ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងស្រាវជ្រាវករណីថៃសាងសង់ប្រាសាទមួយចម្លងតាមប្រាសាទអង្គរវត្តរបស់ខ្មែរ។ អ្នកជំនាញប្រវត្តិសាស្ត្រជំរុញឲ្យអាជ្ញាធរយកចិត្តទុកដាក់ទប់ស្កាត់កុំឲ្យមានការចម្លងតាមប្រាសាទអង្គរវត្តទាំងស្រុងឲ្យសោះ។
អាជ្ញាធរមិនទាន់ដឹងថា គម្រោងសាងសង់ប្រាសាទថ្មីមួយនៅក្នុងប្រទេសថៃនោះ នឹងយករចនាបទ ឬចម្លងតាមប្រាសាទអង្គរវត្ត ឬយ៉ាងណាទេ។
អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោក ឡុង ប៊ុណ្ណសេរីវឌ្ឍន៍ ប្រាប់អាស៊ីសេរីថា ក្រសួងកំពុងស្នើសុំឲ្យស្ថានទូត និងស្ថានកុងស៊ុលខ្មែរនៅក្នុងប្រទេសថៃ ចុះទៅពិនិត្យមើលដល់ទីតាំង និងស្រាវជ្រាវករណីនេះ។ លោកបញ្ជាក់ថា ក្រសួងមិនទាន់មានវិធានការបែបណាទេ។ តែក្នុងករណីថៃកសាងប្រាសាទចម្លងតាមអង្គរវត្តមែន ខាងក្រសួងនឹងស្នើសុំទៅក្រសួងការបរទេសដើម្បីទាមទារឲ្យខាងថៃបំភ្លឺរឿងនេះ៖ « ទី១អាជ្ញាធរអប្សរាដែលគាត់កាន់កិច្ចការផ្ទាល់រឿងអង្គរហ្នឹង គាត់កំពុងសិក្សាមើលថា តើប្លង់ហ្នឹងពិតជាបានធ្វើអ៊ីចឹងមែនឬអត់ ហើយយកតាមលំនាំប្រាសាទអង្គរវត្តឬអត់ ? គាត់កំពុងទំនាក់ទំនងទៅជាលក្ខណៈបច្ចេកទេស ហើយក្រៅពីនោះ គឺយើងបានទំនាក់ទំនងទៅស្ថានទូតព្រះរាជាណាចក្រកម្ពុជានៅប្រទេសថៃ ដើម្បីឲ្យលោកធ្វើយ៉ាងម្ដេចឲ្យរៀបចំចុះទៅផ្ទាល់ ទៅកុងស៊ុលយើងនៅទីនោះឲ្យចុះផ្ទាល់។ ស្រង់ព័ត៌មានជាក់លាក់មើលមានអ៊ីចឹងមែនឬអត់ ? បើសិនមានព័ត៌មានជាក់លាក់ណាមួយ អាហ្នឹងបានយើងធ្វើការដោះស្រាយតាមជំហានការទូតអ្វីជាដើមដូចដែលកន្លងមកយើងបានធ្វើ»។
ការបញ្ជាក់នេះ ក្រោយពេលមានការផ្សព្វផ្សាយសារនិង រូបថតនៃគម្រោង និងការដ្ឋានសំណង់ប្រាសាទថ្មមួយនៅក្នុងប្រទេសថៃ ដែលប្រហាក់ប្រហែលនឹងប្លង់នៃប្រាសាទអង្គរវត្ត តាមបណ្ដាញសង្គម (facebook)។ ការដ្ឋានសំណង់នេះត្រូវបានសង្ស័យថា ថៃកំពុងចម្លងប្រាសាទអង្គរវត្តឬហៅថា អង្គរវត្តទី២ ដែលថៃប្រសិទ្ធិនាមថា ប្រាសាទសីហនគរ។ ប្រភពដដែលបញ្ជាក់ថា ការដ្ឋានសំណង់ប្រាសាទនេះស្ថិតក្នុងបរិវេណវត្តមួយនៅឃុំបានសឹង្គ (BanSing) ស្រុកនាងរ៉ង (Neangrong) ខេត្តបុរីរម្យ (Boryram)។ ការដ្ឋាននេះ បានប្រារព្ធពិធីក្រុងពាលី ឬពិធីបុកគ្រឹះលើកដំបូងកាលពីថ្ងៃទី៥ ខែមេសាឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ប្រមាណពី៧ទៅ៨ឆ្នាំខាងមុខ។
អាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមពីឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃលោក អ៊ូក សោភ័ណ្ឌ បានទេនៅថ្ងៃទី៦ ខែកក្កដា។ ចំណែកពលរដ្ឋ និងអ្នកជំនាញផ្នែកប្រវត្តិសាស្ត្រទាមទារឲ្យរដ្ឋាភិបាលអន្តរាគមន៍ករណីទាំងនេះឲ្យបានលឿន ហើយធ្វើយ៉ាងណាត្រូវទប់ស្កាត់ឲ្យបាន កុំមានករណីលួចកសាងចម្លងប្រាសាទអង្គរវត្ត។
អ្នកជំនាញផ្នែកសិលាចារឹកនិងជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរនិងតំបន់អាស៊ីអាគ្នេយ៍ បណ្ឌិត វង់ សុធារ៉ា អះអាងថា ការលួចចម្លងប្រាសាទបុរាណយកទៅបម្រើផលប្រយោជន៍ខុសពីអត្ថន័យដើម នៃការកសាងប្រាសាទ គឺជាការប្រមាថដល់ដួងព្រលឹងនៃប្រជាជាតិខ្មែរ។ លោកលើកទឹកចិត្តឲ្យរដ្ឋាភិបាលតវ៉ាឬចរចាកុំឲ្យប្រទេសដទៃលួចចម្លងតាមប្រាសាទអង្គរវត្តទាំងស្រុង។
អ្នកជំនាញរូបនេះពន្យល់ថា ប្រាសាទអង្គរវត្ត គឺជាស្នាដៃដ៏អស្ចារ្យដែលបុព្វបុរសខិតខំកសាងបន្សល់ទុកឲ្យ ម្ល៉ោះហើយប្រាសាទនេះ គឺជានិម្មិតសញ្ញានៃការរួបរួមគ្នារបស់ប្រជាជាតិខ្មែរនៅគ្រប់ជំនាន់។ លោកថា មេដឹកនាំខ្មែរទាំងរាជានិយម កុម្មុយនីស្ត ឬសាធារណៈរដ្ឋដែលមិនចូលចិត្តស្ដេច ក៏ចាត់ទុកអង្គរវត្ត គឺជាតំណាងប្រជាជាតិខ្មែរដែរ៖ « គួរតែយើងតវ៉ា ព្រោះមិនត្រឹមតែជាកេរ្តិ៍ដំណែលរបស់ដូនតាយើងទេ គឺជារបស់ដែលយើងដាក់នៅក្នុងទង់ជាតិ។ បើសិនវាមិននៅក្នុងទង់ជាតិ ឬនៅក្នុងអ្វីទេ វាមិនសូវអ្វីប៉ុន្មានទេ អានេះវានៅក្នុងទង់ជាតិ។ ដូច្នេះគួរតែសំណូមពរគេទៅ ចរចាជាមួយគេទៅ តើឲ្យកសាងនៅក្នុងកម្រិតណា គ្រាន់តែជា Symbol lissome សម្រាប់មើល សម្រាប់អ្វីធម្មតា អាហ្នឹងវាមិនបញ្ហាអ្វីទេ។ តែប្រសិនបើសម្រាប់បង្វែរទៅធ្វើអ្វីផ្សេងទៀត អាហ្នឹងវាប៉ះពាល់ទៅដល់អត្ថន័យដើមនៃប្រាសាទ ដែលយើងត្រូវគោរពបូជា។ ដូច្នេះត្រូវតែតវ៉ា»។
កាលពីខែតុលា ឆ្នាំ២០២០ ពលរដ្ឋធ្លាប់ប្រតិកម្មនឹងថៃម្ដងហើយ ដោយសារកើតមានករណីម្ចាស់សណ្ឋាគារឡឺផាឡៃស៍ (Le Palais Hotel) នៅលើកោះផានង៉ាន (Phangan) នៅភាគខាងត្បូងប្រទេសថៃ បានកសាងសណ្ឋាគារនេះលួចយករចនាបទប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទបន្ទាយស្រី។
អ្នកនាំពាក្យក្រសួងវប្បធម៌ លោក ឡុង ប៊ុណ្ណសេរីវឌ្ឍន៍ បញ្ជាក់ថា ករណីសណ្ឋាគារឡឺផាឡៃស៍នេះ បានផ្អាកសកម្មភាពកសាងហើយ ក្រោយមានការតវ៉ាពីកម្ពុជាតាំងពីពេលនោះមក។ ប៉ុន្តែតាមគេហទំព័រនៃសណ្ឋាគារនេះ បង្ហាញថា សណ្ឋាគារឡឺផាឡៃស៍ នៅតែបើកដំណើរការ ហើយមិនបានកែប្រែរចនាបទអ្វីទាំងអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។