យុវជន​ស្នើ​ឱ្យ​បញ្ឈប់​ការរើសអើង​សហគមន៍​ចាម ដោយសារ​រឿង​ជំងឺ​កូវីដ​-១៩

យុវជន​អ្នក​កាន់សាសនា​ឥស្លាម​អំពាវនាវ​ដល់​សាធារណជន កុំ​ឱ្យ​រើសអើង​សហគមន៍​ជនជាតិ​ចាម ដែល​ជា​ពលរដ្ឋ​ខ្មែរ​ដូចគ្នា ព្រោះតែ​រឿង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី កូវីដ-១៩​។ ពួកគេ​ថា ស្ថានភាព​ពេលនេះ គ្រប់​សហគមន៍​ជនជាតិ​ដែល​ជា​ប្រជាជន​កម្ពុជា ត្រូវ​រួមគ្នា​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ​-១៩ មិនមែន​រើសអើង ឬ​ស្អប់ខ្ពើម​គ្នា ធ្វើ​ឱ្យ​សង្គមជាតិ​បែកបាក់​គ្នា​នោះ​ឡើយ។

យុវជន​កម្ពុជា​ដែល​ជា​ជនជាតិ​ចាម​អះអាង​ថា បច្ចុប្បន្ន​នេះ​មាន​មនុស្ស​មួយ​ចំនួន​បាន​ចាប់ផ្តើម​បញ្ចេញ​កាយវិការ និង​ពាក្យ​សម្តី​បែប​រើសអើង​លើ​សហគមន៍​ចាម ពីព្រោះ​តែ​មាន​ករណី​ជនជាតិ​ចាម​ជាង ២០​នាក់ បាន​ឆ្លង​ជំងឺ​កូវីដ​-១៩ ក្រោយពេល​ពួកគាត់​បាន​វិលត្រឡប់​មកពី​ចូលរួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​វិញ។

យុវជន​ខ្មែរឥស្លាម​មួយ​រូប​រស់នៅ​សង្កាត់​ច្រាំងចំរេះ រាជធានី​ភ្នំពេញ លោក ម៉ាត់ អារីហ្វីន ប្រាប់​អាស៊ីសេរី​ថា នៅ​ក្នុង​សហគមន៍​របស់​លោក មាន​ពលរដ្ឋ​២ នាក់ បាន​កើត​ជំងឺ​កូវីដ-១៩​។ លោក​ថា រឿង​នេះ​បាន​បង្ក​ឱ្យ​មាន​ការរើសអើង​ពី​សំណាក់​អ្នក​មិនមែន​ជនជាតិ​ចាម តែ​ក៏​មាន​អ្នក​កាន់សាសនា​ឥស្លាម​ខ្លះ ហាក់​មានការ​រើសអើង​គ្នា​ដែរ​។ លោក​បញ្ជាក់​ថា ការរើសអើង​នោះ កើតមាន​ក្នុង​រូបភាព​នៃ​ការ​​មិន​ទិញ​ទំនិញ​ពី​អ្នកលក់​ដែល​ជា​ជនជាតិ​ចាម ឬក៏​ការ​មិន​ចង់​លក់ទំនិញ​ឱ្យ​ជនជាតិ​ចាម​ជាដើម។
លោក​ឱ្យ​ដឹង​ថា ករណី​ម្តាយ​របស់​លោក​ផ្ទាល់​ដែល​ជា​អាជីវករ​លក់​សាច់​មាន់ គឺ​មាន​អាជីវករ​នៅ​តូប​ជិត​គ្នា​ខ្លះ បាន​និយាយ​បញ្ឆិតបញ្ឆៀង​ក្នុង​ន័យ​ទម្លាក់កំហុស​ថា ជនជាតិ​ចាម​ជា​អ្នក​នាំ​ជំងឺ​កូវីដ​-១៩ ចូល​ស្រុក​ខ្មែរ ហើយ​មាន​អតិថិជន​មួយ​ចំនួន​ក៏​ចាប់ផ្ដើម​លែង​ទិញ​ទំនិញ​របស់​ពួកគាត់​ផង​ដែរ៖ «នេះ​វា​មិនមែន​ផ្ដោត​សំខាន់​ទៅលើ​បុគ្គល​ទេ វា​សំខាន់​ជា​រួម​ដែល​គាត់​ជា​សាសនិក​ឥស្លាម អ៊ីចឹង​ចង់ ឬ​មិន​ចង់ អ្នកទិញ គាត់​ផ្តោត​ទៅ​លើ​ថា តើ​អ្នកណា​ដែល​គាត់​មិនមែន​ជា​អ្នក​កាន់សាសនា​ឥស្លាម​។ បច្ចុប្បន្ន ភាគរយ​តិច​ដែរ​ទេ ដែល​ថា វា​មានការ​រើសអើង​បែប​ហ្នឹង ហើយ​វា​មានការ​ប៉ះពាល់​ទៅដល់​ការលក់ដូរ​របស់​ម្ដាយ​ខ្ញុំ​ផ្ទាល់​។ តែ​យើង​អត់​ដឹង​ថា ទៅ​មុខ​ទៀត​យ៉ាងម៉េច​ទេ ព្រោះ​ដោយសារ​ឥលូវ​កំណើន​នៃ​ការ​ឆ្លង​ហ្នឹង​វា​ច្រើន​ដែរ ហើយ​ភាគច្រើន​កើត​ចេញពី​ខាង​នេះ​អ៊ីចឹង​ទេ»។
យុវជន ម៉ាត់ អារីហ្វីន ជឿ​ថា គ្មាន​អ្នកណាម្នាក់​ចង់​កើត​ជំងឺ​កូវីដ​១៩ ហើយ​យក​មក​ចម្លង​ដល់​គ្រួសារ និង​សហគមន៍​របស់​ខ្លួន​នោះ​ទេ​។ លោក​ថា ការរើសអើង​សហគមន៍​ជនជាតិ​ចាម​ដោយ​គ្រាន់តែ​ពួកគាត់​មួយ​ចំនួន​តូច​បាន​ឆ្លង​ជំងឺ​នេះ គឺជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ​។ យុវជន​រូប​នេះ​បន្ថែម​ថា ស្ថានភាព​ពេលនេះ គឺ​គ្រប់​សហគមន៍​ជនជាតិ​ទាំងអស់​ដែល​ជា​ពលរដ្ឋ​ខ្មែរ ត្រូវតែ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩ និង​ថែរក្សា​សុខភាព​រៀងៗ​ខ្លួន៖ «សំដៅ​ទាំងអស់ ទាំង​អ្នក​ដែល​កាន់សាសនា​ឥស្លាម អ្នក​ដែល​គាត់​សាសនាព្រះពុទ្ធ ឬក៏​អ្នក​កាន់សាសនា​ផ្សេង​ក៏ដោយ ចង់​ឱ្យ​ទាំងអស់​គ្នា​មានចិត្ត​ថា រឿង​ហ្នឹង​ពិតជា​កើតឡើង​មែន តែ​កុំ​ព្យាយាម​ដាក់​បន្ទុក​ទៅលើ​ខាង​ណាមួយ ហើយ​ព្យាយាម​ធ្វើ​យ៉ាងម៉េច​រក​វិធីសាស្ត្រ​ទាំងអស់​គ្នា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទៅលើ​រឿង​ហ្នឹង ហើយ​ធ្វើ​ម៉េច​ឱ្យ​ជំងឺ​ហ្នឹង​ចាប់ផ្ដើម​ថយ​ចុះ​ទៅវិញ»។
យុវជន​ចាម​មួយ​រូប​ទៀត គឺ​លោក ហ៊ីម អ៊ឹមរ៉ន ដែល​មក​ពី​ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ឱ្យ​ដឹង​ថា នៅ​ក្នុង​សហគមន៍​របស់​លោក​មិន​ទាន់​មាន​ករណី​អ្នក​កើត​ជំងឺ​កូវីដ-១៩ នោះ​ទេ ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា ការ​រើសអើង​ជនជាតិ​ចាម​បាន​កើតមាន​ជា​បណ្ដើរៗ​ហើយ​នៅ​ក្នុង​តំបន់​របស់​លោក​។ លោក​ថា រូបភាព​នៃ​ការរើសអើង មាន​ដូចជា ការ​មិន​ទិញ​ទំនិញ ឬ​មិន​ចង់​លក់​របស់​ឱ្យ​ជនជាតិ​ចាម និង​ការ​តិះដៀល​ជនជាតិ​ចាម​ថា​ជា​ប្រភព​នៃ​ជំងឺ​កូវីដ​-១៩ នៅ​ស្រុក​ខ្មែរ ជាដើម​។ លោក​បន្ត​ថា ការរើសអើង​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​នៅ​ក្នុង​សហគមន៍ មិនទាន់​កើតមាន​នៅឡើយ​ទេ ក៏ប៉ុន្តែ​លោក​បារម្ភ​ថា ករណី​នេះ​នឹង​អាច​កើត​មាននៅ​ថ្ងៃមុខ ប្រសិនបើ​និន្នាការ​រើសអើង​ជនជាតិ​ចាម​រីក​រាលដាល​កាន់តែ​ខ្លាំង​នោះ។

