ប្រជាពលរដ្ឋរស់នៅខេត្តបាត់ដំបង អះអាងថា បទល្មើសក្នុងស្ទឹងសង្កែ នៅតែបន្តកើតមាន តាមរយៈការដាក់ស្បៃមុង ឬអ៊ុយ យកកូនត្រីដែលកំពុងធ្វើឱ្យហិនហោចធនធានមច្ឆជាតិនៅក្នុងស្ទឹងនេះ។ មន្ត្រីសង្គមស៊ីវិល ជំរុញឱ្យអាជ្ញាធរជលផលបង្កើនការចុះល្បាតទាំងថ្ងៃទាំងយប់ និងអប់រំពលរដ្ឋឱ្យយល់ពីផលប៉ះពាល់នៃការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីធានាពីលំនឹងធនធានមច្ឆជាតិក្នុងស្ទឹង។
ខណៈអាកាសធាតុចុះត្រជាក់ ធ្លាក់ខ្យល់រំហើយ ទឹកស្ទឹងស្រកបន្តិច គេសង្កេតឃើញថា ការនេសាទក្នុងស្ទឹងសង្កែ ហាក់មានភាពមមាញឹក ជាពិសេសនៅត្រង់ទំនប់ស្ទាក់ទឹក សាលាតាអន ក្នុងនោះក៏មានការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ យ៉ាងអនាធិបតេយ្យផងដែរ។
ពលរដ្ឋនៅឃុំសំរោងក្នុង ស្រុកឯកភ្នំ លោក ខឹម សុភ័ណ្ឌ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៩ វិច្ឆិកា ថា លោកសង្កេតឃើញអ្នកនេសាទមួយចំនួនកំពុងងាកមកប្រើប្រាស់ស្បៃមុង ឬហៅថាអ៊ុយ ដាក់យកត្រីតូចធំជាច្រើនទីតាំង ខណៈឧបករណ៍នេសាទខុសច្បាប់ប្រភេទនេះ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ពពួកកូនត្រី និងប្រភេទត្រីកម្រ។ លោកបន្តថា ទោះបីមានបទល្មើសនេសាទប្រភេទនេះច្រើនក្ដី តែអាជ្ញាធរជលផលចុះទៅបង្ក្រាបតែនៅពេលថ្ងៃប៉ុណ្ណោះ ខណៈអ្នកនេសាទច្រើននាំគ្នាលើកស្បៃអ៊ុយចាប់យកត្រីនៅពេលយប់។
លោក ខឹម សុភ័ណ្ឌ៖ «លើកមុនខ្ញុំសួរដែរ សួរអ៊ំជលផលម្នាក់នោះគាត់ថា ប្រសិនបើមិនឱ្យគាត់(អ្នកនេសាទ)រកត្រូវច្បាប់ខ្លះ ខុសច្បាប់ខ្លះ នឹងដាច់ច្រកឆ្នាំង។ ហើយជាពិសេសអ្នកមកពីព្រៃចាស់ មករក(ត្រី)នៅខាងលើដែរតើ ព្រោះព្រៃចាស់ឥឡូវអត់មានត្រីមានអីទេ ហើយចេះតែសម្រុកបើកកាណូតបើកអីមករកតាមផ្លូវតិចៗរហូត បានយកត្រីមកលក់ខាងលើដែរ!គាត់និយាយអ៊ីចឹង»។
ពលរដ្ឋនៅតាមដងស្ទឹងសង្កែ អះអាងថា អ្នកនេសាទ ដែលមករកត្រីនៅស្ទឹងសង្កែ ភាគច្រើនមិនមែនពលរដ្ឋនៅក្នុងមូលដ្ឋានទេ ពោលគឺពួកគេមកពីតំបន់ និងស្រុកផ្សេងៗគ្នា។
ពលរដ្ឋម្នាក់ទៀតនៅភូមិព្រែកនរិន្ទ លោកស្រី ស៊ុន សោភ័ណ្ឌ ឱ្យដឹងថា ពលរដ្ឋដែលនេសាទនៅតាមដងស្ទឹងសង្កែ បានប្រើប្រាស់ស្បៃមុង ឬអ៊ួនក្រឡាញឹកនេះ ចាប់តាំងពីដើមខែវិច្ឆិកា មកម្ល៉េះ ដោយត្រីដែលពួកគេនេសាទបាននោះ សុទ្ធតែជាកូនត្រីល្អិតៗ ដែលលើកចេញពីស្ទឹងក្នុងមួយកន្លែង មិនតិចជាង ៥រយគីឡូក្រាមឡើយ។ លោកស្រីរៀបរាប់ថា ការបើកឱ្យប្រើប្រាស់ឧបករណ៍ខុសច្បាប់សម្រាប់នេសាទកូនត្រីបែបនេះ នឹងបណ្ដាលឱ្យផលនេសាទនៅរដូវប្រាំងធ្លាក់ចុះខ្លាំង ហើយទិន្នផលត្រីកាន់តែធ្លាក់ចុះនៅឆ្នាំបន្ទាប់។
