ក្រសួង​​វប្បធម៌​​ថា អាជ្ញាធរ​​ថៃ​​បដិសេធ​​ថា ខ្លួន​​មិន​​បាន​​សង់​​ប្រាសាទ​​ថ្ម​ចម្លង​​តាម​​ប្រាសាទ​​អង្គវត្ត​ទេ

ដោយ អាស៊ីសេរី
2021-07-07
Share
ក្រសួង​​វប្បធម៌​​ថា អាជ្ញាធរ​​ថៃ​​បដិសេធ​​ថា ខ្លួន​​មិន​​បាន​​សង់​​ប្រាសាទ​​ថ្ម​ចម្លង​​តាម​​ប្រាសាទ​​អង្គវត្ត​ទេ ប្រាសាទថ្មដែលសង្ស័យថា ប្រទេសថៃបានសាងសង់ដោយចម្លងតាមរចនាបទប្រាសាទអង្គររបស់កម្ពុជា។
រូប៖ ហ្វេសប៊ុក

ក្រសួង​​វប្បធម៌​​នៅ​ថ្ងៃ​ទី៧ ​ខែកក្កដា  បាន​​ចេញ​​សេចក្តី​​ប្រកាស​ព័ត៌មាន​​បំភ្លឺ​ថា  អាជ្ញាធរ​ថៃ​​ពុំ​បាន​​លួច​ចម្លង​​ប្លង់ ឬសាងសង់​​ប្រាសាទ​​ថ្មីមួយ​​យក​​តាម​​រចនាបទ ដូច​​ប្រាសាទ​​អង្គរ​វត្ត​នោះ​​ទេ។ ក្រសួង​​ថា ព្រះ​ចៅ​​អធិការវត្តមួយ​​នៅ​​ប្រទេស​ថៃ​​បញ្ជាក់​​ថា ការ​សាង​សង់​ប្រាសាទ​​នេះ​ បាន​​រចនា​ប្លង់​​ដោយ​​ខ្លួន​​ឯង ​ផ្អែក​​តាម​​ស្ថាបតយ្យកម្ម​ប្រាសាទ​​មួយ​​ចំនួន ដែល​មាន​​ក្នុង​តំបន់។

លើស​ពី​នេះ ក្រសួង​វប្បធម៌​​អះអាង​ថា​ ខ្លួនកំពុង​ធ្វើកិច្ចការងារ​នេះ ដោយ​សហការ​ជាមួយ ស្ថានទូតខ្មែរប្រចាំប្រទេសថៃ ដោយបានចាត់ឱ្យមន្ត្រីជំនាញចុះពិនិត្យដោយ​ផ្ទាល់ ក្រោយពីមានការរិះគន់​ថា  រដ្ឋាភិបាលថៃ មាន​គម្រោង​​សាងសង់​​ប្រាសាទ​​​ថ្មី​មួយ​​នៅ​​ក្នុង​​ប្រទេស​ថៃ សង្ស័យ​​ចម្ល​ង​​​​រចនា​បទ​​​ប្រាសាទ​​អង្គរ​វត្ត​។

