អង្គការសង្គមស៊ីវិលលើកឡើងថា ដើម្បីកម្ចាត់គ្រឿងញៀនឱ្យមានប្រសិទ្ធភាព ត្រូវផ្ដោតជាចាំបាច់ កុំឱ្យសមត្ថកិច្ចជាប់ ពាក់ព័ន្ធនឹង ការជួញដូរ គ្រឿងញៀន ហើយបើមានមន្ត្រីសមត្ថកិច្ចរូបណា ឡូកឡំនឹងបទល្មើសគ្រឿងញៀន ទោះបីជាឋានៈប៉ុណ្ណា ត្រូវនាំខ្លួនទៅប្រឈមចំពោះមុខច្បាប់ ឱ្យបានដាច់ខាត។
លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២១ ខែធ្នូ ក៏បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបន្សុទ្ធកងកម្លាំងប្រដាប់អាវុធទាំងអស់ កុំឱ្យមានពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀនដែរ។
សង្គមស៊ីវិលលើកឡើងថា អ្នកជាប់ពន្ធនាគារគ្រឿងញៀនកើនឡើង ដោយសារ ការអនុវត្តច្បាប់ និងការកម្ចាត់គ្រឿងញៀននៅកម្ពុជាគ្មានប្រសិទ្ធភាព ពីព្រោះមន្ត្រី និងអ្នកមានអំណាចមួយចំនួនជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
ការលើកឡើងនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា និងរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ សីហា ត្រូវបន្សុទ្ធកងកម្លាំងប្រដាប់អាវុធទាំងអស់ កុំឱ្យពាក់ព័ន្ធនិងប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃទី២១ ខែធ្នូ។
លោក ហ៊ុន ម៉ាណែត៖ «ឥឡូវយើងដាក់អភិក្រមទាំងមូលតែម្ដង រដ្ឋាភិបាលអាណត្តិថ្មីគឺធ្វើចាប់ពីកងកម្លាំងប្រដាប់អាវុធតែម្ដង អ្នកដែលប្រើប្រាស់គ្រឿងញៀនគឺត្រូវបណ្ដេញពីក្របខណ្ឌភ្លាម ហើយអ្នកដែលជួញដូរគ្រឿងញៀនគឺត្រូវប្រឈមជាមួយច្បាប់ ហើយបណ្ដេញចេញពីក្របខណ្ឌ។ ចំពោះជនបរទេសដែលនៅក្នុងប្រទេស បើសិនជាមានពាក់ព័ន្ធអនុវត្តច្បាប់ហើយបណ្ដេញចេញតែម្ដង»។
ទាក់ទងនឹងបញ្ហាគ្រឿងញៀននេះដែរ កាលពីថ្ងៃទី១៨ ធ្នូ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បាននិយាយថា ពីមុនប្រទេសកម្ពុជាគ្រាន់តែតំបន់ឆ្លងកាត់គ្រឿងញៀនប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះ ក្លាយជាកន្លែងផលិតលក់ក្នុងស្រុកតែម្ដង។
លោកបង្ហាញថា គិតត្រឹមឆ្នាំ២០២៣នេះ អ្នកជាប់ពន្ធនាគារ កើនឡើងដល់ជាង ៤ម៉ឺន ២ពាន់នាក់(៤២.២៣៤) ក្នុងនោះស្ត្រីជាង ២ពាន់ ៥រយ ( ២.៥៧៦)នាក់។ លោកបញ្ជាក់ថា អ្នកជាប់ពន្ធនាគារសរុបទាំងជាង ៤ម៉ឺន ២ពាន់នាក់ គឺមាន ៥១ភាគរយ ជាប់ដោយសារគ្រឿងញៀន ខណៈឆ្នាំ២០២២អ្នកជាប់ឃុំសរុបជិត ៤ម៉ឺននាក់(៣៩.០០០) នៅក្នុងពន្ធនាគារទូទាំងប្រទេស។
លោក ស សុខា៖ «បើយើងទិដ្ឋភាពរួមមួយថ្ងៃៗ អ្នកប្រព្រឹត្តបទល្មើសដែលត្រូវចូលពន្ធនាគារចន្លោះពី៥០ ទៅជាង ៦០នាក់ក្នុងមួយថ្ងៃ ហើយអ្នកចេញតិចណាស់ ជួនកាលថ្ងៃខ្លះចូលដល់ជាង១០០ នាក់ក៏មាន ប៉ុន្តែចេញមិនដល់១០នាក់។ អ៊ីចឹងចូលច្រើនជាងចេញ។ អ៊ីចឹងខ្ញុំគិតថា ពីនេះ អាចឆ្នាំក្រោយអ្នកដែលត្រូវជាប់ពន្ធនាគារ បើយើងមិនធ្វើអីសោះនឹងអាចឡើងដល់ ៥ម៉ឺននាក់ ចំនួននេះ ធំណាស់ ៥ម៉ឺននាក់ ហើយអ្នកទាំងហ្នឹងមួយចំនួនចាញ់បោកគេមួយចំនួនជាអ្នកគេប្រើដើម្បីបន្តដៃលក់របស់ទាំងអស់នោះ»។
អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានដាក់ចេញយុទ្ធនាការទប់ស្កាត់គ្រឿងញៀនចាប់តាំងពីឆ្នាំ២០១៧មក ប៉ុន្តែវិធានការនេះ ត្រូវបរាជ័យដោយបទល្មើសគ្រឿងញៀននៅក្នុងប្រទេសកម្ពុជាមិនបានថយចុះឡើយ ផ្ទុយទៅវិញបែរជា បន្តកើនឡើងទ្វេដងពីមួយឆ្នាំទៅមួយឆ្នាំ។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២១ ធ្នូ ថា កំណើនបទល្មើសគ្រឿងញៀននេះ បណ្ដាលមកពីការបង្ក្រាបគ្មានប្រសិទ្ធភាព ពីព្រោះតែមានអំពើពុករលួយ និងខ្វះការរឹតបន្តឹង ការអនុវត្តច្បាប់លើសមត្ថកិច្ច ដើម្បីលាងជម្រះ មន្ត្រីទាំងនោះ កុំឱ្យជាប់បទល្មើស នឹងបញ្ហាគ្រឿងញៀនជាដើម។
លោក យង់ គិមអេង៖ «គឺដោយសារតែជាប់ពាក់ព័ន្ធជាមួយមន្ត្រីមួយចំនួនហឹ្នងហើយ ដែលធ្វើការអនុវត្តច្បាប់វា អត់សូវមានប្រសិទ្ធភាព ហើយយើងហើយក្រសួងមហាផ្ទៃចាប់មន្ត្រីមួយចំនួន ដែលជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ដែរហើយអាចនឹងមានមន្ត្រីមានអំណាចមួយចំនួនទៀត ដែលប្រើប្រាស់តួនាទីហើយនឹងអំណាចរបស់ខ្លួន ដើម្បីគប់គិតជាមួយអ្នកជួញដូរគ្រឿងញៀន»។
លោក យង់ គិមអេង ថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនរបស់សមត្ថកិច្ច មិនបានធ្វើឱ្យជាប់ជាប្រចាំគឺសកម្មតែមួយឆាវៗ នៅពេលណាដែលមានបទបញ្ជា តឹងរ៉ឹងពីថ្នាក់លើប៉ុណ្ណោះ។ លើសពីនេះទៀត កម្សោយក្នុងការតាមដានបង្ក្រាប មុខសញ្ញាជនបរទេស ដែលធ្លាប់ពាក់ព័ន្ធគ្រឿងញៀនកុំឱ្យចូលប្រទេសកម្ពុជា។
អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វិរិទ្ធិ ប្រាប់សារព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី២១ ធ្នូ ថា គិតចាប់ពីដើម ខែមករា ដល់ថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២៣ សមត្ថកិច្ចបង្ក្រាបបទល្មើសជិត ៨ពាន់ (៧៨០២ ) ករណី ដោយឃាត់ខ្លួនជនសង្ស័យជិត ២ ម៉ឺននាក់ (១៩.០៤៦នាក់ ) ក្នុងនោះ តុលាការចោទពាក់ព័ន្ធនឹងបទល្មើសជាង ១ម៉ឺននាក់ (១០.០៣៦) នាក់ និង ជាង ៩ពាន់នាក់ បញ្ជូនទៅអប់រំ និងព្យាបាល។
លោកបញ្ជាក់ថា សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនករណីធំៗ បានចំនួន ១១ករណី ដោយឃាត់ខ្លួនមេក្លោង ចំនួន ១៧នាក់ ជាជនបរទេស និងបក្ខពួក ដែលជាខ្សែបណ្ដាញចំនួន ២៤៧នាក់ផងដែរ។
លោក មាស វិរិទ្ធិ៖ «ចំពោះមេក្លោងនេះ ភាគច្រើនជាជនបរទេសដោយសារបទល្មើសគ្រឿងញៀនជាបទល្មើសដែលមានភាពប្រទាក់ក្រឡាគ្នា ហើយរៀបចំដោយក្រុមឧក្រិដ្ឋបរទេសដែលមានអង្គការចាត់តាំងច្បាស់លាស់ទៀត មានខ្សែបណ្ដាញពាក់ព័ន្ធទៅនឹងការផ្គត់ផ្គង់មធ្យោបាយសម្ភារ ក្នុងការពាក់ព័ន្ធការកែច្នៃផលិត ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជនដែលធ្វើការដឹកជញ្ជូនគ្រឿងញៀន ពីតំបន់ផ្សេងទៀតឆ្លងកាត់ប្រទេសកម្ពុជា ដើម្បីធ្វើចរាចរណ៍ទៅប្រទេសទី៣មួយទៀត»។
