សង្គម​ស៊ីវិល​ថា ការតែងតាំង​ទីប្រឹក្សា​រដ្ឋាភិបាល គឺ​ជា​ការ​ខ្ជះខ្ជាយ​ថវិកា​ជាតិ

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ថា មុន​រដូវ​បោះឆ្នោត​ម្ដងៗ រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ លោក ហ៊ុន សែន បង្កើន​ការ​តែងតាំង​ទីប្រឹក្សា និង​ជំនួយការ​របស់​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី តាម​ក្រសួង ស្ថាប័ន​ហួស​ពី​តម្រូវការ​។ មន្ត្រី​សង្គម​ស៊ីវិល​ថា ការតែងតាំង​លើស​ពី​តម្រូវការ គឺ​កំពុងតែ​យក​លុយ​បង់ពន្ធ​ពី​ពលរដ្ឋ​ដែល​ខិតខំ​ធ្វើការ​ទាំង​លំបាកទៅ​ផ្ដល់​ប្រាក់ខែ​ដល់ ទីប្រឹក្សា និង​ជំនួយការ ដែល​ពុំ​បាន​បម្រើ​ពលរដ្ឋ​ឱ្យ​មាន​ប្រសិទ្ធភាព។

មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា រដ្ឋាភិបាល​បង្កើន​ការ​ចំណាយ​ថវិការដ្ឋ​ខ្ជះខ្ជាយ​លើ​ការតែងតាំង​ទីប្រឹក្សា និង​ជំនួយការ ខណៈ​ដែល​ទីប្រឹក្សា និង​ជំនួយការ​មួយចំនួន​ពុំបាន​បង្ហាញ​សមិទ្ធផល​ការងារ​ជាក់លាក់​ណាមួយ​បម្រើ​ពលរដ្ឋ​នោះ​ទេ។

ការ​លើកឡើង​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ ក្រោយ​ការ​តែងតាំង​ជំនួយការ និង​ទីប្រឹក្សា​កាន់តែ​កើនឡើង​សឹង​រៀងរាល់​ថ្ងៃ ជាក់ស្ដែង​នៅ​ថ្ងៃទី​២៧ និង​២៨ ខែ​មិថុនា កន្លង​ទៅ​នេះ រដ្ឋាភិបាល​បាន​តែងតាំង​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ចំនួន ២១​រូប ដែល​មាន​ឋាន​ស្មើ​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ និង​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​មាន​ឋានៈ​ស្មើ​អគ្គនាយក​ចំនួន ៦​រូប។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​កំពុងតែ​បង្កើន​ការ​ចំណាយ​ខុស​គោលដៅ​លើ​ការតែងតាំង ជំនួយការ និង​ទីប្រឹក្សា ច្រើន​លើសលប់ ហើយ​ប្រសិទ្ធភាព​ការងារ​របស់​ជំនួយការ និង​ទីប្រឹក្សា មិន​សម​នឹង​តួនាទី​ជា​មន្ត្រី​ដឹកនាំ​ក្បាលម៉ាស៊ីន​របស់​រដ្ឋ​នោះ​ទេ។

លោក ប៉ិច ពិសី៖ «ពិនិត្យមើល​តម្រូវការ ខ្ញុំ​គិតថា​មិន​ទាន់​មាន​តម្រូវ​ការដែល ត្រូវ​រើស​មន្ត្រី​ក្នុង​ចំនួន​ដែល​ច្រើន​នោះ​ទេ មួយវិញទៀត​ទោះបីជា​មានការ​បង្កើន​ចំនួន​មន្ត្រី​សាធារណៈ​ច្រើន ប៉ុន្តែ​សេវា​សាធារណៈ​នៅ​មាន​ភាព​យឺតយ៉ាវ នៅ​មាន​ភាព​មិន​ប្រក្រតី ហើយ​មិនទាន់​ឆ្លើយតប​តាម​តម្រូវការ​ជាក់ស្ដែង​ដែល​ពលរដ្ឋ​ចង់បាន​ពី​ការ​ផ្ដល់​សេវា​សាធារណៈ​ទេ ហើយ​ប្រសិទ្ធភាព និង​លទ្ធផល​នៃ​ការ​ផ្ដល់​សេវា​សាធារណៈ​នៅ​ខ្សោយ​នៅ​ឡើយ»។

លោក ប៉ិច ពិសី លើកឡើង​ថា នៅ​ពេល​ដែល​រដ្ឋាភិបាល​បង្កើន​ការ​ចំណាយ​លើ​ការតែងតាំង ជំនួយការ និង​ទីប្រឹក្សា ដូច្នេះ​រដ្ឋាភិបាល​មិន​មាន​ថវិកា​គ្រប់គ្រាន់​ចំណាយ​លើ​វិស័យ​សាធារណៈ​ដូចជា​សាលារៀន មន្ទីរពេទ្យ និង​ផ្លូវថ្នល់ ដែល​ជា​តម្រូវ​ការពិត​ប្រាកដ​ដល់​ប្រជាជន។

