សង្គម​ស៊ីវិល​រិះគន់​សេចក្ដីព្រាងច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី ថា​គ្មាន​ប្រសិទ្ធភាព បើ​ការ​អនុវត្ត​ច្បាប់​ចរាចរ​មិន​ស្មើភាព​គ្នា

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល បារម្ភ​អំពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ដោយ​ពួកគាត់​លើកឡើង​ថា ទោះ​មាន​សេចក្ដីព្រាងច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី ល្អ​យ៉ាងណាក៏ដោយ ក៏​ការ​អនុវត្ត​ហាក់​គ្មាន​ប្រសិទ្ធភាព​ឡើយ ដរាបណា​មន្ត្រី​ជំនាញ​នៅតែ​អនុវត្ត​ច្បាប់​ប្រព្រឹត្ត​អំពើពុករលួយ និង​ស្តង់ដារ​ពីរ​រវាង​អ្នកមាន និង​អ្នកក្រ​។ ពួកគាត់​ថា បើ​ការអនុវត្ត​ច្បាប់​នៅតែ​មិន​ស្មើភាព​គ្នា​បែបនេះ នឹង​ធ្វើអោយ​ប្រជាពលរដ្ឋ​អស់ជំនឿ​លើ​អ្នក​អនុវត្ត​ច្បាប់ ហើយ​ការ​បំពាន​ច្បាប់​កាន់តែ​កើនឡើង។

សង្គម​ស៊ីវិល​បង្ហាញថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍ ដើម្បី​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន និង​គ្រឿង​ស្រវឹង​ក្នុង​ពេល​បើកបរ​នោះ​ជា​រឿង​ល្អ ប៉ុន្តែ​បើ​ការអនុវត្ត​ច្បាប់​នោះ​មិន​ស្មើភាព កាន់តែ​ធ្វើអោយ​មន្ត្រី​អនុវត្ត​ច្បាប់​ប្រព្រឹត្ត​អំពើពុករលួយ ហើយ​ជនល្មើស មិន​ខ្លាច​ការអនុវត្ត​ច្បាប់​នោះ​ឡើយ។

ប្រតិកម្ម​នេះ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក ស ខេង ថ្លែង​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ឆ្លង​សេចក្ដីព្រាងច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​ថ្ងៃទី ២៨ ខែធ្នូ ថា សេចក្ដីព្រាងច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី បាន​កែប្រែ​ខុសពី​ច្បាប់​ចាស់ រហូតដល់​ជាង​៦០​ភាគរយ​(៦០%) ដោយ​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ឯកភាព​គ្នា​កំណត់​ថា អ្នក​បើក​យានយន្ត​ទាំងអស់ មិន​ត្រូវ​ស្ថិត​ក្រោម​ស្ថានភាព​ស្រវឹង ក្នុង​នោះ​មាន​ទាំង​គ្រឿងញៀន និង​ជាតិ​ស្រវឹង​ផ្សេងទៀត ហើយ​អ្នកបើកបរ​យានយន្ត តម្រូវ​ឲ្យ​ធ្វើតេស្ដ​គ្រឿងញៀន​មុន​ផ្ដល់​ប័ណ្ណបើកបរ​។ លោក ស ខេង អះអាង​ថា ច្បាប់​ចរាចរណ៍​ថ្មី ដែល​គ្រោង​ធ្វើ​វិសោធនកម្ម​ថ្មី​ពេល​ខាងមុខ​នេះ ដើម្បី​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន និង​អំពើ​ហិង្សា រួម​នឹង​បញ្ហា​លួច​ប្លន់ ជាពិសេស​ជួយ​កាត់បន្ថយ​ការ​ចំណាយ​ថវិកាជាតិ​សម្រាប់​ការ​ស្តារ​នីតិសម្បទា​របស់​អ្នកប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​មណ្ឌល​នីមួយៗ។

លោក ស ខេង៖ «នៅក្នុង​ច្បាប់​នេះ យើង​អត់​ទាន់​និយាយ​ជាក់លាក់​ទេ ទោស​បញ្ញត្តិ​នោះ​ណា អត់​ទាន់​និយាយ​ជាក់លាក់​ទេ ប៉ុន្តែ​គ្រាន់តែ​ថា​យើង​តម្រូវ​ឱ្យ​មើល។ ប៉ុន្តែ​មាន​ដែរ​មាន​ដេញ​គេ​ហៅថា ឧទាហរណ៍​ថា​នែ កាលណា​បើកបរ​រក​ឃើញ​សារធាតុ​ញៀនៗ យើង​ដក​ប័ណ្ណបើកបរ ហើយ​រហូតដល់​ពេល​ដែល​ធ្វើ​តេស្ដ​លើក​ក្រោយ​ទៅ​គាត់​អត់​មាន​សារធាតុ​ញៀន​បាន​អនុញ្ញាត​ឱ្យ​បើកបរ​ឡើងវិញ»។

