មន្ត្រីអង្គការសង្គមស៊ីវិល ជំរុញឲ្យរដ្ឋាភិបាលអនុវត្តការដាក់ទោសសហគមន៍ ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ
2023.01.23
មន្ត្រីអង្គការសង្គមស៊ីវិល និងសកម្មជនដែលធ្លាប់ជាប់ពន្ធនាគារ ស្នើសុំឱ្យរដ្ឋាភិបាលអនុវត្តការដាក់ទោសការងារសហគមន៍ឱ្យបានឆាប់ៗ ដើម្បីផ្ដល់ឱកាសដល់អ្នកទោសទទួលបានឱកាសសម្របខ្លួនរស់នៅក្នុងសហគមន៍។ ការស្នើសុំបែបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីពេលថ្មីៗនេះ បានលើកឡើងថា ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ កំពុងសហការគ្នាដើម្បីឱ្យមានការអនុវត្តទោសការងារសហគមន៍។
បើទោះបីជាច្បាប់ព្រហ្មទណ្ឌបានចែងឱ្យមានការដាក់ទោសការងារសហគមន៍ តាំងពីឆ្នាំ២០០៧ក្ដី ក៏រហូតមកដល់ពេលនេះ តុលាការមិនទាន់បានប្រើប្រាស់ច្បាប់នេះម្ដងណាឡើយ។ មន្ត្រីអង្គការសង្គមស៊ីវិល យល់ឃើញថា ការអនុវត្តទោសការងារសហគមន៍ មិនត្រឹមតែផ្ដល់ឱកាសដល់អ្នកទោសកែប្រែខ្លួនតែប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយកាត់បន្ថយចំណាយរបស់រដ្ឋាភិបាល លើការផ្គត់ផ្គង់អ្នកទោសក្នុងពន្ធនាគារផងដែរ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត យល់ឃើញថា ការអនុវត្តទោសការងារសហគមន៍ទៅលើអ្នកទោសកម្រិតស្រាល អាចផ្ដល់ផលប្រយោជន៍ដល់រដ្ឋាភិបាល តាមរយៈការបំពេញកាតព្វកិច្ចរបស់ពួកគេនៅក្នុងសហគមន៍ និងកាត់បន្ថយការចំណាយរបស់រដ្ឋទៅលើអ្នកទោសក្នុងពន្ធនាគារ។ លោកបន្ថែមថា ដើម្បីឱ្យជនជាប់ឃុំកែប្រែឥរិយាបថល្មើសច្បាប់របស់ខ្លួន ការអនុវត្តទោសការងារសហគមន៍ គឺជាវិធានការដែលមានប្រសិទ្ធិភាពជាង ការដាក់អ្នកទោសនៅក្នុងពន្ធនាគារ ព្រោះពួកគេបានរស់នៅជាមួយគ្រួសារ និងបំពេញការងារជាប្រយោជន៍ដល់សង្គម។ ជាមួយគ្នានេះ លោក អំ សំអាត សំណូមពរដល់រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធជំរុញឱ្យមានការអនុវត្តទោសការងារសហគមន៍ឱ្យបានឆាប់ៗ ព្រោះស្ថានភាពចង្អៀតណែននៅក្នុងពន្ធនាគារនៅតែបន្តកើតមាន ដោយពន្ធនាគារខ្លះកំពុងផ្ទុកអ្នកទោសលើសចំណុះរហូតដល់៣ដង នៃទំហំបន្ទប់ពន្ធនាគារអាចផ្ទុកបាន។
លោក អំ សំអាត៖ «ទំហំធំរបៀបនេះ ចង្អៀតណែនរបៀបនេះវាប៉ះពាល់ទៅដល់សុខភាពអ្នកទោស ទៅដល់បញ្ហាអាហារហូបចុក បញ្ហាបរិស្ថាន ការយកចេញយកខ្យល់អាកាស ការហាត់ប្រាណ ហើយវាប៉ះពាល់ទៅដល់មន្ត្រី ពីព្រោះចំនួនមន្ត្រីពន្ធនាគារមិនឆ្លើយតបទៅនឹងចំនួនអ្នកទោសទៅទៀត»។
ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងថា ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ កំពុងសហការគា្នលើគម្រោងដាក់ទោសការងារសហគមន៍ ទៅលើអ្នកដែលមានទោសស្រាលៗ កាលពីថ្ងៃទី២០ ខែមករា នៅក្នុងពិធីផ្សព្វផ្សាយ អនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព នៅរាជធានីភ្នំពេញ។
លោក ស ខេង៖ «យើងផ្ដន្ទាទោសហើយ ប៉ុន្តែយើងមិនដាក់ក្នុងពន្ធនាគារទេ។ មិនដឹងទៅរកកន្លែងណាដាក់ ហើយវាត្រូវការចំណាយ ដើម្បីនឹងដោះស្រាយបាយទឹក ចិញ្ចឹមពួកគាត់ កាលណាកាត់ទោសមានសាលដីកា មានអីហើយនោះ គឺបញ្ជូនគាត់ទៅនឹងមូលដ្ឋាន ទៅនឹងផ្ទះសម្បែង ប៉ុន្តែគាត់ត្រូវតែបំពេញកាតព្វកិច្ចអនុវត្តទោស តាមផ្លូវច្បាប់ គាត់ធ្វើការងារក៏ប៉ុន្តែគ្មានកម្រៃទេ»។
