​ស្ថិត​ក្នុង​គម្រោង​ដូច​គ្នា​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។