លោកស្រី ស៊ុន សោភ័ណ្ឌ៖ «(ត្រី)ប៉ុណ្ណាក៏យកដែរ ធំមិនទាន់ទេ អ្នករកនោះ តូចធំយកទាំងអស់។ ភាគច្រើនគ្មានធំនោះទេ សម្បូរតែតូចៗហ្នឹងឯង។ ប៉ុនម្រាមដៃម្រាមជើង»។H112923PK-A2
ការប្រើប្រាស់ឧបករណ៍នេសាទប្រភេទស្បៃមុង ស្បៃអ៊ុយទាំងនោះ គឺជាការបង្កហានិភ័យធ្ងន់ធ្ងរដល់ធនធានមច្ឆជាតិក្នុងទឹក ព្រោះវាបានទាក់យកត្រីទាំងតូចទាំងធំ ដែលរារាំងដល់ការធំធាត់ និងការបន្តពូជរបស់ពួកវា។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង នាយខណ្ឌរដ្ឋបាលជលផល ខេត្តបាត់ដំបង លោក ជួង សុភា និងអភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៩ វិច្ឆិកា។
ទាក់ទិនរឿងនេះ អ្នកសម្របសម្រួលកម្មវិធីផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ ប្រចាំខេត្តបាត់ដំបង លោក អ៊ិន គង់ជិត មានប្រសាសន៍ថា មន្ត្រីជលផលគួរដាក់កម្លាំងចុះត្រួតពិនិត្យបទល្មើសនេសាទនេះ នៅពេលយប់បន្ថែមទៀត។ ជាមួយគ្នានេះ លោកស្នើឱ្យអាជ្ញាធរមូលដ្ឋានគួរចុះអប់រំប្រជានេសាទ ពីផលប៉ះពាល់ទៅលើការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងបទបញ្ញត្តលើការផាកពិន័យចំពោះអ្នកដែលប្រព្រឹត្តខុស។
លោក អ៊ិន គង់ជិត៖ «ការដែលយើងនាំគ្នាចូលរួមបង្ការទប់ស្កាត់ហ្នឹងវាបានធ្វើឱ្យទិន្នផលត្រី វាមានស្ថិរភាពយូរអង្វែងទៅ សម្រាប់តែប្រជានេសាទគ្នាគាត់ហ្នឹងឯង។ ហើយពួកគាត់មិនគិតគូរលើបញ្ហាអស់ហ្នឹង វានាំឱ្យបាត់បង់ផលនេសាទធ្ងន់ធ្ងរ ហើយអ៊ីចឹងវានាំឱ្យផលចំណូលធ្លាក់ចុះ ហើយនាំឱ្យធ្វើចំណាកស្រុកទៀតហើយ»។
កាលពីថ្ងៃទី២០ ខែវិច្ឆិកា កម្លាំងនគរបាលបានចុះបង្ក្រាបបទល្មើសនេសាទក្នុងចំណុចបឹងតាអួរ ស្ថិតក្នុងភូមិកំពង់ប្រហុក ឃុំកោះជីវាំង ស្រុកឯកភ្នំ ដោយបានកាប់បំផ្លាញ និងដុតចោលនូវសាច់មងប្រវែងជាង ៥រយម៉ែត្រ បង្គោលចំនួនជាង ១រយដើម ឡុកចំនួន ០២គ្រឿង និងលែងកូនត្រីចម្រុះចូលធម្មជាតិវិញចំនួន ៧០គីឡូក្រាម។
ទោះជាបែបនេះក្ដី ការចុះបង្ក្រាបបទល្មើសនេសាទនេះ ហាក់ទទួលបានលទ្ធផលតិចតួចប៉ុណ្ណោះបើប្រៀបធៀបជាមួយនឹងចំនួនករណីបទល្មើសនេសាទ ដែលមានពាសពេញស្ទឹង រហូតទៅដល់តំបន់បឹងទន្លេសាប។
មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋរស់នៅតាមបណ្ដោយស្ទឹងសង្កែ អំពាវនាវឱ្យអាជ្ញាធរជលផល និងប្រជានេសាទខ្លួនឯងផ្ទាល់ ចូលរួមទប់ស្កាត់ និងមិនប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីធានាលើស្ថិរភាពត្រីក្នុងស្ទឹង ដែលជាការគិតគូរប្រយោជន៍យូរអង្វែង ជាជាងប្រយោជន៍មួយពេលធ្វើឱ្យហិនហោចធនធានធម្មជាតិក្នុងស្ទឹងសង្កែ រហូតទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។