យុវជន​ចាម​រូប​នេះ​កត់សម្គាល់​ថា ការរើសអើង​លើ​សហគមន៍​ចាម​នេះ ក៏​ផ្តើម​ចេញ​ជាពិសេស តាមរយៈ​ការ​ផ្សព្វផ្សាយ​និង​ចែករំលែក​ព័ត៌មាន​មិន​ពិត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ​។ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​មាន​ចំណាត់ការ​ផ្លូវច្បាប់​លើ​គណនី​ហ្វេសប៊ុក​ណា ដែល​ប្រឌិត​ព័ត៌មាន​បង្ក​ឱ្យ​មាន​ការ​រើសអើង​លើ​ពលរដ្ឋ​ជនជាតិ​ចាម៖ «ដោយសារ​បងប្អូន​យើង គាត់​ទទួល​បានតែ​របស់​ដែល​មិន​ពិត​អ៊ីចឹង​ទៅ វា​ធ្វើ​ឱ្យ​ពួកគាត់​ភ័យខ្លាច​កាន់តែ​ខ្លាំង ក៏ប៉ុន្តែ​ការភ័យខ្លាច​របស់​គាត់​ហ្នឹង វា​អត់​បាន​បំ​លែង​ទៅជា​ការ​ការពារ​ខ្លួន​ទេ​។ ពួកគាត់​បែរជា​នាំគ្នា​ភ័យខ្លាច ហើយ​និង​រើសអើង​។ អ៊ីចឹង​ហើយ​ខ្ញុំ​ក៏​សូម​សំណូមពរ​ដែរ​ថា សូម​ឱ្យ​ពួកគាត់​ព្យាយាម​យល់​គ្នា​ឱ្យ​បាន​ច្រើន ហើយ​អត់ធ្មត់​នៅ​ក្នុង​កាលៈទេសៈ​នេះ ចូលរួម​ទាំងអស់​គ្នា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ - ១៩ ហើយ​រឿង​មួយទៀត បងប្អូន​ចាម ឬ​ខ្មែរឥស្លាម គឺ​គាត់​ស្រឡាញ់​ប្រទេស​នេះ ដូចជា​ប្រទេស​ផ្ទាល់​របស់​គាត់​អ៊ីចឹង»។

ដោយឡែក យុវជន​ចាម​មួយ​រូប​ទៀត​មកពី​ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ លោក ហ្វឺត ប៉ាត់ទ្រី ប្រាប់​អាស៊ីសេរី​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ លោក​បាន​ជួប​ករណី​រើសអើង​ដោយ​ផ្ទាល់ គឺ​នៅ​ពេល​លោក និង​ប្អូនស្រី ចូល​ទទួលទាន​អាហារ​នៅ​ហាង​បាយ​មួយ​កន្លែង​នៅ​ខេត្ត​កំពង់ចាម មាន​អ្នកខ្លះ​បាន​សំឡឹង​មើល​ពួក​លោក​លើ​ក្រោម ហើយ​ពួកគេ​មិន​ហ៊ាន​ចូល​ទទួលទាន​អាហារ​នោះ​ទេ​។ លោក​ថា នៅ​ពេល​លោក និង​ប្អូនស្រី ចេញពី​កន្លែង​នោះ ទើប​មនុស្ស​ទាំងនោះ​ចូល​ទទួលទាន​អាហារ​នៅ​ក្នុង​ហាង​។ លោក​ឱ្យ​ដឹង​ទៀត​ថា នៅ​កន្លែង​ខ្លះ​ទៀត អាជីវករ​ខ្លះ​បាន​ប្រាប់​ទៅ​ពលរដ្ឋ​ជនជាតិ​ចាម​ថា កុំ​ឱ្យ​ចូល​ជិត​ពួកគេ ឬក៏​ត្រូវ​បែរមុខ​ចេញ​នៅ​ពេល​និយាយ​ទៅកាន់​ពួកគេ​ទៀត​ផង។

