អ្នកឃ្លាំមើលថា គ្រោះថ្នាក់ចរាចរណ៍ថយចុះដោយសារពលរដ្ឋខ្លាចការផាកពិន័យលែងសូវហ៊ានធ្វើដំណើរ
2020.05.07

របាយការណ៍នគរបាលបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍បានថយចុះខ្លាំងនៅរយៈពេលមួយសប្ដាហ៍ដំបូងនៃការរឹតបន្តឹងការអនុវត្តផាកពិន័យច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ប៉ុន្តែអ្នកឃ្លាំមើលសង្គម និងពលរដ្ឋអះអាងថាការថយចុះនៃគ្រោះថ្នាក់ចរាចរណ៍នេះ ដោយសារតែពួកគេមិនហ៊ានធ្វើដំណើរចេញក្រៅ ព្រោះខ្លាចត្រូវប៉ូលិសផាកពិន័យប្រាក់។
ពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ លោក ផុន គុយឈៀង សង្កេតឃើញថា បើទោះពលរដ្ឋលែងសូវខ្លាចជំងឺកូវីដ-១៩ (Covid-19) ខ្លាំងដូចមុន តែពលរដ្ឋនៅបន្តស្នាក់នៅក្នុងផ្ទះដដែល និងមិនសូវធ្វើដំណើរទេ ដោយសារខ្លាចការផាកពិន័យចរាចរណ៍ធ្ងន់ធ្ងរ៖ «ដោយសារបញ្ហាចរាចរណ៍រឹតបន្តឹងខ្លាំងពេកទៅជួនកាលអ្នកខ្លះ គាត់មានម៉ូតូ គាត់អត់ចេញទៅ គាត់ខ្លាចប៉ូលិសចរាចរណ៍ផាកអ៊ីចឹងណាបង ហើយចរាចរណ៍សព្វថ្ងៃ វារាងធូរស្បើយបន្តិចណាបង ព្រោះថាអត់ហ៊ានជិះម៉ូតូ ដោយសារជិះទៅខ្លាចប៉ូលិសផាកអ៊ីចឹងណាបង។ ផ្លូវក៏អត់សូវស្ទះដែរ។ ឡានក៏ គេបន្ថយខ្លះដែរ ព្រោះឡានខ្លះ អត់មានពន្ធទៅ ឡានខ្លះអត់ទាន់ធ្វើផ្លាកលេខ»។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍បង្ហាញថា រយៈពេល ៦ថ្ងៃដំបូងនៃការអនុវត្តការរឹតបន្តឹងការផាកពិន័យច្បាប់ចរាចរណ៍ថ្មី គឺថយចុះគ្រោះថ្នាក់ជាងមុន បើធៀបនឹងពេលមុនគឺជាមធ្យមស្លាប់៥នាក់ក្នុងមួយថ្ងៃ។ ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ឧសភា គ្រោះថ្នាក់កើតឡើងសរុប ៣៦លើក ស្លាប់មនុស្ស១៩នាក់ និងរបួស៥០នាក់។ចំណែកយានយន្តដែលរងការផាកពិន័យរយៈពេល ៦ថ្ងៃ មានជាង ១ម៉ឺន(១២.៧៣២)គ្រឿង។ ក្នុងនោះម៉ូតូ ជិតមួយម៉ឺន(៩ ៩១៥) គ្រឿង ឯរថយន្តជាងពីរពាន់(២ ៨១៧)គ្រឿង។ យ៉ាងណា ប៉ូលិសមិនបានបង្ហាញរបាយការណ៍តួលេខទឹកប្រាក់ ដែលបានមកពីការរឹតបន្តឹងការផាកពិន័យរយៈពេល ៦ថ្ងៃដំបូង នេះទេ។អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីអគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកសណ្ដាប់ធ្នាប់ និងចរាចរណ៍ លោក ហ៊ឹម យ៉ាន និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បានទេ នៅថ្ងៃទី០៧ ឧសភា ដោយសារមន្ត្រីទាំងពីរមិនទទួលទូរស័ព្ទ។
