លោកគ្រូអ្នកគ្រូប្រមាណ ២០នាក់នៃអនុវិទ្យាល័យគគីរ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ចោទប្រកាន់នាយកសាលានេះ ថាប្រើអំណាចនៃការគ្រប់គ្រងដើម្បីដាក់សម្ពាធលើបុគ្គលិក ហើយចាយវាយថវិកាប្រចាំឆ្នាំរបស់សាលាខ្ជះខ្ជាយ និងមានលាក់ទុកឈ្មោះខ្មោចក្នុងសាលា សម្រាប់បើកប្រាក់ខែចាយផ្ទាល់ខ្លួនទៀតផង។ ប៉ុន្តែប្រធានមន្ទីរអប់រំ ខេត្តកណ្ដាល ចាត់ទុកការចោទប្រកាន់នេះថា ជារឿងផ្ទៃក្នុងរបស់សាលា។
លោកគ្រូអ្នកគ្រូនៃអនុវិទ្យាល័យគគីរ បានផ្ដិតមេដៃស្នើឲ្យក្រសួងអប់រំ និងអង្គភាពប្រឆាំងអំពើពុករលួយ ចុះស៊ើបអង្កេតពីភាពមិនប្រក្រតីរបស់នាយកសាលានេះ។
នាយករងទទួលបន្ទុកយុវជន លោក រ័ត្ន ប៊ុនធឿន និយាយថា នាយកអនុវិទ្យាល័យគគីរ គឺលោក យឹម នីរ៉ា តែងតែធ្វើបាបលោកគ្រូអ្នកគ្រូណាដែលហ៊ានលើកឡើងនូវចំណុចខ្វះខាតរបស់នាយក ក្នុងការគ្រប់គ្រងសាលា។ ម្យ៉ាងវិញទៀត នាយកសាលានេះបានទទួលសំណូកពីសិស្សប្រឡងធ្លាក់មធ្យមសិក្សាបឋមភូមិ ឈ្មោះ ឡុង មករា ឲ្យមានឈ្មោះជាប់វិញនៅសម័យប្រឡងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ និងទារប្រាក់ពីបុគ្គលិកមួយចំនួនចន្លោះពី ១០ម៉ឺនរៀលដល់ ៥០ម៉ឺនរៀល ដើម្បីសម្រួលកាលវិភាគសម្រាប់បង្រៀនតាមតម្រូវការ៖ «ធ្វើយ៉ាងម៉េចប្រាប់បុគ្គលិកឲ្យបានដឹងមុន ប៉ុន្តែគាត់មិនប្រាប់ឲ្យដឹងមុនទេ ហើយសម្រេចតែម្នាក់ឯងក្នុងការវាយរបង ហើយតាំងតែពីពេលនោះមក រាល់គ្រូដែលមានស្នាមមេដៃអន្តរាគមន៍ គឺគាត់រករឿង និងប្រើពាក្យមិនសមរម្យ»។
រីឯគ្រូបង្រៀនផ្នែកគណិតវិទ្យាម្នាក់ទៀត លោក អៃ ឈីម ក៏បានដាក់ការចោទប្រកាន់នាយកអនុវិទ្យាល័យគគីរ លោក យឹម នីរ៉ា ថាបានចាយលុយគម្រោងប្រចាំឆ្នាំរបស់សាលានេះ មិនតម្លាភាព ដោយមិនប្រជុំគណៈកម្មការ មិនរាយការណ៍ជូនអង្គភាព និងធ្វើវិក្កយបត្រក្លែងក្លាយដើម្បីកេងបន្លំថវិការបស់សាលា៖ «ទាក់ទងនឹងការចាយវាយប្រាក់ប្រចាំឆ្នាំ (BP) គឺមានភាពមិនច្បាស់លាស់ ដូចការចាក់ដីជាដើម មានតែវិក្កយបត្រ ប៉ុន្តែមិនមានដី»។
