សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យដែលគំរាមសម្លាប់លោកបណ្ឌិត សុខ ទូច ទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ក្រោយពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សាកសួរដេញដោល នៅថ្ងៃទី៧ ខែកញ្ញា នេះ។ មន្ត្រីសង្គមស៊ីវិលស្នើឲ្យតុលាការពិនិត្យឲ្យច្បាស់លាស់មុននឹងធ្វើការចោទប្រកាន់។
ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានក្រោយការសាកសួរជនសង្ស័យដែលគំរាមសម្លាប់ លោកបណ្ឌិត សុខ ទូច និយាយយ៉ាងខ្លីថា ការគំរាមនេះ គឺគេធ្វើឡើងដោយខ្លួនឯង មិនបានធ្វើតាមអ្នកណាបញ្ជា ឬនៅពីក្រោយឡើយ៖ «អត់មានអ្នកណាបញ្ជាទេ ខ្ញុំធ្វើខ្លួនឯង»។
ជនសង្ស័យ ផង់ សីហា ដែលមានសម្បុរខ្មៅ សក់វែងគ្របត្រចៀក ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីល្ងាចថ្ងៃទី៥ ខែកញ្ញា នៅច្រកព្រំដែនប៉ោយប៉ែត ក្នុងពេលដែលខ្លួនឆ្លងដែនពីប្រទេសថៃ មកកម្ពុជា។
វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយពីលោកព្រះរាជអាជ្ញា សៀង សុខ ដែលជាអ្នកសាកសួរជនសង្ស័យ ផង់ សីហា បានទេ នៅថ្ងៃទី៧ ខែកញ្ញា។ កាលពីថ្ងៃទី២៩ ខែសីហា លោក សុខ ទូច ត្រូវបានអ្នកលេងហ្វេសប៊ុក (Facebook) ម្នាក់សរសេរគំរាមសម្លាប់ ដោយចោទប្រកាន់ថា លោកលក់ក្បាលឲ្យវៀតណាម ក្នុងរឿងព្រំដែន។
មន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ស្វាគមន៍ចំណាត់របស់សមត្ថកិច្ច និងតុលាការលើរឿងនេះ ហើយស្នើព្រះរាជអាជ្ញាសិក្សាស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ មុនធ្វើការចោទប្រកាន់។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលដដែល មិនទាន់ឯកភាពលើប្រសិទ្ធភាពការងាររបស់សមត្ថកិច្ចទេ ព្រោះថា ការគំរាមនេះ គឺប្រហាក់ប្រហែលគ្នានឹងការគំរាមសម្លាប់អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ហើយមិនទាន់ឃើញសមត្ថកិច្ចចាប់ខ្លួនល្មើសបាននៅឡើយ៖ «យើងស្វាគមន៍ ប៉ុន្តែស្នើឲ្យធ្វើការដូចគ្នានេះរឿងជនគំរាមសម្លាប់ លោក កឹម សុខា ផង ព្រោះយើងមិនទាន់សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបាននៅឡើយទេ»។
ក្រោយសមត្ថកិច្ចបានបញ្ជូន ជនសង្ស័យ ផង់ សីហា បានសារភាពថា សារគំរាមសម្លាប់នោះ គេជាអ្នកធ្វើ និងបង្ហោះសារដោយប្រើតាមទូរស័ព្ទដៃ។
ប្រធានក្រុមស្រាវជ្រាវកិច្ចការព្រំដែននៃរាជបណ្ឌិត្យសភា លោកបណ្ឌិត សុខ ទូច និយាយថា លោកមិនដាក់ពាក្យជនសង្ស័យរូបនេះទេ ដូច្នេះទុកតុលាការ ឬសមត្ថកិច្ចធ្វើការងារនេះតាមនីតិវិធី។ ទោះបែបនេះក្តី លោកបណ្ឌិត សុខ ទូច ចង់ឲ្យយុវជនដែលគំរាមសម្លាប់ ស្រលាញ់ជីវិតអ្នកដទៃដូចជីវិតរបស់ខ្លួន មិនមែនខឹងលោកបន្តិចបន្តួចមកគំរាមសម្លាប់នោះទេ៖ «គាត់មិនត្រូវប្រមាថជីវិតគេចឹងទេ បើគាត់ខឹងគេទៅប្រមាថជីវិតគេចឹងមិនត្រូវទេ ដើរតែខឹងគេ បង្កើតបញ្ហាចឹង គឺធ្វើឲ្យសង្គមបាត់សណ្ដាប់ធ្នាប់»។
ជុំវិញចំណាត់របស់សមត្ថកិច្ចទៅលើជនសង្ស័យគំរាមសម្លាប់លោក សុខ ទូច មន្ត្រីសង្គមស៊ីវិល និងមន្ត្រីគណបក្សប្រឆាំងរិះគន់សមត្ថកិច្ចថា ចាត់វិធានការបានលើតែអ្នកដែលគំរាមសម្លាប់មន្ត្រីរដ្ឋាភិបាល ប៉ុន្តែអ្នកគំរាមសម្លាប់មន្ត្រីបក្សប្រឆាំង មិនឃើញមានចំណាត់ការ ឬការស៊ើបអង្កេតច្បាស់លាស់ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។