កម្មករសំណង់មួយចំនួនដែលអាជ្ញាធរចោទថា បានល្មើសនឹងបម្រាមបិទខ្ទប់នោះឱ្យដឹងថា ពួកគាត់បានចាកចេញពីខេត្តព្រះសីហនុទៅខេត្តសៀមរាបដោយសារគ្មានការងារធ្វើនិងស្បៀងអាហារហូបចុកគ្រប់គ្រាន់។ ពួកគាត់សម្រេចចិត្តបែបនេះ ដោយមិនដឹងថា ល្មើសនឹងបម្រាមរបស់អាជ្ញាធរនោះទេ ហើយក៏មិនដឹងថា ពួកគាត់កើតជំងឺកូវីដ១៩ នោះ។
កម្មករសំណង់លោក ណា និត ប្រាប់ថា លោកបានចាកចេញពីក្រុងព្រះសីហនុទៅខេត្តសៀមរាបកាលពីថ្ងៃទី២៨ ខែមេសា ហើយត្រូវបានអាជ្ញាធរខេត្តសៀមរាប ឃាត់ខ្លួនដើម្បីយកសំណាកទៅពិនិត្យរកជំងឺកូវីដ១៩ ហើយលទ្ធផលបង្ហាញថា លោកកើតជំងឺនេះ។ លោកបញ្ជាក់ថា មូលហេតុដែលលោក និងប្អូនចេញពីខេត្តព្រះសីហនុ ព្រោះមិនមានការងារធ្វើ ជំពាក់បំណុលធនាគារ និងមិនមានស្បៀងហារហូបចុកបន្តទៀត។ យុវជនជនវ័យ ២០ ឆ្នាំរូបនេះ អះអាងទៀតថា អាជ្ញាធរខេត្តព្រះសីហនុមិនបានធ្វើតេស្តវីរុសកូវីដ១៩ ឱ្យពួកលោកនោះទេ ហើយលោកថា ប្រសិនបើអាជ្ញាធរធ្វើតេស្ត ក៏លោកមិនចេញពីទីនោះដែរ។ លោកព្រួយបារម្ភដែលអាជ្ញាធរចោទប្រកាន់ថា លោកគេចចេញពីតំបន់បិទខ្ទប់ ហើយតម្រូវឱ្យលោកបង់ផាកពិន័យ និងមានទោសទណ្ឌ ខណៈដែលលោកមិនបានដឹងអំពីវិធានការអាជ្ញាធរនោះឡើយ៖ «មិនដឹងថា យើងចេញមកគេពិន័យផងហ្នឹង អត់មានអីហូបផងធ្វើការផង ធ្វើការហ្នឹង មេការគេបើកមីឱ្យម្នាក់១៥កញ្ចប់ ហូបតែមី អស់មីហ្នឹង បាននាំគ្នាមកហ្នឹង បង់អង្គការទៀតគេពិន័យទៀតមានលុយណាឱ្យ លក់ស្រែលក់ភ្លឺឱ្យគេ កាលណាគេពិន័យ ឬមួយក៏ជួយឧបត្ថម្ភឱ្យជនក្រីក្រវិញទៅអត់ គិតតែពិន័យយកថែម ជនក្រីក្រចេះតែក្រមានអីឱ្យ»។
ស្រដៀងគ្នានេះដែរ កម្មករសំណង់ចេញខេត្តព្រះសីហនុ គឺលោក អៀង អៀប ថ្លែងថា ចាប់ពីចូលឆ្នាំខ្មែរមក ថៅកែផ្អាកការងារ ហើយលោក និងប្រពន្ធ គ្មានលុយកាក់ទិញបាយហូបនោះទេ ទើបសម្រេចចិត្តត្រឡប់មកខេត្តសៀមរាបធ្វើស្រែវិញ ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តសៀមរាបឃាត់ខ្លួន ហើយរកឃើញថា មានជំងឺកូវីដ១៩។ លោកស្នើដល់ស្ថាប័នពាក់ព័ន្ធជួយដោះស្រាយករណីរបស់លោកផង ព្រោះគ្រួសារលោកក្រីក្រមិនមានលទ្ធភាពបង់ផាកពិន័យនោះទេ៖ «មិនដែលបានធ្វើទេ ទឹមខ្ញុំមកជាប់នៅនេះរួច បានធ្វើតេស្តកូវីដ ប៉ុន្មាននាក់ឯនេះទៅ ពេលនេះទៅគេណែនាំសួរថា ខ្ញុំមកពីណា ខ្ញុំថាខ្ញុំមកពីកំពង់សោម បងអើយមិនបានធ្វើទេសួរទាំងអស់គ្នា ខ្ញុំមក១២នាក់ ១៤នាក់ទាំងអាកូនតូច ព្រោះអីឥវ៉ាន់ដឹកមកដែរ ទើបធ្វើថ្ងៃទី១ ពេលខ្ញុំមកដល់នេះហើយពិនិត្យនៅនេះរួច»។