លោកអះអាងថា នាយកអនុវិទ្យាល័យនេះបានជួលអគារសិក្សាដែលជាសម្បត្តិរដ្ឋ ឲ្យទៅបុគ្គលិកឯកជន ដើម្បីបង្រៀនភាសាអង់គ្លេសក្រៅម៉ោង ហើយយកប្រាក់នោះដាក់ហោប៉ៅផ្ទាល់ខ្លួន និងបានវាយទម្លុះរបងសាលាដោយមិនបានពិភាក្សាជាមួយលោកគ្រូអ្នកគ្រូទេ។
ឆ្លើយតបនឹងការចោទប្រកាន់នេះ នាយកអនុវិទ្យាល័យគគីរ លោក យឹម នីរ៉ា បកស្រាយថា ពិតជាមានឈ្មោះអ្នកគ្រូ ឃុន សុម៉ាលី បើកប្រាក់ខែនៅសាលាអនុវិទ្យាល័យគគីរ នេះមែន ប៉ុន្តែអ្នកគ្រូនេះបង្រៀននៅអនុវិទ្យាល័យគគីរធំ ដែលមានចម្ងាយប្រមាណជាង ២៥គីឡូម៉ែត្រពីអនុវិទ្យាល័យគគីរ។ លោកបន្តថា អ្នកគ្រូ ឃុន សុម៉ាលី បើកប្រាក់ខែនៅអនុវិទ្យាល័យគគីរ ប៉ុន្តែបង្រៀននៅអនុវិទ្យាល័យគគីរធំ នេះ មិនមែនជាការរៀបចំរបស់លោកទេ ប៉ុន្តែជាការរៀបចំរបស់ថ្នាក់លើ៖ «កុំរំលេចសំណួរឲ្យខ្ញុំឆ្លើយ ចាំក្រសួងចុះមក ខ្ញុំឆ្លើយដូចបកចេកចឹងរឿងហ្នឹងនោះ។ ការងារគ្រប់គ្រង ខ្ញុំដឹងហើយ មិនមែនមិនដឹងទេ មិនមែនចេះតែធ្វើទទឹងទិសទេ»។
នាយកអនុវិទ្យាល័យគគីរ លោក យឹម នីរ៉ា បដិសេធមិនបកស្រាយជុំវិញការចោទប្រកាន់ស្ដីពីការចាយវាយថវិកាមិនតម្លាភាព ការធ្វើកាលវិភាគបង្រៀន និងការវាយទម្លុះរបងសាលាទេ។ លោកបញ្ជាក់ថា បើចង់ឲ្យលោកបកស្រាយនូវរឿងរ៉ាវដែលលោកគ្រូអ្នកគ្រូទាំងអស់នោះចោទប្រកាន់ គឺលុះត្រាណាមានលិខិតបញ្ជាក់ត្រឹមត្រូវពីក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ ខេត្តកណ្ដាល ទើបលោកបកស្រាយ។

ទាក់ទងនឹងការបដិសេធរបស់នាយកអនុវិទ្យាល័យគគីរ នេះ គ្រូគណិតវិទ្យាម្នាក់ផ្សេងទៀត លោក ម៉ែន យុទ្ធា អះអាងថា កាលពីឆ្នាំសិក្សា២០១៤-២០១៥ លោកត្រូវបាននាយក គឺលោក យឹម នីរ៉ា ទាមទារលុយ ៥០ម៉ឺនរៀលជាថ្នូរនឹងការរៀបចំកាលវិភាគបង្រៀន។
ពាក់ព័ន្ធនឹងឈ្មោះខ្មោចវិញ នាយកអនុវិទ្យាល័យគគីរធំ លោក ចាប់ ស៊ីថា អះអាងថា អ្នកគ្រូ ឃុន សុម៉ាលី ពិតជាបង្រៀននៅអនុវិទ្យាល័យគគីរធំ ពិតប្រាកដមែន ហើយអ្នកគ្រូ ឃុន សុម៉ាលី នេះ មានឈ្មោះបង្រៀនតាំងពីឆ្នាំ២០១២ មកម្ល៉េះ ប៉ុន្តែគ្រាន់តែមានឈ្មោះបើកប្រាក់ខែនៅអនុវិទ្យាល័យគគីរ។
តារាងទូទាត់បៀវត្សរ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៤ និងឆ្នាំ២០១៥ នៃអនុវិទ្យាល័យគគីរ បញ្ជាក់ថា អ្នកគ្រូ ឃុន សុម៉ាលី កើតនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៩៣ ជាគ្រូបង្រៀនកម្រិតមូលដ្ឋានមានអត្តលេខ២៩៣ ០៨០០០ ០៤។
ជុំវិញបញ្ហានេះ អ្នកគ្រូ ឃុន សុម៉ាលី អះអាងថា កញ្ញាពិតជាបង្រៀននៅវិទ្យាល័យគគីរធំ ពិតប្រាកដមែន។ កញ្ញាបន្តថា កញ្ញាចេញបង្រៀននៅឆ្នាំ២០១២ ដោយបញ្ចប់ការសិក្សាគរុកោសល្យពីវិទ្យាស្ថានជាតិអប់រំ ក្រុងភ្នំពេញ។ អ្នកគ្រូ ឃុន សុម៉ាលី មានស្រុកកំណើតនៅភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ កញ្ញាបញ្ចប់ថ្នាក់វិទ្យាល័យពីវិទ្យាល័យ ហ៊ុន សែន ពាមរក៍។ សព្វថ្ងៃ អ្នកគ្រូ ឃុន សុម៉ាលី បង្រៀនមុខវិជ្ជា ពលរដ្ឋវិទ្យា និងកីឡានៅវិទ្យាល័យគគីរធំ៖ «ពេលខ្ញុំបើកលុយដំបូងហ្នឹង គឺបើកលុយនៅអនុវិទ្យាល័យគគីរ»។
អនុវិទ្យាល័យគគីរ ស្ថិតនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ អនុវិទ្យាល័យនេះមានគ្រូបង្រៀនទាំងអស់ ៥៣នាក់ ប៉ុន្តែគ្រូបង្រៀន ៣នាក់ បានប្ដូរចេញពីសាលានេះ។ អនុវិទ្យាល័យគគីរ មានអគារ ៤ខ្នង មានថ្នាក់រៀន ១២បន្ទប់។ ឆ្នាំសិក្សា២០១៤-២០១៥ មានសិស្សជិត ៩០០នាក់ (៨៧៦នាក់) ស្រីជាង ៤០០នាក់ (៤១៦នាក់)។
ប្រធានមន្ទីរអប់រំខេត្តកណ្ដាល លោក អ៊ុង តុលា មានប្រសាសន៍ថា លោកកំពុងរកបុគ្គលិកឈ្មោះ ឃុន សុម៉ាលី នេះយូរហើយ។ ម្យ៉ាងវិញទៀត លោកទើបតែទទួលបានព័ត៌មាននេះតាមរយៈវិទ្យុអាស៊ីសេរី ប៉ុន្តែលោកអះអាងថា ការបើកប្រាក់ខែរបស់គ្រូនៅគ្រប់វិទ្យាល័យទាំងអស់នៃខេត្តកណ្ដាល គឺបើកលុយតាមធនាគារ ម៉្លោះហើយនាយកសាលាមិនអាចបើកប្រាក់ខែជំនួយគ្រូណាម្នាក់បានឡើយ ហើយក៏មិនអាចមានឈ្មោះខ្មោចនោះដែរ។ លោកបន្ថែមថា ការចោទប្រកាន់របស់លោកគ្រូអ្នកគ្រូមួយចំនួនទៅលើនាយកសាលានៅអនុវិទ្យាល័យគគីរ ស្ដីពីភាពមិនប្រក្រតីក្នុងការគ្រប់គ្រង និងពុករលួយក្នុងការធ្វើកាលវិភាគបង្រៀននោះ គឺជារឿងផ្ទៃក្នុងរបស់សាលា៖ «លេខទូរស័ព្ទខ្ញុំគ្រូជាង ៩ពាន់នាក់មានទាំងអស់ ប៉ុន្តែមិនដែលទាក់ទងខ្ញុំ។ មានរឿងអីកើតឡើង សូម្បីលិខិតប្ដឹងមិនដែលយកទៅដាក់នៅមន្ទីរទេ ប៉ុន្តែយកទៅដាក់នៅតិចទៅ អេ.ស៊ី.យូ (ACU) តិចទៅនេះ តិចទៅនោះ»។
