ក្រុម​យុវជន​ជិះ​កង់​ប្រមូល​ថវិកា​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទៅ​ដល់​ខេត្ត​មណ្ឌលគិរី

0:00 / 0:00

ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​នៃ​អង្គការ​សប្បុរសធម៌​កុលបុត្រ​កម្ពុជា ធ្វើ​ដំណើរ​ទៅ​ដល់​ខែត្រ​មណ្ឌលគិរី ហើយ​ក្នុង​បេសកកម្ម​ជិះ​កង់​រៃអង្គាស​ប្រាក់​ពី​ពលរដ្ឋ​ទូទាំង​ប្រទេស សម្រាប់​ជួយ​កុមារ​កម្ពុជា ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ជួយ​ដល់​កុមារ​កំព្រា។ ពួក​គេ​បាន​កំណត់​ផែនការ​ជិះ​កង់​ក្នុង​មួយ​ថ្ងៃ​ឲ្យ​បាន​ជាង ១០០​គីឡូម៉ែត្រ ពី​ខែត្រ​មួយ​ទៅ​ខែត្រ​មួយ ដើម្បី​កៀរគរ​រក​ថវិកា​ឲ្យ​គ្រប់ ១​លាន​ដុល្លារ​ក្នុង​រយៈពេល ៦០​ថ្ងៃ។

ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​នៃ​អង្គការ​សប្បុរសធម៌​កុលបុត្រ​កម្ពុជា ប្រមាណ ១០​នាក់ បាន​ធ្វើ​ដំណើរ​ដោយ​កង់​ចាកចេញ​ពី​ខែត្រ​រតនគិរី កាល​ពី​ថ្ងៃ​ទី​២៨ មករា ឆ្ពោះ​ទៅ​ខែត្រ​មណ្ឌលគិរី ដែល​ជា​តំបន់​ខ្ពង់រាប​មាន​ចម្ងាយ​ជិត ២០០​គីឡូម៉ែត្រ ក្នុង​យុទ្ធនាការ​ដើរ​រៃអង្គាស​ប្រាក់​ពី​សប្បុរសជន ជួយ​ទៅ​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ជួយ​កុមារ​កំពុង​ព្យាបាល​ជំងឺ​រាប់​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃៗ។

ថវិកា​ដែល​រៃអង្គាស​បាន ក្រៅ​ពី​ជួយ​ដល់​មន្ទីរពេទ្យ​នេះ មួយ​ផ្នែក​ទៀត​ក៏​សម្រាប់​សាងសង់​មណ្ឌល​ស្នាក់នៅ​សម្រាប់​កុមារ​កំព្រា​ដែរ។ ពួក​គេ​បាន​រួម​គ្នា​ជាមួយ​ក្រុម​យុវជន​យុវនារី​នៃ​សហភាព​សហព័ន្ធ​យុវជន និង​យុវជន​កាកបាទ​ក្រហម​ខែត្រ​មណ្ឌលគិរី ជាង ១០០​នាក់ ដើរ​រៃអង្គាស​ប្រាក់​ជា​លើក​ទី​ពីរ នៅ​ក្នុង​ផ្សារ​ក្រុង​សែនមនោរម្យ និង​ស្រុក​កោះញែក។

អនុប្រធាន​ក្រុម​យុវជន​នៃ​អង្គការ​សប្បុរសធម៌​កុលបុត្រ​កម្ពុជា លោក ធុល វិសាល ឲ្យ​ដឹង​ថា ការ​ធ្វើ​ដំណើរ​ដោយ​កង់​ចាកចេញ​ពី​ខែត្រ​រតនគិរី ឆ្ពោះ​ទៅ​ខែត្រ​មណ្ឌលគិរី ក្រុម​របស់​លោក​បាន​ឈប់​សម្រាក​នៅ​ស្រុក​កោះញែក មួយ​យប់ រហូត​ឈាន​ដល់​ថ្ងៃ​ទី​២៩ មករា ពួក​គេ​បន្ត​ដំណើរ​ទៅ​ក្រុង​សែនមនោរម្យ នៃ​ខែត្រ​មណ្ឌលគិរី ដែល​ជា​ខែត្រ​ទី​១២។

