អ្នក​​ធ្វើ​ការងារ​​ទាក់ទង​​ថ្ងៃ​១៤ ​កុម្ភៈ​​ និង​​យុវជន​​ជំរុញ​​​​ឲ្យ​​​មាន​ការ​អប់រំ​បន្ថែម​ទាក់ទងថ្ងៃ​បុណ្យនៃ​ក្តី​ស្រលាញ់

0:00 / 0:00

អ្នក​​ធ្វើ​ការងារ​​ទាក់ទង​​ថ្ងៃ​១៤ ខែ​កុម្ភៈ​​ និង​យុវជន​លើកឡើង​ថា​ យុវជន​សព្វ​ថ្ងៃ​មាន​ការ​​យល់​ដឹង​ច្រើន​ពី​អត្ថន័យ​នៃ​​​ថ្ងៃ​ក្ដី​ស្រលាញ់​១៤​​កុម្ភៈ​​​។​ ទោះយ៉ាងណា​ ពួកគាត់​នៅតែ​​ជំរុញឲ្យ​រដ្ឋាភិបាល​ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​មាន​ការ​ផ្សព្វផ្សាយ​ថែមទៀត​កុំ​ឲ្យ​យុវជន​​ចាត់​ទុក​ថា​ ថ្ងៃ​១៤​​​កុម្ភៈ​ ជា​​ថ្ងៃ​ក្ដី​ស្រលាញ់​​របស់​​គូ​សង្សារ​។​

ទោះ​តិច​ឬ​ច្រើន​នៅ​ពេល​ដល់​១៤ ខែ​កុម្ភៈ ​ម្ដងៗ ​យុវវ័យ​មួយ​ចំនួន​​បាន​​ជូន​ផ្កា​ឲ្យ​គ្នា ជូន​កាដូ​គ្នា ជូនពរ​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ចំណាយ​ពេល​ដើរ​កម្សាន្ត​ជា​មួយ​​គូរ​ស្នេហ៍ និង​មិត្ត​ភក្តិ​ ដើម្បី​បង្ហាញ​ក្ដី​ស្រលាញ់​។​

ប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ (CYN) ​លោក អ៊ុល វ៉ាន់ សង្កេត​ឃើញថា នៅ​តែ​មាន​យុវជន​មួយ​​ចំនួន​មិន​​ទាន់​​ស្គាល់​ច្បាស់​ ឬ​​បានយល់ដឹង​ទូលំ​ទូលាយនៃ​​អត្ថន័យ​ថ្ងៃ​ក្ដី​ស្រលាញ់​១៤​កុម្ភៈ​​នៅឡើយទេ។​ លោក​​ថា​​ ក្ដី​ស្រលាញ់​ មិនមែន​សម្រាប់​គូសង្សារ​នោះទេ​ ប៉ុន្តែ​សម្រាប់​ក្រុម​គ្រួសារ​ ឪពុក​ម្ដាយ ​​គ្រូបង្រៀន និង​សង្គម​ជាតិ​ ហើយ​ក៏​មិនមែន​មានតែ​ក្នុង​ថ្ងៃ​​​១៤​​ ខែកុម្ភៈ​​នោះ​ដែរ​។​ យុវជន​រូប​នេះ​ ជំរុញ​ស្ថាប័ន​ពាក់ព័ន្ធ​ ជាពិសេសក្រសួង​អប់រំ​ គួរតែមាន​ការផ្សព្វផ្សាយ​ អប់រំ​ ឬ​កំណត់​យក​ថ្ងៃ​១៤​ ខែកុម្ភៈ​​ ជា​ថ្ងៃ​ប្រឡង៖ « ដោយសារ​​តែ​សកម្មភាព​នៃ​​ការ​ភ្លើតភ្លើន​ ជ្រួលជ្រើម​ក្នុង​ការ​ប្រារព្ធ​ថ្ងៃ​​១៤​កុម្ភៈ​ រវាង​យុវវ័យ​ហ្នឹង​ សំដៅ​លើ​ការ​​ស្រលាញ់​​ចំពោះ​ដៃគូ​រជា​សង្សារ​ជា​ស្នេហា​​​រវាង​គ្នា​និង​គ្នា​ធ្វើ​ឲ្យ​អាណាព្យាបាល​ឬ​ក៏​ឪ​ពុក​ម្ដាយ​​មាន​​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ប្រព្រឹត្តឬ​ការ​ធ្វើ​ទង្វើ​ខុស​ឆ្គង​មួយ​ចំនួន​​ដែល​​ធ្វើ​ឲ្យ​ប៉ះពាល់​ពួក​គាត់​ជា​យុវជន​វ័យ​ក្មេង​ហ្នឹង​បាទ​»។