ពាក់ព័ន្ធនឹងការជួលអគារសាលាសម្រាប់បង្រៀនក្រៅម៉ោងវិញ លោក អ៊ុង តុលា បញ្ជាក់ថា ជាគោលការណ៍ សាលារដ្ឋមិនអនុញ្ញាតឲ្យជួលសម្រាប់បុគ្គលឯកជននោះឡើយ។
អ្នកសម្របសម្រួលបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រចាំកម្ពុជា លោក សន ជ័យ ចាត់ទុកការលាក់ឈ្មោះគ្រូក្នុងសាលា ប៉ុន្តែមិនមានវត្តមានបង្រៀន គឺជាអំពើពុករលួយ។ ការគ្រប់គ្រងសាលាគ្មានភាពច្បាស់លាស់ ដោយបណ្តែតបណ្តោយឲ្យមានឈ្មោះខ្មោច ជាហេតុដែលបណ្ដាលឲ្យគុណតម្លៃរបស់គ្រូបង្រៀនធ្លាក់ចុះ សង្គមមិនផ្តល់តម្លៃ និងអាចបណ្ដាលឲ្យគុណភាពប្រព័ន្ធអប់រំនៅកម្ពុជា មិនអាចប្រកួតប្រជែងជាមួយប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន៖ «តើប្រព័ន្ធត្រឹមត្រូវដែលអត់ហើយបើនៅតែអ៊ីចឹង វាអាចប៉ះពាល់ដល់សិស្សដែលនឹងចូលរៀនសម្រាប់បវេសនកាលថ្មី»។
ប្រការនេះអាចបណ្ដាលឲ្យលោកគ្រូអ្នកគ្រូដែលមានឆន្ទៈពិតប្រាកដក្នុងការបង្រៀន ធ្លាក់ទឹកចិត្ត និងមិនមានស្មារតីល្អប្រសើរក្នុងការបង្រៀនសិស្ស។ លោកបន្ថែមថា ក្រសួងអប់រំ គួរដោះស្រាយបញ្ហានានាដែលកើតមាននៅអនុវិទ្យាល័យគគីរ ឲ្យបានឆាប់រហ័ស ដើម្បីសម្រួលបរិយាកាសនៃបវេសនកាលឆ្នាំថ្មី២០១៥-២០១៦ ឲ្យមានភាពល្អប្រសើរ។
លោកគ្រូអ្នកគ្រូប្រមាណ ២០នាក់នៃអនុវិទ្យាល័យគគីរ អះអាងថា នៅពេលដែលគាត់លើកឡើងនូវបញ្ហានានាដែលកើតមានក្នុងសាលានេះ លោកនាយកសាលាតែងតែចោទពួកគាត់ថា ក្រុមប្រឆាំង ឬជាសមាជិកគណបក្សប្រឆាំង។ លោកគ្រូអ្នកគ្រូទាំងនោះ ទទូចដល់ក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំខេត្តកណ្ដាល ជួយដោះស្រាយបញ្ហានេះឲ្យមានភាពល្អប្រសើរ ដើម្បីឲ្យលោកគ្រូអ្នកគ្រូទាំងអស់មានទឹកចិត្តបង្រៀនដោយចេញពីចិត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។