លោក​ថា ផ្លូវ​នៅ​តំបន់​នោះ​សម្បូរ​ដោយ​ភ្នំ និង​ទី​ទួល​ខ្ពង់រាប ធ្វើ​ឲ្យ​ក្រុម​ជិះ​កង់​របស់​លោក​លំបាក​ធ្វើ​ដំណើរ​បន្តិច និង​ត្រូវ​ប្រើ​ថាមពល​ច្រើន​ជាង​នៅ​តំបន់​ផ្សេងៗ។ តែ​ទោះ​ជា​យ៉ាង​ណា ពួក​គេ​បាន​ទៅ​ដល់​ទី​រួម​ខែត្រ​មណ្ឌលគិរី តាម​ផែនការ ហើយ​បាន​រួម​គ្នា​ជាមួយ​អាជ្ញាធរ​ខែត្រ​នេះ និង​ក្រុម​យុវជន​ដើរ​រៃអង្គាស​ថវិកា​ពី​ពលរដ្ឋ​នៅ​ផ្សារ​ក្រុង​សែនមនោរម្យ៖ « ពី​មុន​មាន ១០​នាក់​សមាជិក​យើង​ជិះ​កង់។ ឥឡូវ​សល់​តែ ៩​នាក់​ទេ នារី​ម្នាក់​គាត់​ទៅ​លែង​រួច​ហើយ បញ្ហា​សុខភាព​គឺ​គ្រាន់​តែ​ថា ដូចជា​បញ្ហា​ឈឺ​សាច់​ដុំ និង​ឈឺ​សាច់ និង​ឈឺ​ខ្លួន គឺ​ធាក់​កង់​របៀប​ថា​មេឃ​ក្តៅ​ខ្លាំង​អ៊ីចឹង របៀប​ថា​ដូច​ហត់ និង​ខ្សោះ​ខ្លួន ព្រោះ​មក​ពី​ម្សិលមិញ​គឺ​ហត់​មែនទែន ព្រោះ​ភ្នំ​ច្រើន​ពេក »

លោក ធុល វិសាល បន្ថែម​ថា ក្រុម​យុវជន​សហភាព​សហព័ន្ធ​ខែត្រ គឺ​ជា​អ្នក​គ្រប់គ្រង​ថវិកា​ដែល​ប្រមូល​បាន​នា​ខែត្រ​នីមួយៗ មាន​កាតព្វកិច្ច​យក​ប្រាក់​ដែល​ប្រមូល​បាន​នោះ​ទៅ​បញ្ចូល​ក្នុង​គណនេយ្យ​ធនាគារ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​អង្គការ​សប្បុរសធម៌​កុលបុត្រ​ផ្ទាល់ ហើយ​ថវិកា​ដែល​ប្រមូល​បាន ៥០% សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ផា និង ៥០% សម្រាប់​អង្គការ​សប្បុរសធម៌​កុលបុត្រ​យក​ទៅ​កសាង​អគារ​ស្នាក់នៅ​ឲ្យ​កុមារ​កំព្រា។ លោក​ថា យុទ្ធនាការ​ជិះ​កង់​នេះ គឺ​ជា​ការ​ស្ម័គ្រ​ចិត្ត​របស់​យុវជន ដែល​មាន​ការ​ឧបត្ថម្ភ​ចំណាយ​ស្នាក់នៅ និង​ហូប​ចុក​ដោយ​អង្គការ​សប្បុរសធម៌​កុលបុត្រ។

យុទ្ធនាការ​ជិះ​កង់ ២៥​ខែត្រ-ក្រុង​នេះ បាន​ឆ្លង​កាត់​ខែត្រ​ចំនួន ១១ រួច​មក​ហើយ រួម​មាន​ខែត្រ​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និង​ខែត្រ​រតនគិរី។ ខែត្រ​ដែល​ប្រមូល​ថវិកា​បាន​ច្រើន​ជាង​គេ គឺ​ខែត្រ​ប៉ៃលិន ប្រមូល​ថវិកា​បាន​ជាង ១​ម៉ឺន​ដុល្លារ។ ចំណែក​នៅ​ខែត្រ​បន្ទាយមានជ័យ ដែល​ធ្លាប់​ប្រមូល​ថវិកា​បាន​ច្រើន​ជាង​គេ​កាល​ពី​ឆ្នាំ​២០១៤ កំពុង​តែ​បំផុស​ចលនា​ពលរដ្ឋ​កៀរគរ​រៃអង្គាស​ថវិកា​បន្ថែម​ទៀត ខណៈ​ដែល​ខែត្រ​នេះ​ឈរ​លំដាប់​លេខ​រៀង​ទី​២ ដែល​ប្រមូល​ប្រាក់​បាន​ច្រើន​ជាង​គេ​ចំនួន​ជាង ៩​ពាន់​ដុល្លារ (៩.៣៤៣​ដុល្លារ)។