ជុំវិញ​រឿងនេះអ្នកនិពន្ធ​វ័យក្មេង ​និង​ជានិស្សិត​កញ្ញា ​តាក ជីម៉េង ​យល់ថា​ ការស្រាយបំភ្លឺ​របស់​​ក្រសួង​វប្បធម៌​​បែបនេះ ​នៅ​មិនទាន់​អាច​​ទទួល​​យក​​បាន​​នោះ​ទេ ​ព្រោះ​​គំរូប្លង់​ និង​រូបភាព​​ប្រាសាទ​​ដែល​អាជ្ញាធរថៃ​​កំពុង​សាងសង់​​គឺ​​ដូចគ្នា​​នឹង​​ប្រាសាទ​​អង្គរ​វត្ត​សុទ្ធសាត​។ ​កញ្ញា​​ចង់​​ឃើញ ​រដ្ឋាភិបាល​បង្ហា​ញ​​ភាព​​ច្បាស់​លាស់​​ដោះស្រាយ​​រឿង​នេះ ​ដើម្បី​កុំ​ឱ្យ​ពលរដ្ឋ​អស់​សង្ឃឹម​ ព្រោះការ​លួច​ចម្លង​ប្រាសាទ​អង្គរវត្ត ​ជាការ​មើល​ងាយ​ព្រលឹងជាតិខ្មែរ​ ហើយ​អាច​មានការ​យល់​ច្រឡំនៅ​ថ្ងៃ​អនាគត​ពី​អត្តសញ្ញាណ​អង្គរវត្ត។ កញ្ញាទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជានិង​អង្គការ​យូនេស្កូ អន្តរាគមន៍​ឱ្យ​រដ្ឋាភិបាល​ថៃ​ផ្អាក​ការ​សាងសង់​ប្រាសាទ​នោះ និង​បង្ហាញ​ព័ត៌មាន​នេះ​ ឱ្យ​ទូលំទូលាយ​៖ «និយាយ​ទៅ​ខ្ញុំចង់​ស្នើទៅ​អង្កការ​យូនេស្កូថា បើសិនជា​អ្នកបានយក​ទៅ​អ្វី​ដែលជា​ព្រលឹង​ដូនតា របស់ខ្ញុំ គ្រប់គ្រង​ជា​បេតិកភណ្ឌជាតិ អ្នកគួរ​តែ​ថែ​រក្សា​​វារបស់​​ដែល​ល្អឯកមាន​តែមួយ​ទេ គ្មាន​ពីរទេ។​ ប្អូន​ក៏មិន​គាំទ្រ​នូវអ្វីដែល​ថ្នាក់​ដឹកនាំឆ្លើយតបប្រាប់​ប្រជាជន​ ដែល​កំពុង​រង់ចាំ​លទ្ធផល​នៃការ​ស្រាវ​ជ្រាវ​និង​ការ​បំភ្លឺ​ឱ្យ​គាត់​អស់ចិត្តនិយាយ​ទៅ​ចោល​គេអត់​ដែល​និយាយ​ថា គេ​ជា​ចោរទេ»

ការ​លើក​ឡើងនេះ ក្រោយ​ពេល​មាន​ការ​ផ្សព្វផ្សាយ​សារ​និង​​​រូប​ថត​នៃ​​គម្រោង​ និង​ការដ្ឋាន​​​សំណង់​​ប្រាសាទ​ថ្ម​មួយ​នៅ​ក្នុង​ប្រទេស​ថៃ ដែល​ប្រហាក់ប្រហែល​នឹង​ប្លង់​នៃ​ប្រាសាទ​អង្គរ​វត្ត។ ការដ្ឋាន​សំណង់​នេះ​​ត្រូវ​​បាន​សង្ស័យ​ថា​ ថៃ​កំពុង​​ចម្លង​​ប្រាសាទ​អង្គរវត្ត​ឬ​ហៅ​ថា​អង្គរ​វត្ត​ទី​២ ដែល​​ថៃ​ប្រសិទ្ធិ​នាម​ថា​ប្រាសាទ​​សីហ​នគរ។ ​ការដ្ឋាន​​សំណង់​ប្រាសាទ​នេះ​​ស្ថិត​ក្នុង​បរិវេណ​វត្ត​​មួយ​នៅ​ឃុំ​បានសឹង្គ (BanSing)​ ស្រុក​នាងរ៉ង (Neangrong) ខេត្ត​បុរីរម្យ (Boryram)។ អាជ្ញាធរថៃ បានរៀបចំពិធី​​បុក​គ្រឹះ​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​៥​ខែ​មេសា​ឆ្នាំ​២០២១​ហើយ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​ប្រមាណ​ពី៧​ទៅ​៨​ឆ្នាំ​ខាង​មុខ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល