អ្នក​ឃ្លាំមើល​ថា បទ​ល្មើស​បាញ់​សម្លាប់​គ្នា​រវាង​ជនជាតិ​ចិន និង​ជនជាតិ​ចិន នៅ​ខេត្ត​ព្រះសីហនុ មិន​ថមថយ​ទេ

0:00 / 0:00

អ្នក​ឃ្លាំមើល​នៅ​ខេត្ត​ព្រះសីហនុ សង្កេត​ឃើញ​ថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ឧក្រិដ្ឋកម្ម ប្រព្រឹត្តិ​ដោយ​ជន​សង្ស័យ​ជា​ជនជាតិ​ចិន នៅ​ខេត្ត​ព្រះសីហនុ កើត​ឡើង​ញឹកញាប់ ធ្វើ​ឲ្យ​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍ ​ព្រួយ​បារម្ភ​ពី​សន្តិសុខ​សណ្ដាប់​ធ្នាប់។

សង្គម​ស៊ីវិល និង​ពលរដ្ឋ​ នៅ​ខេត្ត​ព្រះសីហនុ ប្រាប់​ថា ​ថ្វី​បើ​ជន​ជាតិ​ចិន​ខ្លះ បាន​ចាកចេញ​ពី​ខេត្ត​ព្រះសីហនុ តែ​ជនជាតិ​ ដែល​នៅ​សេសសល់ មិន​បាន​ធ្វើ​ឲ្យ​បទល្មើស​នៅ​ខេត្ត​ទេសចរណ៍​ជាប់​មាត់​សមុទ្រ​មួយ​នេះ ថមថយ​ទេ។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជាប សុធារី ​មាន​ប្រសាសន៍​ថា បទ​ល្មើស​រវាង​ជនជាតិ​ចិន និង​ជន​ជាតិ​​ចិន នៅ​ខេត្ត​ព្រះសីហនុ មិន​មាន​ការ​ថមថយ​ទេ តែ​រឹត​តែ​កើត​ឡើង​ញឹកញាប់ និង​មាន​ចរិត​កាច​សាហាវ​ជាង​ពេល​មុន​ទៅ​ទៀត។ អ្នកស្រី ប្រាប់​ថា ជន​ជាតិ​​ចិន បាន​ចាកចេញ​ពី​ខេត្ត​ព្រះសីហនុ តែ​ក្រុម​រកស៊ី​របរ​កំប៉ិច​កំប៉ុកទេ សម្រាប់​ឈ្មួញ​ធំៗ និង​អ្នក​ចូល​ចិត្ត​លេង​ល្បែង នៅ​បន្ត​រស់​នៅ​ច្រើន។

សង្គម​ស៊ីវិល​រូប​នេះ សង្កេត​ឃើញ​ថា ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បទ​ល្មើស​ចាប់​ជំរិត និង​បទ​ល្មើស​ឃាតកម្ម រវាង​ជនជាតិ​ចិន និង​ជនជាតិ​ចិន ដូច​គ្នា កើត​ឡើង​ខ្លាំង ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​សន្តិសុខ និង​សណ្ដាប់​ធ្នាប់​ ក្រុង​ព្រះសីហនុ៖ «»

ត្រឹម​រយៈ​ពេល​មួយ​សប្ដាហ៍​ ដើម​ខែ​តុលា មាន​បទ​ល្មើស​ឃាតកម្ម​លើ​ជនជាតិ​ចិន២​ករណី គឺ​ករណី​កាប់​សម្លាប់​ម្នាក់ ជា ៣កំណាត់​ ច្រក​ដាក់​ស្បោង​ យក​ទៅ​ផ្លុង​ចោល ដែល​គេ​សង្ស័យ​ថា ដោយសារ​​ជម្លោះ​ប្ដូរ​លុយ និង​ករណី​បាញ់​សម្លាប់​ជនជាតិ​ចិន​ម្នាក់​ទម្លាក់​ពី​លើ​ឡាន នៅ​ព្រឹក​ថ្ងៃ​ទី៦ តុលា។ ចំណែក​ករណី​ចាប់​បង្ខាំង​ជំរិត​ជនជាតិ​ចិន ក៏​កើត​ឡើង​ច្រើន​ករណី​ដែរ នៅ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ។