នាយក​ប្រតិបត្តិ​អង្គការ​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ​(IPA) លោក ឡាំ សុជាតិ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៩ ធ្នូ ថា ការអនុវត្ត​ច្បាប់​ចរាចរណ៍​សព្វថ្ងៃ នៅ​ធូរ​រលុង ពិសេស​ពេល​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ម្ដងៗ តែង​មាន​ការ​អន្តរាគមន៍ និង​ចំណាយ​ប្រាក់​បញ្ចប់រឿង​។ លោក​ថា ច្បាប់​ចរាចរ​មាន​ភាព​តឹងរ៉ឹង ប៉ុន្តែ​ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​គ្មាន​គ្មាន​ការទទួលខុសត្រូវ បណ្ដោយ​ឱ្យ​អ្នក​ប្រព្រឹត្ត​គេចវេះ​ពី​ច្បាប់​ដោយ​ប្រើ​មធ្យោបាយ​តែ​ផ្ដល់​ប្រាក់​សូកប៉ាន់​មន្ត្រី​បញ្ចប់រឿង​។ លោក​បន្ត​ថា ការ​លើកទឹកចិត្ត​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​តាមរយៈ​ប្រាក់​ផាកពិន័យ​ច្រើន ទទួល​បាន​ប្រាក់​ច្រើន គឺជា​វប្បធម៌​មិនល្អ ធ្វើ​ឱ្យ​អ្នក​ប្រព្រឹត្ត​មិន​រាងចាល និង​នៅតែ​បន្ត​ធ្វេសប្រហែស​បើកបរ​បំពាន​ច្បាប់។

លោក ឡាំ សុជាតិ៖ «ការអនុវត្ត​ច្បាប់​ហ្នឹង​នៅ​មាន​គំលាត​ខ្លាំង​នៅឡើយ ហើយ​ប្រសិទ្ធភាព​នូវ​ការអនុវត្ត​ច្បាប់​ទៀតសោត គឺ​នៅ​មាន​កម្រិត​ទាប ហើយ​ដោយសារ​ប្រទេស​កម្ពុជា​យើង​មាន​អំពើពុករលួយ​ច្រើន មានការ​ដោះស្រាយ​វិវាទ​ហ្នឹង​ដោយ​ការប្រើប្រាស់​លុយ​ច្រើន​ទៅ ការអនុវត្ត​ច្បាប់​ដោយមាន​ចែង​ជា​ធរមាន​ហ្នឹង មិន​ត្រូវ​បាន​អនុវត្ត​តាម​ទេ​បាទ​។ ដូចជា​មាន​ករណី​នៃ​ការ​គ្រោះថ្នាក់​ចរាចរណ៍ បង្ក​ដោយ​ជនល្មើស ជនសង្ស័យ​ផ្សេងៗ ដែល​គាត់​គិតថា​អាច​ជាប់​ពាក់ព័ន្ធ​ទៅ​ហ្នឹង​បទល្មើស​បុក​គេ​ដោយ​ចេតនា​ក្តី អ​ចេតនា​ក្តី បង្ក​បញ្ហា​ហ្នឹង ច្រើនតែ​គេ​មិន​យក​ច្បាប់​មក​អនុវត្ត​ទេ ហើយ​បែរជា​មានការ​ដោះដូរ​ដោះ​ស្រាយ​ខុសពី​នីតិវិធី​ច្បាប់ក្រម​ព្រហ្មទណ្ឌ​ទៅទៀត»។

ទាក់ទិន​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី យល់​ឃើញ​ថា បើ​ពិនិត្យ​ទៅលើ​គោលបំណង នៃ​ការ​ធ្វើ​សេចក្ដីព្រាងច្បាប់​ចរាចរណ៍​ថ្មី ជា​រឿង​ល្អ​ដើម្បី​ធានា ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។ លោក​ថា ទោះបី​មានច្បាប់​ល្អ​យ៉ាងណា ក៏​ត្រូវ​មានការ​ចូលរួម​ពី​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ផង​ដែរ ព្រោះ​កន្លង​ទៅ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​របស់​មន្ត្រី​មិន​ស្មើភាព​គ្នា និង​មាន​អំពើពុករលួយ​ច្រើន ដោយ​លក្ខខណ្ឌ​ថ្មីៗ ដើម្បី​ដាក់បន្ទុក​ដល់​ពលរដ្ឋ​ឱ្យ​បង់ប្រាក់​ច្រើន ដែល​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​។ លោក​បន្ត​ថា ក្រសួង​ពាក់ព័ន្ធ គួរ​បង្កើន​ការ​ធ្វើ​ស្លាក​សញ្ញា​ចរាចរណ៍​នៅ​តាម​ដងផ្លូវ និង​ផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​អំពី​ច្បាប់​ចរាចរណ៍។

