សមាគម​មីក្រូហិរញ្ញវត្ថុ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ដាក់​ពាក្យ​ពន្យារ​ពេល​បង់​ប្រាក់​ក្រោយ​រង​ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ-១៩

ដោយ ហេង រស្មី
2020.05.14
សមាគម​មីក្រូហិរញ្ញវត្ថុ ០១៣១២០ សមាជិក​សមាគម​មីក្រូហិរញ្ញវត្ថុ​ថត​ជុំ​គ្នា​ក្នុង​មហាសន្និបាត​លើក​ទី១៤ និង​វេទិកា​ប្រចាំ​ឆ្នាំ​លើក​ទី១ រវាង​បញ្ញត្តិករ និង​សមាជិក​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា នៅ​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ២០២០។
រូប៖ សមាគម​មីក្រូហិរញ្ញវត្ថុ

ប្រសិនបើ​លោកអ្នក​នាង​មាន​បញ្ហា​វិបត្តិ​ហិរញ្ញវត្ថុ​មិន​អាច​សង​ប្រាក់​ជំពាក់បាន​ទាន់​ពេល​វេលា​ដោយសារតែ​វិបត្តិ covid-19​ លោកអ្នក​នាង​ទាក់ទង​ដាក់ពាក្យ​ទៅ​មីក្រូហិរញ្ញវត្ថុ ​លោកអ្នក​ដោយ​ផ្ទាល់ ដើម្បី​អាច​រៀបចំ​ឥណទាន​ឡើងវិញ។

សមាគម​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ជំពាក់​បំណុល​ ទៅ​ដាក់ពាក្យ​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បី​សុំ​ពន្យារពេល​បង់​ប្រាក់ ប្រសិនបើ​ពួកគេ​ជួបប្រទះ​បញ្ហា​ជីវភាព​ដោយសារតែ​វិបត្តិ​ជំងឺ covid-19

ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​លោក កាំង តុងងី មាន​ប្រសាសន៍​ថា ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ រៀបចំ​សើរើ​ប្រាក់កម្ចី​ឡើងវិញ​នេះ ដោយសារ​ពលរដ្ឋ​ខ្លះ​រង​ផល​ប៉ះពាល់​ជីវភាព​ប្រចាំថ្ងៃ ដោយសារ​ជំងឺ covid-19«អ៊ីចឹង​ចាប់​តាំង​ពី​ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២០​មក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ហ្នឹង​គាត់​បាន​ទទួល​ការ​ស្នើសុំ​រៀបចំ​កម្ចី​ឡើងវិញ ពី​អតិថិជន​របស់​គាត់​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ​១៩ យើង​ផ្តោត​ទៅ​លើ​វិស័យ​ធំៗ​បួន ហើយ​ពួកគាត់​ភាគច្រើន​គឺ​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ១៩​នេះ ធ្វើ​ឱ្យ​ចំណូល​របស់​គាត់​ធ្លាក់​ចុះ»

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ស៊ី អឹម អេ (CMA) កាល​ពី​ថ្ងៃ​ទី​១៣ ឧសភា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា មាន​អតិថិជន​ប្រមាណ​ជាង ១៣​ម៉ឺន​នាក់ (១៣៧.១៥៨) បាន​ធ្វើ​ការ​ស្នើសុំ​រៀបចំ​ឥណទាន​ឡើងវិញ​។ ​ក្នុង​នោះ​មាន​អតិថិជន​ប្រមាណ ៩០% ត្រូវ​បាន​ធនាគារ ឬ​ស្ថាប័ន មីក្រូហិរញ្ញវត្ថុ​បាន​ពិនិត្យ ឥណទាន​សរុប​ជិត ​៥​រយ​លាន​ដុល្លារ​អាមេរិករួច​ហើយ (៤៩៨​លាន​​ដុល្លារ)

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អះអាង​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អាច​រៀបចំ​ឥណទាន​ឡើងវិញ​ជូន​អតិថិជន​បាន ​លុះត្រាតែ​មានការ​ស្នើសុំ​ពី​អតិថិជន​ ដោយ​យោង​តាម​កិច្ចសន្យា​រវាង​គ្រឹះស្ថាន និង​អតិថិជន​គោលការណ៍​ការពារ​អតិថិជន ​ក៏ដូចជា​លក្ខខណ្ឌ​ផ្លូវច្បាប់​​មួយ​ចំនួន​ទៀត។

ធនាគារ​ជាតិ​នៃ​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៧ ខែ​មីនា បាន​ដាក់​ចេញ​នូវ​សារាចរណែនាំ​មួយ ដើម្បី​សំណូមពរ​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា​ជួយ​សម្រួល​ដល់​អតិថិជន​របស់​ខ្លួន​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ-១៩។

លោក កាំង តុងងី មាន​ប្រសាសន៍​ថា វិធានការណ៍​នេះ​ពិតជា​ជួយ​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​ផ្នែក​ហិរញ្ញវត្ថុ៖ «ដោយសារ​ចំណូល​ក៏​ដូច​ជីវភាព​របស់​គាត់​មានការ​ធ្លាក់​ចុះ​ដើម្បី​ជួយ​សម្រួល​ដល់​ការរស់នៅ​របស់​គាត់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធ្វើការ​រៀបចំ​ឥណទាន​របស់​ពួកគាត់​ឡើង​វិញ។ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ពួកគាត់​អាច​កាត់បន្ថយ​ការ​ចំណាយ​ការ​បង់​មក​លើ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុង​ពេល​ដ៏​លំបាក​នេះ ឬ​ក្នុង​ករណី​ខ្លះ​គាត់​អាច​ផ្អាក​សង​ទាំងស្រុង​ក្នុង​រយៈពេល​ណាមួយ​ដែល​បាន​កំណត់»

វិធានការណ៍​នេះ ធ្វើឡើង​បន្ទាប់​ពី​អង្គការ​លីកាដូ បាន​ចេញ​របាយការណ៍​មួយ​ក្នុង​ខែ​ឧសភា បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ការបាត់បង់​ប្រាក់ចំណូល​របស់​ពលករ​ជាង ៨​ម៉ឺន​នាក់​ដែល​បាន​ចាក​ចេញពី​ប្រទេស​ថៃ​ព្រោះ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ នាំ​ឱ្យ​គ្រួសារ​របស់​ពួកគេ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការរំលោភ​សិទ្ធិមនុស្ស​បន្ថែម​ទៀត ដោយសារ​បញ្ហា​បំណុល​នេះ ក្នុង​នោះ​មានការ​បង្ខំ​ឱ្យ​លក់​ដី​សងបំណុល​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។