យុវជន ហ្វឺត ប៉ាត់ទ្រី យល់ថា នេះ​ជា​ទង្វើ​មិន​គួរ​គប្បី​ឡើយ ព្រោះថា មិនមែន​គ្រប់​សហគមន៍​ចាម​សុទ្ធតែ​បាន​ទៅ​ប្រទេស​ម៉ាឡេស៊ី ឬក៏​មាន​ផ្ទុក​ជំងឺ​កូវីដ​-១៩ នោះ​ទេ​។ លោក​ថា ជនជាតិ​ចាម ក៏ដូចជា​ជនជាតិ​ខ្មែរ​ដែរ គឺ​សុទ្ធសឹងតែ​ជា​ពលរដ្ឋ​កម្ពុជា​ដូចគ្នា ហើយ​បាន​រស់នៅ​ដោយ​សុខសាន្ត​ជាមួយគ្នា​យូរ​មក​ហើយ ដូច្នេះ​មិន​គួរ​មាន​ករណី​រើសអើង​គ្នា ដោយសារតែ​រឿង​ជំងឺ​កូវីដ-១៩ នេះ​ឡើយ៖ «ការរើសអើង​នេះ គឺ​វា​អត់​សម​ទាល់តែសោះ វា​មិន​គួរ​ឱ្យ​កើតមានឡើង​សម្រាប់​បងប្អូន​ខ្មែរ និង​ខ្មែរឥស្លាម​អ៊ីចឹង​ទេ ព្រោះ​យើង​រស់នៅ​សុខដុមរមនា​សាសនា​ជាមួយគ្នា​យូរ​មក​ហើយ ហើយ​ពួកគាត់​ទៅ​បុណ្យ​សាសនា​នៅ​ម៉ាឡេស៊ី ក៏​មិនមែន​ពួកគាត់​ចង់​ទៅ​យក​ (​ ជំងឺ​ )​ មក​ដែរ​។ ណាមួយ ពេល​ពួកគាត់​ចេញទៅ​ម៉ាឡេស៊ី ខាង​រដ្ឋាភិបាល​អត់​ទាន់​មាន​ប្រកាស​រឿង​ឱ្យ​បញ្ឈប់​ឱ្យ​អ្វី​ទេ ទាល់តែ​ពួកគាត់​ចេញទៅ​រួចហើយ​បាន​មាន​ប្រកាស​ឱ្យ​បិទ​កម្មវិធី​នៅ​ខ្មែរ​។ អ៊ីចឹង​ខ្ញុំ​សំណូមពរ​ឱ្យ​បងប្អូន​ឈប់​រើសអើង​គ្នា​ទៀត»។
និន្នាការ​រើសអើង និង​វាយប្រហារ​លើ​ជនជាតិ​ចាម​ដែល​គោរព​សាសនា​ឥស្លាម​នោះ បាន​ផ្ទុះឡើង​នៅ​ពេល​ថ្មីៗ នេះ ដោយសារតែ​ជនជាតិ​ចាម​ជាច្រើន​នាក់​ត្រូ​បាន​ពិនិត្យ​ឃើញ​ថា មាន​ផ្ទុក​ជំងឺ​កូវីដ​-១៩ ក្រោយ​ពេល​ពួកគាត់​បាន​ទៅ​ចូលរួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី។
នៅ​ចំពោះ​មុខ​ការ​កើនឡើង​អ្នក​ផ្ទុក​កូ​វីដ​-១៩ ជា​បន្តបន្ទាប់​នេះ រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បិទ​សាលា​រដ្ឋ និង​ឯកជន​ទូទាំង​ប្រទេស បិទ​ទីតាំង​ខារ៉ាអូខេ និង​រោងភាពយន្ត ព្រមទាំង​ផ្អាក​ការ​ផ្ដល់​ទិដ្ឋាការ​ដល់​ពលរដ្ឋ ៥​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ជាដើម​។ រដ្ឋាភិបាល​ក៏បាន​ផ្អាក​ការ​ជួបជុំ​ទាំងឡាយ​តាម​បែប​សាសនា ចាប់ពី​ថ្ងៃ​ទី​១៧ មីនា​តទៅ រហូតដល់​ស្ថានការណ៍​មាន​ភាព​ធូរស្រាល​ឡើងវិញ​។ ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​បានសម្រេច​បិទ​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម រហូត​ដល់​វៀតណាម​ដក​បម្រាម​លើ​ការ​ធ្វើ​ដំណើរ និង​បើក​ព្រំដែន​ជាមួយ​កម្ពុជា​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។