លោក មាស វិរិទ្ធិ ថា សមត្ថកិច្ចបានរឹបអូសសារធាតុញៀនបានជិត ៣តោន និងសារធាតុ គីមីផ្សំ ជាង ១.៤០០ គីឡូក្រាម ពាក់ព័ន្ធនឹងការលួចកែច្នៃ និងផលិតជាសារធាតុញៀន។
នាយកទូទៅនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២១ ធ្នូ ថា គ្រឿងញៀន គឺជាបញ្ហាធំ និងគ្រោះថ្នាក់សម្រាប់ប្រទេសជាតិ ។ លោកកត់សម្គាល់ថា បើទោះបីជា មានការបង្ក្រាប និងចាប់ដាក់ពន្ធនាគារច្រើនក៏ដោយ ក៏បទល្មើស គ្រឿងញៀនមិនថយចុះដែរ គឺអ្នកជាប់ឃុំដោយសារគ្រឿងញៀនមានការកើនឡើងជាគំហុក ដែលនាំឱ្យចង្អៀតណែនក្នុងពន្ធនាគារ។លោក អំ សំអាត ថា ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀននេះ រដ្ឋាភិបាលត្រូវស្វែងរកកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ប្រទេសក្នុងតំបន់ និងស្ថាប័នអន្តរជាតិពាក់ព័ន្ធនានា ដើម្បីកំណត់មុខសញ្ញាបង្ក្រាប ជាពិសេសគឺពង្រឹងការអនុវត្តច្បាប់ដោយគ្មានការលើកលែង។
លោក អំ សអាត៖ «វាទាល់អាជ្ញាធរ ដែលពាក់ព័ន្ធនឹងកងកម្លាំងទាំងអស់នៅឱ្យឆ្ងាយពីគ្រឿងញៀនហើយសហការគ្នា ក្នុងការបង្ក្រាបនិងទប់ស្កាត់ការចែកចាយការជួញដូរគ្រឿងញៀនហ្នឹង។ ទី២ ត្រូវអនុវត្តតាមវិធានការច្បាប់ឱ្យខានតែបាន បើជាមានអ្នកពាក់ព័ន្ធជាមួយនឹងបញ្ហាគ្រឿងញៀន ទោះបីជាឋានន្តរសក្ដិណាក៏ដោយ។ ទី៣ លុបបំបាត់នូវអំពើពុករលួយពាក់ព័ន្ធនឹងគ្រឿងញៀនព្រោះអំពើពុករលួយជាឫសគល់ នៃការជួញដូរគ្រឿងញៀន»។
កាលពីខែវិច្ឆិកាកន្លងទៅ សមត្ថកិច្ចបានចាប់ខ្លួនអនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ គឺលោកឧត្តមសេនីយ៍ វ៉ាន់ កុសល និងបក្ខពួក ៤នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។
ដោយឡែកនៅចុងខែតុលា សមត្ថកិច្ចបានចាប់ខ្លួនមន្ត្រីកងរាជអាវុធហត្ថចំនួន៦រូប ដោយសង្ស័យថា ទទួលផលពីការជួញដូរគ្រឿងញៀន ដែលក្នុងនោះមាន ម្នាក់ពាក់ស័ក្ដិ ៥ ជាបញ្ជាការរងប៉េអិមខេត្តកំពង់ស្ពឺ និងម្នាក់ពាក់ ស័ក្តិ ៤ ជាមេបញ្ជាការប៉េអិមស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ខណៈកាលពីថ្ងៃទី២ ខែវិច្ឆិកា ស្នងការនគរបាលខេត្តព្រៃវែង រកឃើញមន្ត្រីនគរបាលប្រើប្រាស់គ្រឿងញៀនចំនួន ១១នាក់។ ចំណែករបាយការណ៍របស់ក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០២២វិញ សមត្ថកិច្ចបង្ក្រាប និងរឹបអូសគ្រឿងញៀន បានប្រមាណ ៥តោន និងឃាត់ខ្លួនអ្នកពាក់ព័ន្ធគ្រឿងញៀន ជាង ១ម៉ឺន ៤ពាន់នាក់។ របាយការណ៍ដដែលថា ចំនួននេះ គឺកើនឡើង ប្រមាណ ១០តោន បើធៀបឆ្នាំ២០២១ គឺបង្ក្រាបបានតែប្រមាណ ៤តោនប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។