ចំណែក​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ​នៅ​កម្ពុជា លោក យង់ គិមអេង សង្កេត​ឃើញ​ថា រដ្ឋាភិបាល​តែងតែ​បង្កើន​ការតែងតាំង​មន្ត្រីរាជការ​ជាពិសេស ជំនួយការ និង​ទីប្រឹក្សា នៅមុន​ការ​បោះឆ្នោត​។ លោក យង់ គិមអេង បន្ត​ថា នៅ​ពេល​ដែល​រដ្ឋាភិបាល​តែងតាំង​ជំនួយការ និង​ទីប្រឹក្សា​ហួស​តម្រូវការ ហើយ​រដ្ឋ​កំពុងតែ​យក​លុយ​ពន្ធ​របស់​ពលរដ្ឋ​ទាំង​ដែល​ពួកគាត់​រកបាន​ទាំង​លំបាក​ឱ្យ​ប្រាក់ខែ​ទៅ ជំនួយការ និង​ទីប្រឹក្សា​មួយចំនួន​ដែល​អសមត្ថភាព។

លោក យង់ គិមអេង៖ «បញ្ហា​នឹង​គឺជា​សេចក្ដី​ព្រួយបារម្ភ ព្រោះ​អី​តែ​ការតែងតាំង​មាន​តួនាទី មាន​ប្រាក់ខែ មាន​ប្រាក់ខែ​ប៉ះពាល់​ដល់​ថវិកា​របស់​ជាតិ ហើយ​ថវិកាជាតិ​គឺជា​ថវិកា​របស់​ប្រជាពលរដ្ឋ ហើយ​កាលណា​ការតែងតាំង​ណាមួយ​ដែល​មិន​ចាំបាច់​ខ្ញុំ​គិតថា មិន​គួរ​ឱ្យ​មាន​ការ​តែងតាំង​ទេ ព្រោះ​ធ្វើ​នឹង​ខាតបង់​ថវិកា ប្រសិនបើ​ទុក​ថវិកា​ទាំងអស់​ហ្នឹង យក​ទៅ​ជួយ​ការ​អភិវឌ្ឍន៍​ផ្សេងៗ តាម​មូលដ្ឋាន​ផ្សេងៗ ខ្ញុំ​គិតថា​មាន​លក្ខណៈ​ល្អ​ប្រសើរ​មួយ​ចំណែក​ដែរ»។

លោក យង់ គិមអេង បន្ថែម​ថា រដ្ឋាភិបាល​មិនបាន​តែងតាំង​មន្ត្រីរាជការ​ឱ្យ​មាន​តុល្យភាព​នោះ​ទេ ដូចជា​ការតែងតាំង ជំនួយការ និង​ទីប្រឹក្សា មាន​ឋាន​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​គឺជា​មន្ត្រី​ថ្នាក់​ជាតិ​មាន​ច្រើន ប៉ុន្តែ​រដ្ឋាភិបាល​មិនបាន​យកចិត្តទុកដាក់​តែងតាំង​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ដែល​កន្លង​ទៅ​ប្រជាពលរដ្ឋ​តែងតែ​ត្អូញ​ថា ខ្វះ​គ្រូបង្រៀន ខ្វះ​គ្រូពេទ្យ​នៅ​តាម​តំបន់​ដាច់ស្រយាល​នោះ​ទេ។

លោក យង់ គិមអេង៖ «អ្នក​ទៅ​យក​តួនាទី​ធំៗ បានតែ​តួនាទី​ធំៗ ប៉ុន្តែ​មន្ត្រី​ដែល​អនុវត្ត​ការងារ​ផ្ទាល់ៗ ហាក់ដូចជា​ខ្វះ​ទៅវិញ អត់​សូវ​សម្បូរ អ៊ីចឹង​ទេ​ខ្ញុំ​ថា ការតែងតាំង​ឧទាហរណ៍​ថា ខាង​វិស័យ​សុខាភិបាល អាច​ថា ជំរុញ​ឱ្យ​មាន​មន្ត្រី​ឱ្យ​បាន​ច្រើន​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​តាម​ឃុំ តាម​សង្កាត់​គឺជា​ការ​ល្អ​ប្រសើរ»។

រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ប្រាក់បៀវត្ស​សម្រាប់​ជំនួយការ និង​ទីប្រឹក្សា ដែល​មាន​ឋាន​ស្មើ​រដ្ឋលេខាធិការ​ទទួល​បាន​ប្រាក់បៀវត្ស​ប្រចាំខែ ១​លាន និង​៧៥​ម៉ឺន​រៀល និង​អនុរដ្ឋលេខាធិការ​ទទួល​បាន​បៀវត្ស​ប្រចាំខែ ១​លាន និង​៤​សែន​រៀល។

អ្នកវិភាគ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បាន​រិះគន់​លើ​ការដឹកនាំ​បុរស​ខ្លាំង លោក ហ៊ុន សែន ថា​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋ មាន​ច្រើន​ហួស​តម្រូវការ​។ ជាក់ស្ដែង អ្នកវិភាគ​ដ៏​ល្បី​គឺ​បណ្ឌិត កែម ឡី បាន​លើកឡើង​ពេល​ដែល​នៅ​លោក​មានជីវិត ថា លោក ហ៊ុន សែន បង្កើត​ក្រសួង និង​តែងតាំង​មន្ត្រី​ច្រើន​លើសលប់​ដើម្បី​បែង​ចែង​ដំណែង​ដោយ​មិន​ខ្វល់​ពី​ពលរដ្ឋ​ក្រីក្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។