ក្រសួង​វប្បធម៌ថា​គំរោង​អភិរក្ស​ «បឹងអច្ឆរិយៈអង្គរ» មិនអាចអនុវត្តបានទេ

ដោយ អាស៊ីសេរី
2021.03.24
ក្រសួង​វប្បធម៌ថា​គំរោង​អភិរក្ស​ «បឹងអច្ឆរិយៈអង្គរ» មិនអាចអនុវត្តបានទេ ក្រសួង​វប្បធម៌ថា​គំរោង​អភិរក្ស​ «បឹងអច្ឆរិយៈអង្គរ» ឬ«Angkor Lake of Wonder» មិនអាចអនុវត្តបានទេ។
រូប៖ ក្រសួងវប្បធម៌ និង Naga Group

ក្រសួងវប្បធម៌ប្រកាសថា គំរោងអភិវឌ្ឍ «បឹងអច្ឆរិយៈអង្គរ» របស់ក្រុមហ៊ុន​ណាហ្គា គ្រុប (Naga Group) ប៉ះពាល់ដល់តំបន់អង្គរដែលបានចុះបញ្ជីបេតិភណ្ឌពិភពលោក។ ក្រសួង​វប្បធម៌ថា ​គំរោង​អភិរក្ស​ «បឹងអច្ឆរិយៈអង្គរ» នេះ មិនអាចអនុវត្តបានទេ។

ក្រសួងវប្បធម៌​ កាលពីថ្ងៃទី២៣ ខែមីនា ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា​ ក្រោយពីបានឃើញនិងស្តាប់បទបង្ហាញ របស់ក្រុមហ៊ុន​ណាហ្គា (Naga Group) ពីគំរោងអភិវឌ្ឍ «បឹងអច្ឆរិយៈអង្គរ» ក្នុងកិច្ចប្រជុំពេញអង្គលើកទី២៧ កាលពីថ្ងៃទី២៧ ខែមករា មក និងកិច្ចប្រជុំពិសេស ២លើកបន្ថែមទៀត កាលពីថ្ងៃទី២២ ខែកុម្ភៈ និងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ក្រសួងវប្បធម៌ប្រកាសជំហរយល់ស្របជាមួយគណៈកម្មាធិការអន្តរជាតិ ដើម្បីអភិរក្ស និងអភិវឌ្ឍ តំបន់រមណីយដ្ឋានអង្គរ ឬហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) និងក្រុមអ្នកជំនាញការផ្នែកអភិរក្សនិងអភិវឌ្ឍ ​(Experts Ad Hoc) បញ្ជាក់ថា គំរោងអភិវឌ្ឍ «បឹងអច្ឆរិយៈអង្គរ» ដែលស្នើដោយក្រុមហ៊ុន​ណាហ្គា (Naga Group) មិនអាចអនុវត្តបានទេ។

ក្រោយពីតំបន់អង្គរក្លាយជាសម្បតិ្តបេតិភណ្ឌពិភពលោកចាប់ពីឆ្នាំ១៩៩២ មក គណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ ដែលមានការចូលរួមពីតំណាងស្ថាប័នកម្ពុជា ដឹកនាំដោយក្រសួងវប្បធម៌ ស្ថានទូតបារាំង និងជប៉ុន ដែលជាសហប្រធានការិយាល់័យអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា និងក្រុមអ្នកជំនាញការផ្នែកអភិរក្សនិងអភិវឌ្ឍ ​(Experts Ad Hoc) មានតួននាទីសំខាន់សំរាប់ពង្រឹងការអនុវត្តន៍អនុសញ្ញាផ្សេងៗ ពាក់ព័ន្ធនឹងបេតិកភណ្ឌពិភពលោក ដើម្បីការពារតម្លៃជាសកល នៃតំបន់អង្គរ ដែលជាអត្តសញ្ញាណជាតិកម្ពុជា។

កិច្ចប្រជុំពិភាក្សានៃក្រុមអ្នកជំនាញជាច្រើនដងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន សែន បានសម្រេចជួលដីទំហំ ៧៥ហិកតារ ដែលមានចម្ងាយ ៥០០ម៉ែត្រពីឧទ្យានជាតិអង្គរ ឱ្យក្រុមហ៊ុនណាហ្គា (Naga Group) ដែលជាក្រុមហ៊ុនធំនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល៍ (Nagaworld) រយៈពេល ៥០ឆ្នាំ។

គម្រោងនេះមានទឹកប្រាក់វិនិយោគជំហានដំបូងចំនួន ៣៥០លានដុល្លារ ដោយ​ក្រុមហ៊ុន​គ្រោងរៀបចំសណ្ឋាគារផ្កាយប្រាំ កន្លែងកម្សាន្ត ឧទ្យាន វប្បធម៌បែបប្រវត្តិសាស្រ្ត និងទីក្រុងចិនសៀមរាប ឬឆៃណាថោន (Siem Reap China Town)។ ក្រុមហ៊ុនដាក់ឈ្មោះគម្រោង​វិនិយោគនេះជារួមហៅថា គំរោងអភិវឌ្ឍ «បឹងអច្ឆរិយៈអង្គរ» ឬ «Angkor Lake of Wonder»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។