សមាជិក​សហភាព​សហព័ន្ធ​យុវជន​ខែត្រ​មណ្ឌលគិរី លោក សៀង សឿន ឲ្យ​ដឹង​ថា សកម្មជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​សកម្មជន​កាកបាទ​ក្រហម​ខែត្រ​មណ្ឌលគិរី ប្រមាណ​ជាង ១០០​នាក់ បាន​ចូលរួម​សហការ​ជាមួយ​ក្រុម​យុវជន​ជិះ​កង់​ប្រមូល​ថវិកា​ពី​ពលរដ្ឋ​នៅ​ផ្សារ​ក្រុង​សែនមនោរម្យ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មករា។ លោក​ថា អភិបាល​ខែត្រ​បាន​បំផុស​ចលនា​ពលរដ្ឋ មន្ត្រី​រាជការ មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខែត្រ​ឲ្យ​ចូលរួម​យុទ្ធនាការ​នេះ នៅ​ល្ងាច​ថ្ងៃ​ទី​៣០ មករា ដើម្បី​ចូលរួម​បរិច្ចាគ​ជួយ​ដល់​កុមារ​កម្ពុជា ដែល​ជា​ផ្នែក​មួយ​រួម​ចំណែក​អភិវឌ្ឍ​ធនធាន​មនុស្ស និង​សង្គម៖ « ខ្ញុំ​យល់​ឃើញ​ថា សប្បាយ​ចិត្ត​ដើម្បី​ជួយ​កុមារ​ទូទាំង​ប្រទេស ព្រោះ​នេះ​ជា​ទឹក​ចិត្ត​មនុស្សធម៌​ខាង​ក្រុម​ជិះ​កង់ ក៏ដូចជា​ក្រុម​យុវជន​សហភាព​សហព័ន្ធ​ខែត្រ​មណ្ឌលគិរី ដែរ »

យុទ្ធនាការ​ជិះ​កង់ ២៥​ខែត្រ-ក្រុង​ក្នុង​ឆ្នាំ​២០១៧ នេះ គិត​ត្រឹម​ថ្ងៃ​ទី​៣០ មករា ពួក​គេ​ប្រមូល​ថវិកា​បាន​ចំនួន​ជាង ៦​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​នោះ​ថវិកា​ដែល​ប្រមូល​បាន​បណ្ដោះអាសន្ន​នៅ​ខែត្រ​មណ្ឌលគិរី ចំនួន​ជិត ២​ពាន់​ដុល្លារ។ ចំណែក​នៅ​ខែត្រ​រតនគិរី ពួក​គេ​ប្រមូល​ប្រាក់​បាន​ជាង ១៤​លាន​រៀល ស្មើ​ជាង ៣.៥០០​ដុល្លារ​អាមេរិក។

ពលរដ្ឋ​ដែល​ចូលរួម​ចំណាយ​ប្រាក់​សប្បុរសធម៌​រស់នៅ​រាជធានី​ភ្នំពេញ ធ្វើ​ដំណើរ​ឆ្លង​កាត់​ខែត្រ​មណ្ឌលគិរី គឺ​លោកស្រី ម៉េង រ៉ូហ្សា បាន​កោត​សរសើរ​ចំពោះ​បេសកកម្ម​មនុស្សធម៌​ជួយ​ដល់​សង្គម​ជាតិ​របស់​ក្រុម​យុវជន​នៃ​អង្គការ​សប្បុរសធម៌​កុលបុត្រ​កម្ពុជា ដែល​ចំណាយ​ពេល និង​កម្លាំង​ពលកម្ម​ជិះ​កង់​ប្រមូល​ថវិកា​ជួយ​ដល់​កុមារ​កម្ពុជា ដែល​កំពុង​មាន​វិបត្តិ។ លោកស្រី​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ចូលរួម​បរិច្ចាគ​ដល់​ក្រុម​ជិះ​កង់​របស់​យុវជន​ទាំងនេះ​ឲ្យ​បាន​គ្រប់​គ្នា​តាម​លទ្ធភាព ដើម្បី​ចូលរួម​សកម្មភាព​មនុស្សធម៌​សង្គ្រោះ​កុមារ​នៅ​កម្ពុជា៖ « សំណូមពរ​ដល់​ប្រជាពលរដ្ឋ​យើង​ទាំងអស់​គ្រប់​ខែត្រ - ក្រុង​ដែរ ខាង​ក្រុម​កង់​មិន​ទាន់​ទៅ​ដល់ សូម​ឲ្យ​ជួយ​ចូលរួម​ទាំងអស់​គ្នា គឺ​ដើម្បី​ជនជាតិ​យើង សាសន៍​យើង​ទេ មិន​ប្រកាន់​និន្នាការ​នយោបាយ​ខាង​ណា​ទេ និង​ដើម្បី​លើក​ទឹក​ចិត្ត​ផង និង​ដើម្បី​ចូលរួម​ជួយ​ប្រជាជន​យើង​ផង »