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បាន​ចាប់​ខ្លួន​ជនជាតិ​ចិន ២នាក់ ជា​បុរស​ម្នាក់ ស្ត្រី​ម្នាក់ ដោយ​ចោទ​ប្រកាន់​ថា ជា​ជន​សង្ស័យ​ក្នុង​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​ជន​ជាតិ​​ចិន​ម្នាក់ ទម្លាក់​ពី​លើ​ឡាន​ នៅ​កណ្ដាល​ក្រុង​ព្រះសីហនុ នៅ​ម៉ោង​ប្រមាណ ៨ព្រឹក​ថ្ងៃ​ទី៦ តុលា។ ប្រព័ន្ធ​ឃោសនា​ក្នុង​ស្រុក (Freshnews) អះ​អាង​ថា សមត្ថកិច្ច​ប្រាប់​ថា ក្រោយ​កើត​ហេតុ​នេះ ភ្លាមៗ ប៉ូលិស​ខេត្ត​ព្រះសីហនុ ចាប់​បាន​ជន​សង្ស័យ ២នាក់ ក្នុង​ចំណោម ៣នាក់។

នៅ​ថ្ងៃ​ជាមួយ​គ្នា​នេះ​ដែរ នៅ​ម៉ោង​ប្រមាណ​ ១១ព្រឹក​ ក៏​​មាន​ករណី​បង្ក្រាប​ជនជាតិ​ចិន​មួយ​ក្រុម​ទៀត​ ដែល​បាន​ចាប់​បង្ខាំង​ជន​ជាតិ​ចិន​ដូច​គ្នា ស្ថិត​នៅ​សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ។ សមត្ថកិច្ច​កង​រាជ​អាវុធ​ហត្ថ​ ចាប់​ខ្លួន​ជន​ជាតិ​ចំនួន ៦នាក់ ក្នុង​ករណី​នេះ។ ប្រភព​ដដែល​ចុះ​ផ្សាយ​ថា មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ លោក ហេង ប៊ុនទី ​មិន​បញ្ជាក់​លម្អិត​ពី​​ការ​ចាប់​ខ្លួន​ជនជាតិ​ទាំង៦​នាក់​នោះ​​ទេ ដោយ​រង់​ចាំ​ការ​សួរ​នាំ​សិន តែ​​ប៉េអិម​បាន​រក​ឃើញ​ខ្នោះ​ដៃ​ជា​ច្រើន ក្នុង​ការ​បង្ក្រាប​ការ​បង្ខាំង​មនុស្ស​នោះ។

ចំណែក​ករណី​មួយ​ទៀត គឺ​ករណី​ជនជាតិ​ចិន ឈ្មោះ ជូ យ៉ាយុន ZHOU YA YUN កាប់​សម្លាប់​ជន​ជាតិ​ចិន​​ដូច​គ្នា កាល​ពី​ថ្ងៃ​ទី៣១ កញ្ញា។ នគរបាល​ខេត្ត​ព្រះសីហនុ ​បាន​​​បង្ហាញ​មុខ​ជន​សង្ស័យ​ថា ​ជា​អ្នក​ប្រកប​របរ​ជា​អ្នក​​ប្ដូរ​ប្រាក់ ​ស្ថិត​នៅ​ក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង​ព្រះសីហនុ។​ ជនសង្ស័យ ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា​ ឃាតកម្ម​នេះ កើត​ឡើង ​កាល​ពី​ថ្ងៃ​ទី៣០ ខែ​កញ្ញា ក្នុង​ពេល​ជន​រងគ្រោះ​មក​ប្ដូរ​ប្រាក់​ចំនួន ៧០.០០០$ (ប្រាំពីរ​ម៉ឺន​ដុល្លារ​អាមេរិក)។ ជន​រងគ្រោះ ឈ្មោះ វូ ចេងហ៊ុយ (WU CHENGHUI)។ ករណី​នេះ កើត​ឡើង​នៅ​ថ្ងៃ​ទី៣១ កញ្ញា នៅ​ពេល​ជង​រងគ្រោះ​ ចូល​ទៅ​ហាង​ប្ដូរ​ប្រាក់ ដើម្បី​ប្ដូរ​លុយ​ចិន ជា​ដុល្លារ​អាមេរិក តែ​ត្រូវ​ជន​សង្ស័យ​ប្រើ​កាំ​បិត​កាប់ និង​ចាក់​សម្លាប់​ ហើយ​កាត់​ជា ៣កំណាត់ វេច​ខ្ចប់​សព​ក្នុង​ភួយ ដាក់​ចូល​ស្បោង​ពណ៌​ខ្មៅ យក​ទៅ​ផ្លុង​ចោល​នៅ​ដី​ឡូត៍​មួយ​កន្លែង​ម្ដុំ​អូរត្រេះ ក្នុង​សង្កាត់​លេខ៤។

អ្នក​ស្រី ជាប សុធារី យល់​​ថា ករណី​បទ​ល្មើស​ចាប់​បង្ខាំង និង​​ឃាតកម្ម ​រវាង​ជនជាតិ​ចិន និង​ជនជាតិ​ចិន​ នៅ​ខេត្ត​ព្រះសីហនុ កើត​ឡើង​ដោយសារ​ ការ​ប្រព្រឹត្តិ​ល្បែង​ស៊ីសង និង​ការ​​រក​ស៊ី​កាច់កុង​គ្នា​ក្នុង​មុខ​របរ។