ប៉ុន្តែ លោក ឆាយ គឹមខឿន បានប្រាប់ប្រព័ន្ធឃោសនាស្និទ្ធនឹងរដ្ឋាភិបាល ថា ការអនុវត្តអនុក្រឹត្យផាកពិន័យថ្មីបានដំណើរការទៅយ៉ាងល្អប្រសើរ និងមានការចូលរួមពីពលរដ្ឋ។ លោកអះអាងថា ការបង្ខំផាកពិន័យតាមច្បាប់ថ្មី គឺដើម្បីចាប់បង្ខំឱ្យពលរដ្ឋរាងចាល ងាកមកគោរពច្បាប់ចរាចរណ៍។
ប៉ុន្តែនាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍លោក គង់ រតនៈ សង្កេតឃើញថា ពលរដ្ឋពិតជាញញើតចំពោះការផាកពិន័យធ្ងន់ធ្ងរនេះមែន។ លោក យល់ថាការផាកពិន័យពិតជាជះឥទ្ធិពលដល់ពលរដ្ឋ ខ្លាចក្នុងការធ្វើដំណើរ បង្ខំអនុវត្តច្បាប់ជាងមុន និងអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ថ្វីត្បិតតែសង្គមស៊ីវិលស្វាគមន៍ចំពោះរបាយការណ៍ថយចុះ នៃគ្រោះថ្នាក់ចរាចរណ៍ តែ លោក គង់ រតនៈរក្សាជំហរមិនគាំទ្រការផាកពិន័យធ្ងន់ធ្ងរ នៅក្នុងកាលៈទេសៈនេះទេ។ លោកថា ការផាកពិន័យមិនធ្ងន់ធ្ងរខ្លាំងពេកក៏មានប្រសិទ្ធភាពចំពោះការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានដែរ ឱ្យតែការអនុវត្តនោះធ្វើកុំឱ្យអាក់ខាន អនុវត្តឱ្យត្រឹមត្រូវតាមច្បាប់ស្មើភាពគ្នា ជាដើម។ លោកថា ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមានប្រសិទ្ធភាពក៏ទាមទារឱ្យមានការចូលរួមពីពលរដ្ឋដែរ៖ «អ៊ីចឹង យើងឃើញថា ដោយសារឥទ្ធិពលនៃការរឹតបន្តឹងច្បាប់ ធ្វើឱ្យឥរិយាបថគាត់(ពលរដ្ឋ) បានប្រែប្រួល។ ក៏ប៉ុន្តែយើងចង់រក្សាឥរិយាបថល្អហ្នឹង ហើយយើងចង់ឱ្យគាត់មានអារម្មណ៍ល្អ។ សម្រាប់ខ្ញុំ គួរតែគិតពិចារណា អំពីពេលវេលា ហើយនិងការចូលរួមស្ដាប់នូវយោបល់ការខ្វាយខ្វល់របស់ពួកគាត់ខ្លះ ហើយរួបបញ្ចូលគ្នាទៅ វារឹតតែប្រសើរជាងហ្នឹងទៀត»។
មកដល់ពេលនេះមនុស្សយ៉ាងតិច ៣នាក់ហើយ ដែលត្រូវបាននគរបាលឃាត់ខ្លួន ពីបទបង្ហោះព័ត៌មានមិនពិត និងប្រមាថនគរបាល។ តែយ៉ាងណានគរបាលបានដោះលែងពួកគេវិញ បន្ទាប់ពីបង្គាប់ឱ្យធ្វើវីដេអូ សុំទោសជាសាធារណៈ។ ប៉ូលិសព្រមានថា ក្នុងករណីមិនរាងចាលទេនឹងបញ្ជូនទៅតុលាការ៕