ស្រដៀង​គ្នា​នេះ​ដែរ ​​អ្នក​ស្រាវជ្រាវ​អំពី​​ថ្ងៃ​១៤​កុម្ភៈ​ លោក តុង សុប្រាជ្ញ​ ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា​​ តាម​​ការ​ស្រាវជ្រាវ​របស់​លោក​​នៅ​រយៈ​ពេល​​ចុង​ក្រោយ​​នេះ យុវជន​មានការ​កែប្រែ​ឥរិយា​បថ​ច្រើន​​លើ​ថ្ងៃ​១៤​កុម្ភៈ​។​ លោក​រំលឹក​ថា​ កាល​ពី​១៥​ឆ្នាំ​មុន​ យុវវ័យ​ភាគ​ច្រើន​​បាន​ហៅ​ថ្ងៃ​១៤​កុម្ភៈ ថា​ជា​ថ្ងៃ​បុណ្យ​សង្សារ​ និងបាន​បូជា​ខ្លួន​ប្រាណ​ទៅ​ឲ្យ​គូ​រសង្សារ​របស់​ពួក​គេ នៅ​ក្នុង​ថ្ងៃ​នោះ​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​​យុវវ័យ​ត្រឹម​៥​ភាគរយ​ប៉ុណ្ណោះ​ នៅ​គិត​ដូច្នេះ៖ «​ ការ​ថយ​ចុះ​ គាត់ ​​ ( យុវវ័យ )​​ ហាក់​ដូច​ជា​​ចាស់​​ទុំ​​ជាង​​មុន​ គាត់​ហាក់​ដូច​ជា​​យល់​ដឹង​បាន​ច្រើន​នូវ​ការ​ប្រព្រឹត្តរបស់​​ពួក​គាត់​ ពួក​គាត់​មិន​ឈូឆរ​ បង្ហាញ​ដូច​កាល​ពី​​១៥​ឆ្នាំ​មុន​ គឺ​ខុស​​គ្នា​ស្រឡះ​​»

លោក តុង សុប្រាជ្ញ​ លើកឡើង​ទៀត​ថា​ មូលហេតុ​ដែល​ធ្វើ​ឲ្យ​យុវជន​ មាន​ការ​ផ្លាស់ប្ដូរ​ឥរិយា​បថ​នេះ​ ព្រោះ​មាន​ការ​ចូលរួម​ពី​អ្នក​ពាក់ព័ន្ធ​ ​រួម​មាន រដ្ឋាភិបាល​ អ្នក​ស្រាវជ្រាវ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ ក្រុម​គ្រួសារ​ និង​ការ​រិះគន់​តាម​បណ្ដាញ​សង្គម​ជាដើម។​ ទោះ​បែប​នេះ​ក្ដី​ អ្នកស្រាវជ្រាវ​រូបនេះ នៅ​តែ​រំលឹក​យុវជន​មួយ​ចំនួនតូច​ដែល​​មាន​បំណង​ជួប​គូ​រស្នេហ៍​​ ក្នុង​ថ្ងៃ​១៤​ ខែកុម្ភៈនេះ​ ក្នុង​ពេល​​ជំងឺ​កូវីដ-១៩​​ កំពុង​រាតត្បាត​ដូចសព្វថ្ងៃនេះ ថាជា​ហានិភ័យ​នៃការឆ្លងរាលដាលជំងឺកូវីដ-១៩៖ «​ ត្រូវតែ​ប្រុងប្រយ័ត្ន​យុវវ័យ​​បើ​គាត់​​ថ្លោះធ្លោយ​ជួប​​គ្នា​​​អត់​បាន​រួម​ភេទ​ គាត់​អាច​ឆ្លង​អូមីក្រុង​ដែរ​ អញ្ចឹង​កន្លែង​ហ្នឹង​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ ទី​២​ទាក់ទង​ការ​រួម​ភេទ​បើ​គាត់​ជ្រុលជ្រួស​ក្នុង​ការ​រួម​ភេទ​​គាត់​ត្រូវ​តែ​​ប្រើប្រាស់​ស្រោម​អនាម័យ​ដើម្បី​បង្ការ​ការពារ​ »