ចំណែក​អ្នក​សម្រប​សម្រួល អង្គការ លីកាដូ ខេត្ត​ព្រះសីហនុ លោក ស្រេង វ៉ាន់លី ក៏​សង្កេត​ឃើញ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ ​បទល្មើស​ប្រព្រឹត្តិ​ដោយ​ជនជាតិ​ចិន កើន​ឡើង​មិន​ថមថយ​ដែរ បើ​ទោះ​ជនជាតិ​ចិន​ខ្លះ សម្រុក​ចាកចេញ​ទៅ​វិញ​ក៏​ដោយ។ លោក​ ស្រេង វ៉ាន់លី ប្រាប់​ថា បាន​ឃើញ​អាជ្ញាធរ​ខេត្ត ធ្វើ​ការ​ឆែកឆេរ ត្រួត​ពិនិត្យ​អាវុធ​ ជាតិ​ផ្ទុះ​តាម​ដង​ផ្លូវ​ដែរ តែ​វិធានការ​នេះ មិន​អាច​លុប​បំបាត់ ឬ​កាត់​បន្ថយ​បទ​ល្មើស​របស់​ជនជាតិ​ចិន​បាន​ឡើយ។

តំណាង​សង្គម​ស៊ីវិល​ខេត្ត​ព្រះសីហនុ​រូប​នេះ ជំរុញ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​​ បន្ថែម​វិធានការ​ទប់ស្កាត់​ការ​​នាំ​ចូល​អាវុធ​​ឲ្យ​មាន​ប្រសិទ្ធិ​ភាព ពិសេស​បន្ថែម​ការ​ត្រួត​ពិនិត្យ​នៅ​​តាម​ច្រក​សំខាន់ ដែល​មាន​ជនជាតិ​ចិន ចូល​មក​នៅ​ខេត្ត​ព្រះសីហនុ៖ «»

របាយការណ៍​របស់​បង្ហាញ​ថា ក្នុង​ត្រីមាស​ទី១ គិត​ពី​ថ្ងៃ​ទី២០ ខែ​ធ្នូ ឆ្នាំ ២០១៨ ដល់​ថ្ងៃ​ទី១៩ ខែ​មីនា ឆ្នាំ២០១៩ ជនជាតិ​ចិន បង្ក​បទល្មើស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ជាង​គេ។ រយៈ​ពេល ៣ខែ​នេះ មាន​ជនជាតិ​ចិន​ ជាង ២៤១នាក់ ត្រូវ​បាន​ចាប់​ខ្លួន ក្រោម​បទ​ល្មើស​ផ្សេងៗ ខណៈ​ជនជាតិ​វៀតណាម មាន​ចំនួន​ច្រើន​បន្ទាប់ គឺ ៤៩នាក់។ ជនសង្ស័យ​ជនជាតិ​ចិន​ទាំងនោះ ប្រព្រឹត្តិ​បទល្មើស​ច្រើន​ទីតាំង​នៅ​កម្ពុជា និង​បទ​ចោទ​ផ្សេងៗ គ្នា។

ជនជាតិ​ចិន ហូរ​ចូល​ប្រទេស​​កម្ពុជា​ខ្លាំង ក្នុង​ឆ្នាំ២០១៧ គឺ​កើន​ឡើង​ខ្លាំង​នៅ​ខេត្ត​ព្រះសីហនុ​។ នៅ​ឆ្នាំ២០១៩ ជនជាតិ​ចិន ហូរ​ចូល​កាន់តែ​ច្រើន​តាម​ខេត្ត​ផ្សេង​ទៀត ដូចជា ខេត្ត​កំពត កែប តាកែវ សៀមរាប បន្ទាយមានជ័យ ​ខណៈ​ពលរដ្ឋ និង​អាជីវករ ឱ្យ​ដឹង​ថា ជនជាតិ​ចិន​នៅ​ក្រុង​ព្រះសីហនុ សឹង​តែ​មាន​ចំនួន​ច្រើន​ជាង​ខ្មែរ​ទៅ​ហើយ។ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ជនជាតិ​ចិន មួយ​ចំនួន​បាន​សម្រុក​ចាក​ចេញ​ទៅ។