មាត្រា ៧២នៃក្រមព្រហ្មទណ្ឌចែងថា៖ កាលណាជនជាប់ចោទទទួលទោសដាក់ពន្ធនាគារ ដែលអតិបរមាតិច ជាង ឬស្មើនឹង៣ (បី)ឆ្នាំ តុលាការអាចប្រកាសទោសការងារសហគមន៍។ ការងារសហគមន៍ គឺជាកាតព្វកិច្ចត្រូវបំពេញក្នុងថេរវេលាចន្លោះពី ៣០ ម៉ោង ទៅ២០០ ម៉ោង នូវការងារគ្មានកម្រៃ ជាប្រយោជន៍ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ឬនីតិបុគ្គល នៃនីតិសាធារណៈផ្សេងទៀត ដល់សហគមន៍ សមាគម ឬដល់អង្គការមិនមែនរដ្ឋាភិបាល។
ការអនុញ្ញាតអោយទណ្ឌិតកម្រិតស្រាលអនុវត្តទោសក្រៅពន្ធនាគារ ដោយអោយធ្វើការក្នុងសហគមន៍ មានប្រយោជន៍ធំ៣ ទី១គឺ ជួយកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារដែលជាវត្ថុបំណងនៃមាត្រា ៧២នៃក្រមព្រហ្មទណ្ឌ។ ទី២ កាត់បន្ថយការចំណាយថវិការដ្ឋ និងទីបី គឺបានផលប្រយោជន៍ដល់សហគមន៍ នៅពេលទណ្ឌិត អាចជួយធ្វើកិច្ចការសម្រាប់សហគមន៍ ដូចជា សំអាតអនាម័យ ផ្លូវថ្នល់ សាលារៀន ការងារក្នុងមជ្ឈមណ្ឌលមនុស្សចាស់ ឬដាំដើមឈើ ជាដើម។
ជុំវិញរឿងនេះ សកម្មជនបរិស្ថាន និងធ្លាប់បានជាប់ពន្ធនាគារកន្លងមក គឺលោក ថុន រដ្ឋា គាំទ្រឱ្យរដ្ឋាភិបាលអនុវត្តទោសការងារសហគមន៍ឱ្យបានឆាប់ៗ ព្រោះលោកយល់ថា ការដាក់ពន្ធនាគារក្នុងពេលបច្ចុប្បន្ន មិនអាចកែប្រែឥរិយាបថរបស់ជនល្មើសបានឡើយ។ លោកបន្ថែមថា អ្នកទោសនៅក្នុងពន្ធនាគារមិនត្រឹមតែមិនទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬសីលធម៌ប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងបង្រៀនគ្នាទៅវិញទៅមក អំពីវិធីប្រព្រឹត្តិបទល្មើសដូចជា របៀបកាច់សោកម៉ូតូ របៀបគាស់ផ្ទះ និងជាពិសេសពួកគេបានកសាងបណ្ដាញចែកចាយគ្រឿងញៀនបន្ទាប់ពីពួកគេចេញពីពន្ធនាគារ ទៀតផង។
លោក ថុន រដ្ឋា៖ «ខ្ញុំខ្លួនឯងជាប់នៅពន្ធនាគារព្រៃសហ្នឹង មានភាពចង្អៀតណែនមែនទែន គេហៅថាសម្រាប់សិទ្ធិសេរីភាព បើទោះបីជាយើងជាជនជាប់ឃុំ បាត់បង់សេរីភាពមួយចំនួនមែន ប៉ុន្តែដូចជាកន្លែងធ្វើទារុណកម្មបន្ថែមអញ្ចឹង វាមិនមែនជាកន្លែងអប់រំកែប្រែទៅណា»។
ធ្ងន់ធ្ងរនេះទៅទៀតនោះ អ្នកទោសក្នុងពន្ធនាគារនៅកម្ពុជាមិនត្រឹមតែគ្មានឱកាសទទួលបាន ការកែប្រែខ្លួនប៉ុណ្ណោះទេ ប៉ុន្តែពួកគេភាគច្រើនធ្លាក់ខ្លួនឈឺ ស្លេកស្លាំង ដោយសារគ្មានអាហារដែលមានជីវជាតិបរិភោគ និងមិនបានចេញពីបន្ទប់ឃុំឃាំងហាត់ប្រាណគ្រប់គ្រាន់។ លើសពីនេះ ដោយសារមន្ត្រីគ្រប់គ្រងពន្ធនាគារដាក់អ្នកទោសឱ្យរស់នៅជាមួយគ្នាចង្អៀតណែន គឺចាប់ពី២៥ ទៅដល់៣០នាក់ ក្នុងបន្ទប់ដែលមានទំហំ ៤ គុណ ៥ម៉ែត្រ ធ្វើឱ្យអ្នកទោសភាគច្រើនកើតជំងឺរមាស់ និងឆ្លងគ្នាទៅវិញទៅមក។
ក្រៅពីស្នើសុំឱ្យរដ្ឋាភិបាលអនុវត្តការដាក់ទោសការងារសហគមន៍ឱ្យបានឆាប់ មន្ត្រីអង្គការសង្គមស៊ីវិល ក៏ស្នើសុំឱ្យរដ្ឋាភិបាលអនុវត្តការដាក់ទោសនេះ ដោយតម្លាភាព និងយុត្តិធម៌ផងដែរ ព្រោះកន្លងមកតែងតែមានមតិរិះគន់ថា ការលើកលែងទោសទៅដល់អ្នកទោស មិនបានធ្វើឡើងដោយភាពត្រឹមត្រូវ និងយុត្តិធម៌នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។