លោក ប៉ិច ពិសី៖ «​ការអនុវត្ត​ច្បាប់​កន្លងមក ដែល​ប្រជាពលរដ្ឋ​មើលឃើញ​ហ្នឹង គឺ​មិន​មាន​ភាព​ស្មើភាព​គ្នា​ទេ មានការ​រើសអើង​រវាង​អ្នកមាន​លុយកាក់ ហើយនឹង​អ្នក​មាន​អំណាច ហើយ​ច្រើនតែ​មានការ​លើកលែង ឬក៏​ការ​ដោះស្រាយ ដោយ​មិន​ប្រើ​គោល​ការ​ច្បាប់ ដែល​មាន​ជា​ធរមាន​សម្រាប់​អ្នក​មាន​លុយ និង​មានអំណាច​។ ចំណែកឯ​អ្នក​ពលរដ្ឋ​ទូទៅ​ជា​អ្នកប្រើប្រាស់​ចរាចរ​ទូទៅ​ហ្នឹង បើសិនជា​គាត់​មាន​កំហុស ពួកគាត់​ត្រូវ​បាន​គេ​ជំរិត​ទារប្រាក់​ក្ដី ឬក៏​បើសិនជា​គាត់​អត់​មាន​លុយ​កាក់ គេ​អនុវត្ត​ច្បាប់​អ៊ីចឹង​ទៅ ធ្វើអោយ​គាត់​ហ្នឹង​រឹតតែ​មាន​បន្ទុក​។ អ៊ីចឹង​ដើម្បីអោយ​ការអនុវត្ត​ច្បាប់​មាន​ប្រសិទ្ធភាព ទាល់តែ​យើង​អនុវត្ត​ច្បាប់​អោយ​យុត្តិធម៌​ត្រឹមត្រូវ ហើយ​ស្មើភាព​គ្នា»។

វប្បធម៌​ដោះស្រាយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ឲ្យ​លុយ​បញ្ចប់​រឿង​នេះ កើត​មាន ជាទូទៅ​នៅ​ស្រុក​ខ្មែរ ដូចជា​ករណី​ថ្មី​នេះ យុវជន​បើកបរ​រថយន្ត​បុក​មួ​យ​គ្រួសារ ធ្វើ​ឱ្យ​ទារក​ម្នាក់​ស្លាប់ ហើយ​ជនរងគ្រោះ​សន្លប់​មិនទាន់​ដឹងខ្លួន​ផង ក៏​មាន​ស្នាម​មេដៃ​ទទួល​ប្រាក់​សំណង ហើយ​ជន​បង្ក​រត់​គេច​ខ្លួន​បាត់​។ មន្ត្រី​សង្គម​ស៊ីវិល​មើលឃើញ​ថា មន្ត្រី​អនុវត្ត​ច្បាប់ មាន​ស្ពង់​ដារ​ពីរ​រវាង​អ្នកមាន និង​អ្នកក្រ។ មួយ​រយៈ​ចុងក្រោយ​នេះ ពលរដ្ឋ​ធ្វើដំណើរ​តែង​បង្ហោះ​រិះគន់​តាម​បណ្ដាញ​សង្គម ពាក់ព័ន្ធ​ការប្រព្រឹត្ត​អំពើពុករលួយ​របស់​ប៉ូលិស​ចរាចរណ៍​អនុវត្ត​ច្បាប់ តែ​ត្រូវ​បាន​សមត្ថកិច្ច​កោះហៅ​ពួកគាត់​ទៅ​ធ្វើ​កិច្ចសន្យា តែ​មិនសូវ​ដាក់ទណ្ឌកម្ម​វិន័យ​អ្វី​ទៅ​មន្ត្រី​នោះ​ឡើយ។

តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បង្ហាញថា​រយៈពេល​៦​ខែ ឆ្នាំ​២០២២ នេះ មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន​បណ្ដាលមកពី ការ​បើកបរ​ល្មើស​ល្បឿន​៣៨​ភាគរយ​(៣៨%) បើកបរ​មិន​គោរព​សិទ្ធិ​២៤​ភាគរយ​(២៤%) មិន​ប្រកាន់​ស្កាំ​១១​ភាគរយ​(១១%)​និង វ៉ា​ជែង​១១​ភាគរយ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។