លោក ស្រេង វ៉ាន់ លី ឲ្យ​ដឹង​ថា មូលហេតុ​ជនជាតិ​ចិន សម្រុក​ចាកចេញ​ពី​ខេត្ត​ព្រះសីហនុ​ ដោយ​សារ ការ​បិទ​​ល្បែង​តាម​អ៊ីនធឹណិត (Game Online) និង​ដោយសារ​បុណ្យ​សែន​ព្រះ​ខែ​ជាដើម។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា ជនជាតិ​ចិន សម្រុក​ចាកចេញ​ក្នុង​មួយ​ថ្ងៃ ប្រហែល ៣ពាន់​នាក់ តែ​ចូល​មក​វិញ ប្រហែល ២ពាន់ ៧​រយ (២.៧០០) នាក់​វិញ។ អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក ឃាង ភារម្យ បាន​ទេ នៅ​ថ្ងៃ​ទី៦ តុលា ដោយសារ​លោក​មិន​ទទួល​ទូរស័ព្ទ។ តែ​លោក ឃាង ភារម្យ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក (RFI) ថា​ អាជ្ញាធរ​នឹង​បង្កើន​កិច្ច​ខិតខំ​របស់​ខ្លួន និង​រឹង​បន្តឹង​ច្បាប់​បន្ថែម​ទៀត ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ សណ្ដាប់​ធ្នាប់ និង​សុវត្ថិភាព​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។

មួយ​រយៈ​ចុង​ក្រោយ​នេះ បទល្មើស ដែល​ជនជាតិ​ចិន ប្រព្រឹត្តិ​​នៅ​ខេត្ត​ព្រះសីហនុ​​ មាន​ទ្រង់ទ្រាយ​កាន់​តែ​ធំ​ជាង​មុន ដូចជា ការ​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ចាប់​បង្ខាំង​អ្នក​ចាញ់​ល្បែង ​បើក​ឡាន​ដេញ​បុក​គ្នា បើក​កន្លែង​ពេស្យាចារ ​ប្រមូល​ផ្ដុំ​​គ្នា ជា​ក្រុម ដេញ​វាយ​គ្នា​តាម​ផ្លូវ​ក្នុង​ក្រុង និង​​ឃាតកម្ម​ បាញ់​សម្លាប់​ ជាដើម​។

អាស៊ី​សេរី ក៏​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ បាន​ដែរ នៅ​ថ្ងៃ​ទី៦ តុលា តែ​លោក​ធ្លាប់​ប្រាប់​ថា រដ្ឋាភិបាល​កំពុង​ខិតខំ​ប្រឹងប្រែង​ទប់​ស្កាត់ និង​បង្ក្រាប​រាល់​ថ្ងៃ។ បើ​ទោះ​ជា លោក​ទទួល​ស្គាល់​ថា ជនជាតិ​ចិន​ខ្លះ ប្រព្រឹត្តិ​បទ​ល្មើស​នៅ​ខេត្ត​ព្រះសីហនុ តែ​លោក​ប្រៀបធៀប​ស្ថានភាព​រញ៉េរញ៉ៃ​របស់​ជនជាតិ​ចិន មិន​ទាន់​បង្ក​អសន្តិសុខ ដូច​បណ្ដាល​ប្រទេស​មួយ​ចំនួន​ទៀត​ឡើយ។ លោក ផៃ ស៊ីផាន អះអាង​ថា រដ្ឋាភិបាល​នឹង​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់ បន្ថែម​ទៀត ដើម្បី​ឆ្លើយតប​នឹង​ការ​ប្រព្រឹត្តិ​បទល្មើស​របស់​ជន​បរទេស​គ្រប់​ជាតិ​សាសន៍​លើ​ទឹកដី​កម្ពុជា។

កាលពី​ខែ​កុម្ភៈ ឆ្នាំ២០១៨ អគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា លោក ស្យុង បូ (Xiong Bo) អំពាវនាវ​ឱ្យ​​សមត្ថកិច្ច​កម្ពុជា អនុវត្ត​ច្បាប់​ឱ្យ​តឹងរ៉ឹង​បំផុត ចំពោះ​​ជន​ជាតិ​ចិន ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​នៅ​កម្ពុជា និង​មិន​ត្រូវ​យោគយល់​ពី​ទំនាក់​ទំនាក់​ប្រទេស​ទាំង​ពីរ​ឡើយ។ ប៉ុន្តែ ទោះ​មាន​ការ​ប្រកាស​បែប​នេះ ក៏​​គ្មាន​​ការ​ថមថយ​បទ​ល្មើស​ដែរ។

ពលរដ្ឋ​រស់​នៅ​ក្រុង​ព្រះសីហនុ​ម្នាក់ លោក លី ឌី សង្កេត​ឃើញ​ថា ជនជាតិ​ចិន នៅ​ខេត្ត​ព្រះសីហនុ មាន ២ប្រភេទ គឺ​ក្រុម​ត្រឹមត្រូវ និង​ក្រុម​អនាធិបតេយ្យ។ លោក​យល់​ថា ការ​សម្រុក​ចូល​​របស់​ជន​ជាតិ​ចិន យ៉ាង​គំហុក​ពេក ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​គ្រប់គ្រង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។