ការលើកឡើងរបស់កម្មករសំណង់ទាំងនេះ គឺបន្ទាប់ពីអភិបាលខេត្តព្រះសីហនុលោក គួច ចំរើន បានស្នើឱ្យអភិបាលខេត្តសៀមរាបលោក ទៀ សីហា ចាត់វិធានការផ្លូវច្បាប់ចំពោះប្រជាពលរដ្ឋ ១៤ នាក់ ដែលអាជ្ញាធរចោទថា គេចវេះចេញពីតំបន់បិទខ្ទប់ក្នុងខេត្តព្រះសីហនុ ហើយធ្វើដំណើរទៅខេត្តសៀមរាប។ លិខិតនោះបញ្ជាក់ថា ភូមិសាស្រ្តក្រុងព្រះសីហនុ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ សម្រេចដាក់ជាតំបន់បិទខ្ទប់រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃ២៣ ខែមេសា ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍រដ្ឋបាលខេត្តព្រះសីហនុ។ លិខិតដដែលគូសបញ្ជាក់ទៀតថា បុគ្គល ១៤ នាក់ ក្នុងនោះស្រីចំនួន ៥ នាក់ មានជំងឺកូវីដ១៩។ អាជ្ញាធរខេត្តព្រះសីហនុបានហៅការគេចវេះនេះ ថាជាអំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាលដែលមានចែងក្នុងមាត្រា ៤ និងមាត្រ ១០ នៃច្បាប់ស្តីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុលោក ឃាង ភារម្យ ឱ្យដឹងបន្ថែមថា ការបិទខ្ទប់ក្រុងព្រះសីហនុនេះ អាជ្ញាធរបានផ្សាព្វផ្សាយត្រឹមត្រូវ តាមរយៈមេភូមិ ឃុំ សង្កាត់ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ លោកបន្តថា អាជ្ញាធរបានចែកស្បៀងអាហារជូនប្រជាពលរដ្ឋគ្រប់ច្រកល្ហក។ លោកអះអាងថា ប្រជាពលរដ្ឋទាំង ១៤ នាក់នោះ បានល្មើសនឹងវិធានការ ដោយពួកគេគេចពីទីតាំងចត្តាឡីស័ក។ លោកថា អាជ្ញាធរក៏ធ្លាប់យកសំណាករបស់ពួកគេទៅពិនិត្យ ហើយលទ្ធផលបង្ហាញថា ក្នុងចំណោមអ្នកទាំង ១៤ នាក់នោះ ៨ នាក់កើតជំងឺកូវីដ១៩៖ «ហើយអ្នកទាំងអស់នោះក៏បានទៅយកសំណាកដែរ ហើយខ្ញុំសូមជម្រាបថា ក្នុងនោះ មានមនុស្សចំនួនប្រាំបីនាក់ដែលមានវិជ្ជមានកូវីដ១៩ បើសិនជាគាត់មិនយល់អំពីការបិទខ្ទប់ ឧទាហរណ៍ថាមិនទាន់ទទួលបានព័ត៌មានអំពីការបិទខ្ទប់ក៏គាត់ដឹងថាពេលធ្វើតេស្តសំណាក យើងត្រូវធ្វើចត្តាឡីស័ក ហេតុអ្វីបានជាយើងលួចគេចវេះចេញក្នុងអំឡុងខ្លួនឯងធ្វើចត្តាឡីស័ក»។