ព្រះចៅ​អធិការ​វត្ត​ចន្ទរង្សី ហៅ​វត្ត​កែង ខែត្រ​ក្រចេះ គឺ​ព្រះតេជព្រះគុណ យិន សំណាង មាន​ថេរ​ដីកា​ថា ការ​ផ្តល់​ទាន​ទាំង​ការ​ធ្វើ និង​អ្នក​ឲ្យ​ទាន គឺ​ជា​ផ្នែក​មួយ​នៃ​សង្គហធម៌ មាន​ន័យ​ថា គឺ​ជា​ធម៌​ជួយ​សង្គ្រោះ ឬ​ធម៌​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ព្រះអង្គ​មាន​ថេរ​ដីកា​បន្ត​ថា ការ​ឲ្យ​ទាន​មាន​ន័យ​ថា គឺ​ជា​ការ​ផ្ដល់​សេចក្តី​សុខ​ដល់​អ្នក​ដទៃ ហើយ​បុគ្គល​ឲ្យ​សេចក្តី​សុខ​ដល់​អ្នក​ដទៃ​រមែង​បាន​សេចក្តី​សុខ​មក​វិញ។ លើស​ពី​នេះ​ទៀត ការ​ធ្វើ​ទាន គឺ​ជា​អ្នក​ដែល​សន្សំ​ទ្រព្យ ប្រសិន​បើ​និយាយ​ពី​លោក​ខាង​មុខ អ្នក​ទាំងនោះ​រមែង​សម្បូរ​ដោយ​ទ្រព្យ​លាភ និង​ដោយ​យសស័ក្ដិ៖ « ទាន​ហ្នឹង​វា​មាន​ផល​ច្រើន​ដោយសារ​ចេញ​មក​ពី​បេះដូង អាណិត​អាសូរ​របស់​ពួក​គាត់ ហើយ​បើ​យើង​និយាយ​ទៅ​តាម​ប្រវត្តិ​រឿងរ៉ាវ​ផ្សេងៗ​មាន​ច្រើន សូម្បី​តែ​តួអង្គ​ព្រះសម្មាសម្ពុទ្ធ ដែល​លោក​ធ្លាប់​កើត​ជា​ព្រះ​ពោធិ៍សាត់ ក្នុង​នោះ​យើង​ឃើញ​ព្រះរាជា​ព្រះ​វេស្សន្តរ ជាដើម ហើយ​ព្រះ​វេស្សន្តរ ជា​តួអង្គ​សំខាន់​ដើម្បី​បង្ហាញ​ថា ការ​ធ្វើ​ទាន​ដល់​អ្នក​ដទៃ​រមែង​បាន​ផលានិសង្ស​ជា​អនេក រហូត​ទីបំផុត​ព្រះអង្គ​បាន​ត្រាស់​ដឹង​ទៀត​ផង »

កាល​ពី​ឆ្នាំ​២០១៤ ក្រុម​យុវជន​នៃ​អង្គការ​សប្បុរសធម៌​កុលបុត្រ បាន​ធ្វើ​យុទ្ធនាការ​ជិះ​កង់​ប្រមូល​ថវិកា ២៥​ខែត្រ-ក្រុង ទទួល​បាន​ប្រាក់​ជាង ១៦​ម៉ឺន​ដុល្លារ។ ដោយឡែក​យុទ្ធនាការ​ជិះ​កង់​ដែល​ប្រារព្ធ​នៅ​ឆ្នាំ​២០១៧ នេះ ពួក​គេ​មាន​ផែនការ​ជិះ​កង់​ជាង ៤​ពាន់​គីឡូម៉ែត្រ​ទូទាំង​ប្រទេស។ តាម​ការ​គ្រោង​ទុក នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ក្រុម​យុវជន​ជិះ​កង់​រៃអង្គាស​ថវិកា​ពី​សប្បុរសជន នឹង​បន្ត​ដំណើរ​ទៅ​ស្រុក​ស្នួល ដើម្បី​បន្ត​ដំណើរ​ជិះ​កង់​ឆ្ពោះ​ទៅ​ខែត្រ​ក្រចេះ ដែល​ជា​ខែត្រ​ទី​១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។