អាជ្ញាធរខេត្តសៀមរាប សហការជាមួយមន្ទីរទេសចរណ៍ ព្រមទាំងក្រុមប្រឹក្សានៃសកម្មភាពជនពិការកម្ពុជា កំពុងប្រឹងប្រែងរិះរកវិធីកាត់បន្ថយភាពក្រីក្រពីជនពិការ តាមរយៈវិស័យទេសចរណ៍ដែលកំពុងតែកើនឡើងនៅក្នុងខេត្តនេះ។
កាលពីព្រឹកថ្ងៃច័ន្ទ ទី២៤ ខែតុលា អាជ្ញាធរខេត្តសៀមរាប បានអញ្ជើញវិស័យឯកជនដែលកំពុងប្រកបមុខរបរពាក់ព័ន្ធនឹងវិស័យទេសចរណ៍ជាច្រើន មកចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការកាត់បន្ថយភាពក្រីក្ររបស់ជនពិការ ដោយចង់ឲ្យវិស័យឯកជនទាំងនោះជួយផ្ដល់ការងារទៅឲ្យជនពិការ ព្រមទាំងជួយគាំទ្រចំពោះផលិតផលផ្សេងៗដែលជាស្នាដៃជនពិការ សម្រាប់លក់ទៅឲ្យភ្ញៀវទេសចរផង។
ក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជា រួមនឹងអាជ្ញាធរខេត្តសៀមរាប មើលឃើញថា សក្ដានុពលទេសចរណ៍កម្ពុជា បច្ចុប្បន្ន អាចនឹងជួយកាត់បន្ថយភាពក្រីក្រពីជនពិការបានមួយកម្រិត ប្រសិនបើក្រុមហ៊ុន ឬក៏វិស័យឯកជននានាជួយជ្រោមជ្រែង និងគិតគូរទៅដល់ជីវភាពប្រចាំថ្ងៃរបស់ជនពិការ។
អភិបាលរង និងជាប្រធានគណៈកម្មការជនពិការខេត្តសៀមរាប គឺលោក គឹម ឆៃហៀង។ លោកមានប្រសាសន៍បន្ទាប់ពីការថ្លែងក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការកាត់បន្ថយភាពក្រីក្ររបស់ជនពិការ តាមរយៈការលើកកម្ពស់កំណើនការងារ និងអាជីពសមស្របនៅក្នុងវិស័យទេសចរណ៍ ដោយអំពាវនាវឲ្យក្រុមហ៊ុន និងវិស័យឯកជននានានៅក្នុងខេត្តសៀមរាប ជួយលើកកម្ពស់សិទ្ធិរបស់ជនពិការ ព្រមទាំងជួយផ្ដល់ការងារដែលសមស្របឲ្យជនពិការបានធ្វើ សម្រាប់កាត់បន្ថយភាពក្រីក្រផង។
លោក គឹម ឆៃហៀង បញ្ជាក់ថា បច្ចុប្បន្ន អាជ្ញាធររួមជាមួយមន្ទីរទេសចរណ៍ខេត្តសៀមរាប ព្រមទាំងក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជា កំពុងប្រឹងប្រែងបង្ហាត់ជំនាញ និងចំណេះដឹងទាំងឡាយដល់ជនពិការ ដូចជាបង្រៀនឲ្យចេះម៉ាស្សា ចេះធ្វើការងារការិយាល័យ ឬក៏ជំនាញធ្វើវត្ថុអនុស្សាវរីយ៍ជាដើម ដើម្បីឲ្យក្រុមហ៊ុន និងវិស័យឯកជនអាចទទួលយកពួកគេចូលធ្វើការបាន ពាក់ព័ន្ធនឹងវិស័យទេសចរណ៍៖ « គឺយើងឲ្យវិស័យទេសចរណ៍ហ្នឹងគិតគូរសម្ភារៈ វត្ថុអនុស្សាវរីយ៍ដែលកើតចេញពីទឹកដៃជនពិការ ត្រូវទទួលស្គាល់ ហើយទិញពីគាត់ដោយមិនមានការរើសអើង »។
អាជ្ញាធរខេត្តសៀមរាប ឲ្យដឹងថា បច្ចុប្បន្នមានជនពិការជាច្រើនប្រភេទដូចជាពិការដៃ និងភ្នែកពីកំណើត អ្នកពិការស្មារតី អ្នកពិការដោយសារគ្រោះថ្នាក់ចរាចរណ៍ និងអ្នកពិការដោយសារសង្គ្រាម ក៏ប៉ុន្តែទោះជាយ៉ាងណា អាជ្ញាធរមិនដឹងតួលេខអ្នកពិការទាំងនោះថាចំនួនប៉ុន្មានច្បាស់លាស់ទេ។
បច្ចុប្បន្ន ជនពិការជាច្រើនមានរបរផ្សេងៗពីគ្នា ខ្លះប្រមូលផ្ដុំគ្នាទៅលេងភ្លេងនៅតាមប្រាសាទបុរាណ ដើម្បីរកប្រាក់ពីភ្ញៀវទេសចរ ខ្លះធ្វើវត្ថុអនុស្សាវរីយ៍លក់ និងខ្លះទៀតដើរលក់សៀវភៅ កាត Postal ឯខ្លះទៀតប្រកបរបរសុំទាន ជាដើម។
បុរសពិការជើងម្នាក់ដែលជំនាញខាងលេងភ្លេងនៅក្នុងប្រាសាទតាព្រហ្ម លោក នឹម ថន មានប្រសាសន៍ថា រូបគាត់ពិការជើងម្ខាងកាលពីឆ្នាំ១៩៩៨ ដោយសារតែធ្វើជាទាហាន។ បច្ចុប្បន្ន គាត់មិនអាចទៅធ្វើការងារធ្ងន់ធ្ងរដូចមនុស្សឯទៀតបានទេ ហើយដីស្រែចម្ការក៏មិនមានដែរ។ ក្នុងមួយថ្ងៃ គាត់អាចរកប្រាក់បានពី ៤ម៉ឺនរៀលទៅ ៥ម៉ឺនរៀល តាមរយៈការលេងភ្លេងសុំប្រាក់ពីភ្ញៀវទេសចរ។ លោក នឹម ថន អំពាវនាវឲ្យរដ្ឋាភិបាលជួយបណ្ដុះបណ្ដាលជំនាញដល់ជនពិការ ដើម្បីឲ្យជៀសផុតពីការដើរសុំទានគេ៖ « ចង់ឲ្យជួយជនពិការ កុំឲ្យដើរសុំទានគេ ដូចជាពួកខ្ញុំអ៊ីចឹងបានលេងភ្លេង លក់ CD អ៊ីចឹងធ្វើឲ្យជីវភាពរាងធូរគ្រាន់ »។
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជា លោក ឯម ច័ន្ទមករា ថ្លែងថា បច្ចុប្បន្នជនពិការក៏បានរួមចំណែកប្រមាណ ១៣% នៅក្នុងកំណើនសេដ្ឋកិច្ចជាតិដែរ។ លោក ឯម ច័ន្ទមករា បញ្ជាក់ថា ប្រសិនបើម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ឬក៏ម្ចាស់ភោជនីយដ្ឋាន គិតគូរទៅលើជនពិការ ហើយផ្ដល់ការងារសមស្របណាមួយសម្រាប់ពួកគេ គឺជាការបន្ថែមប្រាក់ចំណូលសម្រាប់មុខរបររបស់អស់លោក ហើយក៏ជាការជួយដល់ជនពិការដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។