ផ្ទុយពីការអះអាងរបស់អាជ្ញាធរនេះ ក្រុមពលរដ្ឋទាំងនោះបានអះអាងថា អាជ្ញាធរខេត្តព្រះសីហនុមិនធ្លាប់បានចុះយកសំណាករបស់ពួកគេទៅពិនិត្យឡើយ ហើយពួកគាត់ក៏មិនដឹងខ្លួនថា កើតជំងឺកូវីដ១៩ នោះដែរ។
អាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺរឿងនេះបន្ថែមពីអភិបាលខេត្តសៀមរាបលោក ទៀ សីហា និងអ្នកនាំពាក្យតុលាការខេត្តសៀមរាបលោក យិន ស្រាង បានទេនៅថ្ងៃទី០៧ ខែឧសភា ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួល។
ជុំវិញរឿងនេះ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ចោទជាសំណួរថា ហេតុអ្វីប្រជាពលរដ្ឋ ១៤ នាក់អាចចាកចេញពីក្រុងព្រះសីហនុបាន ពីព្រោះអាជ្ញាធរបានបិទខ្ទប់តំបន់នោះជាយូរមកហើយ?។ លោកទទូចឱ្យអាជ្ញាធរពិនិត្យ និងពិចារណាឱ្យបានត្រឹមត្រូវចំពោះករណីនេះ ជាពិសេសទោសទណ្ឌណាមួយលើក្រុមពលរដ្ឋ ពីព្រោះពួកគាត់មានជីវភាពក្រីក្រ និងមិនបានដឹងច្បាស់ពីវិធានការរបស់អាជ្ញាធរ៖ «គឺថាអាស្រ័យលើស្ថានភាពជាក់ស្តែង និងរឿងរ៉ាវដែលកើតឡើងពិត ហើយពិនិត្យទៅលើស្ថានភាពរបស់ពួកគាត់ អាជ្ញាធរត្រូវអនុវត្តជាមួយគាត់ហ្នឹងកម្រិតណាប្រសិនបើជីវភាពរបស់ពួកគាត់ក្រីក្រ គាត់ជួបបញ្ហានៃការរស់នៅទៅទៀត ហើយកន្លងមកខ្ញុំក៏ឃើញមានព័ត៌មានច្រើនដែរ ទាក់ទងនឹងការឃាត់ខ្លួនទៅ អាជ្ញាធរខ្លះក៏មានការអនុគ្រោះដោយសារស្ថានភាពជាក់ស្តែងដោយសារជីវភាពរស់នៅ»។
យោងតាមច្បាប់គ្រប់គ្រងជំងឺកូវីដ ពលរដ្ឋដែលបំពានបម្រាម ឬវិធានការរដ្ឋបាល ក្នុងការបង្ការជំងឺកូវីដ-១៩ ជាពិសេសការបំពានបម្រាមក្នុងការបិទខ្ទប់ ត្រូវបង់ពិន័យជាប្រាក់ចាប់ពី ២ លានរៀល ដល់ ៥ លានរៀល និងត្រូវជាប់ពន្ធនាគារថែមទៀតផង បើបទល្មើសនោះ ជាការរារាំងដល់ការអនុវត្តកិច្ចការរបស់សមត្ថកិច្ច ឬនាំឱ្យចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។ ទោះជាបែបនេះក្តី ក្រុមអ្នកការពារសិទ្ធិមនុស្សរិះគន់ថា ទោសទណ្ឌធ្ងន់ធ្ងរបែនេះ ជារឿងមិនត្រឹមត្រូវឡើយ ពីព្រោះវាមិនស្របតាមគោលការណ៍សិទ្ធិមនុស្ស និងសុខភាពសាធារណៈ នៅក្នុងស្ថានភាពមួយដែលពលរដ្ឋកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារជំងឺឆ្លងជាសាកលកូវីដ១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។