ជុំវិញ​បញ្ហា​នេះ​ វិទ្យុ​អាស៊ីសេរី​ មិន​អាច​​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ លោក រស់ សុវាចា និង​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​ ផៃ​ ស៊ីផាន​ បាន​ទេ​ នៅ​ថ្ងៃ​ទី​១២​ ខែកុម្ភៈ។​

ទោះយ៉ាងណា​ នៅ​រយៈ​ពេល​ចុង​ក្រោយនេះ ​ក្រសួង​អប់រំ​តែង​តែចេញ​សេចក្ដី​ណែនាំ​ទាក់ទង​ថ្ងៃ​១៤ ខែ​កុម្ភៈ​​ ឬ​ក៏​កំណត់​ដាក់​​ថ្ងៃ​ប្រឡង​​ចំ​ថ្ងៃ​១៤​ ខែកុម្ភៈ ​ជា​ដើម។

ថ្ងៃ​១៤​កុម្ភៈ បាន​កត់ត្រាក្នុងឯកសារ​ខ្លះ​ថា មាន​ដើម​កំណើត​មក​ពី​លោក សេន វើលេនថាញ​ (Saint. Valentine)​ ជា​ជន​ជាតិ​រ៉ូម៉ាំង​ម្នាក់ បាន​បាត់​បង់​ជីវិត​ដោយ​សារ​​ការ​​ប្រឆាំង​ដាច់​ខាត​មិន​លះ​បង់​ជំនឿ​ទៅ​លើ​ព្រះ​យេស៊ូ​គ្រិស្ត ហើយ​បុរស​នេះ​បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ។ ប៉ុន្តែ​មាន​ការ​សរសេរ​ខុសៗគ្នាខ្លះ​ថា​ឆ្នាំ​២៩៦ ខ្លះ​ថាឆ្នាំ​២៧០ ខ្លះ​ទៀតថា ​ឆ្នាំ​២៧៣ ដោយសារ​ហេតុផល​នេះ​ហើយ ត្រូវ​បាន​គេ​កំណត់​យក​ថ្ងៃ​ វ៉ាឡង់ទីន ឬ វ៉ាលេនថាញ ដេយ៍ ​(Valentine’s Day) ​ឬ​ក៏​ថ្ងៃ​នៃ​​ក្ដី​ស្រលាញ់។ វប្បធម៌​របស់​ប្រទេស​លោក​ខាង​លិចនេះ​ បាន​ចូល​មក​សង្គម​ខ្មែរ​ជិត២០ឆ្នាំមកហើយ។​

នៅ​កម្ពុជា​ដំបូងឡើយ​ គេ​ហៅ​ថា​ «​ថ្ងៃ​បុណ្យ​សង្សារ»​ ក្រោយ​មក​ប្ដូរ​មក​ជា​ «ទិវា​​នៃ​​ក្ដី​ស្រលាញ់»​ និង​​ចុង​ក្រោយ​​​គេ​ហៅ​ថា «ជា​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់» វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។